អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ដើម្បីបន្តរក្សាតំណែងជាអ្នកផលិតលោហៈកម្រទី១ ក្នុងលោក ចិនបានបង្កើតចេញនូវក្រុមហ៊ុនយក្សមួយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​ចិន រដ្ឋាភិបាល​ទើប​បាន​ប្រសូត្រ​ចេញ​នូវ​ក្រុមហ៊ុន​ដ៏​ធំ​មួយ​ដើម្បី​គ្រប់គ្រង​លើ​ផលិកម្ម​លោហៈកម្រ។ លោហៈកម្រ​នេះ​ជា​រ៉ែ​ម្យ៉ាង​ដែល​ពិភពលោក​ត្រូវ​ការ​ចាំ​បាច់​ជា​រៀងរាល់​ថ្ងៃ​នៅ​ក្នុង​ការ​ផលិត​រថយន្ត​អគ្គិសនី ទូរស័ព្ទដៃ smartphones និង​កញ្ចក់​ទូរទស្សន៍ plasma។ តាម​រយៈ​ការ​បង្កើត​ឲ្យ​មាន​ក្រុមហ៊ុន​ដ៏​ធំ​ដើម្បី​គ្រប់គ្រង​លើ​ផលិកម្ម​លោហៈកម្រ​នេះ ចិន​នឹង​អាច​ដាក់​កម្រិត​កូតា​លើ​ការ​ផលិត ការ​នាំ​ចេញ និង​ការ​ប្រើ​លោហៈកម្រ​ជា​ឧបករណ៍​យុទ្ធសាស្រ្ត​នៅ​ក្នុង​សង្រ្គាមពាណិជ្ជកម្ម ពិសេស​ជា​មួយ​អាមេរិក។

des ouvriers utilisent des machines pour creuser dans une mine de terres rares dans le district minier de Baiyunebo à Baotou, en Mongolie, au  nord de la Chine. (Image d'illustration)
des ouvriers utilisent des machines pour creuser dans une mine de terres rares dans le district minier de Baiyunebo à Baotou, en Mongolie, au nord de la Chine. (Image d'illustration) © AP - Uncredite
ផ្សាយពាណិជ្ជកម្ម

ដើម្បី​រក​ឈ្មោះ​ដាក់​ឲ្យ​ក្រុមហ៊ុន​ដ៏​ធំ​មួយ​ដែល​ទើប​បង្កើត​ឡើង រដ្ឋាភិបាល​ចិន​មិន​បាច់​ពិចារណា​នាំ​ឲ្យ​ឈឺ​ក្បាល​ច្រើន​ដោយ​ដាក់​ឈ្មោះ​យ៉ាង​សាមញ្ញ​បំផុត​ថា « China Rare Earth » ឬ​ប្រែ​ថា « លោហៈកម្រ​ចិន »។ តាម​ពិត​ទៅ គេ​អាច​និយាយ​បាន​ថា ក្រុមហ៊ុន​លោហៈកម្រ​ចិន​នេះ​មិនមែន​ជា​ក្រុមហ៊ុន​ថ្មីថ្មោង​ទេ តែ​ជា​ក្រុមហ៊ុន​មួយ​ដែល​បាន​មក​ពី​ការ​ច្របាច់​បញ្ជូល​គ្នា​រវាង​ក្រុមហ៊ុន​ចំនួន ៣។ ខុស​ពី​កិច្ចការ​មួយ​ចំនួន​ដែល​ចិន​បាន​ចាត់​ទុក​ជា​រឿង​សម្ងាត់​ក្រោម​ហេតុផល​សន្តិសុខជាតិ រឿង​បង្កើត​ក្រុមហ៊ុន​យក្ស​ដើម្បី​គ្រប់គ្រង​លើ​ផលិកម្ម​រ៉ែលោហៈកម្រ​មិន​ត្រូវ​បាន​ចិន​លាក់​ទេ និង​ប្រហែល​ជា​ពិបាក​លាក់​ផង។ ពិបាក​លាក់ ព្រោះ​ជា​ផែនការ​មួយ​ដែល​ត្រូវ​ប្រមូល​ផ្តុំ​ប្រភព​រ៉ែលោហៈកម្រ​ពី​ខេត្ត​ធំៗ​ចំនួន ៤ គឺ​ជាំងស៊ី ចានដុង ស៊ីឈាន់ និង​ហ៊ូណាន់។

កម្មវត្ថុ​នៃ​ការ​បង្កើត​ឲ្យ​មាន​ក្រុមហ៊ុន​ធំ​តែ​មួយ​នេះ​ឡើង គឺ​ដើម្បី​គ្រប់គ្រង​ឧស្សាហកម្ម​លោហៈកម្រ​ជាង ១ភាគ៣ នៅ​ក្នុង​ប្រទេស និង​ដែល​នៅ​ក្នុង​នោះ មាន​ជិត ៧០% ជា​លោហៈកម្រ​ប្រភេទ​ធ្ងន់។ លោហៈកម្រ​ប្រភេទ​ធ្ងន់​នេះ​មាន​ច្រើន​នៅ​ប៉ែកខាងត្បូង​ប្រទេស ដូច​ជា dysprosium ដែល​គេ​យក​ទៅ​ប្រើ​នៅ​ក្នុង​ម៉ាស៊ីនប្រតិកម្ម​នុយក្លេអ៊ែរ ពិសេស​នៅ​ក្នុង​វិស័យ​យោធា។ តែ​ចំណោទ​នៅ​ត្រង់​ថា ការ​ធ្វើ​អាជីកម្ម​លើ​រ៉ែ​លោហៈកម្រ​ប្រភេទ​ធ្ងន់​ត្រូវ​ចំណាយ​លុយ​ច្រើន មាន​ការ​លំបាក​ជាង និង​អាច​នាំ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​បរិស្ថាន។ ចំណែក​លោហៈកម្រ​ប្រភេទ​ស្រាល ដូច​ជា praséodyme និង néodyme ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ផលិត​រថយន្ត​អគ្គិសនី ឬ​មួយ​ក៏​ដើម្បី​ផលិត​កង្ហារយក្ស​ម៉ាញ៉េទិក។

នៅ​ពេល​ដែល​គេ​និយាយ​ពី​លោហៈកម្រ គ្រប់​គ្នា​ប្រាកដ​ជា​គិត​ភ្លាម​ថា​ជា​លោហៈ​ដែល​ក្រ​មិន​សូវ​មាន។ ការ​គិត​នេះ​មិន​សូវ​ខុស ហើយ​ក៏​មិន​សូវ​ត្រូវ​ប៉ុន្មាន​ដែរ ព្រោះ​តាម​ពិត​ទៅ​នោះ លោហៈកម្រ​នេះ​មិន​សូវ​ជា​ក្រ​ប៉ុន្មាន​ទេ ហើយ​ក៏​មិន​មាន​តែ​នៅ​ក្នុង​ប្រទេស​ចិន​ឯណា។ គ្រាន់​តែ​ថា ចិន​សម្បូរ​ច្រើន​ជាង​គេ ពិសេស​លោហៈកម្រ​ប្រភេទ​ធ្ងន់។ សព្វថ្ងៃ​នេះ ចិន​កំពុង​ប្រឈម​នឹង​គូប្រជែង​បរទេស ពិសេស​អាមេរិក។ ជាក់ស្តែង​ក្នុង​ឆ្នាំ ២០២១ អាមេរិក​បាន​បង្កើន​សមត្ថភាព​ផលិត​លោហៈកម្រ​ចំនួន ៣៦%។ ក្នុង​ឆ្នាំ ២០១៨ អាមេរិក​បាន​ជំរុញ​ឲ្យ​មាន​ឡើង​វិញ​នូវ​ផលិតកម្ម​លោហៈកម្រ​នៅ​អណ្តូងរ៉ែ Mountain Pass។ ក្រៅ​ពី​នៅ​អាមេរិក កំណើន​ផលិតកម្ម​លោហៈកម្រ​ក៏​មាន​នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត ដូច​ជា​នៅ​ប្រទេស​ភូមា និង​ប្រទេស​ម៉ាដាហ្កាស្កា។ បច្ចុប្បន្ន​នេះ ចំណែក​របស់​ចិន​នៅ​ក្នុង​ផលិតកម្ម​លោហៈកម្រ​ក្នុង​លោក​បាន​ធ្លាក់​ចុះ​នៅ​ក្រោម ៦០%។

ដូច្នេះ​សម្រាប់​ចិន មាន​តែ​ការ​បង្កើត​ឲ្យ​មាន​ក្រុមហ៊ុន​យក្ស​មួយ​ដើម្បី​គ្រប់គ្រង​លើ​ផលិកម្ម​លោហៈកម្រ​ទេ​ទើប​ខ្លួន​អាច​រក្សា​បាន​នូវ​អត្ថប្រយោជន៍​យុទ្ធសាស្រ្ត និង​ការ​ប្រកួតប្រជែង​របស់​ខ្លួន​បាន។ ចិន​យល់​មិន​ច្រឡំ​ទេ​ថា​សព្វថ្ងៃ​នេះ គូប្រជែង​របស់​ខ្លួន ពិសេស​អាមេរិក​រង់ចាំ​តែ​ឱកាស​ដើម្បី​កាច់​បំបាក់ និង​ទម្លាក់​ខ្លួន​នៅ​សឹង​គ្រប់​វិស័យ​ទាំង​អស់។ តែ​ជាមួយ​នឹង​ការ​ច្របាច់​ក្រុមហ៊ុន ៣ ចូល​ជា​ក្រុមហ៊ុន​មួយ​ពេល​នេះ ចិន​អាច​នឹង​មាន​ទឹកមាត់ប្រៃ និង​មាន​ឥទ្ធិពល​ក្នុង​ការ​កំណត់​កូតា​លើ​ផលិតកម្ម និង​ការ​នាំ​ចូល​លោហៈកម្រ​ដោយ​មិន​ត្រូវ​ការ​ពឹង​ផ្អែក​លើ​អ្នក​ដទៃ។ ទន្ទឹម​គ្នា​នេះ ចិន​ក៏​អាច​បន្ត​ប្រើ​លោហៈកម្រ​ជា​ឧបករណ៍​យុទ្ធសាស្រ្ត​នៅ​ក្នុង​សង្រ្គាម​ពាណិជ្ជកម្ម​ដូច​ដែល​ខ្លួន​កំពុង​បន្ត​ត ទល់​នឹង​អាមេរិក​សព្វថ្ងៃ។ តែ​ស្រប​ពេល​គ្នា យុទ្ធវិធី​របស់​ចិន​ក៏​រួម​ចំណែក​ធ្វើ​ឲ្យ​តម្លៃ​លោហៈកម្រ​ឡើង​ថ្លៃ​បន្ថែម​ទៀត​ដែរ ខណៈ​ដែល​តម្លៃ​របស់​វា​បាន​ហក់​ឡើង ៨៨% កាល​ពី​ឆ្នាំ ២០២១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ