អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីបានជាមានក្រុមហ៊ុនបរទេសកាន់តែច្រើនបានជ្រើសយកកាណាដាដើម្បីផលិតអាគុយរថយន្តអគ្គិសនី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ពិភពលោក​សព្វថ្ងៃ​ដែល​កំពុង​បារម្ភ​ខ្លាំង​ពី​ការ​ប្រែប្រួល​អាកាសធាតុ ការ​ប្តូរ​ពី​រថយន្ត​ប្រើ​ប្រេង​ទៅ​រថយន្ត​អគ្គិសនី​ជា​ការ​រួម​ចំណែក​ដើម្បី​កាត់​បន្ថយ​ឧស្ម័នផ្ទះកញ្ចក់​នៅ​ក្នុង​បរិយាកាស។ តែ​អ្វី​ដែល​សំខាន់​ជាង​គេ​នៅ​ក្នុង​រថយន្ត​អគ្គិសនី គឺ​អាគុយ ហើយ​នៅ​ក្នុង​ការ​ផលិត​អាគុយ​នេះ​ទៀត​សោត មាន​ក្រុមហ៊ុន​បរទេស​កាន់​តែ​ច្រើន​បាន​ជ្រើស​យក​ប្រទេស​កាណាដា​ដើម្បី​ផលិត។ តើ​កាណាដា​មាន​សក្តានុពល​អ្វី​ខ្លះ​នៅ​ក្នុង​វិស័យ​ផលិត​រថយន្ត និយាយ​ជា​រួម និង​វិស័យ​ផលិត​អាគុយ និយាយ​ដោយ​ឡែក?

​នាយករដ្ឋមន្រ្តី​កាណាដា​លោក​ហ្សូសស្តាំង ទ្រុយដូ។
​នាយករដ្ឋមន្រ្តី​កាណាដា​លោក​ហ្សូសស្តាំង ទ្រុយដូ។ © DAVE CHAN / AFP
ផ្សាយពាណិជ្ជកម្ម

នៅ​ពេល​ដែល​គេ​និយាយ​ពី​រថយន្ត​ប្រើ​ប្រេង មិន​ថា​សាំង ឬ​ម៉ាស៊ូត គេ​ពិត​ជា​ចាប់​អារម្មណ៍​ភ្លាម​ពី​ប្រភព​ប្រេង​ដែល​គេ​បាន​ដឹង​គ្រប់​គ្នា​ថា ភាគច្រើន​មាន​នៅ​ក្នុង​បណ្តា​ប្រទេស​អារ៉ាប់ ដូច​យ៉ាង​អារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ ឬ​កូវ៉ែត។ តែ​បើ​គេ​និយាយ​ពី​រថយន្តអគ្គិសនី គេ​ពិត​ជា​ចាប់​អារម្មណ៍​ភ្លែត​ពី​ប្រភព​រ៉ែ​ចាំ​បាច់​ដើម្បី​ឈាន​ទៅ​ផលិត​អាគុយ ក្នុង​នោះ លីចូម​ជា​ប្រភេទ​រ៉ែ​ចាំ​បាច់​ខ្លាំង​ជាង​គេ។ សព្វថ្ងៃ ចិន​ស្ថិត​លំដាប់ទី១ ជា​ប្រទេស​ដែល​បាន​ផលិត​អាគុយ​ច្រើន​ជាង​គេ​ក្នុង​លោក ពោល​មាន​ដល់​ទៅ ៧៥% ឯណោះ។ ចំណែក​ប្រទេស​កាណាដា​វិញ គឺ​ស្ថិត​នៅ​លេខ​រៀង​ទី៥។ តែ​បើ​តាម​នាយករដ្ឋមន្រ្តី​កាណាដា​លោក​ហ្សូសស្តាំង ទ្រុយដូ ចាប់​ពី​ពេល​នេះ​ទៅ កាណាដា​បាន​ឡើង​ពី​លេខ​រៀង​ទី៥ ទៅ​លេខរៀង​ទី២ ពោល​បន្ទាប់​ពី​ចិន។

មិនមែន​ជា​ការ​អួតអាង​ទេ តែ​លោក​ទ្រុយដូ​បាន​សំអាង​លើ​ចំណាត់ថ្នាក់​ចុង​ក្រោយ​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ឈ្មោះ BloombergNEF។ របាយការណ៍​របស់ BloombergNEF បាន​លើក​យក​សក្តានុពល​សំខាន់​ចំនួន​ពីរ​ដែល​កាណាដា​មាន ទី១ ប្រភព​វត្ថុធាតុដើម​សម្រាប់​ផលិត​អាគុយ និង​ទី២ សង្វាក់​ផលិតកម្ម​ដែល​ប្រើ​ថាមពល​បាន​មក​ពី​ប្រភព​ស្អាត ឬ​ហៅ​ថាមពល​កើត​ឡើង​វិញ។ ជាក់ស្តែង​ក្នុង​ខេត្ត​កេបិក ថាមពល​ចំនួន ៩៩% ជា​ថាមពល​បៃតង​ដែល​បាន​មក​ពី​វារីអគ្គិសនី។ គឺ​សក្តានុពល​សំខាន់​ទាំង​អស់​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​កាណាដា​ក្លាយ​ជា​គោលដៅ និង​កំពុង​ទាក់ទាញ​ក្រុមហ៊ុន​បរទេស​កាន់​តែ​ច្រើន​ឲ្យ​ចូល​ទៅ​បោះទុន​ដើម្បី​ផលិត​អាគុយ​រថយន្ត​អគ្គិសនី។

ទន្ទឹម​នឹង​អំណោយផល​ទាំង​នេះ រដ្ឋាភិបាល​កាណាដា​ក៏​បាន​ប្រើ​សន្លឹក​បៀរ​ចុង​ក្រោយ​មួយ​ទៀត​ក្នុង​ដៃ គឺ​ការ​បន្ធូរបន្ធយ​ពន្ធ។ នៅ​ក្នុង​ច្បាប់​ថវិកា​ប្រចាំ​ឆ្នាំ​ដែល​ទើប​បាន​បង្ហាញ​នា​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​បញ្ចុះ​ពន្ធ​ដល់​ទៅ ៣០% សម្រាប់​ការ​ផលិត​បច្ចេកវិទ្យា​បៃតង ការ​បំលែង ការ​ទាញ​យក ឬ​ការ​កែច្នៃ​ឡើងវិញ​នូវ​រ៉ែ​សំខាន់ៗ។ វិធានការ​បន្ធូរបន្ធយ​ពន្ធ​នេះ​ជា​ការ​ផ្តល់​សន្ទុះ​បន្ថែម​នៅ​ក្នុង​ផលិតកម្ម​អាគុយ​ដែល​កំពុង​មាន​ដំណើរការ​ល្អ​ស្រាប់។ ក្នុង​រយៈពេល​តែ ២ឆ្នាំ ការ​វិនិយោគ​នៅ​ក្នុង​ការ​ផលិត​អាគុយ​មាន​ទឹកប្រាក់​ជាង ១៨ ០០០លានដុល្លារ។ ជា​មួយ​នឹង​អំណោយផល​ដែល​កាណាដា​មាន ក្រុមហ៊ុន​ផលិតរថយន្ត​ដែល​បាន​ចាកចេញ​ពី​កាណាដា​ទៅ​កាន់​ប្រទេស​ក្បែរ​ខាង​បាន​បែរ​ក្បាល​ត្រឡប់​វិញ និង​មាន​ការ​ចូល​ទៅ​បោះទុន​របស់​ក្រុមហ៊ុន​ថ្មី​ផ្សេង​ទៀត។

ជាក់ស្តែង ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់​ម៉ាក Volkwagen នឹង​ធ្វើ​ការ​សាងសង់​រោងចក្រ​ផលិត​អាគុយ​នៅ​ក្នុង​ខេត្ត Ontario របស់​កាណាដា។ សម្រាប់​ក្រុមហ៊ុន Volkwagen នេះ​ជា​រោងចក្រ​ផលិត​អាគុយ​ទី១ របស់​ខ្លួន នៅ​ក្រៅ​ទឹកដី​អឺរ៉ុប ហើយ​សម្រាប់​កាណាដា នេះ​ជា​លើកទី១ ក្នុង​រយៈពេល ៣៥ឆ្នាំ ដែល​មាន​ក្រុមហ៊ុន​ផលិត​រថយន្ត​ថ្មី​មួយ​បាន​បោះទុន​រក​ស៊ី​នៅ​កាណាដា។ ក្រៅ​ពី Volkwagen នៅ​មាន​ក្រុមហ៊ុនអាមរិកាំង Stellantis General Motors ឬ​ក្រុមហ៊ុន​ផលិតសំបកកង់​បារាំង Michelin ជា​ដើម។ ជាង​ពេល​ណាៗ​ទាំង​អស់​ចាប់​ពី​ពេល​នេះ​ត ទៅ តម្រូវការ​រ៉ែ​ចាំ​បាច់​សម្រាប់​ផលិត​អាគុយ​រថយន្ត​អគ្គិសនី​នឹង​បន្ត​កើន​ឡើង​ជា​លំដាប់។

តាម​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ តម្រូវការ​អាច​នឹង​កើន​១គុណ​ជា៤ និង​គុណ​រហូត​ដល់​ជា ៦ ចាប់​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៤០។ ក្រៅ​ពី​ផ្តល់​សន្ទុះ​នៅ​ក្នុង​ផ្នែក​ផលិត​អាគុយ រដ្ឋាភិបាល​កាណាដា​ក៏​បាន​ផ្តោត​លើ​ផ្នែក​កែច្នៃ​ឡើង​ឡើង​វិញ​ដែរ។ ផ្នែក​កៃច្នៃ​ឡើង​វិញ​ដែល​គេ​ចង់​និយាយ​នេះ គឺ​ការ​ទាញ​យក​បាន​លោហៈ​យុទ្ធសាស្រ្ត​រហូត​ដល់​ទៅ ៩៥% ពី​អាគុយ​ចាស់ៗ​ដែល​ប្រើ​ហើយ រួច​យក​លោហៈ​យុទ្ធសាស្រ្ត​នេះ​ទៅ​ផលិត​អាគុយ​ថ្មី​ឡើង​វិញ។ តាម​លក្ខណៈ​សេដ្ឋកិច្ច គេ​ហៅ​ជា​សង្វាក់​ផលិកម្ម​វិលជុំ។ ការ​ផលិត​ថ្មី​ដោយ​ប្រើ​វត្ថុធាតុដើម​ចាស់​បាន​ហុច​ប្រយោជន៍​ពីរ ទី១ មិន​សូវ​បំពុល​បរិស្ថាន និង​ទី២ ប្រើ​ទឹក​តិច។ ចូរ​កុំ​ភ្លេច​ថា ការ​ស្វែង​រក​លោហៈ​យុទ្ធសាស្រ្ត​នៅ​ក្នុង​អណ្តូងរ៉ែ​បាន​ប៉ះពាល់​ខ្លាំង​ដល់​បរិស្ថាន។ ចំណែក​និតិវិធី​ទាញ​យក​លោហៈ​យុទ្ធសាស្រ្ត​ពី​ក្នុង​អណ្តូងរ៉ែ​ក៏​ត្រូវ​ប្រើ​ទឹក​ច្រើន​ដែរ។

សរុប​មក​វិញ កាណាដា​កំពុង​ក្លាយ​ជា​ទីតាំង​ដ៏​ទាក់ទាញ​ខ្លាំង​សម្រាប់​ក្រុមហ៊ុន​ផលិត​រថយន្ត និយាយ​ជា​រួម និង​ក្រុមហ៊ុន​ផលិត​អាគុយ​រថយន្ត​អគ្គិសនី និយាយ​ដោយ​ឡែក។ តើ​វា​ជា​ទំព័រ​ថ្មី​សម្រាប់​កាណាដា ឬ?។ មិនមែន​ត្រឹម​ជា​ទំព័រ​ថ្មី​ប៉ុណ្ណោះ​ទេ តែ​វា​ស្ទើរ​ជា​សៀវភៅ​ថ្មី​មួយ​ដែល​កាណាដា​កំពុង​សរសេរ​អំពី​វិស័យ​រថយន្ត​នៅ​កាណាដា នេះ​ជា​ការ​ថ្លែង​របស់​រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​កាណាដា​លោក François-Philippe Champagne

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ