អានតួអត្ថបទ
ស្បៀងអាហារ

តម្លៃស្បៀង​អាហារ​បន្ត​កើនឡើង​ខ្ពស់​ក្នុង​ខែ​វិច្ឆិកា ខណៈ​ជីវភាព​​កាន់តែ​​លំបាក ដោយសារ​វិបត្តិ​​សេដ្ឋកិច្ច

នៅក្នុងខែវិច្ឆិកាកន្លងទៅ តម្លៃស្បៀងអាហារ បានបន្តកើនឡើងខ្ពស់​បន្ថែមទៀត។ យោងតាម​អង្គការ​ FAO តម្លៃស្បៀងអាហារ បានបន្តកើនឡើង ៤ខែជាប់គ្នាមកហើយ។ ជីវភាពប្រជាជន ជាពិសេស​នៅតាមប្រទេសក្រីក្រ កាន់តែលំបាក ខណៈវិបត្តិសេដ្ឋកិច្ចបន្តកៀបសង្កត់ ដោយសារតែបញ្ហាជំងឺឆ្លងកូវីដ​១៩។

កសិករកំពុងប្រមូលទិន្នផលស្រូវ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ថ្ងៃទី ២៧ តុលា ២០២១
កសិករកំពុងប្រមូលទិន្នផលស្រូវ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ថ្ងៃទី ២៧ តុលា ២០២១ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

ថ្វីបើ​អត្រាតម្លៃស្បៀងអាហារ ក្នុងខែវិច្ឆិកា បាន​កើនឡើងទាបជាងខែតុលាបន្តិច ពោលគឺប្រមាណ​ ១.២% ក៏ប៉ុន្តែ តម្លៃស្បៀងអាហារ បានកើនតម្លៃ ខ្ពស់បំផុត មិនធ្លាប់មានទេ បើគិតពីខែមិថុនា ឆ្នាំ២០១១មក។ អង្គការស្បៀងអាហារ និងកសិកម្ម ហៅកាត់ថា FAO បាន​អះអាងថា តម្លៃស្បៀងអាហារជាមូលដ្ឋាន បានកើនខ្ពស់ជាលំដាប់ ៤ខែមកនេះ ជិតស្មើអត្រាតម្លៃ កាលពីខែកុម្ភៈ ឆ្នាំ​២០១១។

តម្រូវការនៃស្រូវសាឡី​ និង​ផលិតផលធ្វើពីទឹកដោះគេ បាន​កើនឡើងខ្លាំង ហើយ​បានទាញតម្លៃវត្ថុធាតុដើម ឲ្យ​កើនឡើងខ្ពស់ នៅទូទាំងពិភពលោក​ ជាពិសេសគឺតម្លៃស្រូវសាឡីតែម្តង។ ដោយឡែក តម្លៃអង្ករ ស្ថិតនៅមានលំនឹង មិនកើនឡើងទេ។ យោងតាមអង្គការ FAO ឈ្មួញបាន​ព្យាយាមទិញបម្រុងស្តុកទុក ក្នុងរយៈពេលខ្លី បន្ទាប់ពីសង្កេតឃើញ ទីផ្សារនិងទំហំវត្ថុធាតុដើម​ កាន់តែតូចចង្អៀត។ មានការព្រួយបារម្ភផងដែរ អំពីគ្រោះធម្មជាតិ ភ្ញៀងធ្លាក់ខ្លាំងធ្វើឲ្យខូចខាតទិន្នផល ព្រមទាំង​វិធានការបិទខ្ទប់ ដែលរដ្ឋាភិបាលរុស្ស៊ីអាចនឹងសម្រេច ដើម្បីរារាំងការនាំចេញស្រូវសាឡី។

ក្រៅពីគ្រាប់ធុញ្ញជាតិ ស្ករក៏បានឡើងតម្លៃដែរ ប្រមាណ​ជា​១.៤% បើធៀបទៅខែតុលា និង៤០% បើធៀបទៅនឹងតម្លៃ កាលពីឆ្នាំ​២០២០។ តម្លៃស្ករឡើងថ្លៃ ដោយសារ​តម្រូវការអេតាណុល ឡើងខ្ពស់ បើទោះបីជាមានសញ្ញាវិជ្ជមាន នៃទំហំនាំចេញ របស់ឥណ្ឌា និង ថៃក៏ដោយ។ ដោយឡែក តម្លៃប្រេងចម្រាញ់ពីគ្រាប់ធុញ្ញជាតិ បានធ្លាក់ចុះបន្តិច ចំនួន ០.៣%។ ដូចគ្នាដែរ តម្លៃសាច់សត្វ បានបន្តធ្លាក់ចុះ ចំនួន ០.៩% ក្នុងខែវិច្ឆិកា ដែលជាខែទី​៤ជាប់គ្នាហើយ។ កត្តានេះ គឺដោយសារតែតម្រូវសាច់សត្វ ក្នុងទីផ្សារចិនបានធ្លាក់ចុះ បូកផ្សំជាមួយនឹងទំហំនាំចេញ កាន់តែច្រើន របស់អូស្ត្រាលី។

យ៉ាងណាក៏ដោយ អង្គការ FAO រំពឹងថា ក្នុងឆ្នាំ២០២១នេះ ការប្រមូលទិន្នគ្រាប់ធុញ្ញជាតិ គ្រប់ប្រភេទ នឹងកើនឡើងខ្ពស់។ អ្នកជំនាញរំពឹងថា ទិន្នផលនឹងអាចមានចំនួន ២.៧៩១ពាន់លានតោន ពោលគឺកើនប្រមាណ​០.៧% បើប្រៀបធៀបទៅឆ្នាំ២០២០។ យោងតាមព្រឹត្តិបត្រប្រចាំខែ ស្តីពីតម្លៃគ្រាប់ធុញ្ញជាតិ គឺក្នុងឆ្នាំ​២០២១ ទិន្នផលគ្រាប់ធុញ្ញជាតិបន្ទាប់បន្សំ អាចនឹងកើនចំនួន ១.៤% ចំណែកទិន្នផលស្រូវអង្ករ អាចនឹងកើន០.៩%។ ផ្ទុយទៅវិញទិន្នផលស្រូវសាឡី នឹងធ្លាក់ចុះ ១%។

អ្នកជំនាញអង្គការ FAO ព្យាករណ៍ថា ទិន្នផល​ដំណាំបន្លៃផ្លែឈើ នឹងចុះថយដែរ  នៅតាមប្រទេសដែលមានប្រាក់ចំណូលតិច។ ប្រទេសចំនួន​៤៤ នឹងត្រូវការ​ជំនួយស្បៀងអាហារពីខាងក្រៅ ក្នុងនោះមាន​៣៣ប្រទេស គឺស្ថិតនៅទ្វីបអាហ្វ្រិក។ សង្គ្រាម​ប្រដាប់អាវុធ គ្រោះរាំងស្ងួត បានមកបន្ថែម​ ទំងន់លើវិបត្តិ​អសន្តិសុខស្បៀងអាហារ នៅតាមប្រទេសអាហ្វ្រិក ឲ្យ​កាន់តែធ្ងន់ថែមទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ