អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីអ្នកជំនាញបារម្ភពីការអភិវឌ្ឍបញ្ញាសិប្បនិម្មិត?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងបរិបទ​នៃ​ការ​វិវឌ្ឍ​យ៉ាងលឿន​ទៅមុខ​នៃ​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត មាន​អ្នក​ជំនាញ​ជាច្រើន​បាន​បង្ហាញ​នូវ​ក្តីបារម្ភ ហើយ​បាន​​នាំគ្នា​ចេញ​ញត្តិ​មួយ កាលពីចុងខែមីនា​កន្លងទៅនេះ អំពាវនាវ​ឲ្យ​ផ្អាក​ជា​បណ្តោះអាសន្ន នូវការ​អភិវឌ្ឍ​បញ្ញាសិប្បនិម្មិត។ តើហេតុអ្វី​បាន​អ្នកជំនាញ​បារម្ភ​ជុំវិញ​បញ្ញាសិប្បនិម្មិត​ខ្លាំងបែបនេះ?

មនុស្ស និង​បញ្ញាសិប្បនិម្មិត នៅ​ក្នុង​ការតាំងពិព័រណ៍​មួយ នៅ​ក្នុង​ទីក្រុងឡុងដ៍ កាល​ពីថ្ងៃទី១៥ ឧសភា ២០១៩
មនុស្ស និង​បញ្ញាសិប្បនិម្មិត នៅ​ក្នុង​ការតាំងពិព័រណ៍​មួយ នៅ​ក្នុង​ទីក្រុងឡុងដ៍ កាល​ពីថ្ងៃទី១៥ ឧសភា ២០១៩ AP - Frank Augstein
ផ្សាយពាណិជ្ជកម្ម

នៅក្នុងចំណោម​អ្នកជំនាញ ដែល​ចុះហត្ថលេខា​លើ​ញត្តិ​ទាមទារ​ឲ្យ​ផ្អាក​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត ក៏រួមមាន​ផងដែរ Steve Wozniak ដៃគូស្ថាបនិក​ក្រុមហ៊ុន Apple ជាមួយ​ Steve Job និង Elon Musk

Elon Musk ដែល​បច្ចុប្បន្ន​ជា​ប្រធានក្រុមហ៊ុន SpaceX, Tesla និង Twitter គឺជា​អ្នក​បាន​ចូលរួមចំណែក​បង្កើត​ក្រុមហ៊ុន OpenAI កាលពីឆ្នាំ២០១៥ មុននឹង​លាឈប់​ពី​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ កាល​ពី​ឆ្នាំ២០១៨។ ក្រុមហ៊ុន OpenAI គឺ​ជា​ក្រុមហ៊ុន ដែល​បង្កើត​បញ្ញាសិប្បនិម្មិត ChatGPT ដែល​ជា​បច្ចេកវិទ្យា​កាន់តែ​ទំនើបខ្លាំងឡើង ហើយដែល​​កំពុងតែ​ធ្វើ​ឲ្យ​អ្នក​ជំនាញ​ព្រួយបារម្ភ។

នៅក្នុងលិខិតចំហ​ ចុះផ្សាយ កាល​ពីថ្ងៃទី២២មីនា អ្នកជំនាញ​បាន​លើកឡើង អំពី​ចំណុច​ចម្បង​បី ដែលអាច​ជា​បញ្ហា​ប្រឈម​គួរ​ឲ្យ​ព្រួយបារម្ភ។

ទីមួយ ផលប៉ះពាល់​ដល់​ទីផ្សារ​ការងារ ដោយសារ​តែ​ការងារ​របស់​មនុស្ស​កាន់តែច្រើន​អាច​នឹង​ត្រូវធ្វើ​ជំនួស​ដោយ​បញ្ញាសិប្បនិម្មិត។

ទីពីរ ការរីកដុះដាល​នៃ​ព័ត៌មាន​មិនពិត ឬ​ព័ត៌មាន​បំភ្លៃ ដែល​ពីមួយថ្ងៃទៅមួយថ្ងៃ​នឹង​កើតមាន​កាន់តែច្រើន ហើយ​ជាពិសេស​ជាងនេះ​ទៅទៀត ភាពទំនើប​នៃ​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត វា​អាច​នឹង​ធ្វើ​ឲ្យ​យើង​កាន់តែ​ពិបាក​នឹង​​បែងចែក​រវាង​ មួយណា​ជា​ព័ត៌មាន​​ពិត មួយណាមិនពិត ដែល​អាច​បង្កើត​ជា​ភាពវឹកវរ​នៅ​ក្នុង​សង្គម ក៏ដូចជា ប៉ះពាល់​ទៅដល់​លទ្ធិ​ប្រជាធិបតេយ្យ។

ទីបី គឺទាក់ទង​ទៅនឹង​ជោគវាសនា​របស់​មនុស្សជាតិ​យើង នៅ​ក្នុងរយៈពេល​វែង​ទៅថ្ងៃ​អនាគត ដោយ​នៅ​ក្នុង​លិខិត​ចំហ គេ​បាន​ចោទ​ជា​សំណួរ​ថា តើ​យើង​គួរ​បណ្តោយ​ឲ្យ​បន្ត​អភិវឌ្ឍ​បញ្ញាសិប្បនិម្មិត​កាន់តែ​ជឿនលឿន ដែល​ថ្ងៃណា​មួយ​អាច​មាន​បញ្ញា​ខ្ពស់​​រហូត​អាច​ប្រកួតប្រជែង​ជាមួយ​មនុស្ស ឬ​ក៏​ឆ្លាត​ជាងមនុស្ស មាន​ចំនួន​ច្រើន​ជាង​មនុស្ស ហើយ​អាច​ជំនួស​មនុស្ស​យើង​ឬ​ក៏​យ៉ាងណា? តើ​យើង​គួរ​ទុក​បណ្តោយ​ឲ្យ​ជោគវាសនា​អនាគត​មនុស្សជាតិ​យើងទាំងមូល​ត្រូវ​ស្ថិត​ក្នុងដៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត​ឬ​ក៏យ៉ាងណា?

តាមការពិត​ទៅ អ្នក​ជំនាញ​ដែល​ចុះហត្ថលេខា​លើ​លិខិត​ចំហ​នេះ មិនបាន​ជំទាស់​ទាំងស្រុង​ទៅនឹង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​នោះទេ ដោយ​គ្រាន់តែ​ទាមទារ​ឲ្យ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​នេះ​ត្រូវ​ធ្វើឡើង ដោយ​មាន​ការ​ត្រួតពិនិត្យ​ត្រឹមត្រូវ ដើម្បីធានា​ថា បច្ចេកវិទ្យា​នេះ​នឹង​មិន​បង្ក​នូវ​គ្រោះថ្នាក់​ដល់​មនុស្សជាតិ​យើង​។

បញ្ហា​ចោទ គឺនៅត្រង់​ថា ក្នុងពេល​បច្ចុប្បន្ន​នេះ បញ្ហា​សិប្បនិម្មិត​ នៅ​មិនទាន់​មាន​វិធាន​គ្រប់គ្រង​ម៉ត់ចត់ និង​ជាលក្ខណៈ​ទូទៅនៅឡើយ ហើយ​​នៅ​ក្នុង​អំឡុង​ពេលនេះ ក្រុមហ៊ុន​ឯកជន​​កំពុងតែ​ប្រណាំងប្រជែងគ្នា​បង្កើតបញ្ញាសិប្បនិម្មិត ប្រៀបបាន​នឹង​ការប្រណាំងប្រជែង​សព្វាវុធ រវាង​រដ្ឋ និង​រដ្ឋ​ដូច្នោះដែរ ពោលគឺ ក្រុមហ៊ុន​នីមួយៗ ព្យាយាម​បង្កើត​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត​ឲ្យ​កាន់តែ​ទំនើបឡើង ដើម្បី​ប្រជែង​យក​ឈ្នះ​គូប្រជែង ក្នុងគោលដៅ ដណ្តើម​ចំណែក​ទីផ្សារ​រៀងៗខ្លួន។

ជាក់ស្តែង គេឃើញ​ថា ភ្លាមៗក្រោយ​ពី​ក្រុមហ៊ុន Microsoft ប្រកាស​ដាក់​ដំណើរការ ChatGPT នៅ​ក្នុង​ប្រព័ន្ធ​របស់​ខ្លួន ក្រុមហ៊ុន Google ដែល​ជា​គូប្រជែង​ក៏​បាន​ប្រកាសភ្លាមៗ​ថា នឹង​រៀបចំ​ដាក់​ឲ្យ​ដំណើរការ​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត​របស់​ខ្លួន​មួយដែរ គឺ Bard ដើម្បី​ប្រជែង​ជាមួយ​នឹង ChatGPT។ ត្រឹមតែ​ប៉ុន្មានខែក្រោយ​មកទៀត ChatGPT ក៏ស្រាប់តែ​ប្រកាស​ចេញ​បច្ចេកវិទ្យា​ថ្មី​មួយបន្ថែម​ទៀត គឺ ChatGPT-4

ChatGPT-4 ជា​បញ្ញាសិប្បនិម្មិត​ដែល​ជឿនលឿនខ្លាំង ដែល​អ្នក​ជំនាញ​ឯករាជ​បាន​វាយតម្លៃ​ថា វា​អាច​ជា​ចំណុច​ចាប់ផ្តើម​មួយ ឈាន​ទៅរកបច្ចេកវិទ្យា AGI Artificial General Intelligence ពោលគឺ​ជា​ប្រភេទ​បញ្ញាសិប្បនិម្មិត ដែល​មាន​បញ្ញា​ស្មើ​នឹង​មនុស្សយើង ហើយ​អាច​ប្រកួតប្រជែង​ជាមួយ​នឹង​មនុស្ស​យើងបាន។

ភាពជឿនលឿនខ្លាំង​នៃ​បច្ចេកវិទ្យា ChatGPT-4 ព្រមទាំង​ល្បឿន​នៃ​ការ​អភិវឌ្ឍ​ដ៏​ឆាប់​រហ័ស​របស់​វានេះហើយ ដែល​ធ្វើ​ឲ្យ​អ្នក​ជំនាញ​ព្រួយបារម្ភ ហើយ​អំពាវនាវ​ឲ្យ​គ្រប់ក្រុមហ៊ុន​បច្ចេកវិទ្យា​​ទាំងអស់ ​ផ្អាក​ជាបណ្តោះអាសន្ន សម្រាប់​រយៈពេល ៦ខែ រាល់​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ថ្មី ដែល​មាន​កម្រិត​ជឿនលឿន​លើស​ពី ChatGPT-4

និយាយ​ឲ្យចំ អ្នក​ជំនាញ​មិនទាមទារ​ឲ្យ​ផ្អាក​ការអភិវឌ្ឍ​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត​ទាំងស្រុង​នោះទេ ក៏ប៉ុន្តែ គ្រាន់តែ​ទាមទារ​ឲ្យ​ផ្អាក​ការ​ប្រណាំងប្រជែងគ្នា បង្កើត​បញ្ញាសិប្បនិម្មិត​កាន់តែ​ទំនើប​ជាង​ពេល​បច្ចុប្បន្ន នៅមុនពេល​ដែល​គេ​អាច​បង្កើត​នូវ​វិធាន​គ្រប់គ្រង​បញ្ញាសិប្បនិម្មិត ដើម្បី​ធានា​ថា ការអភិវឌ្ឍ​បច្ចេកវិទ្យា​នេះ​ត្រូវ​ធ្វើឡើង​ប្រកប​ដោយ​តម្លាភាព និង​សុវត្ថិភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ