អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ក្រោយពីបានផុងខ្លួននៅក្នុងសង្រ្គាមយេម៉ែនរយៈពេល ៨ឆ្នាំ អារ៉ាប៊ីសាអូឌីតកំពុងព្យាយាមរកច្រកចេញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី ៨ឆ្នាំ​មុន ពោល​ក្នុង​ខែ​មីនា ឆ្នាំ ២០១៥ ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​ដឹក​នាំ​កម្លាំង​សម្ព័ន្ធអារ៉ាប់​ចូល​អន្តរាគមន៍​នៅ​ក្នុង​ប្រទេស​យេម៉ែន។ កម្មវត្ថុ​សំខាន់​របស់​ទីក្រុង​រីយ៉ាដ គឺ​ការពារ​ជនស៊ីវិល និង​ធានា​សន្តិសុខ​នៅ​តាម​ព្រំដែន​ពី​ការ​វាយប្រហារ​របស់​ក្រុម​ឧទ្ទាម​ហ៊ូទី​ដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់។ ពេល​នេះ និង ៨ឆ្នាំ​ក្រោយ​មក យេម៉ែន​កំពុង​ព្យាយាម​រក​ផ្លូវ​ចេញ​ពី​សង្រ្គាម ខណៈ​ដែល​ក្រុម​ឧទ្ទាម​ហ៊ូទី​ហាក់​កំពុង​បន្ត​វាតទី និង​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង។ ហេតុអ្វី​មាន​អារ៉ាប៊ីសាអូឌីត​បែរ​ជា​កំពុង​ព្យាយាម​ដក​ខ្លួន​ចេញ​ពី​សង្រ្គាម​យេម៉ែន និង​ថា តើ​អាច​ចេញ​រួម​ដែរ ឬ​ទេ?។

រាជទាយាទអារ៉ាប៊ីសាអូឌីត ​បេន សាលម៉ាន។
រាជទាយាទអារ៉ាប៊ីសាអូឌីត ​បេន សាលម៉ាន។ AP - Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

ដើម្បី​អាច​ឆ្លើយ​នឹង​សំណួរ​ទាំង​អស់​នេះ​បាន គេ​ចាំ​បាច់​បក​ក្រោយ​ទៅ​ចាប់​អារម្មណ៍​ពី​ដើមចម​ដែល​បាន​រុញ​យេម៉ែន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​ហែកហួរ​ផ្ទៃក្នុង​មក​ដល់​សព្វថ្ងៃ។ ក៏​ដូច​ជា​ប្រទេស​អារ៉ាប់​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ដែរ យេម៉ែន​បាន​រងគ្រោះ​ដោយ​បដិវត្តន៍​អារ៉ាប់​កាល​ពី​ឆ្នាំ ២០១១ ដែល​បាន​ផ្ទុះ​ចេញ​ដំបូង​ពី​ប្រទេស​ទុយនីស៊ី។ គេ​បាន​សង្កេត​ឃើញ​ជា​រួម​ថា បដិវត្តន៍​របស់​កម្លាំង​មហាជន​មួយ​នេះ​បាន​ឈាន​ដល់​ការ​ផ្តួល​រំលំ​មេដឹកនាំ​ផ្តាច់ការ ឬ​ក៏​យ៉ាង​ហោច​ណាស់​បាន​បង្ខំ​ចិត្ត​ឲ្យ​មេដឹកនាំ​ផ្តាច់ការ​ចុះ​ចេញ​ពី​អំណាច ឬ​រត់ចោល​ស្រុក។ ករណី​ប្រទេស​យេម៉ែន ឥទ្ធិពល​បាតុកម្ម​មហាជន​បាន​បង្ខំ​ឲ្យ​លោក​សាឡេ​ចុះ​ចេញ​ពី​កៅអី​ប្រធានាធិបតី​ក្នុង​ឆ្នាំ ២០១១។

ការ​បោះឆ្នោត​ថ្មី​ត្រូវ​បាន​រៀបចំ​នៅ​ដើម​ឆ្នាំ ២០១២ និង​ដែល​ប្រធានាធិបតី​ថ្មី​ពេល​នោះ​មាន​ឈ្មោះ​ហាឌី។ តែ​ខុស​ពី​ការ​គិត និង​ពី​ក្តី​រំពឹង​ទុក ការ​ផ្លាស់ប្តូរ​ថ្មី​មួយ​នេះ​បែរ​ជា​បាន​ធ្វើ​ឲ្យ​ស្ថានការណ៍​របស់​យេម៉ែន​ធ្លាក់​ដុនដាប​កាន់​តែ​ខ្លាំង​ឡើង​ទៅ​វិញ។ ស្ថានការណ៍​នៅ​ពេល​នោះ គឺ​ជម្លោះ​ហែកហួរ​ផ្ទៃក្នុង ឬ​ហៅ​សង្រ្គាម​ស៊ីវិល​រវាង​ក្រុម​អ្នកកាន់​សាសនាអ៊ីស្លាម​និកាយឈីអ៊ីត និង​ក្រុម​អ្នកកាន់​សាសនាអ៊ីស្លាម​និកាយ​ស៊ុយនីត។ ក្នុង​ឆ្នាំ ២០១៤ ក្រុម​ឧទ្ទាមហ៊ូទី​និកាយ​ឈីអ៊ីត​ដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់​បាន​វាយ​ចូល​កាន់កាប់​ទីក្រុង​សាណា និង​ទីក្រុង​សំខាន់ៗ​របស់​ប្រទេស។ បន្ទាប់​មក​ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០១៥ ប្រធានាធិបតី​ថ្មី​លោក​ហាឌី​ក៏​បាន​ភៀសខ្លួន​ទៅ​ជ្រក​កោណ​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត។

នៅ​ពេល​នោះ រដ្ឋាភិបាល​របស់​លោក​ហាឌី​ក៏​បាន​រើ​ទៅ​បោះ​ទីតាំង​បណ្តោះអាសន្ន​នៅ​ក្នុង​ក្រុង​អាដេន​ដែល​ជា​ក្រុង​ធំ​ទី២ របស់​យេម៉ែន​នៅ​ប៉ែក​ខាង​ត្បូង។ នេះ​ហើយ​ជា​ផ្លូវ​របត់​ថ្មី​មួយ​ទៀត​ដែល​ធ្ងន់ធ្ងរ​ជា​មុន ព្រោះ​ជា​ការ​ពុះចែក​ប្រទេស​ជា​ពីរ​ដោយ​នៅ​ម្ខាង​គ្រប់គ្រង​ដោយ​ពួក​ឧទ្ទាម​ហ៊ូទី និង​នៅ​ម្ខាង​ទៀត​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​របស់​លោក​ហាឌី។ គឺ​ផ្តើម​ចេញ​ពី​ផ្លូវ​របត់​ដដែល​នេះ​ឯង​ដែល​ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​ចូល​ខ្លួន​អន្តរាគមន៍​ក្នុង​ខែ​មីនា ឆ្នាំ ២០១៥ តាម​រយៈ​ការ​បង្កើត​ឲ្យ​មាន​កម្លាំង​សម្ព័ន្ធអារ៉ាប់​មួយ។ កម្មវត្ថុ​នៃ​ការ​បង្កើត​កម្លាំង​សម្ព័ន្ធអារ៉ាប់​កាល​ណោះ គឺ​ដើម្បី​ជួយ​កម្លាំង​របស់​រដ្ឋាភិបាល​យេម៉ែន​ស្របច្បាប់​ក្នុង​ការ​ត ទល់​នឹង​ពួក​ឧទ្ទាម​ហ៊ូទី​ផង និង​ដើម្បី​ការពារ​ព្រំដែន​អារ៉ាប៊ីសាអូឌីត​ពី​ការ​វាយប្រហារ​ដោយ​ពួក​ឧទ្ទាម​នេះ​ផង។

សង្រ្គាម​ហែកហួរ​ផ្ទៃក្នុង​ជា​រឿង​មួយ​មិន​អាច​ប្រកែក​បាន តែ​រឿង​ដែល​កាន់​តែ​លេច​ច្បាស់​ជាង​នេះ​នៅ​ពេល​នោះ យេម៉ែន​ដែល​ជា​ប្រទេស​ក្រីក្រ​ជាង​គេ​មួយ​នៅ​ឧបទ្វីប​អារ៉ាប៊ី​បាន​ក្លាយ​ជា​សមរភូមិ​នៃ​ការ​ប្រឈម​មុខ និង​ការ​ប្រជែង​គ្នា​រវាង​មហាអំណាច​ពីរ​នៅ​ក្នុង​តំបន់ គឺ​អារ៉ាប៊ីសាអូឌីត​និកាយ​ស៊ុយនីត​ដែល​គាំទ្រ​រដ្ឋាភិបាល​យេម៉ែន​ស្របច្បាប់​និកាយស៊ុយនីត និង​អ៊ីរ៉ង់​និកាយ​ឈីអ៊ីត​ដែល​គាំទ្រ​ពួក​ឧទ្ទាម​ហ៊ូទី​និកាយឈីអ៊ីត​ដូច​គ្នា។ សង្រ្គាម​រយៈពល ៨ឆ្នាំ​កន្លង​ទៅ​បាន​បណ្តាល​ស្លាប់​ជនស៊ីវិល​ចំនួន ៣៨ម៉ឺននាក់។ គេ​ត្រូវ​រង់ចាំ​ដល់​ខែ​មេសា ឆ្នាំ ២០២២ ទើប​មាន​កិច្ចព្រមព្រៀង​ឈប់បាញ់​មួយ​រវាង​ភាគី​ជម្លោះ​ផ្ទៃក្នុង​ដោយ​មាន​អន្តរាគមន៍​របស់​អង្គការ​សហប្រជាជាតិ។

គេ​បាន​សង្កេត​ឃើញ​ជា​រួម​ថា ទោះ​បី​ជា​កិច្ចព្រមព្រៀង​ឈប់បាញ់​មួយ​នេះ​បាន​អស់​សុពលភាព​តាំង​ពី​ខែ​តុលា ឆ្នាំ ២០២២ ក៏​ដោយ​ក៏​ការ​ឈប់​បាញ់​កំពុង​មាន​មក​ដល់​សព្វថ្ងៃ។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ៨ឆ្នាំ​ក្រោយ​អន្តរាគមន៍​យោធា​របស់​អារ៉ាប៊ីសាអូឌីត​នៅ​យេម៉ែន ពួក​ឧទ្ទាមហ៊ូទី​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ដោយ​បាន​គ្រប់គ្រង​ដែនដី​កាន់​តែ​ធំ​ជាង​មុន។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពួក​ឧទ្ទាម​ហ៊ូទី​បាន​វាយប្រហារ​ដោយ​ដ្រូន​លើ​ទីតាំង​ប្រេង​របស់​អារ៉ាប៊ីសាអូឌីត និង​ឆ្លង​រហូត​ដល់​ទឹកដី​អេមីរ៉ាតអារ៉ាប់រួម​ថែម​ទៀត។ ចុះ​ហេតុអ្វី​បាន​ជា​អារ៉ាប៊ីសាអូឌីត​បែរ​ជា​កំពុង​ស្វែង​រក​ច្រក​ចេញ​ពី​សង្រ្គាម​យេម៉ែន​នៅ​ពេល​នេះ​ទៅ​វិញ និង​ថា តើ​អាច​ចេញ​រួច​ដែរ ឬ​អត់។

តាម​ពិត​ទៅ អារ៉ាប៊ីសាអូឌីត​មិន​ចង់​ដក​ខ្លួន​ដើម្បី​យក​រួច​ខ្លួន​ទេ តែ​ចង់​បន្ត​ដើរ​តួនាទី​គន្លឹះ​នៅ​ក្នុង​ដំណើរ​ស្វែង​រក​សន្តិភាព​ឲ្យ​យេម៉ែន ទោះ​បី​ជា​ខ្លួន​ដឹង​ថា​ពិបាក​ក៏​ដោយ។ ក្រុង​រីយ៉ាដ​បាន​ផ្តើម​ចរចា​ផ្ទាល់​ជាមួយ​ពួក​ឧទ្ទាម​ហ៊ូទី​ដោយ​មាន​ប្រទេស​អូម៉ង់​ធ្វើ​ជា​អាជ្ញាកណ្តាល​តាំង​ពី​មុន​កិច្ចព្រមព្រៀង​ឈប់បាញ់​ចូល​ជា​ធរមាន​ក្នុង​ខែ​មេសា ឆ្នាំ ២០២២ ទៅ​ទៀត។ ដូច្នេះ​គេ​អាច​និយាយ​បាន​ថា កិច្ចព្រមព្រៀង​ឈប់​បាញ់​មួយ​នេះ​ជា​ឱកាស​មួយ ហើយ​ឱកាស​ដែល​កាន់​តែ​ល្អ​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ការ​ដែល​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់​ទើប​ត្រូវរ៉ូវ​គ្នា​ឡើង​វិញ​ក្រោយ​ពី​បាន​បែរ​ខ្នង​ដាក់​គ្នា​រយៈពេល ៧ឆ្នាំ។ ចូរ​កុំ​ភ្លេច​ថា បើ​កុំ​តែ​មាន​អ៊ីរ៉ង់​នៅ​ពី​ក្រោយ ម្ល៉េះ​ក៏​ពួក​ឧទ្ទាម​ហ៊ូទី​នៅ​យេម៉ែន​មិន​អាច​មាន​ឥទ្ធិពល​ខ្លាំង​ដល់​ម្លឹង​ដែរ។

ដូច្នេះ អ៊ីរ៉ង់​មាន​ឥទ្ធិពល និង​ទឹកមាត់​ប្រៃ​ដើម្បី​និយាយ​ជាមួយ​ពួក​ឧទ្ទាម​ហ៊ូទី​ឲ្យ​ឈប់​វាយប្រហារ​លើ​អារ៉ាប៊ីសាអូឌីត និង​ឲ្យ​ចូល​តុ ចរចា។ បើ​អ្វីៗ​នឹង​មាន​ដំណើរ​ដោយ​រលូន​មែន អារ៉ាប៊ីសាអូឌីត​អាច​ចេញ​ពី​យេម៉ែន​តាម​ផ្លូវ​ដែល​បាន​ចូល​ដោយ​គ្មាន​ភាព​អាម៉ាស់។ បើ​អ្វីៗ​មាន​ដំណើរ​ដូច​ក្តី​រំពឹង​ទុក​មែន អារ៉ាប៊ីសាអូឌីត​នឹង​រួច​ផុត​ពី​ការ​រ៉ៅឆាន​របស់​ពួក​ឧទ្ទាម​ហ៊ូទី និង​អាច​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​តែ​លើ​ការ​អភិវឌ្ឍន៍​ប្រទេស​របស់​ខ្លួន ពិសេស​ពន្លឿន​មហា​កំណែទម្រង់​របស់​រាជទាយាទ​បេន សាលម៉ាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ