អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ភ្ញៀវទេសចរចិនក្នុងចំនួនដ៏ច្រើននឹងមិនត្រលប់មកវិញឆាប់ៗនោះទេ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នាពេលបច្ចុប្បន្ន ភ្ញៀវទេសចរចិនរួមចំណែកច្រើនបំផុត ក្នុងការធ្វើដំណើរទៅកម្សាន្តនៅបរទេស។ ស្ថិតិបង្ហាញថា ក្នុងឆ្នាំ២០១៩ ប្រជាជនចិនបានធ្វើដំណើរទៅក្រៅប្រទេស ក្នុងចំនួន ១៥៥លាននាក់ និងបានចំណាយយ៉ាងច្រើន។ ក៏ប៉ុន្តែ ដោយសារវិបត្តិកូវីដ១៩ និងការរកឃើញថ្មីនៃមេរោគបំប្លែងខ្លួនអូមីក្រុង ភ្ញៀវទេសចរចិនក្នុងចំនួនដ៏ច្រើននឹងមិនត្រលប់មកវិញឆាប់ៗនោះទេ ហើយវិស័យទេសចរណ៍នៃបណ្ដាប្រទេសយ៉ាងច្រើននឹងបន្ដរងផលប៉ះពាល់។

AFP
ផ្សាយពាណិជ្ជកម្ម

សូម្បីតែពីមុនការមកដល់របស់មេរោគបំប្លែងខ្លួនថ្មី អូមីក្រុង ក៏ប្រជាជនចិនហាក់មិនអាចធ្វើដំណើរទៅក្រៅប្រទេសឡើយ។ រឿងនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យទេសចរណ៍នៅលើពិភពលោកទាំងមូល។

នៅលើកោះ Jeju ក្នុងប្រទេសកូរ៉េខាងត្បូង ទីផ្សារទេសចរណ៍គ្មានពន្លឺសោះ។ នៅទីក្រុងបាងកក អ្នកលក់កំពុងរង់ចាំអតិថិជនដែលមិនធ្វើដំណើរមក។ នៅកោះបាលី មគ្គុទ្ទេសក៍ទេសចរណ៍យ៉ាងច្រើនក៏ត្រូវបានបញ្ឈប់ពីការងារ។ នៅទីក្រុងប៉ារីស និងទីក្រុងរ៉ូម ភ្ញៀវទេសចរដែលធ្លាប់តម្រង់ជួរគ្នាយ៉ាងវែងថតរូប ក៏បានត្រឹមក្លាយជាការចងចាំផងដែរ។

ជាការពិត គេគ្រប់គ្នាធ្លាប់សន្មតថា ឆ្នាំនេះគឺអ្វីនឹងត្រឡប់មកដូចដើមវិញ។ នៅអឺរ៉ុប និងអាស៊ី ប្រទេសជាច្រើនបានបើកអាកាសយានដ្ឋានរបស់ពួកគេឡើងវិញ និងស្វាគមន៍ភ្ញៀវទេសចរ។ ប៉ុន្តែ ពួកគេកំពុងប្រឈមមុខនឹងការពិតថ្មីមួយ៖ មេរោគបំប្លែងខ្លួនអូមីក្រុង កំពុងបង្កឱ្យមានការភ័យស្លន់ស្លោជាសកល និងនាំឱ្យរដ្ឋាភិបាលបិទព្រំដែនម្តងទៀត ហើយភ្ញៀវទេសចរ ដែលជាអ្នកចំណាយច្រើនបំផុត ក៏មិនអាចវិលត្រលប់មកវិញក្នុងពេលឆាប់ៗនេះទេ។

នៅក្នុងផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីបន្ដរក្សានយោបាយកូវីដ១៩សូន្យ ប្រទេសចិនបានប្រកាសថា ជើងហោះហើរអន្តរជាតិនឹងត្រូវបានរក្សាទុកនៅកម្រិត ២,២ ភាគរយប៉ុណ្ណោះនៃកម្រិតមុនវិបត្តិកូវិដ១៩ ក្នុងរដូវរងា។ ចាប់តាំងពីខែសីហា កន្លងមក ចិនស្ទើរតែបានបញ្ឈប់ការចេញលិខិតឆ្លងដែនថ្មីស្ទើរតែទាំងស្រុង ហើយរដ្ឋចិនបានដាក់វិធានការ ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃសម្រាប់មនុស្សរាល់គ្នាដែលធ្វើដំណើរមកដល់ប្រទេសចិន។ ការធ្វើដំណើរវិលត្រឡប់ទៅកាន់ប្រទេសចិនវិញក៏តម្រូវឱ្យមានបំពេញសំណុំឯកសារយ៉ាងច្រើន និងការធ្វើតែស្តកូវីដ១៩ជាច្រើនផងដែរ។

គ្មានប្រទេសណាដែលរួមចំណែកយ៉ាងចម្បង សម្រាប់ការធ្វើដំណើរសកល ក្នុងទសវត្សរ៍មុនជាងប្រទេសចិននោះទេ។ យោងតាមកាសែតរដ្ឋចិន The China Daily ប្រជាជនចិនអាចធ្វើដំណើរដោយសេរី ទៅកាន់គ្រប់ផ្នែកនៃពិភពលោក ដោយសារការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់ប្រទេសចិន ក្នុងរយៈពេល ៤ទស្សវត្សរ៍កន្លងមកនេះ។ ប្រៀបធៀបនឹងរយៈពេល៤០ឆ្នាំមុន ការធ្វើដំណើរទេសចរណ៍ទៅបរទេស ឬក្នុងស្រុក គឺត្រឹមជាក្តីស្រមៃសម្រាប់ប្រជាជនចិនទូទៅប៉ុណ្ណោះ។

ស្ថិតិបង្ហាញថា ក្នុងឆ្នាំ២០១៩ ប្រជាជនចិនបានធ្វើដំណើរទៅក្រៅប្រទេស ក្នុងចំនួន ១៥៥លាននាក់ ដែលធ្វើឱ្យប្រទេសចិន ក្លាយជាប្រទេសដែលមានអ្នកទេសចរអន្តរជាតិច្រើនជាងគេបំផុត នៅលើពិភពលោក ដោយនាំមុខប្រទេសអាល្លឺម៉ង់ និងសហរដ្ឋអាមេរិកដែលស្ថិតនៅលំដាប់ទីពីរ និងទីបី។ ប៉ុន្តែ តួលេខនេះមានការថយចុះ អំឡុងវិបត្តិកូវីដ១៩។

ប្រជាជនចិនបានចំណាយប្រាក់ ១៣០ពាន់លានដុល្លារអាមេរិក នៅក្រៅប្រទេស និងជិត ១ទ្រីលានដុល្លារអាមេរិក លើការធ្វើដំណើរក្នុងស្រុក។ វិស័យទេសចរណ៍បង្ហាញពីកម្រិតជីវភាពរបស់ប្រជាជនចិនមានភាពប្រសើរឡើង ហើយគោលនយោបាយវិស្សមកាលរយៈពេល ៥ ថ្ងៃ និងពី ១ទៅ៣សប្តាហ៍របស់រដ្ឋាភិបាលបានជំរុញវិស័យទេសចរណ៍។

ដោយសារការរឹតត្បិតជំងឺរាតត្បាត ក្នុងការធ្វើដំណើរជាសកល ប្រជាជនចិនបានងាកមកចាប់អារម្មណ៍វិស័យទេសចរណ៍ក្នុងស្រុក។ ជាក់ស្តែង ស្ថិតិបង្ហាញថា បច្ចុប្បន្នតំបន់ទេសចរណ៍ជាច្រើន នៅក្នុងប្រទេសចិន កំពុងទទួលបានភ្ញៀវទេសចរច្រើនជាងឆ្នាំ២០១៩។

ផ្សារទំនើប និងភោជនីយដ្ឋានយ៉ាងច្រើនបានបិទទ្វារ។ សណ្ឋាគារត្រូវបានបោះបង់ចោល។

ការធ្លាក់ចុះបែបនេះកំពុងប៉ះពាល់ដល់អាស៊ីខាងជើង និងអាស៊ីអាគ្នេយ៍ជាពិសេស។ យោងតាមលោក Nihat Ercan ប្រធានផ្នែកលក់វិនិយោគប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៅសណ្ឋាគារ JLL Hotels & Hospitality បានឱ្យដឹងថា ប្រទេសចិនគឺជាប្រភពទេសចរណ៍លេខ១ នៅអាស៊ីសម្រាប់ទីក្រុងធំៗមួយចំនួន។

ការរកឃើញអូមីក្រុងថ្មី បានជំរុញឱ្យប្រទេសនានា ដាក់កំហិតការធ្វើដំណើរឡើងវិញ ឬអ្នកធ្វើដំណើរនានា។ វាជាការប៉ះពាល់មួយទៀតចំពោះឧស្សាហកម្មទេសចរណ៍ ដែលកំពុងខ្វះខាតភ្ញៀវទេសចរចិន។

នៅក្នុងផ្សារផ្លែឈើ Or Tor Kor ទីក្រុងបាងកក វាគឺជាទីដែលភ្ញៀវទេសចរចិនជាច្រើនតែងតែប្រមូលផ្តុំគ្នាជុំវិញតុបរិភោគទុរេន ប៉ុន្តែអាជីវកម្មនេះបានបញ្ឈប់។

នៅក្នុងប្រទេសវៀតណាម ជំងឺកូវីដ១៩បានធ្វើឱ្យអាជីវកម្មទេសចរណ៍ជាង ៩៥ភាគរយត្រូវបិទទ្វារ ឬផ្អាកប្រតិបត្តិការ នេះបើយោងតាមរដ្ឋាភិបាល។ ពីមុនពេលជំងឺកូវីដ១៩ ភ្ញៀវទេសចរចិនបានសម្រុកទៅកាន់តំបន់ឆ្នេរនៃទីក្រុង Da Nang និងទីក្រុង Nha Trang ដែលតំណាងប្រហែល ២ភាគរយនៃភ្ញៀវទេសចរបរទេសចូលមកក្នុងប្រទេស។

មុនពេលជំងឺកូវីដ១៩ ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០១៩ ភ្ញៀវទេសចរចិនចំនួន ២,៣លាននាក់បានមកទស្សនាប្រទេសកម្ពុជា ដោយជាប់ចំណាត់ថ្នាក់ទី១ ក្នុងចំណោមប្រទេសកំពូលទាំង១០ (នាំមុខវៀតណាម និងថៃ) ក្នុងចំណោមភ្ញៀវបរទេសសរុប៦,៤លាននាក់។ យោងតាមកាសែតចិន xinhuanet.com កម្ពុជារំពឹងថា ភ្ញៀវទេសចរចិននឹងជំរុញកំណើនទេសចរណ៍របស់ខ្លួន បន្ទាប់ពីមានការរីករាលដាលនៃជំងឺកូវីដ១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ