អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទំនាក់ទំនងសេដ្ឋកិច្ចមរវាងអ៊ីតាលី និងលីប៊ីហាក់នៅរលូន ទោះលីប៊ីកំពុងបន្តអូសជើងនៅក្នុងវិបត្តិនយោបាយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នាយករដ្ឋមន្រ្តី​អ៊ីតាលី​លោកស្រី​ចរចា មេឡូនី​បាន​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​លីប៊ី​កាល​ពី​ថ្ងៃ​សៅរ៍ ទី២៨ មករា។ នា​ឱកាស​នោះ កិច្ចព្រមព្រៀង​ដ៏​សំខាន់​មួយ​ត្រូវ​បាន​ចុះ​ហត្ថលេខា​រវាង​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​យក្ស​របស់​អ៊ីតាលី​ឈ្មោះ​អេនី Eni និង​ក្រុមហ៊ុន​ប្រេងឥន្ធនៈជាតិ​លីប៊ី​ឈ្មោះ NOC។ អ្វី​ទៅ​គោលដៅ​នៃ​ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋាភិបាល​អ៊ីតាលី​នៅ​លីប៊ី និង​ថា តើ​អ៊ីតាលី​អាច​ធ្វើ​អ្វី​បាន​ខ្លះ​ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​របស់​លីប៊ី​សព្វថ្ងៃ​នេះ?។

នាយករដ្ឋមន្រ្តី​អ៊ីតាលី​លោកស្រី​ចរចា មេឡូនី​បាន​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​លីប៊ី​កាល​ពី​ថ្ងៃ​សៅរ៍ ទី២៨ មករា។
នាយករដ្ឋមន្រ្តី​អ៊ីតាលី​លោកស្រី​ចរចា មេឡូនី​បាន​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​លីប៊ី​កាល​ពី​ថ្ងៃ​សៅរ៍ ទី២៨ មករា។ AP - Yousef Murad
ផ្សាយពាណិជ្ជកម្ម

វត្តមាន​របស់​លោកស្រី​ចរចា មេឡូនី​នៅ​ក្នុង​ប្រទេស​លីប៊ី​បាន​ធ្វើ​ឡើង​ក្នុង​នាម​ជា​នាយករដ្ឋមន្រ្តី​អ៊ីតាលី និង​ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ​អឺរ៉ុប​ម្នាក់។ មួយ​វិញ​ទៀត នេះ​ជា​លើកទី១ តាំង​ពី ២ឆ្នាំ​ដែល​មាន​ថ្នាក់ដឹកនាំ​អឺរ៉ុប​ម្នាក់​ដាក់​ជើង​ជាន់​ទឹកដី​លីប៊ី។ ថ្លែង​នៅ​ចំពោះ​មុខ​ក្រុម​អ្នកកាសែត​ក្នុង​ក្រុង​ទ្រីប៉ូលី លោកស្រី​មេឡូនី​បាន​ថ្លែង​ច្បាស់ៗ​ថា លីប៊ី​ជា​អាទិភាព​មួយ​សម្រាប់​អ៊ីតាលី សម្រាប់​ស្ថិរភាព​នៅ​សមុទ្រ​មេឌីទែររ៉ាណេ សម្រាប់​សន្តិសុខ​អ៊ីតាលី និង​សម្រាប់​បញ្ហា​ប្រឈម​ធំៗ​ដែល​អឺរ៉ុប​កំពុង​ជួប​ប្រទះ ដូច​យ៉ាង​វិបត្តិ​ថាមពល។ តាម​រយៈ​ការ​ថ្លែង​នេះ​នាំ​គេ​យល់​បាន​ភ្លាម​ថា គឺ​ថាមពល​របស់​លីប៊ី ពិសេស​ឧស្ម័ន​ដែល​អ៊ីតាលី និង​អឺរ៉ុប​កំពុង​ត្រូវ​ការ​ខ្លាំង​ជាង​ពេល​ណាៗ​ទាំង​អស់ ពោល​តាំង​ពី​រុស្ស៊ី​លើក​ទ័ព​ចូល​ឈ្លានពាន​អ៊ុយក្រែន។

អ៊ីចឹង​ហើយ​បាន​ជា​នា​ឱកាស​ទស្សនកិច្ច​របស់​លោកស្រី​មេឡូនី​នៅ​លីប៊ី មាន​កិច្ចព្រមព្រៀង​ដ៏​សំខាន់​មួយ​ត្រូវ​បាន​ចុះ​ហត្ថលេខា​រវាង​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​យក្ស​របស់​អ៊ីតាលី​ឈ្មោះ​អេនី Eni និង​ក្រុមហ៊ុន​ប្រេងឥន្ធនៈជាតិ​លីប៊ី​ឈ្មោះ NOC។ តាម​រយៈ​កិច្ចព្រមព្រៀង​មួយ​នេះ ក្រុមហ៊ុន​អ៊ីតាលី​អេនី​បាន​បោះ​ទុន​វិនិយោគ​ក្នុង​ទឹកប្រាក់​ចំនួន ៨ ០០០លានដុល្លារ​សម្រាប់​រយៈពេល ៣ឆ្នាំ​លើ​អណ្តូង​ឧស្ម័ន​ចំនួន ២កន្លែង​នៅ​លីប៊ី។ តាម​ពិត​ទៅ ក្រុមហ៊ុន​អ៊ីតាលី​មួយ​នេះ​មាន​វត្តមាន​នៅ​លើ​ទឹកដី​លីប៊ី​តាំង​ពី​ឆ្នាំ ១៩៥៩ មក​ម្ល៉េះ។ តែ​បើ​តាម​ប្រធាន​ក្រុមហ៊ុន​អេនី​លោក Claudio Descalzi នេះ​ជា​លើកទី១ គិត​តាំង​ពី ២៥ឆ្នាំ​ដែល​ក្រុមហ៊ុន​របស់​លោក​ទទួល​បាន​គម្រោង​វិនិយោគ​ដ៏​ធំ​ជា​ប្រវត្តិសាស្រ្ត។

គេ​អាច​និយាយ​បាន​ជា​ទូទៅ​ថា ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​អ៊ីតាលី និង​លីប៊ី​មាន​ភាព​ល្អ​គួរ​ឲ្យ​កត់សម្គាល់។ តាម​ស្ថានទូត​អ៊ីតាលី​ប្រចាំ​ក្រុង​ទ្រីប៉ូលី ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​អ៊ីតាលី និង​លីប៊ី​ក្នុង​រយៈពេល ១០ខែ​នៃ​ឆ្នាំ ២០២២ មាន​ទឹកប្រាក់​ដល់​ទៅ ១០០ពាន់លានដុល្លារ ពោល​បាន​កើន​ឡើង​ជាង ៧៥% ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០២១។ កំណើន​នៃ​ការ​ដោះដូរ​ពាណិជ្ជកម្ម​នេះ​បាន​ធ្វើ​ឲ្យ​អ៊ីតាលី​ក្លាយ​ជា​ដៃគូ​ពាណិជ្ជកម្មទី១ របស់​លីប៊ី​នៅ​ពី​មុខ​ចិន និង​តួកគី។ តែ​លោកស្រី​មេឡូនី និង​សមភាគី​លីប៊ី​លោក​អាប់ឌែលឡាមី ដាបៃបា​បាន​ប្តេជ្ញា​ពង្រឹង​ឲ្យ​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត។ ទន្ទឹម​គ្នា​នេះ ប្រមុខ​រដ្ឋាភិបាល​អ៊ីតាលី​ក៏​បាន​លើក​ឡើង​ពី​ការ​ជួសជុល​អាកាសយានដ្ឋាន​ក្រុង​ទ្រីប៉ូលី​ឡើង​វិញ និង​ពី​ភាព​ចាំ​បាច់​ក្នុង​ការ​ត ភ្ជាប់​ជើង​ហោះហើរ​ដោយ​ផ្ទាល់​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​បាន​ឆាប់​បំផុត។

ក្រៅ​ពី​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ដែល​អ៊ីតាលី និង​លីប៊ី​មិន​ពិបាក​សហការ​គ្នា នៅ​មាន​រឿង​អន្តោប្រវេសន៍​ដែល​ប្រទេស​ទាំង​ពីរ​អាច​ពិបាក​ដោះស្រាយ និង​ដែល​រឿង​មួយ​នេះ​ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អឺរ៉ុប​ដែរ។ គួរ​បញ្ជាក់​ថា អ៊ីតាលី​ជា​ប្រទេស​អឺរ៉ុប​ដែល​ជាប់​ពាក់ព័ន្ធ​ផ្ទាល់​នឹង​លំហូរ​អន្តោប្រវេសន៍​ខុស​ច្បាប់​តាម​សមុទ្រ​ចេញ​ពី​ឆ្នេរ​លីប៊ី។ តាម​តួលេខ​ផ្លូវការ មាន​ជនអន្តោប្រវេសន៍​ជាង ១០៥ ០០០នាក់​បាន​ធ្វើ​ដំណើរ​តាម​សមុទ្រ​ចេញ​ពី​ឆ្នេរ​លីប៊ី​ចូល​អ៊ីតាលី​ក្នុង​ឆ្នាំ ២០២២។ លោកស្រី​មេឡូនី​ដែល​ជា​អ្នក​ស្តាំនិយមជ្រុល​ទើប​ឡើង​កាន់​តំណែង​ក្នុង​ខែ​តុលា ឆ្នាំ ២០២២ បាន​ប្តេជ្ញា​ទប់​ស្កាត់​លំហូរ​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ចេញ​ពី​លីប៊ី។

តែ​ដើម្បី​អាច​ឈាន​ទៅ​សម្រេច​គោលដៅ​មួយ​នេះ​បាន ការ​រួម​សហការ​ពី​រដ្ឋាភិបាល​លីប៊ី​ជា​រឿង​ចាំ​បាច់​មិន​អាច​ខ្វះ​បាន។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ដរាប​ណា​លីប៊ី​នៅ​បន្ត​អូសជើង​នៅ​ក្នុង​វិបត្តិ​នយោបាយ​ហែកហួរ​ផ្ទៃក្នុង ដរាប​នោះ​គេ​ពិបាក​ទប់​ស្កាត់​នឹង​លំហូរ​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ចេញ​ពី​លីប៊ី។ ចូរ​កុំ​ភ្លេច​ថា តាំង​ពី​ការ​ដួល​រលំ​របប​ដឹកនាំ​ផ្តាច់​ការ​របស់​កាដាហ្វី​ក្នុង​ឆ្នាំ ២០១១ មក លីប៊ី​បាន​ក្លាយ​ជា​ផ្លូវ​មាន​អំណោយផល​ល្អ​ណាស់​សម្រាប់​ជនអន្តោប្រវេសន៍​មក​ពី​តំបន់​អាស៊ីខាងត្បូង តំបន់​អាហ្រ្វិកសាហារ៉ា និង​បណ្តា​ប្រទេស​អារ៉ាប់​ដែល​ចង់​ឆ្លង​ចូល​ទឹកដី​អឺរ៉ុប​ក្រោម​ហេតុផល​ផ្សេងៗ។ មួយ​វិញ​ទៀត​រហូត​មក​ដល់​ពេល​នេះ លីប៊ី​កំពុង​បន្ត​ពុះ​ចែក​ជា​ពីរ​ដោយ​នៅ​ម្ខាង តំបន់​ប៉ែកខាងលិច​នៅ​ក្រុង​ទ្រីប៉ូលី​កំពុង​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ​របស់​លោក​អាប់ឌែលឡាមី ដាបៃបា។

ចំណែក​ម្ខាង​ទៀត តំបន់​ប៉ែក​ខាង​កើត​កំពុង​គ្រប់គ្រង​ដោយ​លោក​ហ្វាទី បាឆាហ្កា​ដែល​គាំទ្រ​ដោយ​មនុស្ស​ខ្លាំង​លោក​ខាលីហ្វា ហាហ្វតារ។ ប្រឈម​នឹង​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​នៅ​លីប៊ី​នេះ លោកស្រី​មេឡានី​បាន​រម្លឹក​ពី​ការ​ត្រៀមខ្លួន​របស់​អ៊ីតាលី​ក្នុង​ការ​ជួយ​ដោះស្រាយ​តាម​រយៈ​ការ​រៀបចំ​បោះឆ្នោត​ត្រឹមត្រូវ និង​យុត្តិធម៌។ តែ​គេ​ត្រូវ​ដឹង​ថា វិបត្តិនយោបាយ​ផ្ទៃក្នុង​នៅ​លីប៊ី​ក៏​ដូច​ជា​នៅ​ប្រទេស​ផ្សេង ជម្រើស​នៃ​ការ​ដោះស្រាយ​រវាង​ភាគី​ជម្លោះ​ផ្ទៃក្នុង​ដោយ​គ្មាន​ការ​លូកដៃ​ពី​ក្រៅ​ជា​ជម្រើស​តែ​មួយ​គត់។ តែ​ដើម្បី​អាច​មាន​ជម្រើស​មួយ​នេះ​បាន តម្រូវការ​ឆន្ទៈ​នយោបាយ ការ​យោគយល់ និង​ការ​ជឿ​ទុក​ចិត្ត​គ្នា​រវាង​ភាគី​ជម្លោះ​ផ្ទៃក្នុង​ជា​រឿង​អាទិភាព​ដែល​ត្រូវ​មាន​មុន​គេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ