អានតួអត្ថបទ
ជប៉ុន-ពលករអន្តោប្រវេសន៍

ដើម្បីធានា​កំណើន​សេដ្ឋកិច្ច ជប៉ុន​ត្រូវការកម្លាំង​ពលករ​អន្តោប្រវេសន៍ ៤ដងនៃចំនួនសព្វថ្ងៃ

ប្រឈម​នឹង​ការធ្លាក់ថយចុះ​នៃ​កម្លាំងពលកម្ម​ដោយសារ​ភាពចាស់រិចរឹល​នៃប្រជាសាស្រ្ត ជប៉ុន​ត្រូវការ​កម្លាំងពលកម្ម​បរទេស​បន្ថែម ដល់​ទៅ ៤ដង ដើម្បី​អាច​សម្រេច​គោលដៅ សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល។ តាម​ការសិក្សា​របស់ក្រុមវិទ្យាស្ថាន សិក្សា​សាធារណៈ ដែលត្រូវបាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ៣​កុម្ភៈ ពីពេលនេះ ដល់​ឆ្នាំ ២០៤០ ជប៉ុន​ត្រូវការ​ពលករ​អន្តោប្រវេសន៍​ជាង​៦លាននាក់​ដើម្បី​អាច​ធានា​កំណើន​សេដ្ឋកិច្ចជាមធ្យម ១,២%​ក្នុង​មួយ​ឆ្នាំ។

រូបថត​ឆ្នាំ ២០១៩ បង្ហាញ​កម្មករ​នៅរោងចក្រ​កែច្នៃ​ប្លាស្ទីក​នៅទីក្រុង​តូក្យូ។ ប្រឈមនឹង​វិបត្តិប្រជាសាស្រ្តរិចរឹល ខ្វះកម្លាំងពលកម្ម​ក្នុងស្រុក អ្នកជំនាញ​ជប៉ុ​ន​បាន​ព្រមាននៅក្នុង​ការសិក្សា​ចុះផ្សាយ​កាលពីថ្ងៃទី​៣កុម្ភៈ ២០២២ថា ជប៉ុន​នឹង​អាច​ក្លាយ​ជា​ភូមិរហោឋាន គ្មាន​ពលករអន្តោប្រវេសន៍ បើសិន​រដ្ឋាភិបាល​មិន​ធ្វើកំណែទម្រង់​ដើម្បី​ទទួល​ពលករ​បរទេស​ឲ្យមកធ្វើការ​នៅជប៉ុន
រូបថត​ឆ្នាំ ២០១៩ បង្ហាញ​កម្មករ​នៅរោងចក្រ​កែច្នៃ​ប្លាស្ទីក​នៅទីក្រុង​តូក្យូ។ ប្រឈមនឹង​វិបត្តិប្រជាសាស្រ្តរិចរឹល ខ្វះកម្លាំងពលកម្ម​ក្នុងស្រុក អ្នកជំនាញ​ជប៉ុ​ន​បាន​ព្រមាននៅក្នុង​ការសិក្សា​ចុះផ្សាយ​កាលពីថ្ងៃទី​៣កុម្ភៈ ២០២២ថា ជប៉ុន​នឹង​អាច​ក្លាយ​ជា​ភូមិរហោឋាន គ្មាន​ពលករអន្តោប្រវេសន៍ បើសិន​រដ្ឋាភិបាល​មិន​ធ្វើកំណែទម្រង់​ដើម្បី​ទទួល​ពលករ​បរទេស​ឲ្យមកធ្វើការ​នៅជប៉ុន AP - Koji Sasahara
ផ្សាយពាណិជ្ជកម្ម

ការសិក្សា​របស់​ក្រុមវិទ្យាស្ថាន​សាធារណៈ ​បាន​បង្ហាញ​ពី​តម្រូវការ​ចាំបាច់​នៃ​ពលករ​អន្តោប្រវេសន៍ សម្រាប់​ដោះស្រាយ​វិបត្តិ​កម្លាំងពលកម្ម​ធ្លាក់ចុះនៅជប៉ុន ដែល​បណ្តាល​មកពី​ភាពចាស់រិចរឹល​នៃប្រជាសាស្រ្ត​ជប៉ុន។ ជារួម ក្នុង​រយៈពេល​១៨ឆ្នាំ ទៅមុខ ជប៉ុន​ត្រូវ​បង្កើន​ចំនួន​ពលករ​អន្តោប្រវេសន៍ របស់ខ្លួន ឲ្យ​បាន​៤ដង ឲ្យ​ដល់​ចំនួន ៦,៧៤លាន​នាក់ ពី​ពេលនេះ ដល់​ឆ្នាំ ២០៤០ បើ​សិន​ជប៉ុន​ចង់​សម្រេច​គោលដៅ​កំណើន​សេដ្ឋកិច្ច ជាមធ្យម ១,២%​ក្នុង​មួយឆ្នាំ។

ជប៉ុនសព្វថ្ងៃ ​មាន​ពលករ​អន្តោប្រវេសន៍ តែ​ជាង ១,៧២លាននាក់​ប៉ុណ្ណោះ ដែល​តំណាង​ឲ្យ​២,៥%​នៃ​កម្លាំងពលកម្ម​ក្នុងស្រុកសរុប។ សម្រាប់​ប្រធាន​ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​JICA ដែលបាន​ចូលរួម ក្នុងការសិក្សាខាងលើ ជប៉ុន ត្រូវ​ប្រញាប់​ចាត់វិធានការ​បន្ទាន់​ដើម្បី​ស្រូបយក​ពលករ​បរទេស ព្រោះថា នាពេល​អនាគត ជប៉ុន​នឹង​អាច​ជួបការប្រកួតប្រជែង​ជាមួយ​ប្រទេស​ដូចជា​ចិន ដែលត្រូវការ​ពលករ​អន្តោប្រវេសន៍​សម្រាប់​តម្រូវការ​សេដ្ឋកិច្ចក្នុងស្រុក។

ការសិក្សា​ចុះផ្សាយ​កាលពីថ្ងៃ​ព្រហស្បតិ៍​បាន​បង្ហាញដែរ​ថា កម្លាំងពលកម្ម​ក្នុងស្រុកជប៉ុន​នឹង​ធ្លាក់ចុះ ជាង ១០% នៅ​២ទសវត្សរ៍​ខាងមុខ។ មូលហេតុ​សំខាន់​មួយ នោះ គឺ ចាប់តាំង​ពី​ឆ្នាំ ២០០៨ ចំនួន​ប្រជាជន​ជប៉ុន​បានធ្លាក់ថយចុះ ជារៀងរាល់ឆ្នាំ មកនៅ ត្រឹម ១២៥លាននាក់ គិតត្រឹម​ឆ្នាំមុន។ ចំនួន​ប្រជាជន​វ័យចំណាស់​ដែល​ផុតអាយុ​ធ្វើការ​បាន​កើនឡើង​ខ្ពស់ ចំណែក​ឯ​ចំនួន​ក្មេង​ដែល​នឹង​ត្រូវ​ចូល​ខ្លួន​មក​ជំនួស​កម្លាំង​ពលកម្ម​ក៏មាន​ការធ្លាក់ចុះ។ 

ដើម្បី ប៉ះប៉ូវ បង្រ្គប់​កម្លាំងពលកម្ម​ក្នុងស្រុក ប្រធាន​អង្គការ​JICA បានអំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​ចាត់វិធានការ​ ធ្វើកំណែទម្រង់​ច្បាប់ ដើម្បី ធ្វើ​យ៉ាងណា​ឲ្យជប៉ុន​ក្លាយជា​ប្រទេស​ដ៏គួរ​ឲ្យ​ទាក់ទាញ សម្រាប់​ពលករ​អន្តោប្រវេសន៍ ដូចជា​ការផ្តល់​ទិដ្ឋការ​ការងារ​ក្នុងរយៈពេល​វែងជាដើម។ ការអំពាវនាវ​ឲ្យបើកទ្វារ​ទទួល​ពលករ​អន្តោប្រវេសន៍ គឺ​ជារឿង​ដ៏រសើប​របស់​ជប៉ុន ដែលមានច្បាប់អន្តោប្រវេសន៍​ដ៏​តឹងរ៉ឹង បំផុត ដើម្បីការពារ​កុំ​ឲ្យ​ជប៉ុន​សំបូរចម្រុះជាតិសាសន៍បរទេស។ ប៉ុន្តែ បញ្ហា​ខ្វះ​កម្លាំងពលកម្ម ក្នុងស្រុក និង​ការទាមទារ​ឲ្យ​បើកព្រំដែន ដើម្បីទទួល​ពលករ និង​សិស្សបរទេស នៅក្រោយ​វិបត្តិកូវីដ បានដាក់សម្ពាធ​លើ​រដ្ឋាភិបាល ឲ្យ​បង្កើត​ទិដ្ឋាការ​ថ្មី។

នៅជប៉ុន ពាក់កណ្តាល​នៃ​ពលករអន្តោប្រវេសន៍​មាន​ប្រភពមកពីវៀតណាម និង​ចិន។ នៅក្នុង​ការសិក្សា​របស់ខ្លួន ក្រុម​វិទ្យាស្ថាន​ស្រាវជ្រាវ​សាធារណៈ សង្ឃឹមថា រដ្ឋាភិបាល​នឹង​បង្កើនចំនួន​ពលករបរទេស​មកពីប្រទេស​ដែលមាន​ប្រាក់ចំណូលទាប​ផ្សេងទៀត ដូចជា​កម្ពុជា ឬ​ភូមាជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ