អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ចិន៖តើក្រុងវូហានដែលជាប្រភពកំណើតមេរោគកូវីដ១៩ កាលពី ៣ឆ្នាំមុនពិត​ជា​បានបិទទំព័រកូវីដ១៩ ជាស្ថាពរឬ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​ចិន ពលរដ្ឋ​ក្នុង​ក្រុង​វូហាន​បាន​ថ្លែង​ក្នុង​ថ្ងៃ​ចន្ទ ទី២៣ មករា​ពី​ការ​បិទ​ទំព័រ​កូវីដ១៩ និង​បាន​ផ្តើម​មាន​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​ជា​ធម្មតា​ឡើង​វិញ។ គួរ​រម្លឹក​ថា​ក្នុង​រយៈពេល ៣ឆ្នាំ វូហាន​ក៏​ដូច​ជា​ទីក្រុង និង​តំបន់​ផ្សេង​ទៀត​របស់​ចិន​ត្រូវ​បាន​រដ្ឋអំណាច​បិទខ្ទប់​ដើម្បី​ទប់​ស្កាត់​នឹង​ការ​ឆ្លង​រាតត្បាត​ដោយ​កូវីដ១៩។ គឺ​ទើប​ថ្មីៗ​នេះ​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​សម្រេច​បើក​ប្រទេស​ទាំង​ស្រុង​ឡើង​វិញ។ តែ​អ្វី​ដែល​គ្រប់​គ្នា​បាន​សម្លឹង​ឃើញ​ពេល​នេះ ចិន​កំពុង​ស្គាល់​ការ​វាយ​លុក​ពេញ​ទំហឹង​ពី​កូវីដ១៩ ខណៈ​ដែល​ចិន​ទើប​បោះ​ជំហាន​ចូល​ឆ្នាំ​ថ្មី។

នៅ​ចិន តើក្រុងវូហានដែលជាប្រភពកំណើតមេរោគកូវីដ១៩ កាលពី ៣ឆ្នាំមុនពិត​ជា​បានបិទទំព័រកូវីដ១៩ ជាស្ថាពរឬ?
នៅ​ចិន តើក្រុងវូហានដែលជាប្រភពកំណើតមេរោគកូវីដ១៩ កាលពី ៣ឆ្នាំមុនពិត​ជា​បានបិទទំព័រកូវីដ១៩ ជាស្ថាពរឬ? REUTERS - TINGSHU WANG
ផ្សាយពាណិជ្ជកម្ម

មាន​ទីតាំង​ស្ថិត​ប៉ែក​កណ្តាល​ប្រទេស និង​មាន​ពលរដ្ឋ​រស់នៅ​ចំនួន ១១លាននាក់ វូហាន​បាន​ក្លាយ​ជា​ទីក្រុង​ដ៏​ចម្រូងចម្រាស​ខ្លាំង​ជាង​គេ និង​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ។ ចាប់​អារម្មណ៍​ខ្លាំង និង​ចម្រូងចម្រាស​ខ្លាំង​ដោយសារ​នៅ​ដំណាច់​ឆ្នាំ ២០១៩ ទីក្រុង​ចិន​មួយ​នេះ​បាន​រង​ការ​វាយប្រហារ​ដោយ​មេរោគ​ផ្លូវ​ដង្ហើម​មួយ​ដែល​គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ពិត​ប្រាកដ។ អ្វី​ដែល​គេ​បាន​ដឹង ផ្សារ​លក់​គ្រឿងសមុទ្រ និង​សត្វព្រៃ​ក្នុង​ក្រុង​វូហាន​ជា​ប្រភព​សង្ស័យ​ចាប់​កំណើត​របស់​មេរោគ​មួយ​នេះ។ ក្នុង​ឆ្នាំ ២០២០ រដ្ឋអំណាច​បាន​បិទទ្វារ​ផ្សារ​មួយ​នេះ​ជា​ស្ថាពរ។ ដើម្បី​ទប់​ស្កាត់​នឹង​ការ​ឆ្លង​រាតត្បាត​របស់​មេរោគ​មួយ​នេះ​កាល​ណោះ រដ្ឋអំណាច​ក្រុង​វូហាន​បាន​ចាត់​វិធានការ​ចាស់​ដៃ​ដោយ​បិទខ្ទប់​ក្រុង​ទាំង​មូល​ក្នុង​ថ្ងៃទី២៣ មករា ឆ្នាំ ២០២០ សម្រាប់​រយៈពេល ៧៦ថ្ងៃ។

ក្នុង​រយៈពេល ៧៦ថ្ងៃ វូហាន​បាន​ក្លាយ​ជា​ក្រុង​ខ្មោច និង​ផ្តាច់​ចេញ​ពី​ពិភពលោក​ខាង​ក្រៅ ព្រោះ​អ្វីៗ​ត្រូវ​បាន​ផ្អាក​សកម្មភាព​ទាំង​ស្រុង។ ស្ថានីយ៍​រថភ្លើង អាកាសយានដ្ឋាន គ្រប់​មធ្យោបាយ​ដឹក​ជញ្ជូន និង​ហាង​លក់​ទំនិញ​មិន​ចាំ​បាច់​ត្រូវ​បាន​បិទទ្វារ។ ផ្លូវ​គ្មាន​មនុស្ស​ដើរ និង​គ្មាន​ឡាន​បើកបរ សូម្បី​តែ​កង់។ វិធានការ​មួយ​នេះ​កាល​ណោះ​បាន​ធ្វើ​ឲ្យ​ពិភពលោក ពិសេស​អ្នក​ក្រុង​វូហាន​មាន​ការ​ភ្ញាក់ផ្អើល​ជា​ពន់ពេក។ ភ្ញាក់ផ្អើល​ដោយ​គេ​មិន​ដឹង​ថា តើ​មេរោគ​នោះ​ជា​មេរោគ​ស្អី​ទៅ​បាន​ជា​ចិន​ចាត់​វិធានការ​ខ្លាំង​ដល់​ម្លឹង ឬ​មួយ​ក៏​ថា ចិន​បាន​ដឹង តែ​បែរ​ជា​លាក់​មិន​ចង់​ប្រាប់​គេ​ឯង?។

រឿងរ៉ាវ​បន្ទាប់​មក​ដូច​គ្រប់​គ្នា​បាន​ដឹង​រួច​ហើយ មេរោគ​នោះ​គឺ​កូវីដ១៩ ដែល​មិន​ត្រឹម​បាន​ឆ្លង​រាតត្បាត​ពាសពេញ​ពិភពលោក​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​បាន​សម្លាប់​មនុស្ស​ជា​ច្រើន​លាននាក់​ដែរ។ ៣ឆ្នាំ​ក្រោយ​មក សំណួរ​ដែល​នៅ​មិន​បន្ត​គ្មាន​ចម្លើយ ឬ​មាន​ចម្លើយ​ស្រពិចស្រពិល​មាន​ច្រើន តើ​កូវីដ១៩ មាន​ប្រភព​ពី​ណា​ពិតប្រាកដ បើ​វា​មាន​ប្រភព​ពី​សត្វ រួច​ឆ្លង​ទៅ​មនុស្ស តើ​ជា​សត្វ​ស្អី និង​ឆ្លង​យ៉ាង​ម៉េច?។ កន្លង​មក មាន​ការ​លើក​ឡើង​ពី​សត្វ​ប្រចៀវ​ដែល​ឆ្លង​ទៅ​សត្វ​ពង្រូល​រួច​ឆ្លង​ទៅ​មនុស្ស។ ទន្ទឹម​គ្នា​នេះ​នៅ​បរទេស មាន​ការ​សង្ស័យ​ពី​ការ​បែក​ធ្លាយ​មេរោគ​កូវីដ១៩ ចេញ​ពី​មន្ទីរពិសោធន៍​ក្នុង​ក្រុង​វូហាន។

យ៉ាង​ណា​ក៏​ដោយ​ចាប់​ពី​អំណេះ​ត ទៅ សម្រាប់​ពិភពលោក និយាយ​ជា​រួម និង​សម្រាប់​ចិន ពិសេស​អ្នក​ក្រុង​វូហាន និយាយ​ដោយឡែក ព្រឹត្តិការណ៍​កាល​ពី ៣ឆ្នាំ​មុន​ហាក់​បាន​ស្ថិត​នៅ​ខាង​ក្រោយ​ដែល​គេ​មិន​ត្រូវ​បែរ​មុខ​មើល និង​មិន​ត្រូវ​បំភ្លេច តែ​ត្រូវ​បោះ​ជំហាន​ទៅ​មុខ។ តែ​គេ​ត្រូវ​រង់ចាំ ៣ឆ្នាំ​ទើប​ចិន​សម្រេច​បើក​ប្រទេស​ទាំង​ស្រុង​ឡើង​វិញ ខណៈ​ដែល​ប្រទេស​ផ្សេង​បាន​ដាក់​ខ្លួន​រស់នៅ និង​ស៊ាំ​ជាមួយ​កូវីដ១៩។ « យើង​លែង​ភ័យ​ខ្លាច​ទៀត​ឡើយ ហើយ​យើង​ចាប់​ផ្តើម​មាន​ជីវិត​ធម្មតា​ឡើង​វិញ​ទាំង​ស្រុង » នេះ​ជា​ការ​ថ្លែង​របស់​អ្នក​ក្រុង​វូហាន​ក្នុង​ថ្ងៃ​ចន្ទ ទី២៣ មករា។ ជម្រើស​បើក​ប្រទេស​ទាំង​ស្រុង​ជា​ថ្មី​របស់​ចិន​ពេល​នេះ​បាន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ចូលរួម​អបអរ​ឆ្នាំ​ថ្មី​ជួប​ជុំ​ក្រុម​គ្រួសារ​ជិត​ឆ្ងាយ​ដែល​អ្នក​ខ្លះ​ខកខាន​មិន​បាន​ជួប​មុខ​គ្នា​ផ្ទាល់​រយៈពេល ៣ឆ្នាំ។

តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា កូវីដ​ក៏​កំពុង​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​នឹង​ការ​បើក​ប្រទេស​ទាំង​ស្រុង​របស់​ចិន​ពេល​នេះ​ដែរ នោះ​បើ​ទោះ​បី​ជា​កូវីដ មិន​ដឹង​ថា​ពេល​នេះ​ជា​រដូវ​ចូល​ឆ្នាំ​ថ្មី​ក៏​ដោយ។ តាម​គ្រូពេទ្យ​ចិនជំនាញ​ជំងឺ​ឆ្លង តាំង​ពី​រដ្ឋាភិបាល​បាន​បើក​ប្រទេស​ទាំង​ស្រុង​ឡើង​វិញ​មក មាន​ពលរដ្ឋ​ចិន​ប្រមាណ​ជា ៨០% បាន​ឆ្លង​កូវីដ១៩។ ចំណែក​ចំនួន​អ្នក​ស្លាប់​ត្រូវ​បាន​ចិន​ប្រាប់​ថា មាន ៦០ ០០០នាក់​គិត​តាំង​ពី​ខែ​ធ្នូ ឆ្នាំ ២០២២។ គ្រាន់​តែ​ចន្លោះ​ថ្ងៃទី១៣ និង ១៩ មករា​នេះ មាន​ស្លាប់​ថ្មី​យ៉ាង​តិច ១៣ ០០នាក់។ តែ​សម្រាប់​ក្រុម​អ្នកជំនាញ​បរទេស ចំនួន​ស្លាប់​អាច​មាន​ច្រើន​ជាង​នេះ​ឆ្ងាយ​ណាស់​បើ​ធៀប​នឹង​ចំនួន​ពលរដ្ឋ​សរុប​ចំនួន ១ ៤០០លាននាក់។ ការ​ហ៊ាន​និយាយ​ដូច​នេះ​ព្រោះ​នៅ​ចិន មន្ទីរពេទ្យ​កំពុង​ជោរជន់​ដោយ​អ្នក​ជំងឺ​កូវីដ ហើយ​កន្លែង​បូជា​សាកសព​ក៏​កំពុង​ចាល់​ដោយ​អ្នក​ស្លាប់​ដោយ​កូវីដ​ដែរ។

មែនទែន​ទៅ ស្ថានភាព​ដែល​ចិន​កំពុង​ស្គាល់​សព្វថ្ងៃ​ជា​ស្ថានភាព​មួយ​ដែល​ប្រទេស​ទាំង​អស់​ក្នុង​លោក​បាន​ស្គាល់ និង​បាន​ឆ្លង​កាត់​រួច​ហើយ។ មួយ​វិញ​ទៀត ជម្រើស​បើក​ប្រទេស​ទាំង​ស្រុង​ឡើង​វិញ​ដែល​ចិន​ទើប​ធ្វើ​នេះ​ក៏​ជា​ជម្រើស​ដែល​ប្រទេស​ទាំង​អស់​ក្នុង​លោក​បាន​ជ្រើស​យក​តាំង​ពី​យូរ​មក​ដែរ។ ពិត​ណាស់​ពេល​នេះ ពិភពលោក​មាន​ថ្នាំ​ព្យាបាល និង​វ៉ាក់សាំង​បង្ការ​កូវីដ។ តែ​ទោះ​ជា​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ប៉ុន្មាន​ដូស​ក៏​ដោយ​ក៏​នៅ​តែ​ឆ្លង​កូវីដ​ដដែល គ្រាន់​តែ​ថា ហានិភ័យ​នៃ​ការ​ស្លាប់​មាន​តិច​ជាង​មិន​ចាក់។ សរុប​មក មិន​ថា​នៅ​ចិន ឬ​នៅ​ប្រទេស​ផ្សេង​ឡើយ កូវីដ​កំពុង​បន្ត​វិលវល់​មិន​ទាន់​ទៅ​ណា​ឆ្ងាយ និង​បើ​តាម​មើល​ទៅ ពិភពលោក​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​រួមរស់ និង​ចាត់​ទុក​កូវីដ​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​យើង​ម្នាក់ៗ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ