អានតួអត្ថបទ
យេម៉ែន-អារ៉ាប៊ីសាអូឌីត-ប្រេងកាត

អារ៉ាប៊ីសាអូឌីត ​បើក​​ប្រតិបត្តិការ​​កងទ័ព​នៅយេម៉ែន បន្ទាប់​ពី​រង​ការវាយ​ប្រហារ​ផ្ទួន​ៗ​របស់​​ក្រុម​​ឧទ្ទាម​ហ៊ូទី

ប៉ុន្មានថ្ងៃចុងក្រោយនេះ អារ៉ាប៊ីសាអូឌីត ដែលជាប្រទេសផលិត​ប្រេងធំជាងគេបង្អស់នោះ បានរងនូវការវាយ​ប្រហារផ្ទួនៗ ពីសំណាក់ក្រុមឧទ្ទាមហ៊ូទីយេម៉ែន។ ការវាយ​ប្រហារ ដែលបានសំដៅ មកលើ​ហេដ្ឋារចនាសម្ព័ន្ធផលិត​ប្រេង របស់​អារ៉ាប៊ីសាអូឌីតតែម្តង​។ ជាការឆ្លើយតបវិញ នៅថ្ងៃសៅរ៍នេះ អារ៉ាប៊ីសាអូឌីត បាន​ប្រកាសបើក​ការវាយ​ប្រហារផ្លូវអាកាស លើតំបន់កាន់កាប់ដោយ​ក្រុមឧទ្ទាម​ហ៊ូទី នៅយេម៉ែន។

ភ្លើងសន្ធោរសន្ធៅ នៅស្ថានីយប្រេង Jiddah របស់អារ៉ាប៊ីសាអូឌីត បន្ទាប់ពីបានរងគ្រាប់​មីស៊ីលរបស់​ក្រុមហ៊ូទី នៅថ្ងៃសុក្រ ទី​២៦ មីនា ២០២២
ភ្លើងសន្ធោរសន្ធៅ នៅស្ថានីយប្រេង Jiddah របស់អារ៉ាប៊ីសាអូឌីត បន្ទាប់ពីបានរងគ្រាប់​មីស៊ីលរបស់​ក្រុមហ៊ូទី នៅថ្ងៃសុក្រ ទី​២៦ មីនា ២០២២ AP - Hassan Ammar
ផ្សាយពាណិជ្ជកម្ម

កងទ័ពសម្ព័ន្ធមិត្តដឹកនាំដោយ​អារ៉ាប៊ីសាអូឌីត បាន​បើកការវាយ​ប្រហារផ្លូវអាកាស លើរដ្ឋធានីសាណា និងទីក្រុង​កំពង់ផែ ហូដីដា ដែលស្ថិតក្នុង​ការកាន់កាប់ របស់​ក្រុមឧទ្ទាមហ៊ូទីយេម៉ែន។ សម្ព័ន្ធមិត្តកងទ័ពនេះ អះអាងថា ការវាយ​ប្រហារនេះ គឺ​មានកម្មវត្ថុការពារ ប្រភពថាមពលពិភពលោក ព្រមទាំងធានាសន្តិសុខដល់ដំណើរការផលិត និង​ផ្គង់ផ្គង់នៃឧស្សាហកម្មប្រេង។

យោងតាមបណ្តាញ​​ផ្សព្វផ្សាយ​អារ៉ាប៊ីសាអូឌីត គឺកងទ័ពសម្ព័ន្ធមិត្ត នឹងវាយ​ប្រហារលើមុខសញ្ញាមួយចំនួន ដែលជាប្រភព​នៃការគំរាមកំហែង និងបានអំពាវនាវ ឲ្យ​ប្រជាជនស៊ីវីល ត្រូវនៅឲ្យឆ្ងាយ​ពីទីតាំង ឬស្ថានីយប្រេងក្នុង​កំពង់ផែ ហូដីដា។

បណ្តាញទូរទស្សន៍យេម៉ែន  Al Masirah បាន​ផ្សាយថា កងទ័ពសម្ព័ន្ធមិត្តដឹកនាំដោយ​អារ៉ាប៊ីសាអូឌីត បានចាប់ផ្តើមទំលាក់គ្រាប់ លើទីក្រុងហូដីដា នៅព្រឹកថ្ងៃសៅរ៍។ ចំណែកប្រជាជនវិញ បានអះអាងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា គ្រាប់ភាគច្រើនធ្លាក់នៅ​កំពង់ផែ។ ដោយឡែក នៅរដ្ឋធានីសាណា ប្រជាជនបានអះអាងថា អាគាររដ្ឋបាលរបស់​ក្រុមហ៊ុនប្រេង Safer បានរងការទំលាក់គ្រាប់បែក។

គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃចុងក្រោយ​នេះ ក្រុមឧទ្ទាមហ៊ូទី បានបង្កើន​​ការវាយប្រហារយ៉ាងខ្លាំង ដល់ទៅ​១៦លើក មកលើអារ៉ាប៊ីសាអូឌីត។ ការវាយ​ប្រហារ ដែល​បានសំដៅ មកលើហេដ្ឋារចនា​សម្ព័ន្ធ​ផលិត​​ប្រេង របស់អារ៉ាប៊ីសាអូឌីត​ផ្ទាល់តែម្តង ជាក់ស្តែងកាលពីថ្ងៃសុក្រទី ២៥មីនា ដែលស្ថានីយផលិត​ប្រេងនៅតំបន់ចេដា ភាគខាងត្បួងអារ៉ាប៊ីសាអូឌីត ត្រូវរងគ្រាប់របស់ក្រុមហ៊ូទី។ ប្រការនេះ បានធ្វើឲ្យ​មានការបារម្ភ ទាក់ទិននឹង​ការ​រអាក់រអួល​ ដល់ការផលិត ហើយដែលអាចធ្វើឲ្យ​​ទីផ្សារប្រេង​ កាន់តែជ្រួលច្របល់ ឡើងថ្លៃបន្ថែមទៀត។ អារ៉ាប៊ីសាអូឌីត បានចោទថា គឺអ៊ីរ៉ង់ ដែលជាអ្នកនៅពីក្រោយ​ក្រុមឧទ្ទាមហ៊ូទី តាមរយៈការផ្តល់អាវុធ មីស៊ីល ឲ្យ​ក្រុមឧទ្ទាមនេះ គំរាមកំហែងសន្តិសុខថាមពល​ពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ