អានតួអត្ថបទ
អាល្លឺម៉ង់-រុស្ស៊ី

អាល្លឺម៉ង់​ប្រកាសជួបវិបត្តិខ្វះហ្កាស នៅក្រោយ​រុស្ស៊ីកាត់បន្ថយការបង្ហូរឧស្ម័ន

​អាល្លឺម៉ង់​បានឈានចូលដំណាក់កាលទី២​នៃ​កម្មវិធីថាមពល​បន្ទាន់ នៅពេល​រដ្ឋាភិបាល​សម្រេចទាញ​សញ្ញាអាសន្នស្តីពីវិបត្តិខ្វះហ្កាស កាលពីថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ។ នៅ​ក្នុងបទសម្ភាសន៍​ដែល​ចុះផ្សាយ​ដោយ​កាសែត​អាល្លឺម៉ង់Spiegel នៅថ្ងៃសុក្រនេះ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចលោក​Robert Habeck បាន​ព្រមាន​ថា អាល្លឺម៉ង់​អាចត្រូវ​ប្រឈម​នឹង​កង្វះឧស្ម័ន បើសិន​គ្មានប្រភពផ្គត់ផ្គង់​ផ្សេងមកជំនួស​ឧស្ម័ន​រុស្ស៊ី។

នៅថ្ងៃទី ២៣​មិថុនា នៅទីក្រុង​ប៊ែរឡាំង រដ្ឋមន្រ្តីសេដ្ឋកិច្ច​អាល្លឺម៉ង់ លោក​ Robert Habeck បង្ហាញ​កម្មវិធីសន្តិសុខថាមពល នៅក្នុងកាលៈទេសៈដែល​រុស្ស៊ី​កាត់បន្ថយ​ការបង្ហូរ​ឧស្ម័ន​ចូលអាល្លឺម៉ង់
នៅថ្ងៃទី ២៣​មិថុនា នៅទីក្រុង​ប៊ែរឡាំង រដ្ឋមន្រ្តីសេដ្ឋកិច្ច​អាល្លឺម៉ង់ លោក​ Robert Habeck បង្ហាញ​កម្មវិធីសន្តិសុខថាមពល នៅក្នុងកាលៈទេសៈដែល​រុស្ស៊ី​កាត់បន្ថយ​ការបង្ហូរ​ឧស្ម័ន​ចូលអាល្លឺម៉ង់ REUTERS - CHRISTIAN MANG
ផ្សាយពាណិជ្ជកម្ម

អាល្លឺម៉ង់​​ប្រទេស​សេដ្ឋកិច្ចធំសំខាន់ជាងគេ​នៅអឺរ៉ុបបាន​ប្រកាស​វិបត្តិខ្វះឧស្ម័ន នៅពេល​រុស្ស៊ី​ចាប់ផ្តើម​បិទបណ្តើរៗ​បំពង់បង្ហូរ​ឧស្ម័ន​ចូល​ទឹកដី​អឺរ៉ុប។ នៅថ្ងៃ​ព្រហស្បតិ៍ រដ្ឋាភិបាល​អាល្លឺម៉ង់ ប្រកាសអនុវត្ត​​ដំណាក់កាលទី២​នៃ​កម្មវិធី​ថាមពល​បន្ទាន់របស់​ប្រទេស នោះ​គឺ​ការទាញសញ្ញាអាសន្នដែលមាន​ន័យ​ថាអាល្លឺម៉ង់​នឹង​អាច​ប្រឈម​នឹង​វិបត្តិខ្វះឧស្ម័នក្នុងរយៈពេល​វែង។ បើសិន​ស្ថានភាព​នៅតែ​ចុះអាក្រក់ អាល្លឺម៉ង់​នឹង​អនុវត្ត​ដំណាក់​កាលទី៣​ចុងក្រោយគេ គឺ​ការប្រកាស​អាសន្ន។ នៅពេល​នោះ រដ្ឋ​នឹង​ដាក់កម្រិត​ខ្លាំង​ក្នុងការប្រើប្រាស់​ឧស្ម័ននៅទូទាំងប្រទេស ដើម្បីសន្សំសំចៃសម្រាប់​ការប្រើប្រាស់​ដែលចាំបាច់បំផុត នៅរដូវត្រជាក់​ខាងមុខ ដូចជា​សម្រាប់​ម៉ាស៊ីនកំដៅ​នៅតាម​ផ្ទះប្រជាជន និង​នៅតាម​មន្ទីរពេទ្យ។ ចំណែក​ រោងចក្រ​ឧស្សាហកម្ម និង​ក្រុមហ៊ុនវិញ​​ត្រូវ​ប្រឈម​នឹង​ការកាត់ផ្តាច់​ឧស្ម័ន​មុនគេ។

តាម​រដ្ឋមន្រ្តីសេដ្ឋកិច្ច​អាល្លឺម៉ង់ លោក​Robert Habeck អាល្លឺម៉ង់ត្រូវ​ប្រឈម​ខ្វះឧស្ម័ន បើសិន​ការបង្ហូរលក់ឧស្ម័ន​របស់​រុស្ស៊ីមកអាល្លឺម៉ង់​នៅតែ​មាន​កម្រិតទាបដូចសព្វថ្ងៃ។ រោងចក្រ​សហគ្រាស​មួយចំនួន​ត្រូវ​បិទទ្វារ បើសិន​ចំនួន​ស្តុកឧស្ម័ន​មានមិនគ្រប់គ្រាន់​សម្រាប់​ការប្រើប្រាស់​នៅ​រដូវត្រជាក់។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត​អាល្លឺម៉ង់ Spiegel លោក​រដ្ឋមន្រ្តី​Robert Habeck បាន​ព្រមាន​ពី​វិបត្តិសេដ្ឋកិច្ច​នៅអាល្លឺម៉ង់ ដោយសារ​តែ​វិបត្តិខ្វះឧស្ម័ន ព្រោះថា ដោយសារ​គ្មាន​ឧស្ម័ន​គ្រប់គ្រាន់ ក្រុមហ៊ុន រោងចក្រ​អាច​ផ្អាកសកម្មភាព​ផលិត កាត់បន្ថយបុគ្គលិក ប្រព័ន្ធផ្គត់ផ្គង់ទំនិញត្រូវ​ដួលរលំ ចំណែក​ប្រជាជន​ជំពាក់បំណុលគេ​កាន់តែច្រើន និង​ធ្លាក់​ខ្លួន​ក្រីក្រ ដោយសារ​ភ្លើង ហ្កាស​ឡើងថ្លៃ។

សម្រាប់​រដ្ឋមន្រ្តីសេដ្ឋកិច្ចអាល្លឺម៉ង់ ស្ថានភាពអាក្រក់​ខាងលើនេះ​ត្រូវ​បាន​លោកប្រធានាធិបតី​រុស្ស៊ី គន់គូរទុករួចហើយនៅក្នុង​យុទ្ធសាស្រ្ត​របស់​លោកដែល​ចង់​ឃើញ​អាល្លឺម៉ង់បែកបាក់។ ស្ថានភាពបែបនេះ​បង្កើត​ឱកាស​ល្អក្រៃ សម្រាប់ការរីករាលដាល​នៃ​​ក្រុមប្រជានិយម។ គោលដៅ​គឺ​បំផ្លាញលទ្ធិប្រជាធិបតេយ្យសេរីនៅ​ក្នុងប្រទេស​អាល្លឺម៉ង់។

នៅក្នុងបរិបទនេះ រដ្ឋមន្រ្តីសេដ្ឋកិច្ច​អាល្លឺម៉ង់​បាន​លើកឡើង​ពីវិធានការ​ថ្មីសម្រាប់​ជួយទ្រទ្រង់​ក្រុមហ៊ុន​ រោងចក្រ និង​ប្រជាជន​ ប៉ុន្តែ លោក​ទទួល​ស្គាល់​ថា ជំនួយ​របស់​រដ្ឋ​នឹងមិនអាច​ជួយដោះស្រាយវិបត្តិ​ទាំងស្រុងនោះទេ។

អាល្លឺម៉ង់​ធ្លាប់បាន​ចោទប្រកាន់​រុស្ស៊ី​ថា បាន​យកឧស្ម័នធ្វើ​ជា​អាវុធ​គំរាមកំហែង​អឺរ៉ុប។ នៅប៉ុន្មាន​សប្តាហ៍មកនេះ​ក្រុមហ៊ុន​ហ្កាសរុស្ស៊ី បាន​ឈប់​បង្ហូរ​លក់ឧស្ម័ន​ទៅ​ឲ្យប្រទេស​សមាជិកសហភាពអឺរ៉ុប​ចំនួន ១២ ដែលក្នុងនោះមានអាល្លឺម៉ង់ និង​អ៊ីតាលី។ អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​រុស្ស៊ី បានលើកឡើង​ពីបញ្ហា​បច្ចេកទេស ឬការបដិសេធ​របស់​អឺរ៉ុប​ដែល​មិន​ព្រមប្រើលុយរូប្ល​​ដើម្បី​បង់​ថ្លៃទិញឧស្ម័នរុស្ស៊ី។

ទីភ្នាក់ងារ​គ្រប់គ្រង​ទីផ្សារ​ឧស្ម័ន​អាល្លឺម៉ង់​បានវាយតម្លៃនៅថ្ងៃសុក្រនេះថាប្រជាជន​នឹង​ប្រឈម​នឹង​ការបង់ថ្លៃឧស្ម័ន​ដែល​អាច​កើនឡើងទ្វេ ឬបីដងនាពេល​ខាងមុខ។

សព្វថ្ងៃ អាល្លឺម៉ង់​ប្រមូល​ទិញស្តុក​ឧស្ម័ន​បាន​ប្រមាណ ៥៨%​ និង​គ្រោង​ទិញស្តុក​ឲ្យបាន​យ៉ាងតិច ៩០%​នៅខែ​វិច្ឆិកា​សម្រាប់​ការប្រើប្រាស់​នៅ​រដូវរងា។ ​ទីភ្នាក់ងារ​គ្រប់គ្រង​ទីផ្សារ​ឧស្ម័ន​អាល្លឺម៉ង់ ​​​បាន​បង្ហាញ​សេណារីយ៉ូ​បី។ ទី១​គឺ​អាល្លឺម៉ង់​អាចចាប់​ខ្វះឧស្ម័ននៅ​ចុងរដូវត្រជាក់។ ទី២​ អាល្លឺម៉ង់​អាច​ចាប់ផ្តើមខ្វះឧស្ម័ន​នៅ​ខែ​តុលា និងទី​៣​គឺ​អាល្លឺម៉ង់​លែង​មាន​ឧស្ម័ន​ក្នុង​អំឡុង​ពេល​រដូវរងាតែម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ