អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

វិបត្តិថាមពលសកលឆ្នាំ២០២១-២០២២

ចុះផ្សាយ​នៅ​ថ្ងៃ៖

កង្វះថាមពលសកលឆ្នាំ២០២១-២០២២ គឺជាបញ្ហាគន្លឹះចុងក្រោយបង្អស់នៃកង្វះថាមពលដែលពិភពលោកធ្លាប់ជួបប្រទះ ក្នុងរយៈពេល៥០ឆ្នាំចុងក្រោយនេះ។ វិបត្តិថាមពលនេះ​កំពុងបង្កផល​ប៉ះពាល់យ៉ាង​ខ្លាំងលើបណ្ដាប្រទេសផ្សេងៗ តួយ៉ាង សហរដ្ឋអាមេរិក អឺរ៉ុប ចិន និង​ប្រទេស​ដទៃផ្សេង​ទៀត។

បណ្តាញ​បំពង់​បង្ហូរ​ឧស្ម័ន​អឺរ៉ុប
បណ្តាញ​បំពង់​បង្ហូរ​ឧស្ម័ន​អឺរ៉ុប © Ảnh chụp màn hình trang mạng Planete Energie.
ផ្សាយពាណិជ្ជកម្ម

ការចាប់ផ្តើមនៃវត្តមានរបស់ជំងឺរាតត្បាតកូវីដ១៩ នៅក្នុងឆ្នាំ២០១៩-២០២០ បានបណ្តាលឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្រូវការថាមពល និងការកាត់បន្ថយផលិតកម្មប្រេង។ អតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃថាមពលទាំងមូល។ អំឡុងពេលដើមឆ្នាំ២០២០នោះហើយដែលតម្លៃប្រេងសាំងបានធ្លាក់ចុះយ៉ាងខ្លាំង។

ក៏ប៉ុន្តែ តម្លៃថាមពលបានកើនឡើងមកវិញ រហូតដល់មានការលើកឡើងអំពីវិបត្តិថ្លៃថាមពល។

អាស៊ី

នៅតំបន់អាស៊ី បច្ចុប្បន្ន ចិនកំពុងប្រឈមមុខនឹងវិបត្តិថាមពលដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយៈពេលជាច្រើនទសវត្សរ៍។ មូលហេតុនៃវិបត្តិនេះ គឺកង្វះខាតធ្យូងថ្ម និងថាមពល ក្នុងប្រទេសចិន។

ការកើនឡើងថ្លៃថាមពលបានកើតមានឡើងនៅក្នុងប្រទេសចិន ចាប់តាំងពីខែធ្នូ ឆ្នាំ២០២០ ក្រោយពីការរឹតត្បិតជាច្រើនខែ ដែលរដ្ឋាភិបាលចិនបានរារាំងទាំងស្រុងនូវការនាំចូលធ្យូងថ្មពីប្រទេសអូស្ត្រាលី ដែលជាប្រភពនាំចូលធ្យូងថ្មដ៏ធំបំផុតរបស់ប្រទេសចិន។

លើសពីនេះ នៅក្នុងវិបត្តិថាមពលចិន គឺ កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិន ក្នុងការកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ។ ជាក់ស្ដែង វិស័យនេះទទួលខុសត្រូវចំពោះការស្លាប់មនុស្សរាប់មិនអស់ ពីការបំពុលបរិស្ថាន និងបានរួមចំណែកយ៉ាងធំធេងផងដែរ សម្រាប់ការបញ្ចេញឧស្ម័នពុលក្នុងប្រទេស។ នៅពេលដែលការផ្គត់ផ្គង់ថាមពលមានភាពលំបាក ឬកាន់តែមានតិច នោះតម្លៃថាមពលនឹងកាន់តែកើនឡើង។

នៅតំបន់ប៉ាស៊ីហ្វិកខាងលិច ឥទ្ធិពលរបស់ខ្យល់ព្យុះទីហ្វុង បានធ្វើឱ្យប៉ះពាល់ដល់ទឹកធ្លាក់នៅទូទាំងតំបន់ភាគខាងត្បូងនៃប្រទេសចិន និងតៃវ៉ាន់ ក្នុងឆ្នាំ២០២០-២០២១ និងបានបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពលវារីអគ្គិសនីនៅក្នុងតំបន់ទាំងនេះ។

អាមេរិក

សហរដ្ឋអាមេរិកព្រមានប្រជាជនអាមេរិកអំពីការកើនឡើងនៃតម្លៃប្រេង នាពេលខាងមុខ។ នៅពេលដែលការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្តកើតមានឡើង ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងរុស្ស៊ីអាចបង្កើនតម្លៃប្រេង និងថាមពលឱ្យកាន់តែខ្ពស់។

អឺរ៉ុប

នៅអឺរ៉ុប ដោយសារតែមានលក្ខខណ្ឌមិនអំណោយផលផ្សេងៗ ពាក់ព័ន្ធនឹងការកើនឡើងនៃតម្រូវការឧស្ម័នធម្មជាតិ ការធ្លាក់ចុះការផ្គត់ផ្គង់ឧស្ម័នពីសហរដ្ឋអាមេរិក ន័រវែស និងរុស្ស៊ី ទៅកាន់ទីផ្សារអឺរ៉ុប ការផលិតថាមពលតិចជាងមុនដោយប្រភពថាមពលកកើតឡើងវិញ ដូចជាខ្យល់ ទឹក និងថាមពលពន្លឺព្រះអាទិត្យ បូកផ្សំនឹងរដូវរងា​ដែល​បាន​ធ្វើ​ឱ្យ​អាង​ស្តុក​ឧស្ម័ន​នៅ​អឺរ៉ុប​ត្រូវ​បាន​រីងស្ងួត អឺរ៉ុប​កំពុងប្រឈម​នឹង​ការ​កើនឡើង​យ៉ាង​ខ្លាំង​នៃ​តម្លៃ​ឧស្ម័ន​ ចាប់តាំងពីឆ្នាំ២០២១។

ប្រហែលមួយភាគប្រាំនៃការកើនឡើងតម្លៃថាមពល នៅតំបន់អឺរ៉ុប គឺបណ្ដាលមកពីការកើនឡើងតម្លៃទីផ្សារកាបូនរបស់សហភាពអឺរ៉ុប។ ទីផ្សារកាបូនអឺរ៉ុបតម្រូវឱ្យបង្កើនពន្ធលើការប្រើប្រាស់ថាមពលដែលបង្កឱ្យមានការបំពុលបរិស្ថានច្រើន។

ក្នុងវិបត្តិរុស្ស៊ី-អ៊ុយក្រែន ការបង្កើនកម្លាំងយោធារបស់រុស្ស៊ី និងការឈ្លានពានលើអ៊ុយក្រែន ក៏បានគំរាមកំហែងដល់ការផ្គត់ផ្គង់ថាមពលពីរុស្ស៊ីទៅកាន់អឺរ៉ុបផងដែរ។ រឿងនេះបណ្តាលឱ្យបណ្តាប្រទេសនៅអឺរ៉ុបស្វែងរកប្រភពនៃការនាំចូលថាមពលពីប្រទេសផ្សេងៗ។

ផលប៉ះពាល់ដល់សង្គម និងសេដ្ឋកិច្ចពីការកើនឡើងថ្លៃថាមពល

ថាមពល រួមមាន ឧស្ម័នធម្មជាតិ ប្រេងឥន្ធនៈ សាំង និងម៉ាស៊ូត គឺជាប្រភពធនធានគន្លឹះ សម្រាប់វិស័យនានា មិនថាការប្រើប្រាស់ ឬការធ្វើដំណើរទូទៅរបស់ប្រជាពលរដ្ឋ វិស័យឧស្សាហកម្ម អគ្គិសនី និងវិស័យសេវាកម្ម។ គ្មានថាមពល សកម្មភាពសេដ្ឋកិច្ចទាំងអស់នេះនឹងមិនអាចដំណើរការបានទេ។ នៅពេលតម្លៃថាមពលកើនឡើង នោះការចំណាយផ្សេងៗលើការផលិតទំនិញ និងសេវាកម្មក៏នឹងកើនឡើងផងដែរ។ វិបត្តិថ្លៃថាមពលក៏អាចប៉ះពាល់ដល់សេដ្ឋកិច្ច តាមរយៈការពន្យារពេលនៃការវិនិយោគអាជីវកម្ម និងការធ្លាក់ចុះទីផ្សារការងារ។

ជាទូទៅ ក្រៅពីផលប៉ះពាល់ដល់ឧស្សាហកម្ម និងសេដ្ឋកិច្ចទាំងមូល ក្រុមប្រជាជនដែលមានចំណូលទាប និងមធ្យម ច្រើនតែរងផលប៉ះពាល់ខ្លាំងពីការឡើងថ្លៃទំនិញប្រើប្រាស់ប្រចាំថ្លៃ ព្រោះជាមួយចំណូលដដែល ពួកគាត់ត្រូវចំណាយច្រើនជាងមុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ