អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីជប៉ុនបញ្ចប់ភាពឯកោដោយបើកព្រំដែនទេសចរណ៍របស់ខ្លួនឡើងវិញចំពោះពិភពលោក?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេសជប៉ុននៅតែបន្ដអនុវត្តនយោបាយតឹងរ៉ឹងបំផុត នៅពេលគេនិយាយអំពីការអនុញ្ញាតទទួលភ្ញៀវទេសចរបរទេសទូទៅ។ ជប៉ុនត្រូវគេចាត់ទុកក្នុងចំណោមប្រទេសរឹតបន្តឹងបំផុតនៅក្នុងពិភពលោក។ បច្ចុប្បន្ន ចំនួនកំណត់ប្រចាំថ្ងៃសម្រាប់ភ្ញៀវទេសចរគឺ២ម៉ឺននាក់ ប៉ុន្តែ ក្នុងពេលឆាប់ៗ បើយោងតាមសារព័ត៌មានជប៉ុន The Japan Times និងសារព័ត៌មានអាមេរិក The Bloomberg ជប៉ុនកំពុងពិចារណាបង្កើនភ្ញៀវទេសចររហូតដល់ ៥ម៉ឺននាក់ក្នុងមួយថ្ងៃ។ ហេតុអ្វីជប៉ុនបញ្ចប់ភាពឯកោ ដោយបើកព្រំដែនទេសចរណ៍របស់ខ្លួនឡើងវិញចំពោះពិភពលោក? និងថាតើវិស័យទេសចរណ៍ជប៉ុនអាចប្រឈមអ្វីខ្លះ នៅពេលជប៉ុនបើកប្រទេសទទួលភ្ញៀវទេសចរ?

ហេតុអ្វីជប៉ុនបញ្ចប់ភាពឯកោដោយបើកព្រំដែនទេសចរណ៍របស់ខ្លួនឡើងវិញចំពោះពិភពលោក?
ហេតុអ្វីជប៉ុនបញ្ចប់ភាពឯកោដោយបើកព្រំដែនទេសចរណ៍របស់ខ្លួនឡើងវិញចំពោះពិភពលោក? © YUICHI YAMAZAKI / GETTY IMAGES VIA AFP
ផ្សាយពាណិជ្ជកម្ម

យោងតាមសារព័ត៌មានជប៉ុន The Japan Times រដ្ឋាភិបាលជប៉ុននឹងបន្ធូរបន្ថយវិធានការតឹងរ៉ឹងលើជំងឺកូវីដ១៩របស់ខ្លួន។ វាគឺជាការផ្លាស់ប្តូរដែលអាចមានឥទ្ធិពលដល់ទាំងភ្ញៀវទេសចរបរទេស និងការព្យាបាលសម្រាប់ពលរដ្ឋជប៉ុននៅផ្ទះ។ គោល​នយោបាយ​ថ្មី​នេះ​គឺដើម្បីជំរុញដល់សកម្មភាព​សេដ្ឋកិច្ច។

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានប្រកាសក្នុងសប្តាហ៍នេះថា ប្រទេសជប៉ុននឹងលែងតម្រូវឱ្យធ្វើតេស្តរកមេរោគឆ្លងកូវីដ១៩ មុនការមកដល់ជប៉ុន សម្រាប់អ្នកធ្វើដំណើរដែលបានចាក់វ៉ាក់សាំង ចាប់ពីថ្ងៃទី៧ ខែកញ្ញា។ ជប៉ុនក៏នឹងបង្កើនចំនួនភ្ញៀវទេសចរមកទស្សនាប្រទេខ្លួនផងដែរ។ នាពេលបច្ចុប្បន្ន ចំនួនភ្ញៀវទេសចរបរទេសត្រូវបានកំណត់ត្រឹមចំនួន ២០០០០នាក់ប៉ុណ្ណោះ ហើយភ្ញៀវទេសចរទាំងនោះក៏តម្រូវមានលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងថ្នាំបង្ការក្នុងចំនួនបីដង។ ដូច្នេះ ភ្ញៀវទេសចរបានចាក់វ៉ាក់សាំងមិនតម្រូវឱ្យធ្វើតេស្ត PCR មុនមកដល់នោះទេ។

ទោះជាយ៉ាងណា នាយករដ្ឋមន្រ្តីជប៉ុនមិនបានប្រកាសថាតើការបើកប្រទេសបន្ថែមអាចនឹងទទួលចំនួនភ្ញៀវទេសចរប៉ុន្មាននោះទេ ប៉ុន្តែ ការរំពឹងទុកគឺថាចំនួនអនុញ្ញាតអាចនឹងមានដល់ ៥០០០០ ជារៀងរាល់ថ្ងៃ។

តើវិស័យទេសចរណ៍ជប៉ុនអាចប្រឈមអ្វីខ្លះ នៅពេលជប៉ុនបើកប្រទេសទទួលភ្ញៀវទេសចរ?

រដ្ឋាភិបាលជប៉ុនកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបង្កើតសណ្ឋាគារថ្មី កន្លែងកម្សាន្តពេលយប់ ឡានក្រុងទេសចរណ៍ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ក្នុងគោលបំណង ផ្តល់សេវាកម្មប្រកបដោយគុណភាពខ្ពស់ និងងាយស្រួល។ ទីកន្លែងសម្រាប់ផ្ដល់ព័ត៌មាន និងផ្ដល់ជំនួយសម្រាប់បញ្ហាសុវត្ថិភាពសាធារណៈ ជំងឺ និងការសង្គ្រោះបន្ទាន់ផ្សេងទៀតក៏ត្រូវបានរៀបចំឱ្យមានផងដែរ។

ប៉ុន្តែ ការបើកដំណើរការឡើងវិញក៏ត្រូវបានគេរំពឹងថានឹងនាំមកនូវបញ្ហាផងដែរ តួយ៉ាង បញ្ហានៃការទទួលភ្ញៀវទេសចរបរទេសច្រើនលើសលុប ហើយវាអាចប៉ះពាល់ដល់ប្រជាជនក្នុងស្រុក និងហានិភ័យនៃការពឹងផ្អែកខ្លាំងពេកទៅលើភ្ញៀវទេសចរពីប្រទេសចិន។

បញ្ហាបន្ទាន់ដំបូងគឺការកកស្ទះ និងលទ្ធភាពទទួលភ្ញៀវទេសចរច្រើនហួសកម្រិត។ ចរាចរណ៍អ្នកទេសចរច្រើនកកកុញធ្លាប់បានរំខានដល់សេវារថយន្តក្រុង និងរថភ្លើងក្នុងស្រុក​រួចរាល់មកហើយ ជាពិសេសនៅក្នុងតំបន់ទេសចរណ៍ពេញនិយមដូចជាទីក្រុង Kyoto និងទីក្រុង Kamakura។ ជាលទ្ធផល វាធ្វើឱ្យអ្នកធ្វើដំណើរកាន់តែច្រើនទៅទស្សនាតំបន់តែប្រជាជនរស់នៅ ជាជាងទៅទស្សនានៅកន្លែងល្បីៗក្នុងប្រទេសជប៉ុន។ សកម្មភាពនេះបានបង្កឱ្យប៉ះពាល់ផងដែរដល់ប្រជាជនក្នុងតំបន់ទាំងនោះ។

បញ្ហា​ទី​ពីរ គឺ​ពាក់ព័ន្ធនឹងបញ្ហា​រយៈពេល​វែង ហើយមានលក្ខណៈ​រសើបសម្រាប់សង្គមជប៉ុន​។ ក្នុងចំណោមភ្ញៀវទេសចរបរទេសចំនួនជិត ៣២លាននាក់ដែលបានទៅលេងប្រទេសជប៉ុនក្នុងឆ្នាំ២០១៩ មានប្រហែល ៣០% មកពីប្រទេសចិនដីគោក។ ភ្ញៀវទេសចរចិនគឺមានចំនួនច្រើនជាងប្រទេសណាផ្សេងៗទៀតនៅក្នុងពិភពលោក។ តួលេខនេះបានកើនឡើងដល់ ៥២%នៅពេលយើងរាប់បញ្ចូលទាំងភ្ញៀវទេសចរតៃវ៉ាន់ និងហុងកុង។

រដ្ឋាភិបាលជប៉ុនមានគោលបំណងស្វាគមន៍ភ្ញៀវទេសចរចំនួន ៤០លាននាក់ក្នុងឆ្នាំ២០២០ និង៦០លាននាក់ក្នុងឆ្នាំ២០៣០។ ដើម្បីសម្រេចបាននូវគោលដៅនេះ រដ្ឋាភិបាលបានបន្ធូរបន្ថយលក្ខខណ្ឌលិខិតឆ្លងដែន ដើម្បីទាក់ទាញប្រជាជនចិន ដែលមានចំនួនច្រើន និងមានសេដ្ឋកិច្ចកាន់តែរីកចម្រើន។ មូលហេតុនេះហើយដែលការកក់កន្លែងស្នាក់នៅតាម Airbnb មានលក្ខខណ្ឌស្របច្បាប់ ហើយសេវាកម្មនេះបានដាក់ឱ្យប្រើប្រាស់យ៉ាងច្រើននៅក្នុងកីឡាអូឡាំពិកនៅរដូវក្តៅឆ្នាំ២០២០ នៅទីក្រុងតូក្យូ។

វិបត្តិកូវីដ​១៩បានបំផ្លាញផែនការទាំងនោះនេះ។ ក៏ប៉ុន្តែ គោលដៅរបស់រដ្ឋាភិបាលជប៉ុនសម្រាប់ឆ្នាំ២០៣០ គឺចង់ធ្វើឱ្យប្រទេសជប៉ុនក្លាយជាគោលដៅដ៏ពេញនិយមបំផុតរបស់ពិភពលោក នៅដដែល។

ការពឹងផ្អែករបស់ប្រទេសជប៉ុនលើភ្ញៀវទេសចរពីប្រទេសចិនត្រូវបានចាត់ទុកថាជាហានិភ័យមួយចម្បង ហើយគេបានលើកឡើងថា វាអាចប៉ះពាល់ដល់គោលនយោបាយការបរទេសរបស់ជប៉ុនផងដែរទៅថ្ងៃអនាគត។ ជាឧទាហរណ៍ រដ្ឋាភិបាលចិនបានហាមឃាត់ភ្នាក់ងារទេសចរណ៍មិនឱ្យលក់សំបុត្រធ្វើដំណើរទៅកាន់កូរ៉េខាងត្បូង បន្ទាប់ពីកងកម្លាំងសហរដ្ឋអាមេរិកបានដាក់ពង្រាយខែលការពារមីស៊ីលនៅទីនោះកាលពីឆ្នាំ២០១៧។

នៅក្នុងឆ្នាំ២០១៦ ភ្ញៀវទេសចរចិនប្រហែល ៨លាននាក់បានទៅលេងកូរ៉េខាងត្បូង។ ចំនួននេះស្មើនឹងពាក់កណ្តាលនៃភ្ញៀវទេសចរអន្តរជាតិទាំងអស់ទៅកាន់ប្រទេសកូរ៉េខាងត្បូង។ ចំនួននោះបានធ្លាក់ចុះពាក់កណ្តាលក្នុងឆ្នាំ២០១៧ មកនៅប្រហែល៤លាននាក់។ ការធ្លាក់ចុះបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការលក់ដូរ និងប្រាក់ចំណូលរបស់កាស៊ីណូ។ ប្រទេសចិនក៏បានធ្វើទង្វើស្រដៀងគ្នានេះផងដែរ ដើម្បីបង្អាក់ការធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី ព្រោះហេតុផលនយោបាយអន្ដរជាតិ។​

សម្រាប់ប្រទេសជប៉ុន នេះមានន័យថា រដ្ឋាភិបាលចិនអាចមានសមត្ថភាពក្នុងបញ្ឈប់ភ្ញៀវទេសចរចិន ក្នុងចំនួនយ៉ាងច្រើន ក្នុងពេលភ្លាមៗ មិនឱ្យធ្វើដំណើរទៅទស្សនាប្រទេសខ្លួន។ ប្រទេសជប៉ុនអាចប្រឈមមុខនឹងបញ្ហាកាន់តែធ្ងន់ធ្ងរជាងនេះ ប្រសិនបើបណ្ដាប្រទេសផ្សេងទៀត ដែលជាសម្ព័ន្ធមិត្តរបស់ចិន ឧទាហរណ៍ ប្រទេសអាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ា និងអាហ្រ្វិកចូលរួមសហការជាមួយចិន។

សម្រាប់អ្នកវិភាគនៅជប៉ុន ជប៉ុនអាចមានមធ្យោបាយពីរចំពោះបញ្ហានេះ៖ ទីមួយ គឺតម្រូវការក្នុងស្រុក និងទីពីរ គឺទាក់ទាញភ្ញៀវទេសចរពីលោកខាងលិចបន្ថែម។

ប្រហែល ៨០% នៃការចំណាយលើការធ្វើដំណើរទេសចរណ៍ក្នុងប្រទេសជប៉ុនក្នុងឆ្នាំ២០១៩គឺបានមកពីអ្នកទេសចរក្នុងស្រុក ដោយមានតែ ១៧% ប៉ុណ្ណោះពីភ្ញៀវទេសចរបរទេស។ ក្នុងអំឡុងពេលជំងឺរាតត្បាតនេះ វិស័យទេសចរណ៍របស់ប្រទេសជប៉ុនបាននិងកំពុងផ្តោតលើទីផ្សារក្នុងស្រុកកាន់តែច្រើន។

កត្តាគន្លឹះផ្សេងទៀតគឺភ្ញៀវទេសចរមកពីប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿននៅអឺរ៉ុប អាមេរិកខាងជើង និងអូស្ត្រាលី។ ភ្ញៀវទេសចរជាមធ្យមមកពីប្រទេសអូស្ត្រាលី និងចក្រភពអង់គ្លេសបានចំណាយច្រើនជាង ២៤ម៉ឺនយ៉េន (ប្រមាណ ១៩០០ដុល្លារអាមេរិក បើយោងតាមអត្រាប្ដូរប្រាក់បច្ចុប្បន្ន) នៅក្នុងប្រទេសជប៉ុនក្នុងឆ្នាំ២០១៩។ ភ្ញៀវទេសចរដែលមកពីប្រទេសបារាំង អាល្លឺម៉ង់ និងអេស្ប៉ាញបានចំណាយលើសពី ២០ម៉ឺនយ៉េន នៅពេលដែលអ្នកធ្វើដំណើរពីសហរដ្ឋអាមេរិក និងកាណាដាបានចំណាយលើសពី ១៨ម៉ឺនយ៉េន។ ការចំណាយនេះគឺជាការចំណាយលើមធ្យម គឺ១៥ម៉ឺនយ៉េនសម្រាប់ភ្ញៀវទេសចរម្នាក់ៗ។ លើសពីនេះ ភ្ញៀវទេសចរមកពីប្រទេសទាំងនេះមាននិន្នាការស្នាក់នៅយូរ ដោយសារពួកគេត្រូវធ្វើដំណើររយៈពេលវែង ហើយពួកគេចង់ទទួលបានបទពិសោធជាច្រើន រួមទាំងចង់ស្វែងយល់ពីវប្បធម៌ និងសកម្មភាពផ្សេងៗទៀតនៅក្នុងប្រទេសជប៉ុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ