អានតួអត្ថបទ
អ៊ុយក្រែន-រុស្ស៊ី

ទីភ្នាក់ងារAIEA ​អំពាវនាវ​ឲ្យ​រុស្ស៊ី​បញ្ឈប់​សកម្មភាព​ប្រឆាំង​ទីតាំង​នុយក្លេអ៊ែរ​អ៊ុយក្រែន

មួយថ្ងៃ​ក្រោយ មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ចេញសេចក្តីសម្រេច​ទាមទារ​ឲ្យ​រុស្ស៊ី​ដកកងទ័ពចេញជាបន្ទាន់ពី​អ៊ុយក្រែន ទីភ្នាក់ងារ​ថាមពល​បរិមាណូអន្តរជាតិ AIEA ដែល​មាន​នាទីជា​អ្នកតាមដាន​ឃ្លាំមើល​សកម្មភាព​នុយក្លេអ៊ែរ​នៅក្នុង​ពិភពលោក​បាន​ចេញ​សេចក្តីសម្រេច​មួយដែរ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ៣​មីនា ដើម្បី អំពាវនាវ​ឲ្យ​កងទ័ព​រុស្ស៊ី​បញ្ឈប់ ជា​បន្ទាន់​សកម្មភាព ដ៏​គ្រោះថ្នាក់ ទៅលើ​ទីតាំង​នុយក្លេអ៊ែរ ក្នុងទឹកដី​អ៊ុយក្រែន។

រូបភាពផ្កាយរណប​បង្ហាញ​ក្បួនរថយន្ត​ រថពាសដែក​រុស្ស៊ី​នៅក្បែរ​ទីតាំង​នុយក្លេអ៊ែរ​ឈែរណូប៊ីល​របស់​អ៊ុយក្រែន នៅថ្ងៃទី ២៥​កុម្ភៈ ២០២២
រូបភាពផ្កាយរណប​បង្ហាញ​ក្បួនរថយន្ត​ រថពាសដែក​រុស្ស៊ី​នៅក្បែរ​ទីតាំង​នុយក្លេអ៊ែរ​ឈែរណូប៊ីល​របស់​អ៊ុយក្រែន នៅថ្ងៃទី ២៥​កុម្ភៈ ២០២២ via REUTERS - BlackSky
ផ្សាយពាណិជ្ជកម្ម

សេចក្តីសម្រេច​ដែល​ស្នើ​ឡើង​ដោយ​កាណាដា និង​ប៉ូឡូញ​បាន​ទទួល​ការបោះឆ្នោត​គាំទ្រ​ដោយ​សំឡេង​ភាគច្រើន នៅ​ក្រុមប្រឹក្សា​ភិបាល​របស់​ទីភ្នាក់ងារ​ថាមពល​បរិមាណូ​អន្តរជាតិ ហៅកាត់ជាភាសា​បារាំងថា AIEA នៅទីក្រុង​វីយ៉ែន ប្រទេស​អូទ្រីស។ រុស្ស៊ី និង​ចិន បាន​បោះឆ្នោត​ប្រឆាំង ចំណែក ប្រទេស​ចំនួន ៥ ដូចជា ប៉ាគីស្ថាន ឥណ្ឌា អាហ្វ្រិកខាងត្បូង សេណេហ្កាល់​បាន​បោះឆ្នោត អនុប្បវាទ។

សម្រាប់​អ្នកតំណាង​ចិន នៅ​AIEA ចិន​បាន​បោះឆ្នោត​ប្រឆាំង ព្រោះថា សេចក្តីសម្រេច​ដើរហួស​ដែន​សមត្ថកិច្ច ដោយសារមាន​លាយឡំ​រឿងនយោបាយ។ ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ AIEA យល់ស្រប​ការលើកឡើង​របស់​ភាគីចិន ប៉ុន្តែ អ្នកតំណាងអាមេរិក លោក​Louis Bono អះអាង​វា​រឿងត្រឹមត្រូវ​ដែល​ក្រុមប្រឹក្សាភិបាល​របស់​ទីភ្នាក់ងារ​ថាមពល​បរិមាណូអន្តរជាតិ​ត្រូវ​ចេញមុខ​ប្រតិកម្ម សំដែង​សោកស្តាយ ព្រោះថា ទីភ្នាក់ងារ​មាន​តួនាទី ធានា​ឲ្យមាន​ការប្រើប្រាស់ដោយ​សន្តិភាព ​ថាមពល​នុយក្លេអ៊ែរ​ក្នុងពិភពលោក។

នៅក្នុង​សេចក្តីសម្រេច ដែលទីភ្នាក់ងារព័ត៌មានបារាំង​បាន​ទទួល​មក​ចុះផ្សាយ នៅថ្ងៃ​ព្រហស្បតិ៍ ទីភ្នាក់ងារ​ថាមពល​បរិមាណូ អន្តរជាតិ ហៅកាត់ជាភាសាបារាំង​ថា AIEA បាន​អំពាវនាវ​ឲ្យ​រុស្ស៊ី​បញ្ឈប់​ជា​បន្ទាន់ សកម្មភាព​ប្រឆាំង​ទីតាំង​នុយក្លេអ៊ែរ​អ៊ុយក្រែន។ សម្រាប់​ទីភ្នាក់ងារ AIEA សង្រ្គាមឈ្លានពាន​របស់​រុស្ស៊ី​កំពុងបង្ក​ការគំរាមកំហែង​ធ្ងន់ធ្ងរ ដោយ​ផ្ទាល់​ដល់​សន្តិសុខ​របស់​ទីតាំង​នុយក្លេអ៊ែរ និង​បុគ្គលិក​ធ្វើការនៅទីនោះ។ ការវាយប្រហារ​របស់​កងទ័ព​រុស្ស៊ី​អាច​បង្ក​ឲ្យ​មាន​ឧប្បត្តិហេតុ ឬ​គ្រោះថ្នាក់​នុយក្លេអ៊ែរ ដែលជា​ហានិភ័យ​ខ្លាំងណាស់​សម្រាប់​ប្រជាជន​អ៊ុយក្រែន រដ្ឋជិតខាងអ៊ុយក្រែន និង​សហគមន៍អន្តរជាតិ​ទាំងមូល។

អ៊ុយក្រែន​មាន​ម៉ាស៊ីនប្រតិករ​ចំនួន​១៥ នៅ​រោងចក្រ​នុយក្លេអ៊ែរ​ចំនួន ៤ និង​នៅ​ទីតាំងជាច្រើនផ្សេងទៀត នៅក្នុង​ប្រទេស។ ទីតាំង​នុយក្លេអ៊ែរ ឈែរណូប៊ីល ដែល​បាន​ជួប​គ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ ដោយសារ ផ្ទុះឆេះ កាលពី​ឆ្នាំ ១៩៨៦ ​បាន​ធ្លាក់​ទៅក្នុង​ដៃគ្រប់គ្រង​របស់​ទាហាន​រុស្ស៊ី តាំង​ពី​ថ្ងៃទី ២៦​កុម្ភៈ។

នៅថ្ងៃ​ចន្ទ ដើមសប្តាហ៍នេះ ទីភ្នាក់ងារ​AIEA បាន​ព្រមានពីគ្រោះថ្នាក់ ផ្ទុះនុយក្លេអ៊ែរ នៅពេល​ឃើញ​កងទ័ព​រុស្ស៊ី ​បោះជំហាន​កាន់តែ​ទៅ​ជិត​ទីតាំង​នុយក្លេអ៊ែរ Zaporija ភាគខាងកើត​អ៊ុយក្រែន ដែលមាន​ម៉ាស៊ីន​ប្រតិករ​ចំនួន ៦។

នៅពេល​ចាប់បើកអង្គប្រជុំ​កាលពីថ្ងៃ​ព្រហស្បតិ៍ ប្រធាន​ទីភ្នាក់ងារ​ថាមពល​បរិមាណូ​អន្តរជាតិ លោក​Rafael Grossi បាន​ព្រមានថា រាល់គ្រោះថ្នាក់ផ្ទុះឆេះ​នៅទីតាំង​នុយក្លេអ៊ែរ​នឹង​បង្ក​ឲ្យមានផលវិបាក ការឈឺចាប់​របស់​មនុស្សជាតិ និងការបំផ្លាញ​បរិស្ថានដ៏ធ្ងន់ធ្ងរ។ អគ្គនាយក​របស់​AIEA វាយតម្លៃថា ដើម្បី សុវត្ថិភាព និង​សន្តិសុខ​របស់​ទីតាំង​នុយក្លេអ៊ែរ អ៊ុយក្រែន គេ​ត្រូវបញ្ឈប់ជាបន្ទាន់​ជម្លោះប្រដាប់អាវុធនៅអ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ