អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​​ទណ្ឌកម្ម​ដ៏​តឹងរ៉ឹង​បំផុត​លើ​រុស្ស៊ី​គឺជាជម្រើស​ពិបាក​បំផុត​សម្រាប់​អឺរ៉ុប?

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋាភិបាលរុស្ស៊ីពឹងផ្អែកយ៉ាងខ្លាំងលើថវិកាបានពីការលក់ប្រេង និងឧស្ម័នទៅអឺរ៉ុប។ ដូច្នេះ ប្រសិនបើអឺរ៉ុបដាក់ទណ្ឌកម្មណាមួយដោយបញ្ឈប់ ឬកាត់បន្ថយការនាំចូលប្រេង និងឧស្ម័នពីរុស្ស៊ី នោះសេដ្ឋកិច្ចរុស្ស៊ីនឹងរងផលប៉ះពាល់ខ្លាំង និងភ្លាមៗ។ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា វិបត្តិថាមពលក៏នឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចអឺរ៉ុបផងដែរ។

ហេតុអ្វី​​ទណ្ឌកម្ម​ដ៏​តឹងរ៉ឹង​បំផុត​លើ​រុស្ស៊ី​គឺជាជម្រើស​ពិបាក​បំផុត​សម្រាប់​អឺរ៉ុប?
ហេតុអ្វី​​ទណ្ឌកម្ម​ដ៏​តឹងរ៉ឹង​បំផុត​លើ​រុស្ស៊ី​គឺជាជម្រើស​ពិបាក​បំផុត​សម្រាប់​អឺរ៉ុប? AP - Adrienne Surprenant
ផ្សាយពាណិជ្ជកម្ម

ការដាក់ទណ្ឌកម្មដែលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានប្រកាសប្រឆាំងនឹងរុស្ស៊ី សម្រាប់ការឈ្លានពានអ៊ុយក្រែន រួមមាន ការដកចេញរដ្ឋាភិបាលរុស្ស៊ី និងធនាគារចេញពីទីផ្សារហិរញ្ញវត្ថុពិភពលោក ការរឹតបន្តឹងការនាំចេញបច្ចេកវិទ្យា និងការបង្កកទ្រព្យសម្បត្តិរបស់មន្រ្ដីមានអំណាចរុស្ស៊ី។ ក្រៅពីវិស័យទាំងនេះ បញ្ហាសំខាន់មួយផ្សេងទៀតដែលអាចធ្វើឱ្យរុស្ស៊ីរងផលប៉ះពាល់បំផុត គឺការការដាក់ទណ្ឌកម្មលើនាំចេញប្រេងឥន្ធនៈរបស់រុស្ស៊ី។

រឿងនេះគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សហភាពអឺរ៉ុបបាននាំចូលឧស្ម័នជិត៤០ភាគរយ និងតំណាងច្រើនជាងមួយភាគបួននៃប្រេងឥន្ធនៈរបស់ខ្លួនពីប្រទេសរុស្ស៊ី។ ឧស្ម័ន គឺជាប្រភពថាមពល សម្រាប់កំដៅផ្ទះនៅអឺរ៉ុប ហើយវាក៏ផ្តល់ថាមពលដល់រោងចក្រអឺរ៉ុប និងសម្រាប់ការប្រើប្រាស់រថយន្តរបស់អឺរ៉ុប។ ក្នុងពេលជាមួយគ្នា រុស្ស៊ីក៏ទទួលបានប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ទៅក្នុងសេដ្ឋកិច្ចរបស់ខ្លួនផងដែរ។

ការបាត់បង់ប្រាក់ចំណូលទាំងនោះបង្កផលលំបាកខ្លាំងណាស់ដល់រុស្ស៊ី ដែលពឹងផ្អែកខ្លាំងលើការនាំចេញថាមពល សម្រាប់ដំណើរការរដ្ឋាភិបាល និងគាំទ្រសេដ្ឋកិច្ចរបស់ខ្លួន។ ការនាំចេញប្រេង និងឧស្ម័នផ្តល់ចំណូលច្រើនជាងមួយភាគបីនៃថវិកាជាតិសរុប។ ប៉ុន្តែ​ ការ​កាត់​ផ្តាច់ការនាំចូលប្រេង និងឧស្ម័នពីរុស្ស៊ី​ក៏​នឹង​ប៉ះពាល់​ដល់​អឺរ៉ុបផង​ដែរ។

នៅក្រោយសង្គ្រាមលោកលើកទី២ ក្នុងពេលប្រឈមមុខគ្នានៃមហាអំណាច អ្នកវិភាគជាច្រើនជឿថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងសហភាពសូវៀត និងបស្ចិមប្រទេសកាន់តែមានភាពស៊ីសង្វាក់គ្នា នោះវាទំនងជាមិនសូវមានជម្លោះកើតឡើងនោះទេ។ ពាណិជ្ជកម្ម និងផលប្រយោជន៍សេដ្ឋកិច្ចនៅទីបំផុតនឹងធ្វើឱ្យសម្ព័ន្ធមិត្តកើនឡើង។

ឥឡូវនេះ សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់រុស្ស៊ី ដែលស្មើនឹង ៣៧ភាគរយនៃពាណិជ្ជកម្មសកលរបស់ខ្លួន ក្នុងឆ្នាំ២០២០។ វាស្មើប្រហែល ៧០ភាគរយនៃការនាំចេញឧស្ម័នរបស់រុស្ស៊ី និងពាក់កណ្តាលនៃការនាំចេញប្រេងទៅអឺរ៉ុប។

ការធ្វើពាណិជ្ជកម្ម និងការដាក់ទណ្ឌកម្មកាត់ផ្ដាច់ពាណិជ្ជក​ម្ម គឺផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក៏ដូចជាផ្ដល់ផលប៉ះពាល់ទៅវិញទៅមកផងដែរ។

ក្នុងពេលនេះ មេដឹកនាំអឺរ៉ុបត្រូវប្រឈមនឹងជម្រើសដាក់ទណ្ឌកម្មលើរុស្ស៊ី និងការពារសេដ្ឋកិច្ចរបស់ខ្លួន។

លោក Mathieu Savary ប្រធានស្ថាប័នយុទ្ធសាស្រ្តវិនិយោគអឺរ៉ុប បានលើកឡើងថា រហូតមកដល់ពេលនេះ ការសម្រេចចិត្តរបស់ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអង្គារ ក្នុងការបញ្ឈប់បំពង់បង្ហូរឧស្ម័ន Nord Stream 2 តភ្ជាប់ដោយផ្ទាល់ពីប្រទេសរុស្ស៊ី និងភាគឦសានប្រទេសអាល្លឺម៉ង់ គឺជាផលវិបាកបំផុតសម្រាប់អាល្លឺម៉ង់។

ជាក់ស្ដែង មេដឹកនាំលោកខាងលិចមានការស្ទាក់ស្ទើរយ៉ាងខ្លាំង ក្នុងការកាត់បន្ថយវាបន្ថែមទៀត ដោយសារតែក្នុងអំឡុងពេលបីខែចុងក្រោយនៃឆ្នាំ២០២១ ប្រទេសរុស្ស៊ីបានកាត់បន្ថយការនាំចេញបំពង់ឧស្ម័នរបស់ខ្លួន ជិត២៥ភាគរយបើធៀបនឹងឆ្នាំមុន។ ទុនបម្រុងឧស្ម័នរបស់អឺរ៉ុប មានត្រឹមតែ ៣០ភាគរយប៉ុណ្ណោះ ហើយប្រជាជនអឺរ៉ុបកំពុងបង់ថ្លៃថាមពល ក្នុងតម្លៃថ្លៃខ្លាំងរួចទៅហើយ។ តម្លៃប្រេង និង​ឧស្ម័ន​ធម្មជាតិកំពុងកើន​ឡើងខ្លាំង នាពេលបច្ចុប្បន្ន។

អាល្លឺម៉ង់ គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់រុស្ស៊ីនៅអឺរ៉ុប និងនាំចូល៥៥ភាគរយនៃការផ្គត់ផ្គង់ឧស្ម័នរបស់ខ្លួនពីរុស្ស៊ី។ អ៊ីតាលី គឺជាដៃគូពាណិជ្ជកម្មធំជាងគេទីពីរ និងនាំចូល៤១ភាគរយ។ នៅក្នុងវេទិកាមួយ ក្នុងទីក្រុង Milan កាលពីសប្តាហ៍មុន ឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Sergey Razov បាននិយាយថា លោកប្រធានាធិបតី Vladimir V. Putin បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Mario Draghi ថា "ប្រសិនបើប្រទេសអ៊ីតាលីត្រូវការឧស្ម័នបន្ថែមទៀត យើងត្រៀមខ្លួនជាស្រេចដើម្បីផ្គត់ផ្គង់វាទៅអ៊ីតាលី"។ អូទ្រីស តួកគី និងបារាំង គឺជាអ្នកប្រើប្រាស់ឧស្ម័នធម្មជាតិដ៏ធំរបស់រុស្ស៊ីផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ