អានតួអត្ថបទ
កាណាដា-រ៉ែ-ចិន

កាដាណា ហាមឃាត់​​​ក្រុមហ៊ុន​ចិន៣ មិនឲ្យ​​វិនិយោគ​ក្នុង​​ឧស្សាហកម្ម​​ជីក​រ៉ែកម្រ ក្រោម​ហេតុផល​​សន្តិសុខ​ជាតិ

កាណាដាទើបតែបានអនុម័តច្បាប់ថ្មី ដែល​រិតបន្តឹងការវិនិយោគ​ពីក្រុមហ៊ុន​បរទេស នៅ​ក្នុ​ងវិស័យយុទ្ធសាស្ត្រ ដែលពាក់ព័ន្ធដល់សន្តិសុខជាតិ​។ ដោយយោងតាមច្បាប់ថ្មីនេះ រដ្ឋាភិបាល​កាណាដា បានសម្រេចកាល​ពីថ្ងៃពុធ ទី​២វិច្ឆិកា​​ ម្សិលមិញ ដកអាជ្ញាបណ្ណ លែងឲ្យ​ក្រុមហ៊ុន​ចិនចំនួន​៣ក្រុមហ៊ុន​​ វិនិយោគនៅក្នុង​វិស័យឧស្សាហកម្មជីករ៉ែកម្រ នៅ​កាណាដា​។​

ដុំរ៉ែលីត្យ៉ូម ដែលគេត្រូវការបំផុត ដើម្បី​ផលិត​ថ្ម​​អគ្គិសនីគ្រប់ប្រភេទ។
ដុំរ៉ែលីត្យ៉ូម ដែលគេត្រូវការបំផុត ដើម្បី​ផលិត​ថ្ម​​អគ្គិសនីគ្រប់ប្រភេទ។ REUTERS - MARIANA BAZO
ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនចិនចំនួន​៣ ដែលត្រូវបោះបង់ការវិនិយោគនៅកាណាដា គឺមាន Sinomine Rare Metals Resources Co Ltd ក្រុមហ៊ុន​ Chengze Lithium International Limited និង​ក្រុមហ៊ុន Zangge Mining Investment Co Ltd។ នេះបើផ្អែក តាមលិខិតប្រកាស របស់រដ្ឋាភិបាល​កាណាដា ចេញផ្សាយ​កាលពីថ្ងៃ​ពុធ ទី​២វិច្ឆិកា។

លោក François-Philippe Champagne រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងឧស្សាហកម្ម​​កាណាដា បានបញ្ជាក់ថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីបាន​ឆ្លងកាត់​​ “ការ​​ពិនិត្យ​យ៉ាងជ្រៅជ្រះ”  ធ្វើឡើង​ដោយ​អង្គភាព​​កាណាដា ទទួលបន្ទុក​កិច្ចការសន្តិសុខជាតិ និង​ចារកិច្ច​។

លោករដ្ឋមន្ត្រីបានអះអាងថា កាណាដា នៅតែបើកទ្វារចំហរជានិច្ច ទទួល​ការបោះទុនវិនិយោគដោយផ្ទាល់ ពី​ក្រុមហ៊ុន​បរទេស។ ក៏ប៉ុន្តែកាណាដានឹងបង្កើនការប្រុងប្រយ័ត្នខ្ពស់ មិន​ធ្វេសប្រហែសឡើយ ប្រសិនបើការវិនិយោគនោះអាចបង្កជាការគំរាម ដល់សន្តិសុខជាតិ ក៏ដូចជា​ការ​ផ្គង់ផ្គង់វត្ថុធាតុដើមយុទ្ធសាស្ត្រសំខាន់ៗ ជាក់ស្តែងដូចជា​ ធនធានរ៉ែកម្រ ដែលសំខាន់មិនថាសម្រាប់កាណាដា និងសម្រាប់ពិភពលោក​។

សូមបញ្ជាក់ថា ការសម្រេច​ហាមឃាត់ក្រុមហ៊ុនចិនទាំង៣ លែងឲ្យ​វិនិយោគក្នុងវិស័យឧស្សាហកម្មរ៉ែកម្រនៅកាណាដានេះ គឺត្រូវបាន​ធ្វើ​ឡើង៥ថ្ងៃ បន្ទាប់ពីកាណាដា មានច្បាប់ថ្មីមួយ ដែលរិតបន្តឹងការវិនិយោគក្នុងវិស័យជីករ៉ែកម្រ​។ ចាប់ពីពេលនេះទៅ ការវិនិយោគរបស់​ក្រុមហ៊ុន​បរទេស នៅក្នុងវិស័យជីករ៉ែកម្រ គឺអាចត្រូវបាន​​អនុញ្ញាត តែនៅក្នុងករណីពិសេសតែប៉ុណ្ណោះ។

រដ្ឋាភិបាលកាណាដា បានចេញបញ្ជីរាយ​ឈ្មោះរ៉ែ ចំនួន៣១ប្រភេទ ដែលជាប្រភេទរ៉ែកម្រ ហើយ​មានសារៈសំខាន់ចាំបាច់ ស្ថិតក្នុង​វិសាលភាពនៃច្បាប់ថ្មីនេះ។ ក្នុងចំណោមនោះ មានដូចជា រ៉ែកូបាល់ត៍ រ៉ែលីត្យ៉ូម និ​ងម៉ង់កាណែស ជាដើម ដែលសុទ្ធតែជារ៉ែចាំបាច់ ប្រើក្នុង​ឧស្សាហកម្មផលិត​ផ្ទាំងសូឡា កង្ហារខ្យល់ផលិតរចន្តអគ្គិសនី និង​ថ្មសម្រាប់រថយន្តអគ្គិសនីជាដើម។

គួររំលឹកដែរថា ក្នុងរវាង​ប្រមាណ​ជា​២០ឆ្នាំចុងក្រោយនេះ ចិន ដែលជា​ប្រទេស​ផលិត កែច្នៃ​​រ៉ែកម្រ ​ធំជាងគេបង្អស់នោះ បាន​ចំណាយ​ប្រាក់ជាច្រើនពាន់លានដុល្លារ ដើម្បី​វិនិយោគនៅកាណាដា។ ជាការវិនិយោគដើម្បីធានា ការពារស្តុករ៉ែកម្ររបស់​​ចិន ឲ្យ​បានយូរអង្វែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ