អានតួអត្ថបទ

សម្ព័ន្ធអារ៉ាប់បានបញ្ចូលស៊ីរីឲ្យរួមរស់ជាមួយគ្រួសារអារ៉ាប់ជាថ្មី បន្ទាប់ពីបានដាក់ឲ្យឯកោជាង ១១ឆ្នាំ

សម្ព័ន្ធអារ៉ាប់​បាន​បើក​កិច្ចប្រជុំវិសាមញ្ញ​ថ្នាក់​រដ្ឋមន្រ្តីការបរទេស​នៅ​ក្នុង​ទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប។ កិច្ចប្រជុំវិសាមញ្ញ​បាន​ផ្តោតសំខាន់​លើ​ប្រធានរឿង​ចំនួន​ពីរ គឺ​សង្រ្គាម​នៅ​ស៊ូដង់ និង​បញ្ហា​ប្រទេស​ស៊ីរី។ នៅ​ទីបំផុត សម្ព័ន្ធអារ៉ាប់​បាន​អនុញ្ញាត​ឲ្យ​ស៊ីរី​ត្រឡប់​ទៅ​រួមរស់​ជាមួយ​គ្រួសារអារ៉ាប់​ជា​ថ្មី បន្ទាប់​ពី​បាន​ព្យួរសមាជិកភាព និង​ទុក​ឲ្យ​ប្រទេស​មួយ​នេះ​នៅ​ឯកោ​ផ្លូវទូត​អស់​រយៈពេល​ជាង ១១ឆ្នាំ។

សម្ព័ន្ធអារ៉ាប់បានបញ្ចូលស៊ីរីឲ្យរួមរស់ជាមួយគ្រួសារអារ៉ាប់ជាថ្មី បន្ទាប់ពីបានដាក់ឲ្យឯកោជាង ១១ឆ្នាំ។
សម្ព័ន្ធអារ៉ាប់បានបញ្ចូលស៊ីរីឲ្យរួមរស់ជាមួយគ្រួសារអារ៉ាប់ជាថ្មី បន្ទាប់ពីបានដាក់ឲ្យឯកោជាង ១១ឆ្នាំ។ REUTERS - AMR ABDALLAH DALSH
ផ្សាយពាណិជ្ជកម្ម

ការ​សម្រេច​បញ្ចូល​ស៊ីរី​ទៅ​ក្នុង​សម្ព័ន្ធអារ៉ាប់​ជា​ថ្មី​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំវិសាមញ្ញ​បិទទ្វារ​ថ្នាក់ប្រមុខ​ការទូត​នៃ​ក្រុម​ប្រទេស​អារ៉ាប់​នៅ​ទីស្នាក់ការ​កណ្តាល​របស់​សម្ព័ន្ធអារ៉ាប់​ក្នុង​ទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប។ សេចក្តីសម្រេច​ដែល​បាន​បោះឆ្នោត​គាំទ្រ​ដោយ​ប្រមុខ​ការទូត​នៃ​ក្រុម​ប្រទេស​អារ៉ាប់​ទាំង​អស់​បាន​បញ្ជាក់​ថា គណៈប្រតិភូ​នៃ​រដ្ឋាភិបាល​ស៊ីរី​នឹង​ទទួល​បាន​ឡើង​វិញ​នូវ​កៅអី​របស់​ខ្លួន​នៅ​ក្នុង​សម្ព័ន្ធអារ៉ាប់។ តាម​សេចក្តីសម្រេច​ដដែល ស៊ីរី​អាច​ផ្តើម​ចូលរួម​ភ្លាមៗ​នៅ​ក្នុង​កិច្ចប្រជុំ​របស់​សម្ព័ន្ធអារ៉ាប់។ តែ​ក៏​មិន​ភ្លេច​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ស៊ីរី​បន្ត​ស្វែង​រក​ដំណោះស្រាយ​នយោបាយ​ដើម្បី​ឈាន​ទៅ​បិទ​បញ្ចប់​សង្គ្រាមស៊ីវិល​ដែល​កំពុង​អូសបន្លាយ​ជាង ១១ឆ្នាំ​កន្លង​ទៅ។

គួរ​រម្លឹក​ថា​កាល​ពី​ជាង ១១ឆ្នាំ​មុន ពោល​នៅ​ពេល​ដែល​ស៊ីរី​បាន​ធ្លាក់​ក្នុង​សង្រ្គាម​ហែកហួរ​ផ្ទៃក្នុង សម្ព័ន្ធអារ៉ាប់​បាន​សម្រេច​ព្យួរ​សមាជិកភាព និង​ដាក់​រដ្ឋាភិបាល​ស៊ីរី​ឲ្យ​នៅ​ឯកោ​ផ្លូវទូត​ក្រោម​ហេតុផល​ថា រដ្ឋាភិបាល​ស៊ីរី​របស់​លោក​ប្រធានាធិបតី​អាសាដ​បាន​ប្រើ​កម្លាំង​វាយបង្រ្កាប​ក្រុម​ប្រឆាំង​យ៉ាង​ហិង្សា។ កាល​ណោះ ក្រុម​ប្រទេស​អារ៉ាប់​ធំ តូច​បាន​បែរ​ខ្នង​ដាក់​លោក​អាសាដ និង​ងាក​ទៅ​គាំទ្រ​ក្រុម​ប្រឆាំង រួម​ទាំង​បាន​ផ្តល់​អសនៈ​ស៊ីរី​នៅ​សម្ព័ន្ធអារ៉ាប់​ទៅ​ឲ្យ​ក្រុម​ប្រឆាំង​ទៀត​ផង។ កំណត់​សម្គាល់​មួយ​ទៀត​នា​រយៈពេល​ជាង ១១ឆ្នាំ ស៊ីរី​បាន​ក្លាយ​ជា​សរភូមិ​នៃ​ការ​ប្រជែង​កម្លាំង​រវាង​កម្លាំង​បរទេស ពិសេស​រវាង​ក្រុម​អ្នកគាំទ្រ​រដ្ឋាភិបាល​ស៊ីរី និង​ក្រុម​អ្នកគាំទ្រ​ពួក​ប្រឆាំង​រដ្ឋាភិបាល​ស៊ីរី។

ជាង ១១ឆ្នាំ​ក្រោយ​មក និង​ក្នុង​ពេល​ដែល​ស៊ីរី​កំពុង​បន្ត​អូសជើង​នៅ​ក្នុង​សង្រ្គាមស៊ីវិល មាន​ប្រទេស​អារ៉ាប់​ម្តង​មួយៗ​បាន​ផ្តើម​បែរ​រក​រដ្ឋាភិបាល​ស៊ីរី​របស់​លោក​អាសាដ​ជា​ថ្មី​នា​រយៈពេល​ចុង​ក្រោយ​នេះ។ តែ​មាន​ព្រឹត្តិការណ៍​ចំនួន​ពីរ​ដែល​បាន​លេច​ធ្លោ​ខ្លាំង និង​បាន​រុញ​ក្រុមប្រទេស​អារ៉ាប់​ឲ្យ​ខិត​ចូល​លោក​អាសាដ​កាន់​តែ​លឿន ទី១ គ្រោះរញ្ជួយដី​នៅ​ស៊ីរី និង​តួកគី​ក្នុង​ថ្ងៃទី៦ កុម្ភៈ​ដែល​លោក​អាសាដ​បាន​ទទួល​សន្ទុះ​សាមគ្គីភាព​ធំធេង​ពី​ក្រុម​ប្រទេស​អារ៉ាប់ និង​ទី២ បរិបទ​តំបន់​មាន​ការ​ផ្លាស់ប្តូរ​តាម​រយៈ​ការ​ត្រូវរ៉ូវ​គ្នា​ឡើង​វិញ​រវាង​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់​ដែល​ជា​មហាអំណាច​ពីរ​នៅ​ក្នុង​តំបន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ