អានតួអត្ថបទ
អឺរ៉ុប-លីប៊ី

រដ្ឋាភិបាល​ថ្មីរបស់​លីប៊ី ទាមទារ​ឲ្យ​ទាហាន​ស៊ីឈ្នួល​បរទេសចាកចេញ​ពី​ទឹកដីលីប៊ី

១០​ថ្ងៃ ក្រោយ ចូល​ដឹកនាំ​ប្រទេស​លីប៊ី​ជា​ផ្លូវការ រដ្ឋាភិបាល​បណ្តោះអាសន្ន បង្រួបបង្រួមជាតិ​លីប៊ី បាន​អំពាវនាវ​ឲ្យ​កងទ័ព​ស៊ីឈ្នួល​ទាំងអស់ ដកចេញ ជាបន្ទាន់​ពីទឹកដី លីប៊ី។ នៅក្នុង​សន្និសីទ​កាសែត​រួម កាលពី ថ្ងៃ​ព្រហស្បតិ៍ ទី ២៥ មីនា ជាមួយសមភាគី បារាំង អាល្លឺម៉ង់ និងអ៊ីតាលី នៅទីក្រុង​ទ្រីប៉ូលី រដ្ឋមន្រ្តីការបរទេស​លីប៊ី បាន​បង្ហាញ ជំហរ​យល់ស្រប​ជាមួយ​អង្គការ​សហប្រជាជាតិ ដែល​ចង់​ឲ្យ​កងទ័ព​បរទេស​ចាកចេញ ពី​ទឹកដីលីប៊ី ដើម្បី ស្តារសន្តិភាព នៅ​លីប៊ី ដែល​បាន​ផុងខ្លួន ក្នុង​ភាពវឹកវរ និង​សង្រ្គាមស៊ីវិល នៅក្រោយ ការដួលរលំ​នៃ​របបផ្តាច់ការ កាដាហ្វី កាលពី​ឆ្នាំ ២០១១។

នាយករដ្ឋមន្រ្តី​របស់​រដ្ឋាភិបាលថ្មី លីប៊ី Abdulhamid Dbeibeh ត្រូវ​បានទទួល​ស្វាគម​ដោយ​កងទ័ព​សម្រាប់​ការបង្រួបបង្រួមជាតិ​លីប៊ី នៅថ្ងៃទី ១១​មីនា ២០២១
នាយករដ្ឋមន្រ្តី​របស់​រដ្ឋាភិបាលថ្មី លីប៊ី Abdulhamid Dbeibeh ត្រូវ​បានទទួល​ស្វាគម​ដោយ​កងទ័ព​សម្រាប់​ការបង្រួបបង្រួមជាតិ​លីប៊ី នៅថ្ងៃទី ១១​មីនា ២០២១ VIA REUTERS - The Media Office of the Prime Mi
ផ្សាយពាណិជ្ជកម្ម

សម្រាប់​អង្គការ​សហប្រជាជាតិ ការដកខ្លួន​របស់​ទាហាន​ស៊ីឈ្នួល ចេញ​ពីទឹកដី​លីប៊ី ជាចំណុច សំខាន់​ចាំបាច់ សម្រាប់​កសាង​សន្តិភាព​នៅ​ប្រទេស​អាហ្វ្រិកខាងជើងមួយនេះ។តាម​របាយការណ៍របស់ អង្គការ​សហប្រជាជាតិ ទាហានស៊ីឈ្នួល​បរទេស​ប្រមាណ ២ម៉ឺននាក់ កំពុង​មាន​វត្តមាន​ក្នុង​ទឹកដី លីប៊ី ដើម្បី​ចូលរួម​ជួយ​ប្រយុទ្ធ ឲ្យ​គូបដិបក្ខ​នៅ​លីប៊ី។ នៅក្រោយ​បដិវត្តន៍​ផ្តួលរំលំ​របបផ្តាច់ការ​កាដាហ្វី នៅ​ឆ្នាំ ២០១១ លីប៊ី ត្រូវហែកហួរ​ដោយ​សង្រ្គាម​ស៊ីវិល ការប្រយុទ្ធ​ដណ្តើមទឹកដីគ្នា​រវាង​គូបដិបក្ខ ដែល​ម្ខាងៗ បាន​ទទួល​ការគាំទ្រ​ពី​រដ្ឋាភិបាល​បរទេស តាមរយៈ ការបញ្ជូន​ទាហាន​ស៊ីឈ្នួល ទៅ​ក្នុង​ទឹកដី លីប៊ី។ នៅពេល​រដ្ឋាភិបាល​លីប៊ី​ខាងកើត ដឹកនាំ​ដោយ​សេនាប្រមុខ ហាហ្វតា គាំទ្រ​ដោយ រុស្ស៊ី អេហ្ស៊ីប និង​អេមីរ៉ាអារ៉ាប់រួម រដ្ឋាភិបាល​លីប៊ី ខាងលិច គាំទ្រ ដោយ​កងទ័ព​តួកគី ដែល​សង្ឃឹម​ទទួល​ប្រយោជន៍​ពី​ធនធាន​ប្រេង នៅ​សមុទ្រ​លីប៊ី។

នៅ ថ្ងៃ​ពុធ នៅក្នុង​របាយការណ៍​ដាក់ជូន​ក្រុមប្រឹក្សា​សន្តិសុខ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក​អង់តូនីញ៉ូ ហ្គុយទែរក៍​បាន​បង្ហាញ​កង្វល់ ដ៏ធំមួយ នៅក្រោយ​ទទួល​ព័ត៌មានថា នៅ តែ​មាន​កម្លាំងទ័ព​បរទេស នៅ តំបន់​Syrte និង​នៅតំបន់ កណ្តាល ប្រទេស​លីប៊ី។ ការដកខ្លួន​របស់​ទាហាន​ស៊ីឈ្នួល​បរទេស​ចេញពី​ទឹកដី លីប៊ី គឺ​ជាការទាមទារ​សំខាន់​មួយ​ដែរ​របស់​រដ្ឋាភិបាល​បណ្តោះអាសន្ន លីប៊ី ដែល​មាន​នាទី បង្រួបបង្រួម​ភាគី​ជម្លោះ និង​រៀបចំ បោះឆ្នោត ដើម្បី បង្កើត​រដ្ឋាភិបាល​ថ្មី នៅ​ថ្ងៃ​ទី ២៤​ធ្នូ​ចុងឆ្នាំនេះ។

សម្រាប់​រដ្ឋមន្រ្តីការបរទេស​បារាំង ដែល​ធ្វើដំណើរ​ទស្សនកិច្ច​ជាមួយ ប្រមុខការបរទេស​អាល្លឺម៉ង់ និងអ៊ីតាលី នៅ​លីប៊ី កាលពី​ថ្ងៃ​ព្រហស្បតិ៍ ការចាកចេញ​របស់​ទាហាន​ស៊ីឈ្នួលបរទេស​នឹងជួយ​ឲ្យ​លីប៊ី អាច​បញ្ជាក់​ដែនអធិបតេយ្យភាព​របស់ខ្លួនឡើងវិញ។

ទស្សនកិច្ច​ដ៏ភ្ញាក់ផ្អើល​របស់​ប្រមុខការបរទេស​បារាំង អាល្លឺម៉ង់ និង​អ៊ីតាលី នៅ ទីក្រុង​ទ្រីប៉ូលី ជា​សារបញ្ជាក់ ថា ប្រទេស​អឺរ៉ុប រួមគ្នា គាំទ្រ​រដ្ឋាភិបាលអន្តរកាល ​បណ្តោះអាសន្ន​លីប៊ី ដែល​មាន​បេសកកម្ម បង្រួបបង្រួម ស្តារ​សន្តិភាព​ឡើងវិញ នៅ​លីប៊ី។ សម្រាប់​ភាគី​អឺរ៉ុប សន្តិភាព និង​ស្ថិរភាព​នៅ​លីប៊ី មិនត្រឹម​តែ​សំខាន់​សម្រាប់​តែ​ប្រជាជន​លីប៊ី​ប៉ុណ្ណោះទេ ប៉ុន្តែ វា​សំខាន់ណាស់​សម្រាប់​ស្ថិរភាព ជាទូទៅ នៅ​តំបន់​សាហែល នៅអាហ្វ្រិក ហើយនិង​ជួយ​ដោះស្រាយ​វិបត្តិ​ជនអន្តោប្រវេសន៍ ដែល​អឺរ៉ុប​កំពុង​ជួបប្រទះ។ នៅក្នុង​ពេល​ទទួល​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​បណ្តោះអាសន្ន​លីប៊ី កាលពី ថ្ងៃ​អង្គារ ប្រធានាធិបតី បារាំង បាន​និយាយ​យ៉ាងខ្លី​ថា បារាំង​ជំពាក់បំណុល​លីប៊ី។ បារាំង​ធ្លាប់​បាន​ចូលរួម ទម្លាក់​ប្រធានាធិបតី ផ្តាច់ការ​កាដាហ្វី​នៅ​ឆ្នាំ ២០១១​មែនពិត ប៉ុន្តែ ចាប់តាំង​ពី​របបកាដាហ្វី ដួលរលំ លីប៊ីធ្លាក់ក្នុង​សង្រ្គាមស៊ីវិល ចំណែកបារាំង និង​ប្រទេស​អឺរ៉ុប​ដទៃទៀត ត្រូវ​ឈឺក្បាល នឹង​បញ្ហា​អសន្តិសុខ នៅ​តំបន់​សាហែល នៅ​ទឹកដី អាហ្វ្រិក ហើយនិង​វិបត្តិ​ជនអន្តោប្រវេសន៍ ដែល​បាន​ប្រើ​ទឹកដី​លីប៊ី សម្រាប់​ធ្វើដំណើរ​តាមទូក​ឆ្លងចូល​ទឹកដីអឺរ៉ុប។ អាច​និយាយបាន​ថា លីប៊ី ក្រៅតែ​ពីមាន ធនធាន​ប្រេង ដែល​ទាញចំណាប់អារម្មណ៍ បរទេស លីប៊ី ដើរតួនាទី​សំខាន់ ណាស់ដែរ សម្រាប់​ជួយ​គ្រប់គ្រង បញ្ហា​លំហូរ​ជន​អន្តោប្រវេសន៍ ទៅក្នុង​ទឹកដី អឺរ៉ុប ហើយ​ជួយ​ជំរុញ ស្តារសន្តិសុខ នៅ​តំបន់​សាហែល ក្នុង​ទឹកដី អាហ្រ្វិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ