អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

FAO ៖ ធនធានទឹក​និងគុណភាព​​ដី​ ធ្លាក់ចុះ​ ជាការ​គំរាមកំហែង​​សុវត្ថិភាព​ចំណីអាហារ​ សម្រាប់​អនាគត

ចុះផ្សាយ​នៅ​ថ្ងៃ៖

អង្គការ​ស្បៀង​អាហារពិភពលោកបាន​ទាញសញ្ញា​​អាសន្ន​ស្តី​អំពី​ការ​ធ្លាក់​ចុះ​យ៉ាងខ្លាំង​នៃធនធាន​ទឹក​និង​ដី​ របស់​ភព​ផែនដី​ ដោយ​សារ​សកម្មភាព​​របស់​មនុស្ស។ ស្ថានភាព​ធនធាន​ដី​និង​ទឹក​ធ្លាក់​ដុន​ដាប​ខ្លាំង ដល់​កំរិត​មួយដែលបង្ក​គ្រោះ​ថ្នាក់ និង​​គំរាម​កំហែង​ដល់​​ប្រព័ន្ធ​​ខ្លះ មាន​ជា​អាទិ៍​ប្រព័ន្ធ​សុវត្ថិភាព​ចំណី​អាហារ។ ​​​

គុណភាព​ដី និង​ធនធាន​ទឹក ធ្លាក់​ចុះ ជា​ការគំរាមកំហែង​សុវត្ថិភាព​ចំណីអាហារ​នាពេលអនាគត
គុណភាព​ដី និង​ធនធាន​ទឹក ធ្លាក់​ចុះ ជា​ការគំរាមកំហែង​សុវត្ថិភាព​ចំណីអាហារ​នាពេលអនាគត Reuters/Régis Duvignau
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​របាយការណ៍​ដ៏​ក្រាស់​ឃ្នឹក ស្តីពី ស្ថានភាព​ ​ដី​ និង​​ទឹក សម្រាប់​កសិកម្ម​​និងចំណី​អាហារ​នៅ​លើ​ពិភពលោក អង្គការ​ស្បៀង​អាហារ​និង​កសិកម្ម​របស់​អង្គការ​សហប្រជាតិ ​ហៅកាត់​ថា​អង្គការ​FAO បានផ្តល់​សេចក្តីសន្និដ្ឋាន​គួរ​ឱ្យ​រន្ធត់​ថា​ ​ធនធានទឹក​និងគុណភាព​​ដី បាន​ធា្លក់​ចុះ​ដុនដាបខ្លាំង​បំផុត​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ចុងក្រោយ​​នេះ ពោលគឺ​ចាប់​តាំង​ពី​អង្គការ​បាន​ចាប់​ផ្តើម​ចេញរបាយការណ៍​ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០១១។ កាលណោះ ការសិក្សា​បាន​សម្គាល់​ឃើញ​រួច​ទៅ​ហើយ​ថា ប្រព័ន្ធ​អេកូសាស្ត្រ​លើ​ដី​និង​ក្នុង​ទឹក​ កំពុង​ស្ថិតក្នុង​ស្ថានភាព​ “គ្រោះថ្នាក់”។ ហើយ​មិន​តែ​ប៉ុណ្ណោះ តាំងពី​ពេល​នោះ​មក ប្រព័ន្ធ​អេកូសាស្ត្រ រង​សម្ពាធ​កាន់​តែខ្លាំង​និង​កាន់​តែច្រើន និង​ខ្លះ​ឈានដល់​កំរិត ​ធ្ងន់ធ្ងររ៉ាំរៃ​ទៅ​ហើយផង។ នេះ​បើ​តាម​ការ​​​​គូស​បញ្ជាក់របស់​លោក Qu Dongyu អគ្គនាយក​អង្គការ​FAO នៅ​ក្នុងអារម្ភកថា​របស់​របាយការណ៍ ដោយ​ទាញ​សញ្ញា​អាសន្ន បញ្ជាក់​ពី​ក្តី​ព្រួយ​បារម្ភ ខ្លាច​តែ​ពិភពលោក​ជួប​គ្រោះ​​ហានិភ័យមិន​អាច​រក​​​ស្បៀ​ងអាហារបាន​គ្រប់គ្រាន់​សម្រាប់​​​​យកមក​ចិញ្ចឹម​មនុស្ស​លោក​ ដែល​នឹង​កើន​ឡើង​ដល់​ជិត​១០​ពាន់​លាន​នាក់​នៅ​ឆ្នាំ​២០៥០។

អង្គការ​FAO សន្និដ្ឋាន​​ថា ដើម្បី​អាច​ចិញ្ចឹម​ និង​ឆ្លើយ​តបទៅនឹង​សេចក្តីត្រូវការ​របស់​មនុស្ស​ជាតិ​នៅ​ឆ្នាំ​២០៥០​ ស្រប​តាម​កម្មវត្ថុ​របស់​អង្គការ​សហប្រជាជាតិដែល​កំណត់ ថានឹងគ្មានភាព​អត់​ឃ្លាន​សោះ​នៅលើ​ពិភពលោក​នា​ឆ្នាំ​២០៣០បាន ពិភពលោក​​ត្រូវ​បង្កើន​ផលិតកម្មកសិកម្ម ​ចំណីអាហារ​ សារធាតុ​សរសៃ និង​ជីវឥន្ធនៈ ជិត​​៥០%​​លើសអ្វី​ដែល​ពិភពលោក​ផលិត​នៅ​ឆ្នាំ​២០១២។ ជា​ទូទៅ គិត​ក្នុង​កំរិត​ពិភពលោក គេនៅ​តែ​អាច​បំពេញ​សេចក្តីត្រូវ​ការ​ផ្នែកអាហារ​រូប​ត្ថម្ភ​​ដល់​ពលរដ្ឋ​ទាំង​៩៧០០​លាននាក់​ បាន​ពីពេលនេះ​ដល់​ឆ្នាំ​២០៥០ ប៉ុន្តែ​បើ​គិត​តាម​កំរិត​មូលដ្ឋាន​វិញ​ ទើប​ឃើញ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ខ្លាំង​ ដោយ​បរិមាណ​មនុស្ស​ហូប​មិនគ្រប់គ្រាន់បាន​កើន​ឡើង​ជាលំដាប់ អ្នកឈឺ​ជំងឺ​ធាត់ជ្រុល​មានចំនួនកាន់​តែ​ច្រើន​នាក់​ និង​គ្រប់​កន្លែង។ បន្ទាប់​ពី​ធ្លាក់​ចុះ​ បាន​មួយ​រយៈ​ ចំនួន​មនុស្ស​ធ្លាក់​ក្នុង​គ្រោះ​ខ្វះ​ស្បៀង​អាហារ​ ហូប​មិនគ្រប់គ្រាន់ បានចាប់​​កើន​ឡើង​ជា​ថ្មី​វិញ​ ពី​៦០៤​លាន​នាក់​នៅ​ឆ្នាំ​២០១៤ ទៅ ៧៦៨​លាន​នាក់​នៅ​ឆ្នាំ​២០២០។

តើ​មាន​កត្តា​អ្វី​ដែល​ជំរុញ​ឱ្យ​FAO ហ៊ាន​អះអាង​បែប​នេះ ? ​

ការ​លូត​លាស់​ដ៏​លឿន​រហ័ស​ក្នុង​វិស័យ​នគរូបនីយកម្ម​ បូក​ផ្សំ​នឹង​កំណើន​ប្រជា​ជន​នៅ​លើ​ភព​ផែន​ដី នឹង​ធ្វើឱ្យ​សេចក្តី​ត្រូវ​ការ​ផ្នែក​​ស្បៀង​អាហារ​កើន​ឡើង​ដែរ ហើយ​​​និន្នាការកើន​ឡើង​បែប​នេះ​ត្រូវ​បន្ត​ជា​ច្រើន​ទសវត្សរ៍ជាប់ៗគ្នា​​ទៅ​មុខ​ទៀត។ ប៉ុន្តែ​ទន្ទឹម​ពេល​ជាមួយ​គ្នានេះ គ្រប់​សន្ទទស្សន៍​សុទ្ធ​តែ​ចង្អុល​ប្រាប់​ថា ផលិតកម្ម​កសិកម្ម​បា​ន​​ចាប់​បន្ថយ​កំណើន និង​បន្ថយ​ល្បឿន​ ហើយ​សមត្ថភាព​ផលិត​របស់​ភពផែនដី​ចាប់​ធ្លាក់​ចុះ​ជា​លំដាប់​និង​យ៉ាង​ឆាប់​រហ័ស។ ឯ​ការ​ខូច​ខាត​បរិស្ថាន ក៏កើន​ឡើង​ឥតឈប់ទៀត។

​របាយការណ៍​ដដែល ​​ពន្យល់​លម្អិត​ទៀត​ថា ដោយ​សារ​ទង្វើរបស់​មនុស្ស គុណភាព​ដី​បាន​ធ្លាក់​ចុះ ប្រភព​​ទឹកក្រោម​ដី​ក៏​ចាប់​ខ្សត់ ហើយការ​ប្រែប្រួលអាកាសធាតុ​ បាន​បង្ហិនបង្ហោច​​ផលិតផល​កសិកម្ម​កាន់តែ​ច្រើនឡើងៗ​ ជាពិសេស​ក្នុង​តំបន់​ដែល​ចាំបាច់​ត្រូ​វ​មាន​កំណើន​សេដ្ឋកិច្ច​ខ្លាំង។

ប្រសិន​បើ​គ្មាន​ការ​ប្តូរ​ផ្លាស់ទេ ការ​បង្កើន​ផលិតកម្ម​ចំណីអាហារបន្ថែម​ចំនួន​៥០% ដើម្បី​បំពេញ​សេចក្តីត្រូវ​ការពិភពលោក អាច​នឹង​ស្រូប​យក​ទឹក​​ពី​ស្រទាប់​ដី​បន្ថែម​​រហូត​ដល់​ទៅ​៣០%​សម្រាប់​ធ្វើកសិកម្ម។ កំណើន​និង​សេចក្តីត្រូវការ​ប្រើ​ទឹក​ខ្លាំង​ដូច្នេះ អាច​នឹង​បង្ក​ឱ្យមាន​មហន្តរាយធម្មជាតិ​ បរិស្ថានផង និង​ជំរុញ​ឱ្យ​មាន​ការ​ប្រកួតប្រជែង​ដណ្តើម​ធនធាន​​គ្នា ដែលអាចបណ្តាល​ឱ្យ​មាន​លេច​ឡើង​នូវ​បញ្ហា​ថ្មី​ផ្សេងផង​ និង​ ជម្លោះ​សង្គម​ផង។

ដើម្បី​ឆ្លើយ​តប​ទៅនឹងហានិភ័យ​ទាំង​នេះ FAO ណែនាំ​ឱ្យ​មាន​ការ​​អភិវឌ្ឍន៍​​​កំរិត​ពិភពលោក​ នូវ​​​កសិកម្ម​និង​ផលិតកម្ម​ដែល​មាន​ទំនួល​ខុស​ត្រូវ គោរពបរិស្ថាន និងទំនើប​នៅ​ចំពោះ​មុខ​កា​រប្រែប្រួលអាកាសធាតុ។ ម្ចាស់​របាយការណ៍​បាន​លើក​ឡើង​ផង​ដែរ​អំពី​តម្លៃសំខាន់​នៃ​ការប្រើ​និង​គ្រប់គ្រង​​បច្ចេកវិទ្យា​ថ្មី​ សម្រាប់​លើក​កម្ពស់គុណភាព​ដី​ដែល​គ្មាននរណា​យក​ចិត្ត​ទុក​ដាក់ពីមុន ដី​ដែល​ជួប​គ្រោះ​រាំងស្ងួត និងដី​ខ្វះ​ជាតិ​ទឹក។

សុវត្ថិភាព​ចំណី​អាហារ​របស់​ពិភពលោក​នា​ពេល​អនាគត​រំពឹង​​​លើ​ការ​ការពារ​ថែទាំ​ប្រភព​ធនធាន​ធម្មជាតិ​ដី​និង​ទឹក​នេះ​ហើយ។ នេះ​ជា​សារ​បញ្ចប់​របស់​លោក​អគ្គនាយក​អង្គការ​ស្បៀង​អាហារ​និង​កសិកម្ម​ដដែល៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ