អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីបានជាប្រទេសបារាំងស្វែងរកអ៊ុយរ៉ាញ៉ូម និងលីចូមរហូតដល់ប្រទេសម៉ុងហ្គោលី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ចុង​ខែ​មិថុនា​កន្លង​ទៅ​ថ្មីៗ​នេះ ប្រមុខការទូត​បារាំង​លោកស្រី​កាទ្រីន កូឡូណា (Catherine Colonna) បាន​បំពេញ​ទស្សនកិច្ច​រយៈពេល ២ថ្ងៃ​នៅ​ក្នុង​ប្រទេស​ម៉ុងហ្គោលី។ គោលដៅ​នៃ​ទស្សនកិច្ច គឺ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជា​មួយ​ម៉ុងហ្គោលី​ដែល​ជា​ប្រទេស​អាស៊ី​មួយ​សម្បូរ​ដោយ​ធនធាន​ធម្មជាតិ​យុទ្ធសាស្រ្ត ពិសេស​អ៊ុយរ៉ាញ៉ូម និង​លីចូម។ នៅ​មុន​លោកស្រី​កូឡូណា ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​បាន​បំពេញ​ទស្សនកិច្ច​នៅ​ម៉ុងហ្គោលី​ក្នុង​ខែ​ឧសភា។ ហេតុអ្វី​បាន​ជា​បារាំង​ស្វែង​រក​អ៊ុយរ៉ាញ៉ូម​ដល់​ម៉ុងហ្គោលី និង​ថា តើ​បារាំង​អាច​ប្រជែង​ជាមួយ​រុស្ស៊ី និង​ចិន​ដែល​កំពុង​មាន​ឥទ្ធិពល​ខ្លាំង​លើ​ម៉ុងហ្គោលី​ដែរ ឬ​ទេ?

នាយករដ្ឋមន្រ្តីម៉ុងហ្គោលី​លោក Luvsannamsrain Oyun-Erdene (រូបឆ្វេង) និងប្រធានាធិបតីបារាំង​លោក​ម៉ាក្រុង ថ្ងៃទី២១ ឧសភា ២០២៣ ក្នុង​ប្រទេស​ម៉ុងហ្គោលី។
នាយករដ្ឋមន្រ្តីម៉ុងហ្គោលី​លោក Luvsannamsrain Oyun-Erdene (រូបឆ្វេង) និងប្រធានាធិបតីបារាំង​លោក​ម៉ាក្រុង ថ្ងៃទី២១ ឧសភា ២០២៣ ក្នុង​ប្រទេស​ម៉ុងហ្គោលី។ AFP - LUDOVIC MARIN
ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈពេល​តែ​ជាង​មួយ​ខែ​តិចតួច មាន​ទស្សនកិច្ច​ចំនួន​ពីរ​ដង​របស់​ថ្នាក់ដឹកនាំ​បារាំង​នៅ​ក្នុង​ប្រទេស​ម៉ុងហ្គោលី។ ទី១ ជា​ទស្សនកិច្ច​រយៈពេល​ខ្លី​របស់​ប្រធានាធិបតី​លោក​ម៉ាក្រុង​កាល​ពី​ថ្ងៃទី២១ ឧសភា ហើយ​ទស្សនកិច្ច​ទី២ ជា​ទស្សនកិច្ច​រយៈពេល២ថ្ងៃ​របស់​ប្រមុខ​ការទូត​លោកស្រី​កាទ្រីន កូឡូណា​ពី​ថ្ងៃទី២៩ ដល់​ថ្ងៃទី៣០ មិថុនា។ អ្វី​ជា​ការ​កត់សម្គាល់ ដំណើរ​ផ្លូវ​ទៅ​កាន់​ម៉ុងហ្គោលី​របស់​លោក​ម៉ាក្រុង​ក្នុង​ថ្ងៃទី២១ ឧសភា​ជា​ដំណើរ​ផ្លូវ​ដែល​លោក​ម៉ាក្រុង​បាន​ត្រឡប់​ពី​ការ​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំកំពូល​នៃ​ក្រុម​ប្រទេស G៧ រៀបចំ​ក្នុង​ប្រទេស​ជប៉ុន។ ចំណែក​កំណត់​សម្គាល់​ទី២ នេះ​ជា​លើកទី១ បង្អស់​ដែល​មាន​ប្រធានាធិបតី​បារាំង​ម្នាក់​បាន​ដាក់​ជើង​ជាន់​ទឹកដី​ម៉ុងហ្គោលី។

មាន​ផ្ទៃក្រឡាដី​ជាង ១លាន ៥សែន​គីឡូម៉ែត្រក្រឡា​ដែល​ពាក់កណ្តាល​ជា​វាលខ្សាច់ និង​មាន​ពលរដ្ឋ​រស់នៅ​ជាង ៣លាន ៣សែននាក់ ម៉ុងហ្គោលី​ជា​ប្រទេស​អាស៊ី​ដែល​ស្ថិត​នៅ​ចន្លោះ​រវាង​ប្រទេស​រុស្ស៊ី និង​ប្រទេស​ចិន។ តែ​អ្វី​ដែល​គេ​មិន​អាច​មើល​រំលង និង​មិន​អាច​មិន​និយាយ​បាន គឺ​ធនធាន​ធម្មជាតិ​ដែល​ម៉ុងហ្គោលី​មាន​នៅ​ក្នុង​ដី​របស់​ខ្លួន ពិសេស​អ៊ុយរ៉ាញ៉ូម។ នេះ​ជា​ហើយ​ជា​អ្វី​ដែល​បារាំង​បាន​សម្លឹង​ឃើញ និង​កំពុង​ចង់​បាន។ ដូច្នេះ​គេ​អាច​និយាយ​បាន​ថា ការ​ឆ្លៀត​ចូល​ម៉ុងហ្គោលី​រយៈពេល​ខ្លី​របស់​លោក​ម៉ាក្រុង និង​បន្ត​ដោយ​ទស្សនកិច្ច​រយៈពេល ២ថ្ងៃ​របស់​លោកស្រី​កាទ្រីន កូឡូណា​ប្រហែល​មិនមែន​ជា​រឿង​ចៃដន្យ ឬ​ជា​ការ​គួរសម​អ្វី​ទេ។

កម្មវត្ថុ​របស់​រដ្ឋាភិបាល​បារាំង គឺ​ស្វែង​រក​ប្រភព​អ៊ុយរ៉ាញ៉ូម​ពី​គ្រប់​ទីកន្លែង​ទាំង​អស់​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ផ្តត់ផ្គង់​ដល់​ដំណើរការ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​របស់​ខ្លួន។ ក្រៅ​ពី​អ៊ុយរ៉ាញ៉ូម​របស់​ម៉ុងហ្គោលី បារាំង​ក៏​កំពុង​សម្លឹង​ឃើញ​លោហៈ​លីចូម​ដែល​គេ​ហៅ​ជា​លោហៈ​យុទ្ធសាស្រ្ត។ សព្វថ្ងៃ​នេះ ក្រុមហ៊ុន​បារាំង Orano ដែល​រដ្ឋ​បារាំង​ជា​អ្នក​មាន​ភាគហ៊ុន​ច្រើន​កំពុង​មាន​ក្នុង​ដៃ​នូវ​អាជ្ញាប័ណ្ណអាជីវកម្ម​ចំនួន ៣ច្បាប់​សម្រាប់​ធ្វើ​អាជីវកម្ម​លើ​អណ្តូងរ៉ែ​ម៉ុងហ្គោលី។ ចាប់​ពី​ពេល​នេះ​ទៅ ការ​ចរចា​កំពុង​បន្ត​ធ្វើ​ដើម្បី​ឈាន​ទៅ​មាន​កិច្ចព្រមព្រៀង​នា​ពេល​ខាង​មុខ​ស្តីពី​ការ​បែងចែក​ធនធាន​អ៊ុយរ៉ាញ៉ូម​ដែល​ទាញ​យក​បាន និង​សិទ្ធិ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម។

ក្រុមហ៊ុន​បារាំង Orano ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ម៉ុងហ្គោលី Mon-Atom។ តែ​ចំណែក​ភាគហ៊ុន​របស់ Orano មាន​ដល់​ទៅ ៦៦%។ នៅ​ក្នុង​កិច្ចចរចា ក្រុមហ៊ុន​បារាំង Orano អាច​មាន​សិទ្ធិ​ធ្វើ​ពាណិជ្ជកម្ម​លើ​អ៊ុយរ៉ាញ៉ូម​ចំនួន ២ភាគ៣ ដែល​ទាញ​យក​បាន។ លោក Olivier Thoumyre អ្នកតំណាងក្រុមហ៊ុន Orano នៅ​ម៉ុងហ្គោលី​បាន​លំអិត​ថា សិទ្ធិធ្វើពាណិជ្ជកម្ម និង​ហិរញ្ញប្បទាន​នឹង​អាស្រ័យ​លើ​កិច្ចព្រមព្រៀង​ដែល​ទទួល​បាន។ ចំណែក​ក្រសួង​ការបរទេស​បារាំង​បាន​បញ្ជាក់​ថា ការ​ចំណាយ​ដើម្បី​វិនិយោគ​នឹង​កើន​លើស​ពាន់លាន​អឺរ៉ូ។ បើ​អ្វីៗ​នឹង​មាន​ដំណើរ​ដូច​ការ​រំពឹង​ទុក​មែន បារាំង​សង្ឃឹម​ទទួល​បាន​អ៊ុយរ៉ាញ៉ូម​ក្នុង​បរិមាណ​ដ៏​ច្រើន​សម្បើម​ពី​ប្រទេស​ម៉ុងហ្គោលី។

បើ​បារាំង​ទទួល​បាន​ដូច​ដែល​ខ្លួន​សង្ឃឹម​ទុក​មែន បារាំង​អាច​ពង្រឹង​ភាព​ជា​ម្ចាស់ការ និង​ឯករាជ្យភាព​ក្នុង​បញ្ហា​អ៊ុយរ៉ាញ៉ូម​ក៏​ដូច​ជា​លោហៈ​យុទ្ធសាស្រ្ត​លីចូម។ ទន្ទឹម​គ្នា​នេះ បារាំង​អាច​ឆ្លើយ​ដោយ​ប្រយោល​ទៅ​នឹង​ការ​រិះគន់ ទិតៀន​របស់​អង្គការ​ក្រៅរដ្ឋាភិបាល Greenpeace ដែល​ថា បារាំង​បាន​បន្ត​ពឹង​លើ​អ៊ុយរ៉ាញ៉ូមចម្រើន​រួច​ពី​រុស្ស៊ី នោះ​បើ​ទោះ​បី​ជា​នុយក្លេអ៊ែរ​មិន​មាន​នៅ​ក្នុង​ទណ្ឌកម្ម​អឺរ៉ុប​ប្រឆាំង​រុស្ស៊ី​តាំង​ពី​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន​ក៏​ដោយ។ គួរ​បញ្ជាក់​ថា ក្រុមហ៊ុន​បារាំង Orano បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​រុករក​អ៊ុយរ៉ាញ៉ូម​នៅ​វាលខ្សាច់​ហ្គោប៊ី​របស់​ម៉ុងហ្គោលី​ក្នុង​ឆ្នាំ ១៩៩៧។ តែ​គឺ​ទើប​នៅ​ឆ្នាំ ២០១០ ដែល Orano បាន​រក​ឃើញ​ប្រភព​អ៊ុយរ៉ាញ៉ូម​នៅ​ទីតាំង​មួយ​ឈ្មោះ Zuuvch Ovoo។ តាម​រយៈ​អណ្តូងរ៉ែ​អ៊ុយរ៉ាញ៉ូម​មួយ​នេះ Orano សង្ឃឹម​ទទួល​បាន​អ៊ុយរ៉ាញ៉ូម​នៅ​ឆ្នាំ ២០២៨ ក្នុង​បរិមាណ ២ ៥០០តោន​ក្នុង​មួយ​ឆ្នាំ​សម្រាប់​រយៈពេល ៣០ឆ្នាំ។

តាម​ពិត​ទៅ ម៉ុងហ្គោលី​មិន​បាន​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​បារាំង​បាន​នាំ​ចូល​អ៊ុយរ៉ាញ៉ូម​ទេ​មក​ទល់​សព្វថ្ងៃ។ ចំណែក​នៅ​ក្នុង​កម្រិត​សហភាពអឺរ៉ុប​ក៏​គ្មាន​ប្រទេស​ម៉ុងហ្គោលី​ដែរ។ តាម​របាយការណ៍​ឆ្នាំ ២០២១ របស់​ទីភ្នាក់ងារ​ផ្គត់ផ្គង់​អឺរ៉ុប​ឈ្មោះ Euratom អ៊ុយរ៉ាញ៉ូម​សឹង​ទាំង​អស់​ត្រូវ​បាន​សហភាព​អឺរ៉ុប​នាំ​ចូល​ពី ៥ប្រទេស គឺ​នីហ្សេ កាហ្សាក់ស្ថាន រុស្ស៊ី អូស្រា្តលី និង​ប្រទេស​កាណាដា។ ជាក់ស្តែង ក្រុមហ៊ុន​បារាំង Orano ដែល​ពី​មុន​មាន​ឈ្មោះ Areva បាន​ធ្វើ​អាជីវកម្ម​លើ​អណ្តូងរ៉ែ​អ៊ុយរ៉ាញ៉ូម​ក្នុង​ប្រទេស​នីហ្សេ​តាំង​ពី​ឆ្នាំ ១៩៧០ មក​ម្ល៉េះ។ សមាគមន៍​ប្រឆាំង​នុយក្លេអ៊ែរ​ឈ្មោះ néga Watt យល់​ឃើញ​ថា បើ​គិត​ពី​ភូមិសាស្រ្តនយោបាយ ការ​ងាក​រក​អ៊ុយរ៉ាញ៉ូម​ម៉ុងហ្គោលី​របស់​បារាំង​ជា​រឿង​ប្រថុយប្រថាន។

ជា​រឿង​ប្រថុយប្រថាន​ព្រោះ​ម៉ុងហ្គោលី និយាយ​ជា​រួម និង​អ៊ុយរ៉ាញ៉ូម​ម៉ុងហ្គោលី​និយាយ​ដោយ​ឡែក​កំពុង​ស្ថិត និង​កំពុង​បន្ត​ស្ថិត​​ក្នុង​ការ​ប្រជែង​ឥទ្ធិពល​រវាង​ចិន និង​រុស្ស៊ី​ដែល​ជា​មហាអំណាច​ឧស្សាហកម្ម​ក្នុង​វិស័យ​នុយក្លេអ៊ែរ។ តែ​សម្រាប់​បារាំង ក្រុង​ប៉ារីស​មាន​សន្លឹក​បៀរ​មួយ​ដើម្បី​ទាញ​យក​អ៊ុយរ៉ាញ៉ូម​របស់​ម៉ុងហ្គោលី។ សន្លឹក​បៀរ​នោះ គឺ​ជំនាញបច្ចេកទេស​របស់​បារាំង​ក្នុង​រឿង​នុយក្លេអ៊ែរ និង​ការ​ធ្វើ​អាជីវកម្ម​ដោយ​គិតគូរ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បរិស្ថាន រួម​ទាំង​សុខុមាលភាព​របស់​ប្រជាជន​ម៉ុងហ្គោលី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ