អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អ្វីទៅ​ជា​ហេតុផល នៅពីក្រោយវត្តមានអន្តរាគមន៍របស់ចិន ក្នុងសំណុំរឿងសង្គ្រាម​អ៊ុយក្រែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្មីៗ​នេះ ចិន​បានបង្ហាញវត្តមានកាន់តែច្បាស់ ដើម្បីចង់ចូលខ្លួនដោះស្រាយ​វិបត្តិសង្គ្រាមនៅអ៊ុយក្រែន​។ បន្ទាប់ពីត្រូវបាន​ក្រុម​ប្រទេសលោកខាងលិច ចោទថាមានទំនោរគាំទ្ររុស្ស៊ី នៅ​ទីបំផុត​​ទៅ លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង បាន​សន្ទនាតាមទូរស័ព្ទជាលើកទី១ ជាមួយ​លោក​ប្រធានាធិបតី​អ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី​ កាលពីថ្ងៃទី​២៦មេសាកន្លងទៅ។ ការសន្ទនាដែលថ្នាក់ដឹកនាំទាំងពីរ អះអាងថាបាន​ផ្តោតទៅលើការពង្រឹងទំនាក់ទំនងទ្វេរភាគី និងជាពិសេសនោះ គឺការប្រឹងប្រែងឈានទៅរៀបចំការ​ចរចាសន្តិភាព​។ តើចិន ពិតជាអាចជួយនាំសន្តិភាពមកឲ្យ​អ៊ុយក្រែនដែរឬទេ? ហើយអ្វីទៅជា​ហេតុផល ដែលញ៉ាំងឲ្យចិន ចូលខ្លួន​មកអន្តរាគមន៍​ដោះស្រាយ​វិបត្តិនេះ​ ក្នុងពេលនេះ?

រូបភាពកាត់ត ពីឆ្វេងទៅស្តាំ៖ លោ​ក​ហ្សេឡេនស្គី លោក​ស៊ីជីនពីង លោកពូទីន
រូបភាពកាត់ត ពីឆ្វេងទៅស្តាំ៖ លោ​ក​ហ្សេឡេនស្គី លោក​ស៊ីជីនពីង លោកពូទីន AFP - GENYA SAVILOV,VLADIMIR ASTAPKOVICH,GAVRIIL GRIGOROV
ផ្សាយពាណិជ្ជកម្ម

ជាច្រើនខែមកហើយ ដែលលោក​ហ្សេឡេនស្គី បានព្យាយាម​សុំនិយាយជាមួយ​លោកស៊ី ជីនពីង ទាក់ទិននឹងបញ្ហាសង្គ្រាម ដែលរុស្ស៊ីបានដុតបញ្ឆេះឡើងនៅលើទឹកដីអ៊ុយក្រែន។ មិនត្រឹមតែមិនបាន​ឆ្លើយតបនឹងសំណើររបស់ភាគីអ៊ុយក្រែន លោកស៊ី ជីនពីងបានទាំងទៅធ្វើទស្សនកិច្ច​នៅទីក្រុងម៉ូស្គូ ដែលធ្វើ​ឲ្យ​សម្ព័ន្ធមិត្តលោកខាងលិច កាន់តែច្បាស់ក្នុងចិត្ត ថាចិនមានទំនោរកាន់ជើងរុស្ស៊ី​។

ទីបំផុត កាលពីថ្ងៃទី​២៦មេសា លោកស៊ី ជីនពីង និង​លោកហ្សេឡេនស្គី បាននិយាយគ្នាតាមទូរស័ព្ទ អស់រយៈពេល​ប្រមាណ​១ម៉ោង។ ជាការសន្ទនាដែលភាគីចិនអះអាងថា គឺភាគីអ៊ុយក្រែនជាអ្នកបានស្នើមក។ លោក​ប្រធានាធិបតីចិន បាន​ប្រកាសគោលជំហរ ចង់ចូលរួមធ្វើជាអាជ្ញាកណ្តាល ដើម្បី​នាំភាគីជម្លោះទាំង២ រុស្ស៊ី និង អ៊ុយក្រែន ចូលតុចរចា ដើម្បី​កសាងសន្តិភាព​។ តែយ៉ាងណា អ្នកជំនាញ​ខ្លះ បានសំដែង​ការមិនទុកចិត្តទេ ចំពោះតួនាទីអាជ្ញាកណ្តាល​របស់ចិននេះ​។

នៅក្នុង​សន្និសីតពិភាក្សា​មួយ​ រៀបចំដោយ​វិទ្យាស្ថាន Carnegie Endowment for Peace លោក Chan Heng Chee ​អ្នកជំនាញចិន​ បាន​លើកឡើងថា​ បើលោក​ស៊ី ជីនពីង មានវត្តមានចេញមុខចង់ឲ្យ​មានការចរចាសន្តិភាពនៅពេលនេះ ក៏ព្រោះតែលោកពូទីនជាអ្នក​ដែល​បាន​ប្រាប់លោកស៊ី ជីនពីង​​ ថារុស្ស៊ី​បានត្រៀមខ្លួនសុខចិត្តចរចាហើយ​។

លោក Can Kasapoglu អ្នកជំនាញនៅ​ Hudson Institute បាន​លើកឡើងថា ធាតុពិត​អ៊ុយក្រែន​ខ្លួន​ឯង ក៏កំពុងតែព្យាយាម​រកសន្ទុះថ្មី​ដែរ ទាំងផ្នែកនយោបាយ និងនៅលើសមរភូមិប្រយុទ្ធ។ អ៊ុយក្រែនអាចទប់បានរាល់ថ្ងៃនេះ គឺដោយសារជំនួយសព្វាវុធរបស់​ក្រុមប្រទេសសម្ព័ន្ធមិត្តលោកខាងលិច សឹងទាំងស្រុង។ ក៏ប៉ុន្តែពេលវេលាកាន់តែដើរទៅមុខ ចរន្តគំនិត​គាំទ្រអ៊ុយក្រែន ពីបណ្តាប្រទេសលោកខាងលិច ហាក់បាន​ចុះថយ​ម្តងបន្តិចៗ ដោយសារតែសង្គ្រាមនេះអូសបន្លាយ ធ្វើបាបសេដ្ឋកិច្ច និង​ជីវភាព​។

ជាក់ស្តែងនៅសហរដ្ឋអាមេរិក យោងតាមការស្ទាបស្ទង់មតិធ្វើឡើងដោយ Pew Research Center កាលពីខែ​មីនាឆ្នាំ​២០២២ គឺមានប្រជាជនអាមេរិក​ចំនួន​៧%ដែលគិតថា​អាមេរិក​ចំណាយ​ប្រាក់ច្រើនជ្រុលហើយ​ទៅលើអ៊ុយក្រែន​ តែនៅខែមករា២០២៣​ តួលេខបាន​កើនដល់​២៦%។ យោងតាមការវិភាគរបស់​លោកស្រី Marlène Laruelle សាស្ត្រាចារ្យនៅ​សកលវិទ្យាល័យ Gorge Washington គឺចំនួន​មតិសាធារណៈជនដែលគាំទ្រឲ្យ​អ៊ុយក្រែនប្រឹងប្រយុទ្ធ​ នឹងកាន់តែថយចុះថែមទៀត ក្នុងរវាង​ប៉ុន្មានខែខាងមុខនេះ មិនថា​នៅសមរភូមិ អ៊ុយ​ក្រែនបានជោគជ័យ ឬបរាជ័យ​ប៉ុណ្ណានោះទេ។​ ផ្ទុយទៅវិញ សំឡេង​អំពាវនាវហៅឲ្យដាក់អាវុធ ហើយងាកមកចរចាសន្តិភាព នឹងកាន់តែផុសផុលឡើង។​

គួររំលឹកថា ផែនការសន្តិភាពដែលចិន​បានស្នើកាលពីចុងខែកុម្ភៈ គឺមាន​១២ចំណុច។ ហើយផ្អែកតាម​លោក Jean François Di Meglio អ្នកវិភាគបារាំងប្រចាំនៅតៃវ៉ាន់ គឺអ្វីដែល​លោក​ស៊ី ជីនពីង បានស្នើទៅកាន់​លោក​ហ្សេឡេនស្គីថ្មីៗនេះ មានខ្លឹមសារមិនខុសគ្នាប៉ុន្មានទេ​។ ដោយឡែក លោក Bertrand Badie សាស្ត្រាចារ្យ​នៅសាលា Science Po Paris បានលើកឡើងថា មានចំណុច​២​សំខាន់៖ ទីមួយ​គឺគោល​ការ​ណ៍បូរណភាព​ដែនដី ដែលចំណុចនេះគឺសំខាន់់ខ្លាំងណាស់សម្រាប់ភាគីអ៊ុយក្រែន ហើយទី២ គឺ​គោលការ​ណ៍​សន្តិសុខរួម ដែលនឹងអាចផ្តល់ច្រកចេញ​ ដោយ​មិនបាក់​មុខ​ឲ្យទៅ​ភាគីរុស្ស៊ី​។

តែយ៉ាងណាក៏ដោយ គោលការណ៍​​បូរណភាពដែលដី គឺជាបញ្ហាចម្រូងចម្រាស ចាក់ស្រែសខ្លាំងណាស់​ ជាពិសេសពាក់ព័ន្ធនឹងតំបន់គ្រីម៉េ។ លោក​ប្រធានាធិបតីអ៊ុយក្រែនអះអាងសារជាថ្មី បន្ទាប់ពីនិយាយទូរស័ព្ទជាមួយលោកស៊ី ជីនពីង ថា​ « វានឹងគ្មានសន្តិភាពជាដរាបយូរអង្វែងទេ ដរាបណារុស្ស៊ីមិនដកថយចេញទាំងស្រុងពីទឹកដីអ៊ុយក្រែន ដោយរាប់ទាំងតំបន់គ្រីម៉េផង។ មានន័យថា ទាក់ទិននឹង​ គោលការណ៍​បូរណភាពដែនដី គឺផ្លូវចរចាសឹងតែគ្មានសោះតែម្តង។ សេតវិមានអាមេរិក ធ្លាប់បានបញ្ជាក់ថា រឿងចរចាសន្តិភាព គឺលោកហ្សេឡេនស្គីជាអ្នកសម្រេច ថាត្រូវធ្វើពេលណានោះ គឺពេលដែលអ៊ុយក្រែនគិតថាខ្លួនអាចមានប្រៀប​នៅក្នុងតុចរចា។ បើចរចាពេលនេះ ទាំងដែលតំបន់ដុនបាស តំបន់គ្រីម៉េ និងដែនដីមួយចំនួនទៀត ស្ថិតក្នុងដៃរុស្ស៊ីនោះ គឺលោកហ្សេឡេនស្គីមិនចរចាជាដាច់ខាត។

តែចង់មិនចង់ ពេលនេះ ចិន​កំពុងតែបោះជំហានមានវត្តមាន​ ចូលរួមប្រើប្រាស់​វិស័យការទូត ដើម្បីដោះស្រាយវិបត្តិ។ គឺជាបន្ទាត់យុទ្ធសាស្ត្ររបស់ចិន ដែលចង់​ចូលរួមចាត់ចែងកិច្ចការពិភពលោក​ឲ្យ​បានកាន់តែសកម្ម ក្នុងនាមចិនជាមហាអំណាច ប្រជែងជាមួយអាមេរិក។ តាមរយៈយុទ្ធសាស្ត្រនេះ ចិន​ចង់ប្រាប់ពិភពលោកថា អាមេរិកមិនមែនជាមហាអំណាចដឹកនាំពិភពលោក​តែម្នាក់ឯងនោះទេ។ ជាងនេះទៀត នៅក្នុងវិបត្តិអ៊ុយក្រែន ចិនចង់ប្រាប់ពិភពលោកថា​ អ្វីដែលអាមេរិកនិងសម្ព័ន្ធមិត្តលោកខាងលិចកំពុងតែធ្វើ គឺវាមិនមែនជាការដោះស្រាយបញ្ហាទេ តែគឺជាការបញ្ឆេះបញ្ហា​ឲ្យ​កាន់ក្តៅរោល តាមរយៈការ​ផ្តល់អាវុធទៅឲ្យ​អ៊ុយក្រែន។ ផ្ទុយទៅវិញគឺចិនទេ ដែលមាន​ហេតុផលត្រឹមត្រូវ​ ចេញមុខដោះស្រាយ​នាំភាគីជម្លោះទាំង២ អ៊ុយក្រែននិងរុស្ស៊ី ឲ្យចូលតុចរចា​សន្តិភាព​។ នេះបើផ្អែកតាមការវិភាគ របស់​លោក Jean François Di Meglio។

គួររំលឹកថា ចិនបានជួយសម្របសម្រួល ផ្សះផ្សារអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌិត។ ហើយថ្មីៗនេះ រដ្ឋាភិបាលចិន​បាន​បង្ហើប​ឲ្យដឹង ថាខ្លួន​ចង់ចូលរួម​សម្របសម្រួលផែនការសន្តិភាព រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនថែមទៀតផង​។ ដូច្នេះ ប្រសិនបើចិនអាចនាំសន្តិភាព​ឲ្យ​អ៊ុយក្រែនមែននោះ គឺវានឹង​កាន់តែពង្រឹងមុខមាត់ និងតួនាទីរបស់ចិន ក្នុងនាមជាមហាអំណាច​ដ៏ធំ។ ជា​​មហា​អំណាច​ដែលអាចដោះស្រាយបញ្ហាបាន ខុសពីអាមេរិកដែល​ដើរ​បង្កតែបញ្ហា​។ បន្ថែមពីនេះ លោក Jean François Di Meglio បាន​លើកឡើងថា ប្រសិន​បើចិនជោគជ័យ​ក្នុងរឿងអ៊ុយក្រែនមែននោះ នោះវានឹងផ្តល់​កម្លាំងយ៉ាងជឿជាក់​ទៅឲ្យចិន នៅក្នុងសំណុំរឿងកោះតៃវ៉ាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ