អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​បាន​ជា​អឺរ៉ុបកំពុងស្ថិតក្នុងភាពស្រពិចស្រពិល ក្រោយពី Gazprom បិទរ៉ូប៊ីណេឧស្ម័ននៅបំពង់បង្ហូរ Nord Stream 1?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់​ពី​ថ្ងៃ​ចន្ទ ទី១១ កក្កដា និង​មាន​រយៈពេល ១០ថ្ងៃ ក្រុមហ៊ុន​ឧស្ម័ន​រុស្ស៊ី Gazprom បាន​បិទ​រ៉ូប៊ីណេ​ឧស្ម័ន​ដើម្បី​ផ្តើម​ការ​ជួសជុល​លើ​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream 1។ ឧស្ម័ន​ដែល​បង្ហូរ​តាម​បំពង់ Nord Stream 1 នេះ​មាន​ភាគ​ច្រើន​លក់​ទៅ​ឲ្យ​ប្រទេស​អាល្លឺម៉ង់ និង​បណ្តា​ប្រទេស​អឺរ៉ុប​ខាង​លិច។ ទន្ទឹម​គ្នា​នេះ Gazprom ក៏​បាន​ប្រកាស​ពី​ការ​កាត់​បន្ថយ​ការ​បញ្ជូន​ឧស្ម័ន​ទៅ​ឲ្យ​ប្រទេស​អ៊ីតាលី និង​ប្រទេស​អូទ្រីស។ តាម​ពិត ការ​ជួសជុល​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream 1 បាន​គ្រោង​ទុក​តាំង​ពី​យូរ។ តែ​អឺរ៉ុប​បារម្ភ​ខ្លាច​រុស្ស៊ី​ឆ្លៀត​យក​ឱកាស​ជួសជុល​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream 1 ពេល​នេះ​ដើម្បី​បញ្ឈប់​ការ​បញ្ជូន​ឧស្ម័ន​ទៅ​កាន់​អឺរ៉ុប​ជា​រៀង​រហូត។

ហេតុអ្វី​បាន​ជា​អឺរ៉ុបកំពុងស្ថិតក្នុងភាពស្រពិចស្រពិល ក្រោយពី Gazprom បិទរ៉ូប៊ីណេឧស្ម័ននៅបំពង់បង្ហូរ Nord Stream 1?
ហេតុអ្វី​បាន​ជា​អឺរ៉ុបកំពុងស្ថិតក្នុងភាពស្រពិចស្រពិល ក្រោយពី Gazprom បិទរ៉ូប៊ីណេឧស្ម័ននៅបំពង់បង្ហូរ Nord Stream 1? REUTERS - HANNIBAL HANSCHKE
ផ្សាយពាណិជ្ជកម្ម

អាច​ថា​ជា​រឿង​ចៃដន្យ​ក៏​ថា​បាន មិន​ចៃដន្យ​ក៏​ថា​បាន ព្រោះ​ការ​ជួសជុល​បំពង់បង្ហូរ​ឧស្ម័ន Nord Stream 1 របស់​ក្រុមហ៊ុន​ឧស្ម័ន​រុស្ស៊ី Gazprom បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​រុស្ស៊ី​កំពុង​បន្ត​សង្រ្គាម​នៅ​អ៊ុយក្រែន និង​ចំ​ពេល​ដែល​អឺរ៉ុប​កំពុង​បន្ត​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចាស់​ដៃ​ប្រឆាំង​រុស្ស៊ី​ដោយសារ​រឿង​សង្រ្គាម​មួយ​នេះ។ ផ្ទាំងស៊ីប​ប្រឆាំង​រុស្ស៊ី​របស់​បស្ចិមលោក និយាយ​ជា​រួម និង​របស់​អឺរ៉ុប និយាយ​ដោយ​ឡែក​មាន​ច្រើន ពិសេស​ប្រេង និង​ឧស្ម័ន​រុស្ស៊ី។ អឺរ៉ុប​យល់​ថា ការ​ធ្វើ​ពហិកម្ម​មិន​ទិញ​ប្រេង និង​ឧស្ម័ន​រុស្ស៊ី​ជា​ការ​កាត់​ផ្តាច់​ប្រភព​ចំណូល​យ៉ាង​សំខាន់​របស់​រុស្ស៊ី​ក្នុង​ការ​ចាយ​វាយ​លើ​សង្រ្គាម​នៅ​អ៊ុយក្រែន។

ការ​យល់​របស់​អឺរ៉ុប​នេះ​មិន​ខុស​ទេ តែ​ក្នុង​ពេល​ជាមួយ​គ្នា ទង្វើ​របស់​អឺរ៉ុប​នេះ​ក៏​ជា​ការ​ធ្វើ​អត្តឃាត​ខ្លួន​ឯង​នៅ​ក្នុង​វិស័យ​ថាមពល​ដែរ។ ចូរ​កុំ​ភ្លេច​ថា នៅ​ក្នុង​ចំណោម​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ការ​ពឹង​លើ​ប្រេង និង​ឧស្ម័ន​រុស្ស៊ី​មាន​កម្រិត​មិន​ដូច​ទេ មាន​ន័យ​ថា មាន​ប្រទេស​ខ្លះ​បាន​ពឹង​ខ្លាំង និង​ប្រទេស​ខ្លះ​ទៀត​បាន​ពឹង​តិច។ មួយ​វិញ​ទៀត គឺ​ឧស្ម័ន​​ធម្មជាតិ​ដែល​អឺរ៉ុប​បាន​ពឹង​លើ​រុស្ស៊ី​ខ្លាំង​ជាង​គេ ព្រោះ​នៅ​ក្នុង​បរិមាណ​ឧស្ម័នធម្មជាតិ​ដែល​សហភាពអឺរ៉ុប​បាន​នាំ​ចូល មាន​ជាង ៤៨% បាន​ទិញ​ពី​រុស្ស៊ី។ អាល្លឺម៉ង់​ជា​ប្រទេស​អឺរ៉ុប​ដែល​បាន​ទិញ​ឧស្ម័ន​ធម្មជាតិ​រុស្ស៊ី​ច្រើន​ជាង​គេ។

នៅ​មុន​ផ្ទុះ​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ឧស្ម័ន​ធម្មជាតិ​ដែល​អាល្លឺម៉ង់​នាំ​ចូល​មាន ៥៥% បាន​ទិញ​ពី​រុស្ស៊ី។ តែ​សព្វថ្ងៃ និង​ដើម្បី​បង្ហាញ​ជំហរ​តែ​មួយ​ជាមួយ​សហភាព​អឺរ៉ុប ការ​ទិញ​ឧស្ម័ន​រុស្ស៊ី​ត្រូវ​បាន​អាល្លឺម៉ង់​កាត់​បន្ថយ​នៅ​ត្រឹម ៣៥%។ ឧស្ម័ន​រុស្ស៊ី​ដែល​អាល្លឺម៉ង់​ទិញ​នេះ​ត្រូវ​បាន​បង្ហូរ​តាម​បំពង់ Nord Stream 1 ហើយ​គឺ​តាម​រយៈ​បំពង់​នេះ​ដដែល​ដែល​រុស្ស៊ី​បាន​លក់​ឧស្ម័ន​ទៅ​ឲ្យ​ក្រុម​ប្រទេស​អឺរ៉ុប​ប៉ែក​ខាង​លិច។ កម្មវត្ថុ​របស់​សហភាពអឺរ៉ុប គឺ​កាត់​បន្ថយ​ការ​ទិញ​ឧស្ម័ន​រុស្ស៊ី​បន្តិច​ម្តងៗ​រហូត​ដល់​ឈប់​ទិញ​ទាំង​ស្រុង​តែ​ម្តង។

ចំណោត​របស់​សហភាព​អឺរ៉ុប គឺ​ត្រូវ​រក​ឧស្ម័ន​ពី​ប្រទេស​ផ្សេង​ដើម្បី​ជំនួស​ឲ្យ​ឧស្ម័ន​រុស្ស៊ី ហើយ​ចំណោត​របស់​រុស្ស៊ី គឺ​ត្រូវ​រក​អតិថិជន​ផ្សេង​ជំនួស​ឲ្យ​អតិថិជន​អឺរ៉ុប។ តែ​សួរ​ថា រវាង​អ្នក​រក​ទិញ​ឧស្ម័ន​ពី​កន្លែង​ផ្សេង និង​អ្នក​រក​ម៉ូយ​ផ្សេង​ដើម្បី​ទិញ​ឧស្ម័ន តើ​ភាគី​មួយ​ណា​ពិបាក​ជាង​មួយ​ណា។ បើ​មើល​មួយ​ភ្លែត​ទៅ គឺ​ពិបាក​ដូច​គ្នា។ តែ​បើ​ពិចារណា​ឲ្យ​យូរ​បន្តិច គឺ​អ្នក​រក​ទិញ​ឧស្ម័ន​ពី​កន្លែង​ផ្សេង​ដែល​អាច​ជួប​ការ​លំបាក​ជាង​គេ។ នៅ​អឺរ៉ុប ឧស្ម័ន​ជា​ប្រភព​ថាមពល​ដែល​ត្រូវ​បាន​ប្រើ​ច្រើន​នៅ​សឹង​គ្រប់​ផ្នែក​តាំង​ពី​នៅ​ក្នុង​រោងចក្រ សហគ្រាស​ធំ​តូច​រហូត​ដល់​នៅ​តាម​ផ្ទះសម្បែង​របស់​ប្រជាជន។ ជាក់ស្តែង​នៅ​អាល្លឺម៉ង់ ម៉ាស៊ីនកម្តៅ​ជាង ៥០% នៅ​តាម​ផ្ទះ​របស់​ប្រជាជន​អាល្លឺម៉ង់​បាន​ប្រើ​ឧស្ម័ន។

មួយ​វិញ​ទៀត ឧស្ម័ន​ជា​ផលិតផល​មួយ​ដែល​ពិបាក​ក្នុង​ការ​ដឹក​ជញ្ជូន។ ក្រៅ​ពី​បង្ហូរ​តាម​បំពង់ គេ​អាច​ប្រែ​ឧស្ម័ន​ទៅ​ជា​វត្ថុ​រាវ​ដើម្បី​ដឹក​ជញ្ជូន​តាម​កបាល់ ឬ​តាម​ឡាន​កាមីញ៉ុង។ តែ​ដើម្បី​អាច​យក​ទៅ​ប្រើ​ប្រាស់​បាន គេ​ត្រូវ​បំប្លែង​ឧស្ម័នពង្រាវ​ទៅ​ជា​ឧស្ម័ន​ធម្មតា​ឡើង​វិញ។ នេះ​ជា​នីតិវិធី​មួយ​ពិបាក​ដែល​ប្រទេស​អឺរ៉ុប​ភាគ​ច្រើន​មិន​អាច​ធ្វើ​បាន​ភ្លាមៗ និង​ត្រូវ​ការ​ពេលវេលា រួម​ទាំង​លុយកាក់​​ដើម្បី​កសាង​ទីតាំង​សម្រាប់​ទទួល និង​បំប្លែង​ឧស្ម័នពង្រាវ​ដែល​ទិញ​ពី​ប្រទេស​ផ្សេង​ក្រៅ​ពី​រុស្ស៊ី។ បញ្ហា​ប្រឈម​នេះ រុស្ស៊ី​បាន​ដឹង​ច្បាស់ណាស់ និង​មិន​ញញើត​យក​ឧស្ម័ន​ដើម្បី​ប្រើ​ជា​អាវុធ​យុទ្ធសាស្រ្ត​ក្នុង​ការ​តប ត នឹង​ទណ្ឌកម្ម​របស់​អឺរ៉ុប​ទេ។

ពិត​ណាស់ ការ​ដែល​ក្រុមហ៊ុន​ឧស្ម័ន​រុស្ស៊ី Gazprom បាន​ព្យួរ​ការ​បង្ហូរ​ឧស្ម័ន​តាម​បំពង់ Nord Stream 1 ទៅ​កាន់​អាល្លឺម៉ង់ និង​បណ្តា​ប្រទេស​អឺរ៉ុប​ខាង​លិច​មួយ​ចំនួន​ដើម្បី​ធ្វើ​ការ​ជួសជុល​រយៈពេល ១០ថ្ងៃ គឺ​បាន​គ្រោង​ទុក​តាំង​ពី​យូរ​មក​ហើយ។ សម្រាប់ Gazprom វា​ជា​នីតិវិធី​បច្ចេកទេស​មួយ​ធម្មតា​ដែល​ធ្លាប់​បាន​ធ្វើ​ជា​ហូរហែរ។ តែ​សម្រាប់​អឺរ៉ុប ពិសេស​អាល្លឺម៉ង់​កំពុង​បារម្ភ​ជា​ពន់ពេក​ដោយ​មិន​ដឹង​ថា តើ Gazprom នឹង​បើក​រ៉ូប៊ីណេ​ឧស្ម័ន​ជា​ថ្មី ឬ​អត់​ទេ​នៅ​ក្រោយ​ការ​ជួសជុល​រួច​នា​ថ្ងៃទី២១ កក្កដា។ ទោះ​ជា​យ៉ាង​នេះ​ក្តី រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ត្រៀម​គ្រប់​សេណារីយ៉ូ​ទាំង​អស់។ ឧបនាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​បាន​បញ្ជាក់​ដោយ​ទទួល​ស្គាល់​ថា អាល្លឺម៉ង់​បាន​ប្រឈម​នឹង​ស្ថានការណ៍​មិន​ធ្លាប់​មាន និង​ថា ឬ​មួយ​រុស្ស៊ី​បង្ហូរ​ឧស្ម័ន​ជា​ថ្មី​ឡើង​វិញ ឬ​មួយ​ក៏​រុស្ស៊ី​បិទ​រ៉ូប៊ីណេ​រហូត។

ចំណែក​បារាំង​វិញ រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​បាន​អំពាវនាវ​ឲ្យ​អឺរ៉ុប​រៀបចំ​ជើងព្រួល​ឲ្យ​បាន​ឆាប់​រហ័ស​ដើម្បី​ប្រឈម​នឹង​ការ​ផ្តាច់​ឧស្ម័ន​ទាំង​ស្រុង​ជា​យថាហេតុ​ពី​រុស្ស៊ី។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ Gazprom នឹង​បើក​រ៉ូប៊ីណេ​ឧស្ម័ន​នៅ​បំពង់ Nord Stream 1 ឡើង​វិញ ឬ​អត់​ទេ?។ តែ​ក្នុង​ថ្ងៃ​ប្រកាស​បើក​ជួសជុល​បំពង់​នេះ Gazprom បាន​សម្រេច​កាត់​បន្ថយ​ការ​បញ្ជូន​ឧស្ម័ន​ទៅ​ឲ្យ​ប្រទេស​អ៊ីតាលី និង​អូទ្រីស។ ដូច្នេះ បើ​រុស្ស៊ី​បន្ត​បិទ​រ៉ូប៊ីណេ​ឧស្ម័ន​នៅ​បំពង់ Nord Stream 1 ទោះ​ក្នុង​ហេតុផល​អ្វី​ក៏​ដោយ វា​នឹង​ធ្វើ​ឲ្យ​វិបត្តិ​ថាលពល​នៅ​អឺរ៉ុប​ធ្លាក់​ធ្ងន់ធ្ងរ​កាន់​តែ​ខ្លាំង​ជាមួយ​នឹង​តម្លៃ​ខ្ពស់ និង​កង្វះ​ថាមពល​សម្រាប់​រដូវត្រជាក់​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ