អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សង្គ្រាម​អ៊ុយក្រែន​ជា​វិញ្ញាសាសាកល្បងជំហររបស់ហ្វាំងឡង់ចំពោះរុស្ស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជាច្រើន​ទសវត្សរ៍​មក​ហើយ​ ហ្វាំងឡង់​ប្រកាន់​ភ្ជាប់​គោលការណ៍​អព្យាក្រឹត​យ៉ាងប្រុងប្រយ័ត្ន​ដើម្បី​ជៀស​វាង​ការ​ប្រឈម​មុខ​ជាមួយ​រុស្ស៊ី​ដែល​ជា​ប្រទេស​ក្បែរខាង​។ ប៉ុន្តែនាខណៈពេល​នេះ​ សង្គ្រាម​អ៊ុយក្រែន​កំពុង​តែ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​សាធារណជន​ហ្វាំងឡង់​ ហើយ​ការ​ចូល​ជា​សមាជិក​អង្គការ​អូតង់​កំពុង​កាន់​តែ​ក្លាយ​ជា​លទ្ធភាព​ជាក់ស្តែង​មួយ​សម្រាប់​ប្រទេស​អឺរ៉ុប​ខាង​ជើង​មួយ​នេះ​។តើ​សង្គ្រាម​អ៊ុយក្រែន​អាច​នឹង​ធ្វើ​ឲ្យ​ហ្វាំងឡង់​លែង​ប្រកាន់​យក​គោលការណ៍​អព្យាក្រឹត​ឬ​យ៉ាងណា?

អធិកាបិតីអាល្លឺម៉ង់ អូឡាហ្វ ស្ហុលស៍ (ស្តាំ) និងនាយករដ្ឋមន្ត្រីហ្វាំងឡង់សានណា ម៉ារីន នៅឯសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងប៊ែរឡាំងកាលពីថ្ងៃពុធ ទី១៦មីនា ឆ្នាំ២០២២។
អធិកាបិតីអាល្លឺម៉ង់ អូឡាហ្វ ស្ហុលស៍ (ស្តាំ) និងនាយករដ្ឋមន្ត្រីហ្វាំងឡង់សានណា ម៉ារីន នៅឯសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងប៊ែរឡាំងកាលពីថ្ងៃពុធ ទី១៦មីនា ឆ្នាំ២០២២។ AP - John Macdougall
ផ្សាយពាណិជ្ជកម្ម

កាលពី​ ២០ឆ្នាំមុន​ ការ​ចូលជា​សមាជិក​បក្ស​សម្ព័ន្ធ​អូតង់​មិនមែន​ជា​រឿង​ដែល​គេ​នឹក​ដល់​សោះ​ឡើយ​នៅ​ក្នុង​ប្រទេស​ហ្វាំងឡង់​។ ប៉ុន្តែ​ ប្រតិបត្តិការ​សឹក​របស់​រុស្ស៊ីទៅលើ​អ៊ុយក្រែន​កំពុង​ធ្វើឲ្យ​មាន​ការផ្លាស់ប្តូរ​ជាប្រវត្តិសាស្ត្រ​ក្នុង​ចំណោម​មតិ​សាធារណជន​ហ្វាំងឡង់​។

ការ​ស្ទង់មតិមួយ​ដែល​ចេញផ្សាយនៅថ្ងៃទី​២៨ ខែ​កុម្ភៈ​រក​ឃើញជា​លើក​ដំបូងថា​ប្រជាពល​រដ្ឋ​ហ្វាំងឡង់​ភាគច្រើន​ចំនួន​ស្មើ​នឹង​ ៥៣% គាំទ្រ​ឲ្យ​ប្រទេស​របស់ពួកគេ​ចូល​ជា​សមាជិក​អូតង់​។ តួលេខនេះ​កើនឡើង​ ២៥%​ចាប់តាំង​ពី​រុស្ស៊ី​ផ្តើម​ធ្វើ​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន​មក​។

នៅតែប៉ុណ្ណោះ​ សំឡេងគាំទ្រ​ឲ្យ​ហ្វាំងឡង់ចូល​ជា​សមាជិក​អង្គការ​អូតង់​បានកើនឡើង​ទៀតទៅ​ដល់​ ៦២%​ នៅក្នុង​ការ​បោះឆ្នោត​ស្ទង់មតិជាលើកពីរ​កាលពីថ្ងៃ​ទី​១៤មីនា​ ឆ្នាំ២០២២​។ ក្រោយផ្ទុះ​សង្គ្រាមនៅ​អ៊ុយក្រែន​ ការ​ព្រួយ​បារម្ភ​ផ្នែក​សន្តិសុខ​ដែល​កាន់​តែ​រីកធំឡើង​បាន​ជំរុញ​ឲ្យ​អ្នក​នយោបាយហ្វាំងឡង់​ពិចារណា​លើ​ការ​ផ្លាស់ប្តូរ​គោលនយោបាយ​យ៉ាងខ្លាំង​ចេញពី​អព្យាក្រឹតភាព​ដែល​ជា​គោលកាណ៍​ប្រពៃណី​របស់​ប្រទេស​។

នាយករដ្ឋមន្ត្រី​ហ្វាំងឡង់​អ្នកស្រី​សានណា ម៉ារីន (Sanna Marin) បាន​ប្រកាស​កាលពី​ថ្ងៃទី២៨​កុម្ភៈថា​ ហ្វាំងឡង់​នឹង​ផ្គត់ផ្គង់​អាវុធ​ដល់​អ៊ុយក្រែន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​កង​ទ័ព​រុស្ស៊ី​។ នេះ​គឺជារឿង​ដែល​ប្រទេសក្បែរខាងរុស្ស៊ី​មួយនេះ​មិនធ្លាប់​ធ្វើពីមុនមក​សោះឡើយ​។

តែ​ទន្ទឹមនេះ​ ប្រធានាធិបតី​ហ្វាំងឡង់​លោក Sauli Niinistö ក៏​បាន​អំពាវនាវដែរ​ឲ្យ​ពលរដ្ឋ​ខ្លួនកុំ​សម្រេចចិត្ត​លឿន​ពេក​និង​ត្រូវ​គិត​គូរ​ពិចារណាឲ្យបាន​គ្រប់​ជ្រុងជ្រោយ​នៅពេល​ត្រូវ​សម្រេចចិត្ត​អំពី​សមាជិកភាព​របស់​ហ្វាំងឡ់ង​ក្នុង​អង្គការ​អូតង់​។

សម្រាប់​ពលរដ្ឋហ្វាំងឡ់ងទាំង ៥លាន ៥សែន​នាក់​ នេះ​មាន​ន័យថា​កុំជ្រួល​ច្របល់​ខ្លាំង​ពេកក្នុងការ​ចូល​បក្ស​សម្ព័ន្ធអូតង់​នៅចំពោះមុខការ​គំរាមកំហែង​កាន់តែ​ខ្លាំង​ឡើងពី​សំណាក់​រុស្ស៊ី​។

គួរជ្រាបថា​ មិនខុសគ្នាពី​ប្រទេសស៊ុយអែតឡើយ​ ហ្វាំងឡង់​រងការ​ព្រមាន​ជា​ញឹកញយ​ពី​សំណាក់​ទីក្រុង​មូស្គូ​។ អ្នកស្រី​ Chiara Ruffa​ សាស្ត្រាចារ្យ​ជំនាញ​ផ្នែក​សិក្សា​ពី​បញ្ហា​សង្គ្រាម​នៅ​សាកលវិទ្យាល័យ​ការពារជាតិ​ស៊ុយអែត​និយាយថា​ នៅដើម​ខែ​មីនានេះ​មាន​យន្តហោះ​ចម្បាំងរុស្ស៊ីចំនួន​ ៤គ្រឿង​បានហោះ​រំលោភ​ចូល​ដែន​អាកាស​ស៊ុយអែត​ នៅ​ខណៈដែល​យោធាស៊ុតអែត​និង​ហ្វាំងឡ់ង​កំពុង​ធ្វើ​សមយុទ្ធ​នៅឯ​សមុទ្រ​ប៉ាល់ទិក​ (Gotland)។

គេ​មិនគិតនោះទេថា​ ទីក្រុងមូស្គូ​នឹង​បើក​ការវាយ​ប្រហារ​ក្នុង​ពេលឆាប់ៗនេះទៅ​លើ​ស៊ុយអែត​ឬហ្វាំងឡង់​ ប៉ុន្តែវាជាទឡ្ហី​ករណ៍ ទាញឲ្យ​ទាំង​ស៊ុយអែត​ និង​ហ្វាំងឡង់​ចាំបាច់​ត្រូវ​ប្រុង​ប្រៀប​ខ្លួន​ប្រឈមមុខ​នឹង​សង្គ្រាម​ដែល​អាច​កើត​ឡើង​ជា​យថាហេតុ​។

ប្រឈមនឹង​ការ​គំរាមកំហែង​ពី​រុស្ស៊ីនេះ​ ប្រទេស​ហ្វាំងឡង់​បាននឹងកំពុង​ធ្វើ​ទំនើកម្ម​វិស័យ​ការពារ​ជាតិ​និង​រំកិលខ្លួនខិត​ចូល​កាន់តែជិត​អង្គការអូតង់​ ទោះបីមិនមែន​ជា​សមាជិក​បក្ស​សម្ព័ន្ធនេះ​ក៏ដោយ​។

នៅក្នុងឆ្នាំ​ ២០១៤​ ហ្វាំងឡង់​បាន​ពង្រឹង​ទំនាក់ទំនង​កាន់តែជិត​ស្និទ្ធ​ជាមួយអូតង់​ដោយ​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​ ទទួល​ជំនួយ​ពី​កងទ័ព​អូតង់​ក្នុង​គ្រា​មានអាសន្ន​។ នៅក្នុងឆ្នាំ​ ២០២២នេះ​ អូតង់ក៏បានប្រកាសដែរ​ថានឹងបញ្ចូលហ្វាំងឡង់​ទៅ​ក្នុង​ក្រុម​ដើម្បី​ទទួល​បាន​ការចែករំលែកព័ត៌មាន​ក្នុងអំឡុង​សង្គ្រាម​នៅអ៊ុយក្រែន​។

គួរបញ្ជាក់ថា​ ចាប់តាំងពី​សហភាពសូវៀតដួលរលំ​ក្នុងឆ្នាំ ១៩៩១មក​ ហ្វាំងឡង់​បាន​រំកិល​ខ្លួន​ទៅមករកលោកខាងលិច​និង​បាន​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​កាលពីឆ្នាំ​ ១៩៩៥​ តែនៅ​បន្ត​ប្រកាន់​គោលការណ៍​អព្យាក្រឹត​ និង​មិន​ចូល​ជា​សមាជិកអូតង់​ឡើយ​ដើម្បី​រក្សា​សន្តិភាព​ ក៏ដូចជាគេច​ផុត​ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី។

ប៉ុន្តែ​ដោយសារ​សង្គ្រាមនៅអ៊ុយក្រែន​ គោលការណ៍​អព្យាក្រឹត​នៅហ្វាំងឡង់​អាច​នឹង​ផ្លាស់​ប្តូរ​ដោយហេតុថា​ប្រទេស​អឺរ៉ុប​ខាងជើងមួយនេះ​កំពុងតែ​ពិចារណាពី​លទ្ធភាព​ក្នុង​ការ​ចូល​ជា​សមាជិក​បក្សសម្ព័ន្ធអូតង់​។

សភា​ហ្វាំងឡង់​នឹងបើក​ជំនួប​នៅ​ក្នុង​ខែ​មេសា​ខាង​មុខ​ដើម្បី​ពិភាក្សា​គ្នា​ថាគួរ​ចូល​ជា​សមាជិក​របស់​អូតង់​ដែរ​ឬយ៉ាងណា​? ដើម្បី​ទទួល​បាន​ការ​ការពារផ្នែកយោធាពី​សម្ព័ន្ធមិត្ត​អូតង់​ក្នុងករណី​រងការវាយប្រហារណាមួយ​ ក្រោមមាត្រាទី៥​ នៃ​សន្ធិសញ្ញា​អូតង់​។

យ៉ាងណាក៏ដោយ​ មាន​សំណួរ​មួយ​សួរថា​ប្រសិនបើហ្វាំងឡង់​ក្លាយជា​សមាជិក​ពេញ​សិទ្ធិ​របស់​អូតង់មែននោះ​ តើនឹង​មាន​រឿងអ្វីកើតឡើង​? ព្រោះ​ចូរ​កុំភ្លេច​ថា​ សព្វ​ថ្ងៃ​នេះ​មាន​សហគមន៍​អ្នក​និយាយ​ភាសា​រុស្ស៊ី​ជាច្រើន​​រស់​នៅក្នុង​ប្រទេស​ហ្វាំងឡង់​។

ចុះ​បើ​រុស្ស៊ី​ខឹង​ក្តៅ​ក្រហាយខ្លាំង!​ សាកស្រមៃគិត​មើលថា​បើរុស្ស៊ី​យក​លេស​ការពារ​សហគមន៍​អ្នក​និយាយ​ភាសារុស្ស៊ី ដើម្បី​ចូលវាយ​ហ្វាំងឡង់​។ ក្នុង​ករណី​នេះ​ ហានិភ័យ​នៃ​ការ​ផ្ទុះ​សង្រ្គាម​ធំ​ជាង​សង្គ្រាម​នៅ​អ៊ុយក្រែន​បច្ចុប្បន្ន​មាន​ច្រើន​​ណាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ