អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប៉ាគីស្ថាន៖តើស្ថានការណ៍នយោបាយមិនមែនកំពុងធ្វើដំណើរបកក្រោយទៅរកទ្រនំចាស់ទេ ឬយ៉ាងណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន លោក​ស្ហេបា ស្ហារីហ្វ​ត្រូវ​បាន​សភា​បោះឆ្នោត​ជ្រើស​តាំង​ជា​នាយករដ្ឋមន្រ្តី​ថ្មី​នា​ថ្ងៃ​ចន្ទ ទី១១ មេសា។ មាន​អាយុ ៧០ឆ្នាំ លោក​ស្ហេបា ស្ហារីហ្វ​ចូល​ជំនួស​កន្លែង​លោក​អ៊ីមរ៉ាន់ ខាន់​ដែល​ត្រូវ​បាន​សភា​បោះឆ្នោត​ដក​សេចក្តី​ទុកចិត្ត​កាល​ពី​ថ្ងៃ​អាទិត្យ ទី១០ មេសា។ តើ​នាយករដ្ឋមន្រ្តី​ថ្មី​លោក​ស្ហេបា ស្ហារីហ្វ​ជា​នរណា?។ តើ​មាន​បញ្ហា​ប្រឈម​អ្វី​ខ្លះ​ដែល​កំពុង​រង់ចាំ​លោក​ស្ហេបា ស្ហារីហ្វ និង​ថា តើ​អ្វី​ដែល​កំពុង​កើត​មាន​នៅ​ប៉ាគីស្ថាន​ពេល​នេះ​មិនមែន​ជា​ការ​វិល​ទៅ​រក​ទ្រនំចាស់​ទេ ឬ​យ៉ាង​ណា?។

លោកស្ហេបា ស្ហារីហ្វត្រូវបានសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តីថ្មីប៉ាគីស្ថានក្នុងថ្ងៃចន្ទ ទី១១ មេសា ២០២២។
លោកស្ហេបា ស្ហារីហ្វត្រូវបានសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តីថ្មីប៉ាគីស្ថានក្នុងថ្ងៃចន្ទ ទី១១ មេសា ២០២២។ AP
ផ្សាយពាណិជ្ជកម្ម

ចប់​ហើយ​សករាជ​នៃ​ការ​ដឹកនាំ​របស់​លោក​អ៊ីមរ៉ាន់ ខាន់។ គឺ​ជា​ការ​ចប់​ដោយ​ល្វីង​ជូតចត់​ជា​ទីបំផុត ព្រោះ​ទី១ លោក​ត្រូវ​បាន​ខ្ទាត​ពី​តំណែង​មុន​អាណត្តិ និង​ទី២ លោក​ត្រូវ​បាន​ខ្ទាត​ពី​អំណាច​តាម​រយៈ​ការ​បោះឆ្នោត​ដក​សេចក្តី​ទុកចិត្ត​នៅ​សភា។ នេះ​ជា​ព្រឹត្តិការណ៍ទី១ នៅ​ក្នុង​ប្រវត្តិ​របស់​ប៉ាគីស្ថាន​ដែល​មាន​ប្រជាជន​ចំនួន ២២០លាននាក់ និង​ជា​ប្រទេស​មហានុយក្លេអ៊ែរ​មួយ​ក្នុង​លោក។ ចាប់​ពី​ពេល​នេះ​ត​ទៅ ទំព័រ​សករាជ​ថ្មី​របស់​ប្រទេស​អាស៊ីខាងត្បូង​មួយ​នេះ​បាន​ចាប់​បើក​ជាមួយ​នាយករដ្ឋមន្រ្តី​ថ្មី​លោក​ស្ហេបា ស្ហារីហ្វ។ មាន​អាយុ ៧០ឆ្នាំ លោក​ស្ហេបា ស្ហារីហ្វ​ជា​ប្រធាន​គណបក្ស​សម្ព័ន្ធ​អ៊ីស្លាម​ប៉ាគីស្ថាន PML-N និង​ត្រូវ​ជា​ប្អូនប្រុស​បង្កើត​របស់​លោក​ណាវ៉ា ស្ហារីហ្វ។

នៅ​ក្នុង​ប្រទេស​ណា​មិន​ដឹង​ទេ តែ​បើ​នៅ​ប៉ាគីស្ថាន ប្រជាជន​សឹង​គ្រប់​រូប​បាន​ស្គាល់​លោក​ណាវ៉ា ស្ហារីហ្វ​ច្បាស់​ណាស់។ ស្គាល់​ច្បាស់ ព្រោះ​លោក​ធ្លាប់​បាន​កាន់​តំណែង​នាយករដ្ឋមន្រ្តី​ដល់​ទៅ ៣ដង មុន​នឹង​ធ្លាក់​ពី​តំណែង​ក្នុង​ឆ្នាំ ២០១៧​ដោយ​អំពើ​ពុករលួយ និង​ទទួល​ទោស​ជាប់​ក្នុង​ពន្ធនាគារ។ បន្ទាប់​ពី​បាន​ដេក​ក្នុង​គុក​អស់​រយៈពេល ២ឆ្នាំ លោក​ណាវ៉ា ស្ហារីហ្វ​ទទួល​បាន​ការ​ដោះលែង​ក្រោម​ហេតុផល​សុខភាព និង​កំពុង​ភៀសខ្លួន​រស់នៅ​ក្នុង​ប្រទេស​អង់គ្លេស​មក​ដល់​សព្វថ្ងៃ។ ដូច្នេះ​គេ​អាច​និយាយ​បាន​ថា ការ​ឡើង​កាន់​តំណែង​របស់​លោក​ស្ហេបា ស្ហារីហ្វ​ដែល​ជា​ប្អូន​ប្រុស​បង្កើត​របស់​លោក​ណាវ៉ា ស្ហារីហ្វ​ពេល​នេះ គឺ​ជា​ការ​វិល​ត្រឡប់​វិញ​របស់​ត្រកូល​គ្រួសារ​ស្ហារីហ្វ។

មែនទែន​ទៅ លោក​ស្ហេបា ស្ហារីហ្វ​មាន​បទពិសោធន៍​នយោបាយ​ពេញ​ខ្លួន ព្រោះ​មុន​នឹង​ជាប់​ឆ្នោត​ជា​តំណាងរាស្រ្ត និង​ឡើង​អង្គុយ​កៅ​នាយករដ្ឋមន្រ្តី​ពេល​នេះ លោក​ស្ហេបា ស្ហារីហ្វ​ធ្លាប់​បាន​អង្គុយ​កៅអី​ចៅហ្វាយ​ខេត្ត​ភេនយ៉ាប​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ។ តែ​មិន​ខុស​ពី​បង​ប្រុស​ខ្លួន​ឯង​ទេ លោក​ស្ហេបា ស្ហារីហ្វ​ក៏​មាន​ជំពាក់​វាក់វិន​នឹង​រឿង​អាស្រូវ​ពុក​រលួយ​ដែរ។ ក្នុង​ខែ​ធ្នូ ឆ្នាំ ២០១៩ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​រឹបអូស​ទ្រព្យសម្បត្តិ​ប្រមាណ​ជា ២០កន្លែង​របស់​លោក​ស្ហេបា ស្ហារីហ្វ និង​កូនប្រុស​ដោយ​ចោទ​ពី​បទ​លាងលុយ​កខ្វក់។ លោក​ស្ហេបា ស្ហារីហ្វ​ត្រូវ​បាន​ចាប់​ខ្លួន និង​ដាក់​គុក​ក្នុង​ខែ​កញ្ញា ឆ្នាំ ២០២០។ តែ​នៅ ២ខែ​ក្រោយ​មក លោក​ទទួល​បាន​ការ​ដោះលែង​បណ្តោះអាសន្ន​ដោយ​តម្កល់​ប្រាក់​ធានា។

តែ​ខុស​ពី​បងប្រុស​ដែល​មាន​ជំហរ​តឹងរឹង និង​មាន​ទំនាក់ទំនង​តឹងតែង​ជាមួយ​គូប្រឆាំង ពិសេស​ជាមួយ​កងទ័ព លោក​ស្ហេបា ស្ហារីហ្វ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អ្នកចរចា​ដែល​ទន់ភ្លន់ ចេះ​បត់បែន និង​អាច​សម្រុះសម្រួល​សូម្បី​ជាមួយ​ក្រុម​សត្រូវ។ រហូត​មក​ដល់​ពេល​នេះ លោក​ស្ហេបា ស្ហារីហ្វ​ជា​មេបក្សប្រឆាំង​ម្នាក់​ដែល​កងទ័ព​អាច​ទទួល​យក​បាន។ គួរ​បញ្ជាក់​ថា​នៅ​ប៉ាគីស្ថាន កងទ័ព​ជា​ស្ថាប័ន​ដ៏​មាន​ឥទ្ធិពល និង​ជា​គន្លឹះ​នយោបាយ​ផ្ទៃក្នុង។ តាំង​ពី​ទទួល​បាន​ឯករាជ្យ​ក្នុង​ឆ្នាំ ១៩៤៧ ប៉ាគីស្ថាន​ធ្លាប់​បាន​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​កងទ័ព​អស់​រយៈពេល​ជាង ៣ទសវត្សរ៍។

ក្រៅ​ពី​នោះ អំណាច​ត្រូវ​បាន​ចែក​គ្នា​កាន់​រវាង​គណបក្ស​ប្រពៃណី​ចំនួន​ពីរ គឺ​គណបក្ស​សម្ព័ន្ធ​អ៊ីស្លាម​ប៉ាគីស្ថាន PML-N របស់​លោក​ស្ហេបា ស្ហារីហ្វ និង​គណបក្ស​ប្រជាជន​ប៉ាគីស្ថាន PPP របស់​លោក​ប៊ីឡាវ៉ាល់ ប៊ុយតូ ហ្សារដារី​ដែល​ជា​កូនប្រុស​របស់​សព​អតីត​នាយករដ្ឋមន្រ្តី​លោកស្រី​បេណាហ្ស៊ៀរ ប៊ុយតូ។ គឺ​ជាមួយ​គណបក្ស PPP និង​គណបក្ស​ផ្សេង​ដែល​លោក​ស្ហេបា ស្ហារីហ្វ​បាន​ចាប់​ដៃ​ដើម្បី​ទម្លាក់​លោក​អ៊ីមរ៉ាន់ ខាន់។ ឥឡូវ​នេះ យុទ្ធសាស្រ្ត​នយោបាយ​របស់​លោក​ស្ហេបា ស្ហារីហ្វ​ទទួល​បាន​ជោគជ័យ​ដូច​ក្តី​បំណង។ តែ​ចាប់​ពី​អំណេះ​ត ទៅ មាន​សំណួរ​មួយ​បាន​ចោទ​ឡើង និង​បញ្ហា​ប្រឈម​ជា​ច្រើន​ដែល​នាយករដ្ឋមន្រ្តី​ថ្មី​លោក​ស្ហេបា ស្ហារីហ្វ​ត្រូវ​ដោះស្រាយ។

គេ​ត្រូវ​រង់​ចាំ​មើល​ថា តើ​គណបក្ស​សម្ព័ន្ធ​អ៊ីស្លាម​ប៉ាគីស្ថាន​របស់​លោក​ស្ហេបា ស្ហារីហ្វ និង​គណបក្ស​ប្រជាជន​ប៉ាគីស្ថាន​របស់​លោក​ប៊ីឡាវ៉ាល់ ប៊ុយតូ ហ្សារដារី​ដែល​ធ្លាប់​ស្ថិត​ក្នុង​ក្រុម​ប្រឆាំង​ដូច​គ្នា និង​ធ្លាប់​ជា​គូប្រជែង​ដណ្តើម​អំណាច​គ្នា​នឹង​អាច​ចូលរួម​ធ្វើការ និង​ដឹកនាំ​ប្រទេស​ជាមួយ​គ្នា​បាន​ដែរ ឬ​ទេ?។ ចំណែក​បញ្ហា​ប្រឈម​ដែល​កំពុង​រង់ចាំ​លោក​ស្ហេបា ស្ហារីហ្វ​មាន​នៅ​ក្នុង​វិស័យ​សំខាន់​ចំនួន ៣ គឺ​សេដ្ឋកិច្ច សន្តិសុខ និង​ទំនាក់ទំនង​អន្តរជាតិ។ ទាក់ទង​នឹង​សេដ្ឋកិច្ច លោក​ស្ហេបា ស្ហារីហ្វ​ត្រូវ​កាត់​បន្ថយ​កម្រិត​អតិផរណា​ដែល​កំពុង​មាន​ក្នុង​រង្វង់ ១២% ដោះស្រាយ​រឿង​បំណុល​ដែល​មាន​ដល់​ទៅ ១៣០ ០០០លានដុល្លារ និង​ស្រោចស្រង់​តម្លៃ​ប្រាក់រូពី​ដែល​កំពុង​ធ្លាក់​ថ្លៃ​ខ្លាំង​ធៀប​នឹង​ប្រាក់​ដុល្លារអាមេរិក។

ទាក់ទង​នឹង​ផ្នែក​សន្តិសុខ លោក​ស្ហេបា ស្ហារីហ្វ​ត្រូវ​ពន្លឿន​ការ​ចរចា​សន្តិភាព​ជាមួយ​ពួក​តាលីបង់ប៉ាគីស្ថាន ព្រោះ​ពួក​នេះ​ហាក់​កំពុង​ឡើង​ចាង​ខ្លាំង​តាំង​ពី​ការ​ឡើង​កាន់​អំណាច​របស់​ពួក​តាលីបង់​នៅ​អាហ្វហ្កានីស្ថាន។ នៅ​ក្នុង​ទំនាក់ទំនង​អន្តរជាតិ លោក​ស្ហេបា ស្ហារីហ្វ​ត្រូវ​ព្យាយាម​ស្រោចស្រង់ និង​ផ្សះផ្សា​ទំនាក់ទំនង​ជា​មួយ​បស្ចិមលោក និយាយ​ជា​រួម និង​ជាមួយ​អាមេរិក និយាយ​ដោយ​ឡែក។ តែ​ក្នុង​ពេល​ជាមួយ​គ្នា លោក​ស្ហេបា ស្ហារីហ្វ​ក៏​មិន​ត្រូវ​ភ្លេច​ខ្លួន​ពី​គំនុំ​សងសឹក​បក​វិញ​របស់​លោក​អ៊ីមរ៉ាន់ ខាន់​ទេ។ មាន​អាយុ ៦៩ឆ្នាំ នាយករដ្ឋមន្រ្តី​ដែល​ទើប​ធ្លាក់​ពី​អំណាច​ក្តៅៗ​រូប​នេះ​ច្បាស់​ជា​មិន​ទុក​ឲ្យ​លោក​ស្ហេបា ស្ហារីហ្វ​សោយសុខ​ឡើយ។ សម្រាប់​លោក​អ៊ីមរ៉ាន់ ខាន់ ការ​ទម្លាក់​លោក​ពេល​នេះ​ជា​ល្បិចកល​រៀបចំ​ដោយ​ក្រុម​ប្រឆាំង និង​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​បរទេស៕

មិន​ទាន់​អី​ផង ក្រុម​សកម្មជន​របស់​លោក​អ៊ីមរ៉ាន់ ខាន់​បាន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​តាម​ការ​អំពាវនាវ​របស់​លោក។ អ្វី​ដែល​ហាក់​កំពុង​លេច​ច្បាស់​នៅ​ពេល​នេះ គឺ​អស្ថិរភាព​នយោបាយ​ដែល​ប៉ាគីស្ថាន​មិន​អាច​ចៀស​ផុត។ នៅ​ក្នុង​ករណី​នេះ និង​អ្នក​ដែល​មាន​ទឹកមាត់​ប្រៃ​ចុង​ក្រោយ គឺ​ប្រហែល​គ្មាន​នរណា​ក្រៅ​ពី​កងទ័ព​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ