អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ជប៉ុន៖ នៅពេលជំនួយហិរញ្ញវត្ថុ​មិនអាច​ដោះស្រាយ​វិបត្តិអត្រាកំណើតធ្លាក់ចុះ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រយុទ្ធប្រឆាំង​នឹង​ការធ្លាក់ចុះនៃអត្រាកំណើត​គឺជានយោបាយអាទិភាព​របស់​រដ្ឋាភិបាល​ជប៉ុន។ ទិន្នន័យ​ផ្លូវការ​ចេញផ្សាយ​ដោយ​ក្រសួងសុខាភិបាល​ជប៉ុន​បានបង្ហាញថា នៅ​ឆ្នាំ ២០២២អត្រាកំណើត​ទារកមានតិចជាង​៨សែននាក់ ដែលជាអត្រាដ៏ទាបបំផុត​មិនធ្លាប់មាន គិតចាប់តាំង​ពីជប៉ុន​បង្កើត​ស្ថាប័នស្ថិតិប្រជាជន ជាង​១២០ឆ្នាំមកនេះ។ ប្រឈម​នឹង​​វិបត្តិអត្រាកំណើតធ្លាក់ចុះជាលំដាប់ លោកនាយករដ្ឋមន្រ្តីជប៉ុន ហ្វូមីអូ គីស៊ីដា​បាន​ប្រកាស​កាលពីខែ​មករា​កន្លងទៅថា រដ្ឋាភិបាល​របស់​លោក​នឹង​អាច​បង្កើន​ទ្វេដង កញ្ចប់ចំណាយ​សម្រាប់​កម្មវិធីថែទាំកុមារ ដើម្បី​ជំរុញ​លើកទឹកចិត្ត​ឲ្យប្រជាជនជប៉ុនចង់បានកូន។

រដ្ឋាភិបាលជប៉ុន​ប្រកាស​គម្រោងបង្កើន​កញ្ចប់ជំនួយរដ្ឋសម្រាប់ដោះស្រាយ​វិបត្តិអត្រាកំណើតធ្លាក់ចុះ​នៅប្រទេស​ជប៉ុន
រដ្ឋាភិបាលជប៉ុន​ប្រកាស​គម្រោងបង្កើន​កញ្ចប់ជំនួយរដ្ឋសម្រាប់ដោះស្រាយ​វិបត្តិអត្រាកំណើតធ្លាក់ចុះ​នៅប្រទេស​ជប៉ុន ASSOCIATED PRESS - ITSUO INOUYE
ផ្សាយពាណិជ្ជកម្ម

អត្រាកំណើត​នៅប្រទេស​ជប៉ុន​បានធ្លាក់ចុះមកនៅប្រមាណ​៨សែននាក់ នៅឆ្នាំ ២០២២។ ជាអត្រាកំណើតទាបខ្លាំង​មិនធ្លាប់មាននៅក្នុងប្រវត្តិជប៉ុន រហូតធ្វើឲ្យ​លោកនាយករដ្ឋមន្រ្តី ​ហ្វូមីអូ គីស៊ីដា​ ​ទាញសញ្ញាអាសន្នកាលពី​ខែ​មករា​កន្លងទៅថា ប្រទេស​ជប៉ុន​​កំពុង​ដើរមកដល់​​មាត់ជ្រោះ​មួយដែលគំរាមកំហែង​សមត្ថភាព​ជប៉ុន​មិន​ឲ្យដំណើរការបាន​ក្នុងនាមជាសង្គមជាតិមួយ

រដ្ឋាភិបាល​ជប៉ុន​ធ្លាប់បាន​​ព្យាកររួចហើយ​ថា ចំនួន​ប្រជាជន​ជប៉ុន​នឹង​នៅតែ​បន្ត​ធ្លាក់ចុះ​នៅ​ក្នុងរយៈពេល​ជាច្រើនឆ្នាំ​​តទៅមុខទៀត ដោយ​ចំនួន​ប្រជាជន​សរុប​អាច​នឹង​ធ្លាក់ចុះ​មក​នៅត្រឹមតែ​ប្រមាណ​ជា ៨៨លាននាក់​ប៉ុណ្ណោះ នៅ​ឆ្នាំ២០៦៥។

ប្រទេស​មហាឧស្សាហកម្ម​មួយចំនួនធំ​កំពុង​ជួបប្រទះវិបត្តិអត្រាកំណើត​ធ្លាក់ចុះ ប៉ុន្តែ​នៅប្រទេស​ជប៉ុន វិបត្តិអត្រាកំណើតធ្លាក់ចុះ​មាន​លក្ខណៈស្រួចស្រាវខ្លាំង​ជាងគេ ព្រោះថា ក្រៅតែពី​អត្រាកំណើតធ្លាក់ចុះ ជប៉ុនដែល​ប្រជាជន​សរុប​១២៥លាននាក់ ជាប់ចំណាត់ថ្នាក់លេខ​២ ក្នុងពិភពលោក បន្ទាប់ពី​ម៉ូណាកូ ក្នុងនាមជាប្រទេស​ដែលមាន​មនុស្ស​ចាស់រស់នៅច្រើនជាងគេ។ នៅជប៉ុន មនុស្សម្នាក់​ក្នុង​ចំណោម​១៥០០នាក់ មានអាយុ​លើស​ពី​១០០ឆ្នាំ។ បន្ថែមពីលើ​វិបត្តិអត្រាកំណើតធ្លាក់ចុះ វិបត្តិប្រជាសាស្រ្តចាស់រិចរិល និងការរឹតបន្តឹង​ច្បាប់ការងារសម្រាប់ពលករបរទេស​កំពុងធ្វើ​ឲ្យជប៉ុន​ជួបបញ្ហា​កង្វះកម្លាំងពលកម្មសម្រាប់​កំណើនសេដ្ឋកិច្ច។

អត្រាកំណើតនៅជប៉ុនធ្លាក់ចុះ ដោយសារ​កត្តាមួយចំនួន ដូចជា ​សេដ្ឋកិច្ច (ការចំណាយច្រើនសម្រាប់រស់នៅប្រចាំថ្ងៃ) ការអប់រំ (មនុស្សស្រីកាន់តែច្រើន​ជ្រើសរើស​ការងារ ជាជាង​ធ្វើជាស្ត្រីមេផ្ទះ) និង​សិទ្ធិប្រើប្រាស់ថ្នាំពន្យារកំណើត។ គ្មាន​សុទិដ្ឋិនិយម​លើកំណើន​សេដ្ឋកិច្ច​ជប៉ុន យុវជន​ជប៉ុន​ភាគច្រើន ដែល​ព្រួយបារម្ភជានិច្ច​ពី​បញ្ហាបាត់បង់ប្រាក់ខែ ប្រាក់ចំណូល ​គ្មានទឹក​ចិត្ត​ ដើម្បី​បង្កើតគ្រួសារ ចង់បាន​កូនដែលជា​បន្ទុកចំណាយធ្ងន់។​​​ បញ្ហាថវិកាដើម្បី​ចំណាយក្នុងការ​ចិញ្ចឹម​បីបាច់​ថែរក្សាកូន ជា​ហេតុផលសំខាន់​មួយដែល​បន្ទុចបង្អាក់​មិន​ឲ្យ​យុវជនជប៉ុន​ចង់បានកូន​។ ការចំណាយខ្ពស់​សម្រាប់​ការចិញ្ចឹមកូន បានធ្វើ​ឲ្យ​ជប៉ុនជាប់ចំណាត់ថ្នាក់​ទី​៣ បន្ទាប់ពី​ចិន និងកូរ៉េខាងត្បូង។ នៅមានហេតុផលមួយចំនួនទៀត ដូចជាកង្វះ​សេវាទទួល​មើល​កុមារ​ និងបញ្ហាពេលវេលា​។ ​ប្រជាជន​ជប៉ុន​ ភាគច្រើន​ ចំណាយ​ពេលវេលាច្រើនតែនៅ​កន្លែង​ធ្វើការ និងគ្មា​នពេល​គ្រប់គ្រាន់​ដើម្បី​មើលថែកូន​។

គ្រប់គ្នា​ដឹង​ពីមូលហេតុ​ដែលធ្វើ​ឲ្យអត្រាកំណើតទារកធ្លាក់ចុះ​នៅប្រទេសជប៉ុន។ រដ្ឋាភិបាល​មុនៗ​បាន​ព្យាយាម​ដាក់គោលនយោបាយ​ជាច្រើន​ដើម្បី លើកទឹកចិត្តប្រជាជន​ឲ្យ​ចង់បានកូនឡើង តាមរយៈ​ការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការចិញ្ចឹមកូន ការអនុញ្ញាត​ឲ្យមនុស្ស​ស្រី​មាន​ពេលវេលាច្រើន​លំហែមាតុភាព ប៉ុន្តែ គោលនយោបាយ​ទាំងនោះ​គ្មានប្រសិទ្ធិភាព។

សម្រាប់​លោកនាយករដ្ឋមន្រ្តី ហ្វូមីអូ គីស៊ីដា វិបត្តិអត្រាកំណើតធ្លាក់ចុះ ជាបញ្ហាដែលគេត្រូវដោះស្រាយបន្ទាន់ ដោយ​មិនត្រូវ​ពន្យារពេលតទៅទៀតទេ។ ជប៉ុននៅមានពេលវេលា តែពី​៦ ទៅ​៧ឆ្នាំប៉ុណ្ណោះ ដើម្បីអាចជំរុញ​អត្រាកំណើតឲ្យកើនឡើងវិញ មុននឹងអ្វីៗ​ត្រូវ​ហួសពេល។ នៅ​ខែ​មករា​កន្លងទៅ លោក​បាន​​សន្យា​បង្កើនទ្វេដងកញ្ចប់ថវិការដ្ឋ​សម្រាប់​ការចិញ្ចឹមកូន ការបង្កើតមណ្ឌល​ទទួលមើលក្មេង និង​ការសម្រួល​ឲ្យ​បុរស​មានសិទ្ធិឈប់​សម្រាប់​លំហែរបិតុភាព។​

រដ្ឋាភិបាល​របស់​លោក​គីស៊ីដាអនុញ្ញាតឲ្យបុរស​ឈប់សម្រាក​សម្រាប់​លំហែបិតុភាព ឲ្យបាន​៥០%​នៅ​ ២ឆ្នាំខាងមុខ និង​ដល់​៨៥% នៅ​ឆ្នាំ ២០៣០។ ប៉ុន្តែ សួរថា តើ​កញ្ចប់ជំនួយ​សម្រាប់​ការចិញ្ចឹមកុមារ និងលំហែរបិតុភាព​អាច​ដោះស្រាយ​បញ្ហា​អត្រាកំណើតធ្លាក់ចុះដែរឬទេ។

អ្នកជំនាញ និងប្រជាជន​ជប៉ុន​ស្វាគម​គោលនយោបាយសេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ដើម្បី​​ជំរុញអត្រាកំណើត​ ប៉ុន្តែ គេ​មិនប្រាកដថា​ គោលនយោបាយ​របស់រដ្ឋាភិបាល​នឹង​មានប្រសិទ្ធិភាព ទៅបញ្ចុះបញ្ចូល​ឲ្យប្រជាជន​ជប៉ុន​ចង់បាន​កូន។

​ស្រ្តីជប៉ុននៅតែបារម្ភខ្លាចបាត់បង់ការងារ ចំណែកមនុស្សប្រុស​នៅ​រារែក​មិន​ដាក់ពាក្យសុំលំហែបិតុភាព ដោយខ្លាចថា នៅពេល​ត្រលប់​ពី​លំហែបិតុភាព ពួកគេ​លែង​អាច​ចូលកាន់​តួនាទីចាស់ ត្រូវផ្លាស់ប្តូរ​ទៅកាន់កន្លែង​ការងារ​ថ្មី ឬ​ខកខានមិនបានទទួលការដំឡើងឋានៈការងារជាដើម។

ម្យ៉ាង សម្រាប់ស្រ្តីជប៉ុន បើទោះបុរស​ជប៉ុន​ទទួលបានសិទ្ធិលំហែបិតុភាពដើម្បីសម្រាលបន្ទុករបស់​ម្តាយ ប៉ុន្តែ ការចិញ្ចឹមថែទាំកូននៅតែជាបន្ទុក​របស់​មនុស្សស្រី។ នៅត្រង់ចំណុចនេះ គេត្រូវ​ស្តីបន្ទោស​​វប្បធម៌ សង្គមអភិរក្សដែលជប៉ុន​នៅប្រកាន់ខ្ជាប់រហូតមក។ នៅក្នុង​វប្បធម៌ជប៉ុន មនុស្សប្រុសជាអ្នករកប្រាក់ចំណូល ចំណែកស្រ្តីមានបន្ទុកមើលកូន ទុកដាក់ចង្រ្កានជើងឆ្នាំង។

គេអាច​និយាយ​បាន​ថា ដើម្បីជំរុញ​អត្រាកំណើត​ឲ្យកើនឡើងវិញ គោលនយោបាយផ្តល់សេវា​ និងជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​ការចិញ្ចឹមកូន មិនទាន់គ្រប់គ្រាន់ទេ។ រដ្ឋាភិបាល​ជប៉ុន​ត្រូវ​បង្កើន​ប្រាក់ខែ និង​បង្កើតបរិយាកាស​ដែលធ្វើ​ឲ្យ​ប្រជាជន​មានទំនុកចិត្ត​លើ​សេដ្ឋកិច្ច​។ ចុងក្រោយ​គឺ​ការផ្លាស់ប្តូរផ្នត់គំនិត​ក្នុងសង្គមជប៉ុន។ ស្រ្តីសព្វថ្ងៃដែលមានសិទ្ធិនិងមហិច្ឆតាចង់ធ្វើការងារតំណែងខ្ពស់ដូចមនុស្សប្រុស អាច​ពិចារណា​ចង់បានកូន បើសិន​មនុស្សប្រុស​ចូលរួមជួយមើលចិញ្ចឹមបីបាច់កូន និងលែងទម្លាក់បន្ទុកមើលកូនទៅលើ​ស្ត្រីតទៅទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ