អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើមានសម្មតិកម្មអ្វីខ្លះស្តីពីឃាតកម្មសម្លាប់ជនជាតិគួដឌីស្ថានចំនួន ៣នាក់ក្នុងប្រទេសបារាំង?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​បារាំង សហគមន៍​គួដឌីស្ថាន​កំពុង​បន្ត​បញ្ចេញ​កំហឹង​ប្រឆាំង​នឹង​រដ្ឋាភិបាល​បារាំង​ដោយ​បាន​រៀបចំ​ដង្ហែរ​ក្បួន​ក្នុង​ក្រុង​ប៉ារីស​នា​ថ្ងៃ​ចន្ទ ទី២៦ ធ្នូ។ កំហឹង​នេះ​បាន​កើត​មាន​ឡើង​ក្រោយ​ពី​មាន​ខ្មាន់កាំភ្លើង​ជនជាតិ​បារាំង​ម្នាក់​បាន​បាញ់​សម្លាប់​ពលរដ្ឋ​គួដឌីស្ថាន​ចំនួន ៣នាក់​ក្នុង​ក្រុង​ប៉ារីស​កាល​ពី​ថ្ងៃ​សុក្រ ទី២៣ ធ្នូ។ ខ្មាន់កាំភ្លើង​មាន​អាយុ ៦៩ឆ្នាំ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​មាន​គំនិត​ប្រកាន់​ពូជសាសន៍ ស្អប់ជនបរទេស និង​ចង់​សម្លាប់​ជនភៀសខ្លួន។ តែ​សំណួរ​ដែល​កំពុង​ចោទ​នៅ​ត្រង់​ថា ហេតុអ្វី​បាន​ជា​ជនជាតិ​គួដឌីស្ថាន​បាន​ក្លាយ​ជា​ផ្ទាំងស៊ីប និង​ថា តើ​អាច​មាន​សម្មតិកម្ម​អ្វី​ខ្លះ​នៅ​ពី​ក្រោយ​ឃាតកម្ម​សម្លាប់​ជនជាតិ​គួដឌីស្ថាន​លើ​ទឹកដី​បារាំង​ពេល​នេះ?

នៅ​ក្នុង​ប្រទេស​បារាំង សហគមន៍​គួដឌីស្ថាន​កំពុង​បន្ត​បញ្ចេញ​កំហឹង​ប្រឆាំង​នឹង​រដ្ឋាភិបាល​បារាំង​ដោយ​បាន​រៀបចំ​ដង្ហែរ​ក្បួន​ក្នុង​ក្រុង​ប៉ារីស​នា​ថ្ងៃ​ចន្ទ ទី២៦ ធ្នូ។
នៅ​ក្នុង​ប្រទេស​បារាំង សហគមន៍​គួដឌីស្ថាន​កំពុង​បន្ត​បញ្ចេញ​កំហឹង​ប្រឆាំង​នឹង​រដ្ឋាភិបាល​បារាំង​ដោយ​បាន​រៀបចំ​ដង្ហែរ​ក្បួន​ក្នុង​ក្រុង​ប៉ារីស​នា​ថ្ងៃ​ចន្ទ ទី២៦ ធ្នូ។ AP - Lewis Joly
ផ្សាយពាណិជ្ជកម្ម

៣ថ្ងៃ​ក្រោយ​ការ​បាញ់​សម្លាប់​ពលរដ្ឋ​គួដឌីស្ថាន​ចំនួន ៣នាក់​នៅ​កណ្តាល​ក្រុង​ប៉ារីស​មក ការ​ស៊ើបអង្កេត​ស្វែង​រក​ការ​ពិត​បាន និង​កំពុង​បន្ត​ធ្វើ​យ៉ាង​សកម្ម។ ចំណែក​ខ្មាន់កាំភ្លើង​ជា​បុរស​ជនជាតិ​បារាំង​អាយុ ៦៩ឆ្នាំ​ក៏​បាន​ឆ្លើយ​សារភាព​ដោយ​ទទួល​ស្គាល់​ពី​ការ​ប្រកាន់​ពូជសាសន៍ ស្អប់​ជនបរទេស និង​ចង់​សម្លាប់​ជនភៀសខ្លួន។ តែ​ជន​ដៃដល់​រូប​នេះ​មិន​បាន​បញ្ជាក់​ទេ​ថា ហេតុអ្វី​បាន​ជា​រូប​គេ​បែរ​ជា​ជ្រើស​យក​ពលរដ្ឋ​គួដឌីស្ថាន​ធ្វើ​ជា​ផ្ទាំងស៊ីប​ទៅ​វិញ។ មែនទែន​ទៅ មិន​ថា​នៅ​ក្នុង​ប្រទេស​បារាំង ឬ​នៅ​ក្នុង​ប្រទេស​អឺរ៉ុប​ខ្លះ​ទេ គំនិត​ប្រកាន់​ពូជសាសន៍ គំនិត​ស្អប់ខ្ពើម​ជនបរទេស ពិសេស​ជនអន្តោប្រវេសន៍ និង​ជនភៀសខ្លួន​តែង​មាន​នៅ​ក្នុង​ផ្នត់គំនិត​របស់​ក្រុមជាតិនិយម និង​ក្រុម​ជ្រុលនិយម។

នៅ​ត្រង់​ចំណុច​នេះ សហគមន៍​គួដឌីស្ថាន​ដែល​មាន​វត្តមាន​ក្នុង​ទឹកដី​បារាំង​តាំង​ពី​ច្រើន​ទសវត្សរ៍​បាន​យល់​ច្បាស់​ណាស់។ តែ​អ្វី​ដែល​ពួក​គេ​ហាក់​ពិបាក​យល់ និង​ពិបាក​ទទួល​យក​នៅ​ត្រង់​ថា ហេតុអ្វី​បាន​ពួក​គេ​បាន​ក្លាយ​ជា​ផ្ទាំងស៊ីប​នៅ​ពេល​នេះ​ទៅ​វិញ។ ពិតណាស់ សហគមន៍​គួដឌីស្ថាន​មិន​បាន​ទាត់ចោល​សម្មតិកម្ម​ណា​មួយ​ទេ​ទាក់ទង​នឹង​ការ​បាញ់​សម្លាប់​គ្នីគ្នា​ចំនួន ៣នាក់​កាល​ពី ៣ថ្ងៃ​មុន ក្នុង​នោះ ក៏​មាន​សម្មតិកម្ម​ស្តីពី​ការ​ប្រកាន់​ពូជសាសន៍​មួយ​ដែរ។ តែ​បញ្ហា​នៅ​ត្រង់​ថា តាំង​ពី​មាន​វត្តមាន​ក្នុង​ប្រទេស​បារាំង​ជិត ៤០ឆ្នាំ​កន្លង​ទៅ សហគមន៍​គួដឌីស្ថាន​មិន​ដែល​បាន​ចាត់​ទុក​ការ​ប្រកាន់​ពូជសាសន៍​ជា​ការ​គំរាមកំហែង​មួយ​ចំពោះ​ខ្លួន​ឡើយ។

ផ្ទុយ​ទៅ​វិញ បើ​ការ​សម្លាប់​ជនជាតិ​គួដឌីស្ថាន​លើ​ទឹកដីបារាំង​ពេល​នេះ​ជា​ហេតុផល​ប្រកាន់​ពូជសាសន៍​មែន នេះ​ពិត​ជា​លើកទី១ ដែល​ជនជាតិ​គ្មាន​រដ្ឋ និង​គ្មាន​ទឹកដី​មួយ​នេះ​បាន​ជួប​ប្រទះ។ យ៉ាង​ណា​ក៏​ដោយ​ចុះ គេ​គួរ​ទុក​ឲ្យ​ក្រុម​អ្នក​ស៊ើបអង្កេត​បារាំង​បន្ត​ស្វែង​រក​ការ​ពិត​ជា​បន្ត​ទៀត។ តែ​ក្នុង​ពេល​ជាមួយ​គ្នា មាន​សម្មតិកម្ម​មួយ​ផ្សេង​ទៀត​ត្រូវ​បាន​លើក​ឡើង និង​ដែល​សហគមន៍​គួដឌីស្ថាន​ខ្លួន​ឯង​ហាក់​បាន​ចាត់​ទុក​ជា​សម្មតិកម្ម​ដែល​គួរ​ឲ្យ​ជឿជាក់​ជាង។ សម្មតិកម្ម​នោះ គឺ​ប្រទេស​តួគគី​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​បាញ់​សម្លាប់​ជនជាតិ​គួដឌីស្ថាន​ចំនួន ៣នាក់​ក្នុង​ក្រុង​ប៉ារីស​កាល​ពី ៣ថ្ងៃ​មុន។ ការ​លេច​ចេញ​នូវ​សម្មតិកម្ម​មួយ​នេះ​ក៏​ដោយសារ​ថា តួកគី​កំពុង​បន្ត​ធ្វើ​សង្រ្គាម​ប្រឆាំង​នឹង​គណបក្ស​ពលករ​គួដឌីស្ថាន​ហៅ​កាត់ PKK ដែល​មាន​វត្តមាន​ក្នុង​ទឹកដី​តួកគី និង​កំពុង​បន្ត​ទាមទារ​ឯករាជ្យ​ផ្តាច់ចេញ​ពី​តួកគី។ គួរ​រម្លឹក​ថា PKK ត្រូវ​បាន​តួកគី និង​ប្រទេស​លោកខាងលិច​មួយ​ចំនួន​ចាត់​ទុក​ជា​ចលនា​ភេរវនិយម។

អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​ដែល​តួកគី​បាន​ធ្វើ​សង្រ្គាម​តាម​កំចាត់​ពលរដ្ឋ​គួដឌីស្ថាន​ដោយ​មិន​រើស​មុខ​នៅ​ទូទាំង​តំបន់​មជ្ឈិមបូព៌ា ពិសេស​ពលរដ្ឋ​គួដឌីស្ថាន​ដែល​រស់នៅ​លើ​ទឹកដី​ស៊ីរី​ប៉ែកខាងជើង។ កម្មវត្ថុ​របស់​ទីក្រុង​អង់ការ៉ា​មាន​តែ​មួយ​គត់ គឺ​បញ្ចុះ​ឥទ្ធិពល​ដើម្បី​ឈាន​ទៅ​កាច់​បំបាក់​ធ្មុង​ពួក PKK នៅ​លើ​ទឹកដី​ខ្លួន។ ដូច្នេះ​ក្រោម​ភ្នែក​ច្រមុះ​របស់​ពលរដ្ឋ​គួដឌីស្ថាន​ដែល​ស្និទ្ធ​នឹង PKK ការ​សម្លាប់​ពលរដ្ឋ​គួដឌីស្ថាន​ចំនួន ៣នាក់​លើ​ទឹកដី​បារាំង​ជា​សក្ខីកម្ម​ដែល​បញ្ជាក់​ថា តួកគី​មាន​សមត្ថភាព និង​លទ្ធភាព​ក្នុង​ការ​តាម​កំចាត់​ពលរដ្ឋ​គួដឌីស្ថាន​នៅ​គ្រប់​ទីកន្លែង​ទាំង​អស់ ពោល​ឆ្ងាយ​ពី​តំបន់​ដែល​ជាប់​នឹង​ក្លៀក​ខ្លួន​ទៅ​ទៀត។

គួរ​រម្លឹក​ថា នេះ​មិនមែន​ជា​លើកទី១ ទេ​ដែល​មាន​ឃាតកម្ម​សម្លាប់​ពលរដ្ឋ​គួដឌីស្ថាន​ក្នុង​ទឹកដី​បារាំង។ កាល​ពី ១០ឆ្នាំ​មុន ពោល​ក្នុង​ថ្ងៃទី៩ មករា ឆ្នាំ ២០១៣ មាន​ឃាតកម្ម​សម្លាប់​អ្នក​ទទួល​ខុស​ត្រូវ​ចលនា​គួដឌីស្ថាន​ចំនួន ៣នាក់​ក្នុង​សង្កាត់​ដដែល​ក្នុង​ក្រុង​ប៉ារីស។ ឃាតកម្ម​កាល​ពី ១០ឆ្នាំ​មួយ​នេះ​ក៏​ត្រូវ​បាន​សហគមន៍​គួដឌីស្ថាន​ចង្អុល​មុខ​តួកគី​ដែរ។ អ៊ីចឹង​សួរ​ថា តើ​រដ្ឋអំណាច​បារាំង​ពិត​ជា​មិន​បាន​ជួយ​ការពារ​ពលរដ្ឋ​គួដឌីស្ថាន​ដូច​ការ​ចោទ​របស់​សហគមន៍​គួដឌីស្ថាន​ដែរ ឬ​ទេ?។ គេ​ពិបាក​ផ្តល់​ចម្លើយ​ច្បាស់​ចំពោះ​សំណួរ​នេះ​ដោយ​អាច​ត្រឹម​បញ្ជាក់​ថា ទំនាក់ទំនង​រវាង​បារាំង និង​សហគមន៍​គួដឌីស្ថាន​បារាំង​ជា​ទំនាក់ទំនង​មួយ​ដែល​បារាំង​ត្រូវ​ថ្លឹងថ្លែង និង​គិតគូរ​ពី​កិច្ចសហប្រតិបត្តិការ​ដែល​បារាំង​មាន​ជាមួយ​តួកគី។

គួរ​រម្លឹក​ថា​នៅ​ក្នុង​លោក​សព្វថ្ងៃ ប្រជាជន​គួដឌីស្ថាន​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រជាជន​ដែល​រស់នៅ​រប៉ាត់រប៉ាយ​គ្មាន​រដ្ឋ និង​គ្មាន​ទឹកដី ពោល​ជា​ប្រជាជន​ដែល​កំពុង​រស់នៅ​ជ្រកកោន​លើ​ទឹកដី​របស់​ប្រទេស​ផ្សេង។ ទីតាំង ឬ​តំបន់​ដែល​ប្រជាជន​គួដឌីស្ថាន​កំពុង​តាំង​លំនៅដ្ឋាន​ច្រើន​នា​ពេល​បច្ចុប្បន្ន​មាន​ពីរ ទី១ នៅ​តាម​ព្រំដែន​រវាង​តួកគី និង​ស៊ីរី ហើយ​ទី២ នៅ​តាម​ព្រំដែន​រវាង​អ៊ីរ៉ាក់ និង​អ៊ីរ៉ង់។ តែ​ទោះ​នៅ​ទីកន្លែង​ណា​ក៏​ដោយ ប្រជាជន​គ្មាន​រដ្ឋ និង​គ្មាន​ទឹកដី​មួយ​នេះ​កំពុង​បន្ត​ជា​ផ្ទាំងស៊ីប​នៃ​ការ​តាម​ធ្វើ​ទុក្ខ​បុកម្នេញ​មិន​ចេះ​ចប់ មិន​ចេះ​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ