អានតួអត្ថបទ
ចិន-សង្គ្រាមអ៊ុយក្រែន

អន្តរាគមន៍ចិនចង់ដោះស្រាយ​សង្គ្រាមនៅអ៊ុយក្រែន គឺជាការឆក់ឱកាសដើម្បីស្តីបន្ទោស​សម្ព័ន្ធមិត្តលោកខាងលិច

អស់រយៈពេលជាច្រើនខែមកហើយ ដែលលោកហ្សេឡេនស្គី បានស្នើសុំចង់និយាយជាមួយលោកស៊ី ជីនពីង តែទើបតែកាលពីថ្ងៃពុធទី​២៦មេសាប៉ុណ្ណោះ ដែល​លោកស៊ី ជីនពីង និង​លោក​ហ្សេឡេនស្គី បានជួបនិយាយគ្នាតាមទូរស័ព្ទជាលើកទី១ បន្ទាប់ពីសង្គ្រាមនៅអ៊ុយក្រែន​បានផ្ទុះឡើង។ ចិន​​បាន​បង្ហាញ​នូវផែនការសន្តិភាពរបស់ខ្លួន ដែលមាន​១២ចំណុច កាលពីខែកុម្ភៈ ហើយ​ពេលនេះចិនហាក់ដូចជាចង់ចេញមុខកាន់តែខ្លាំងឡើង ដើម្បី​ចូលរួមដោះស្រាយ​វិបត្តិសង្គ្រាមនេះ។

លោកស៊ី ជីនពីង និងលោកពូទីន ក្នុងពេលជួបគ្នានៅមូស្គូ ថ្ងៃទី ២១ មីនា ២០២៣។ ប្រធានាធិបតីទាំង២ បានប្រកាសថា មិត្តភាពរវាងចិននិងរុស្ស៊ី ជាមិត្តភាពអមតៈ គ្មានទីបំផុត។
លោកស៊ី ជីនពីង និងលោកពូទីន ក្នុងពេលជួបគ្នានៅមូស្គូ ថ្ងៃទី ២១ មីនា ២០២៣។ ប្រធានាធិបតីទាំង២ បានប្រកាសថា មិត្តភាពរវាងចិននិងរុស្ស៊ី ជាមិត្តភាពអមតៈ គ្មានទីបំផុត។ AP - Sergei Karpukhin
ផ្សាយពាណិជ្ជកម្ម

តែយ៉ាងណា យោងតាមការវិភាគរបស់​លោក អង់ទ័ន បុងដាហ្ស (Antoine Bondaz) អ្នកជំនាញចិន នៅមូលនិធិ​ដើម្បី​ការ​ស្រាវជ្រាវយុទ្ធសាស្ត្រ Fondation pour la Recherche stratégique បាន​លើកឡើងថា គេ​មិនត្រូវដាក់ការសង្ឃឹមជ្រុលពេកនោះទេ ទៅលើវត្តមានរបស់ចិន នៅក្នុងសំណុំរឿងអ៊ុយក្រែន ព្រោះថាធាតុពិត គឺ​ចិនកំពុងតែឆក់ឱកាសយកមុខសាងកេរ្តិ៍ឈ្មោះ ហើយចេញមុខវាយត្បកក្រុមប្រទេសលោកខាងលិច ដែលមានអាមេរិក​ជា​មេដឹកនាំ។

01:15

សម្រង់បទវិភាគរបស់​លោក Antoine Bondaz ដែល​បាន​ផ្តល់​បទសម្ភាសន៍​ឲ្យ​RFI នៅថ្ងៃទី២៦មេសា២០២៣

"គោលជំហររបស់ចិន បើយើងពិនិត្យឲ្យ​ច្បាស់ទៅ គឺចិន​ចង់ចេញមុខមករិះគន់សហរដ្ឋអាមេរិក និង​ក្រុមសម្ព័ន្ធមិត្តលោកខាងលិចទាំងមូល។ គឺអាមេរិកនិងសម្ព័ន្ធមិត្តលោកខាងលិច ដែលចិនចង់ចង្អុរមុខថាជាអ្នកយកប្រេងទៅជះលើភ្លើង តាមរយៈការនាំគ្នា​ប្រគល់​អាវុធទៅឲ្យ​អ៊ុយក្រែន​។ សម្រាប់ចិន អ្នកដែល​ជាមេបង្កររឿង បង្កអស្ថិរភាព គឺអាមេរិក ព្រោះអាមេរិកបាន​បដិសេធមិន​ចរចាសន្តិភាព​។

ដូច្នេះពេលនេះយើងឃើញថា ចិនចង់​ផ្ញើសារប្រាប់ទៅប្រទេសមួយចំនួន ​ដែលមិនមែន​ជាសម្ព័ន្ធមិត្តលោកខាងលិច ដើម្បីប្រាប់ថា មានតែខ្លួនទេ ដែលជា​មហាអំណាចដែល​មានការទទួលខុសត្រូវ។ ចិន​នឹងប្រើហេតុផលទាំងអស់នេះ យកធ្វើជាអំណះអំណាងរបស់ខ្លួន ដើម្បីប្រាប់ពិភពលោកថា ចិនជាអ្នកគាំទ្រសន្តិភាព​ មិនគាំទ្រការធ្វើសង្គ្រាម។​

សម្រាប់ពេលនេះ យើងទទួលស្គាល់ ថាចិនមិនបានជួយ​ផ្នែកគ្រឿងសព្វាវុធទៅឲ្យរុស្ស៊ី​មែន ក៏ប៉ុន្តែ​ធាតុពិតទៅ ក្នុងការពិតជាក់ស្តែង គោលជំហរចិន គ្មានអ្វីដែល​ស្រពិចស្រពិលនោះទេ។ គឺ​ចិន បាន​ជួយ​រុស្ស៊ី​ដោយ​ប្រយោលរួចទៅហើយនៅក្នុងការធ្វើសង្គ្រាមនេះ​ ទាំងផ្នែកការទូត​ នយោបាយ និងសេដ្ឋកិច្ច​៕"

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ