អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីបានជាបស្ចិមលោកពិបាកដើរតាមផ្លូវរបស់សម្ព័ន្ធអារ៉ាប់ក្នុងការភ្ជាប់ទំនាក់ទំនងប្រក្រតីជាមួយស៊ីរីឡើងវិញ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សម្ព័ន្ធអារ៉ាប់​បាន​រៀបចំ​កិច្ចប្រជុំកំពូល​ក្នុង​ទីក្រុង​ជេដា ប្រទេស​អារ៉ាប៊ីសាអូឌីត​កាល​ពី​ថ្ងៃ​សុក្រ ទី១៩ ឧសភា។ ព្រឹត្តិការណ៍​លេចធ្លោ​ខ្លាំង​នៅ​ក្នុង​កិច្ចប្រជុំកំពូល​លើក​នេះ គឺ​ការ​វិលត្រឡប់​ចូល​សម្ព័ន្ធអារ៉ាប់​ជា​ថ្មី​របស់​ប្រទេស​ស៊ីរី​ក្នុង​នាម​ជា​សមាជិក បន្ទាប់​ពី​បាន​វត្តមាន​អស់​រយៈពេល ១២ឆ្នាំ។ នៅ​ចំពោះ​មុខ​ការ​វិលត្រឡប់​របស់​ស៊ីរី​ទៅ​រួមរស់​ជាមួយ​គ្រួសារ​អារ៉ាប់​ឡើង​វិញ​ពេល​នេះ តើ​បស្ចិមលោក​យល់​ឃើញ​យ៉ាង​ណា និង​ថា ហេតុអ្វី​បាន​ជា​បស្ចិមលោក​ពិបាក​ដើរ​តាម​ផ្លូវ​របស់​សម្ព័ន្ធអារ៉ាប់​ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​ជាមួយ​ស៊ីរី​ឡើង​វិញ?។

កិច្ចប្រជុំកំពូល​របស់​សម្ព័ន្ធអារ៉ាប់ក្នុង​ទីក្រុង​ជេដា ប្រទេស​អារ៉ាប៊ីសាអូឌីត ថ្ងៃទី១៩ ឧសភា ២០២៣។
កិច្ចប្រជុំកំពូល​របស់​សម្ព័ន្ធអារ៉ាប់ក្នុង​ទីក្រុង​ជេដា ប្រទេស​អារ៉ាប៊ីសាអូឌីត ថ្ងៃទី១៩ ឧសភា ២០២៣។ via REUTERS - SAUDI ROYAL COURT
ផ្សាយពាណិជ្ជកម្ម

១២ឆ្នាំ​ក្រោយ​មក ស៊ីរី​បាន​រក​ឃើញ​ឡើង​វិញ​នូវ​កន្លែង​របស់​ខ្លួន​នៅ​ក្នុង​សម្ព័ន្ធអារ៉ាប់ ហើយ ១២ឆ្នាំ​ក្រោយ​មក ប្រធានាធិបតី​ស៊ីរី​លោក​អាសាដ​បាន​ទទួល​ជា​ថ្មី​នូវ​កៅអី​របស់​ខ្លួន​នៅ​ក្នុង​ក្រុម​គ្រួសារអារ៉ាប់​មួយ​នេះ។ គួរ​រម្លឹក​ថា​កាល​ពី ១២ឆ្នាំ​មុន ពោល​នៅ​ពេល​ស៊ីរី​ធ្លាក់​ក្នុង​សង្រ្គាម​ហែកហួរ​ផ្ទែក្នុង លោក​អាសាដ​បាន​ប្រើ​កម្លាំង​វាយបង្រ្កាប​ក្រុមប្រឆាំង​យ៉ាង​ហិង្សា។ កាល​ណោះ សហគមន៍អន្តរជាតិ និង​សម្ព័ន្ធអារ៉ាប់​បាន​អំពាវនាវ​ឲ្យ​លោក​អាសាដ​បញ្ឈប់​ការ​បង្ហូរឈាម​របស់​ពលរដ្ឋ​ខ្លួន​ឯង។ តែ​ការ​អំពាវនាវ​នេះ​មិន​ត្រូវ​បាន​លោក​អាសាដ​យក​ត្រចៀក​ស្តាប់​ទេ។ ទីបំផុត​កាល​ណោះ បស្ចិមលោក​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ដាក់​ឲ្យ​ស៊ីរី​នៅ​ឯកោ​ផ្លូវទូត។

ចំណែក​សម្ព័ន្ធអារ៉ាប់​ក៏​បាន​ដាក់​ទណ្ឌកម្ម​ដូច​គ្នា និង​បាន​ព្យួរ​សមាជិកភាព​របស់​ស៊ីរី​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០១១។ ១២ឆ្នាំ​ក្រោយ​មក ស៊ីរី​បាន​និង​កំពុង​បន្ត​ផុងជើង​នៅ​ក្នុង​សង្រ្គាមស៊ីវិល​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជា​ច្រើន​ពាន់​នាក់ និង​មាន​ពលរដ្ឋ​ពាក់កណ្តាល​ក្នុង​ចំណោម​ពលរដ្ឋ​សរុប ២២លាននាក់​បាន​ភៀសខ្លួន​ចេញ​ក្រៅ​ប្រទេស ឬ​មួយ​ក៏​បម្លាស់ទីក្នុង​ស្រុក។ ចំណែក​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស​បាន​រងការ​ខូចខាត និង​ខ្ទេចខ្ទីរ​សឹង​ទាំងស្រុង។ តែ​នៅ​ក្នុង​កិច្ចប្រជុំកំពូល​រៀបចំ​ក្នុង​ក្រុង​ជេដា ប្រទេស​អារ៉ាប៊ីសាអូឌីត សម្ព័ន្ធអារ៉ាប់ និង​ក្រុម​ប្រទេសអារ៉ាប់​ខ្លះ​បាន​មើល​មិន​ឃើញ ឬ​ធ្វើ​ជា​មើល​មិន​ឃើញ​នូវ​ទំព័រ​ខ្មៅងងឹត​នៅ​ស៊ីរី ពិសេស​ទុក្ខលំបាកវេទនា​របស់​ប្រជាជន​ក្នុង​រយៈពេល ១២ឆ្នាំ​កន្លង​ទៅ។

នេះ​ពិត​ជា​រឿង​អយុត្តិធម៌​ខ្លាំង​ណាស់​សម្រាប់​ប្រជាជន​ស៊ីរី​ទូទៅ ពិសេស​ក្រុម​អ្នកប្រឆាំង​នឹង​រដ្ឋាភិបាល​ស៊ីរី​ដែល​ចង់​បាន​ការ​ផ្លាស់ប្តូរ និង​ការ​ដួលរលំ​របប​ផ្តាច់ការ​របស់​លោក​អាសាដ។ តាម​ពិត ឥស្សរជន​ដែល​នៅ​ពី​ក្រោយ​វិលត្រឡប់​ជា​ថ្មី​របស់​ស៊ីរី​ទៅ​ក្នុង​សម្ព័ន្ធអារ៉ាប់​ពេល​នេះ គឺ​រាជទាយាទ​អាប៊ីសាអូឌីត​បេន សាលម៉ាន។ កម្មវត្ថុ​របស់​មនុស្សខ្លាំង​អារ៉ាប៊ីសាអូឌីត​អង្គ​នេះ គឺ​រៀបចំ​សណ្តាប់ធ្នាប់​តំបន់​មជ្ឈិមបូព៌ា​ឡើង​វិញ ហើយ​ការ​រួបរួម​ជាមួយ​រដ្ឋាភិបាល​ស៊ីរី​របស់​លោក​អាសាដ​ជា​ថ្មី គឺ​ជា​ចំណែក​មួយ​ចាំ​បាច់​មិន​អាច​ខ្វះ​បាន។ ព្រះអង្គម្ចាស់​បេន សាលម៉ាន​យល់​មិន​ច្រឡំ​ទេ​ថា តំបន់​មជ្ឈិមបូព៌ា​កំពុង​មាន​ស្ថានការណ៍​រញ៉េរញ៉ៃ និង​ពោរពេញ​ដោយ​ជម្លោះ​ប្រដាប់អាវុធ​ច្រំដែល​រាប់​មិន​អស់។

តែ​អ្វី​ដែល​ព្រះអង្គម្ចាស់​បេន សាលម៉ាន​កំពុង​មើល​រំលង ឬ​ធ្វើ​ជា​មើល​រំលង​នោះ​គឺ​ថា លោក​អាសាដ​កំពុង​បន្ត​ដឹកនាំ​ប្រទេស​តាម​បែប​ផ្តាច់ការ​ដោយ​បង្រ្កាប​លើ​ពលរដ្ឋ​ខ្លួន​ឯង​មិន​រើស​មុខ។ ចុះ​សម្រាប់​ក្រុម​ប្រទេស​លោកខាងលិច​វិញ តើ​ពួក​គេ​យល់​ឃើញ​យ៉ាង​ម៉េច​ចំពោះ​កាយវិការ​របស់​ព្រះអង្គម្ចាស់​បេន សាលម៉ាន​ពេល​នេះ?។ គ្មាន​វាចា​អ្វី​ទាំង​អស់ ជា​កាយវិការ​ត្រឹមត្រូវ​មិន​និយាយ ហើយ​ជា​កាយវិការ​មិន​ត្រឹមត្រូវ​ក៏​មិន​និយាយ​ដែរ។ ជម្រើស​របស់​បស្ចិមប្រទេស​ហាក់​មាន​តែ​ពីរ​គត់ ទី១ ទទួល​យក​តាម​ការ​សម្រេច​របស់​ព្រះអង្គម្ចាស់​បេន សាលម៉ាន និង​ទី២ បន្ត​ទាមទារ​ឲ្យ​ក្រុម​ដៃគូ​អារ៉ាប់​បន្ត​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ស៊ីរី​ដើម្បី​ឲ្យ​លោក​អាសាដ​វិល​ចូលតុចរចា​ស្វែង​រក​ដំណោះស្រាយ​បិទបញ្ចប់​សង្រ្គាម។

គេ​អាច​យល់​ពី​ជម្រើស​របស់​បស្ចិមលោក​ព្រោះ​តាំង​ពី​ស៊ីរី​ធ្លាក់​ក្នុង​សង្រ្គាមស៊ីវិល​មក បស្ចិមលោក​មិន​ដែល​ស្នើ​ដំណោះស្រាយ​អ្វី និង​បាន​ទុក​ឲ្យ​ស៊ីរី​បន្ត​រស់​តាម​វាសនា​របស់​ខ្លួន។ លើស​ពី​នេះ ស៊ីរី​ក៏​ត្រូវ​បាន​ក្រុម​ប្រទេស​មហាអំណាច​ប្រើ​ជា​សមរភូមិ​ដើម្បី​ប្រជែង​កម្លាំង​នឹង​គ្នា​ថែម​ទៀត។ ក្នុង​រយៈពេល ១២ឆ្នាំ សហរដ្ឋអាមេរិក​ក៏​ដូច​ជា​សហភាព​អឺរ៉ុប​បាន និង​កំពុង​បន្ត​អនុវត្ត​នូវ​នយោបាយ​គ្មាន​ដំណោះស្រាយ​ចំពោះ​ស៊ីរី។ តាម​អតីត​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ស៊ីរី​លោក Robert Ford អាមេរិក​បន្ត​អនុវត្ត​នូវ​នយោបាយ​ចំនួន ៣យ៉ាង គឺ​ការ​ដាក់​ទណ្ឌកម្ម ការ​ប្រឆាំង​នឹង​ភេរវនិយម និង​ការ​ផ្តល់​ជំនួយ​មនុស្សធម៌។ ចំណែក​អតីត​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​ស៊ីរី​លោក Michel Duclos បាន​បញ្ជាក់​ថា អាមេរិក​ក៏​ដូច​ជា​អឺរ៉ុប​កំពុង​បន្ត​រក្សា​នូវ​ជំហរ ៣មិន​ចំពោះ​ស៊ីរី គឺ​មិន​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី មិន​កសាង​ឡើង​វិញ និង​មិន​លើក​ទណ្ឌកម្ម​ចេញ​វិញ។

សំណួរ តើ​បស្ចិមលោក​គួរ​ប្តូរ​យុទ្ធសាស្រ្ត​ដើរ​តាម​ផ្លូវ​ដែល​ទើប​ត្រួសត្រាយ​ថ្មី​ដោយ​សម្ព័ន្ធអារ៉ាប់​ចំពោះ​ស៊ីរី​នៅ​ពេល​នេះ​ដែរ ឬ​ទេ?។ សម្រាប់​លោក Michel Duclos មាន​តែ​បស្ចិមលោក​ខ្លួន​ឯង​ទេ​ដែល​អាច​ឆ្លើយ​នឹង​សំណួរ​នេះ​បាន។ តែ​បើ​តាម​មើល​ទៅ ផ្លូវ​ឆ្ពោះ​ទៅ​មាន​ទំនាក់ទំនង​ធម្មតា​ឡើង​វិញ​ជាមួយ​ស៊ីរី​របស់​បស្ចិមលោក​ប្រហែល​ជា​រឿង​ពិបាក​បន្តិច ព្រោះ​អ្វី​ដែល​បស្ចិមលោក​ចង់​បាន​តាំង​ពី ១២ឆ្នាំ​មក​ដល់​សព្វថ្ងៃ គឺ​ការ​ផ្លាស់ប្តូរ​នៅ​ស៊ីរី ឬ​និយាយ​ឲ្យ​ស្រួល​យល់ ការ​ដួលរលំ​របប​ផ្តាច់ការ​របស់​លោក​អាសាដ។ បញ្ហា​នៅ​ត្រង់​ថា លោក​អាសាដ​ហាក់​កំពុង​បន្ត​តោង​អំណាច​យ៉ាង​ណែន​ក្នុង​ដៃ។ ត្រង់​ចំណុច​នេះ​ត្រូវ​បាន​រាជទាយាទ​អារ៉ាប៊ីសាអូឌីត​បេន សាលម៉ាន​ពន្យល់​ថា នយោបាយ​ដាក់​ស៊ីរី​ឲ្យ​នៅ​ឯកោ​ផ្លូវទូត​រយៈពេល ១២ឆ្នាំ​គ្មាន​ប្រសិទ្ធិភាព និង​ល្មម​ដល់​ពេល​ដែល​សម្ព័ន្ធអារ៉ាប់​ចេញ​មុខ​គិតគូរ​ដោះស្រាយ​បញ្ហា​តំបន់ ពិសេស​បញ្ហា​សមាជិក​របស់​ខ្លួន​ដោយ​ខ្លួន​ឯង។

នេះ​ស បញ្ជាក់​ឲ្យ​ឃើញ​ពី​ភាព​ម្ចាស់ការ និង​ការ​ទទួល​ខុស​ត្រូវ​របស់​សម្ព័ន្ធអារ៉ាប់ និយាយ​ជារួម និង​របស់​អារ៉ាប៊ីសាអូឌីត និយាយ​ដោយឡែក​នៅ​មជ្ឈិមបូព៌ា។ តែ​អ្វី​ដែល​គេ​មិន​ភ្លេច​និយាយ វត្តមាន​ជា​ថ្មី​របស់​ស៊ីរី​នៅ​ក្នុង​គ្រួសារ​អារ៉ាប់​ជា​ជោគជ័យ​ផ្ទាល់ខ្លួន​របស់​ព្រះអង្គម្ចាស់​បេន សាលម៉ាន​ដែល​ចង់​ឃើញ​អារ៉ាប៊ីសាអូឌីត​ដើរតួនាទី​ជា​បងធំ​នៅ​ក្នុង​តំបន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ