អានតួអត្ថបទ
រុស្ស៊ី-សិទ្ធិសេរីភាព

តុលាការរុស្ស៊ី ​កាត់ទោស​លោក ​អាឡិចសី ​ណាវ៉ាល់នី ឲ្យ​​ជាប់​ពន្ធនាគារ​​៩ឆ្នាំ

លោកអាឡិចសី ណាវ៉ាល់នី សកម្មជន​ប្រឆាំងដ៏ល្បីឈ្មោះនៅរុស្ស៊ី ដែលជាប់ឃុំ​ តាំងតែពីខែមករា ឆ្នាំ​២០២១មកនោះ ទើបតែត្រូវបាន​តុលាការរុស្ស៊ី កាត់ទោស​កាលពី​ថ្ងៃអង្គារ ទី២២មីនា ឲ្យ​ជាប់ពន្ធនាគារ​៩ឆ្នាំ។ ការសម្រេចទោស ដែល​លោក​អាឡិចសី ណាវ៉ាល់នី ចាត់ទុកថាជាឆន្ទៈនយោបាយ​របស់​លោកពូទីន ដែលចង់បំបិទមាត់ចលនាប្រឆាំងរិះគន់។ គួរបញ្ជាក់ថា ទន្ទឹមគ្នា រដ្ឋាភិបាលរុស្ស៊ី ក៏ទើបតែបានចេញច្បាប់ថ្មីមួយ ផ្តន្ទាទោសយ៉ាងធ្ងន់ រាល់ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងឡាយណា ដែលរិះគន់ការងារ​របស់ស្ថាប័នរដ្ឋរុស្ស៊ី។

លោក​ Alexei Navalny សំឡឹងទៅកាន់កាមេរ៉ាថត ដែលគេផ្សាយ​ផ្ទាល់​ពី​ទីតាំង​មន្ទីរឃុំឃាំង ជាទីដែលគេរៀបចំសាវនាការកាត់ទោសលោក នៅថ្ងៃទី ២២ មីនា ២០២២។ រូបភាពផ្តល់ឲ្យ​ដោយ ស្ថាប័នមន្ទីរឃុំឃាំងរុស្ស៊ី។
លោក​ Alexei Navalny សំឡឹងទៅកាន់កាមេរ៉ាថត ដែលគេផ្សាយ​ផ្ទាល់​ពី​ទីតាំង​មន្ទីរឃុំឃាំង ជាទីដែលគេរៀបចំសាវនាការកាត់ទោសលោក នៅថ្ងៃទី ២២ មីនា ២០២២។ រូបភាពផ្តល់ឲ្យ​ដោយ ស្ថាប័នមន្ទីរឃុំឃាំងរុស្ស៊ី។ AP - Denis Kaminev
ផ្សាយពាណិជ្ជកម្ម

អង្គ​សវនាការ រៀបចំនៅ​​​ក្នុងមន្ទីរឃុំឃាំង​ផ្ទាល់តែម្តង លោកស្រីចៅក្រុមរុស្ស៊ី បានប្រកាសផ្ទន្ទាទោស លោកអាឡិចសី ណាវ៉ាល់នី ឲ្យ​ជាប់ពន្ធនាគារចំនួន​៩ឆ្នាំ ពីបទ ឆបោក និង​បទល្មើស ប្រមាថមើលងាយ​ចៅក្រម។ បទឆបោក គឺតុលាការរុស្ស៊ី បានលើកឡើងថា លោក​អាឡិចសី ណាវ៉ាល់នី បាន​កឹប​កេងប្រាក់របស់អង្គការលោក ជាច្រើនលានរូប្ល ដែលបាន​មកពីអំណោយ​សប្បុរសជន។ ចំណែកបទល្មើស​ ប្រមាថមើលងាយ​ចៅក្រម គឺពាក់ព័ន្ធ និងសវនាការកាត់​ទោសកាលពី​ឆ្នាំ​២០២១ ដែលលោក​បានបង្ហាញអាកប្បកិរិយាមិនគោរពចៅក្រម។

គួរបញ្ជាក់ថា ក្នុងសវនាការនៅថ្ងៃទី​២២មីនា អាជ្ញាធររុស្ស៊ីបានអនុញ្ញាតឲ្យ​អ្នកកាសែតជាង១០០នាក់ចូលទៅស្តាប់ការប្រកាសសាលក្រម។ អ្នកយកព័ត៌មាន​បារាំង AFP ដែលមានវត្តមាន បាន​លើកឡើងថា គេឃើញរូប​លោក​អាឡិចសី ណាវ៉ាល់នី ក្នុងសំលៀក​បំពាក់អ្នកទោស មានរូបរាងចុះស្គមច្រើន អមដំណើរដោយ​មេធាវីរបស់​លោក។ យ៉ាងណាមិញ ក្រោយ​ចប់សវនាការ មេធាវីរបស់​អាឡិចសី ណាវ៉ាល់នី ត្រូវបាន​នគរបាលឃាត់ខ្លួន​មួយសន្ទុះធំ នឹង​បាន​បណ្តេញ​ឲ្យ​ចេញ​ឆ្ងាយ​ កុំផ្តល់បទសម្ភាសន៍ឲ្យ​អ្នកកាសែត នៅខាងមុខ​មន្ទីរឃុំឃាំង។

ក្រោយ​ចប់សវនាការ នៅ​លើទំព័រ Twitter លោកអាឡិចសី ណាវ៉ាល់នី បានបង្ហោះសារមួយដោយបានចាត់ទុកថា វាជាសវនាការនយោបាយ។ លោកអាឡិចសី ណាវ៉ាល់នី បន្ថែមថា លោក​ពូទីនខ្លាចការពិត ដែលលោក​តែងតែនិយាយជាដរាបមក។ លោក​បានអះអាងថា ការប្រយុទ្ធប្រឆាំងនឹង​ការ​បំបិទមាត់ ដើម្បីនាំយក​ការពិតមកប្រាប់ប្រជាជនរុស្ស៊ី គឺនៅតែជាអាទិភាព​របស់​លោក និង​ក្រុមការងារលោក​ជានិច្ច។

គួរបញ្ជាក់ផងដែរថា លោកអាឡិចសី ណាវ៉ាល់នី នឹងត្រូវគេបញ្ជូនយកទៅ​ដាក់ នៅមន្ទីរឃុំឃាំងមួយទៀត ដែលមាន​លក្ខខណ្ឌតឹងតែងខ្លាំងជាងនេះ។ ដោយឡែក មេធាវីលោក​អាឡិចសី ណាវ៉ាល់នី អះអាងថានឹងប្តឹងឡើងទៅសាលាឧទ្ធរណ៍ បើទោះបីជាមានសង្ឃឹមឈ្នះតិចក៏ដោយ។ លោកអាឡិចសី ណាវ៉ាល់នី បច្ចុប្បន្នមានអាយុ៤៥ឆ្នាំ គឺជាអតីតមេធាវី ត្រូវបានគេស្គាល់ថាជាអ្នកចេញមុខរិះគន់ អំពើពុករលួយ និងអំណាចផ្តាច់ការ បក្សពួកនិយម របស់​លោកពូទីន។ កាលពីខែ​សីហា ឆ្នាំ​២០២០ លោកត្រូវបាន​គេប៉ុនប៉ងធ្វើឃាត ដោយ​ការដាក់ថ្នាំបំពុល មុននឹងត្រូវបាន​អាជ្ញាធររុស្ស៊ីចាប់ដាក់ឃុំ ពេលលោកត្រលប់ចូលស្រុកវិញ នៅខែមករា ឆ្នាំ​២០២១។

គួរកត់សំគាល់ថា ក្រៅពី​ផ្តន្ទាទោសលោក​អាឡិចសី ណាវ៉ាល់នី តុលាការកំពូលរុស្ស៊ីបានសម្រេចកាលពីថ្ងៃអង្គារ រំលាយអង្គការសង្គមស៊ីវីលដ៏ធំមួយ ឈ្មោះ Mémorial។ មិនត្រឹមតែប៉ុណ្ណោះ រុស្ស៊ីបានចេញច្បាប់ថ្មី ផ្តន្ទាទោសដាក់ ពន្ធនាគារចំពោះការផ្សព្វផ្សាយ « ព័ត៌មាន​មិនពិត » ទាំងឡាយណា ដែល​ធ្វើឲ្យប៉ះពាល់ ដល់ស្ថាប័នរដ្ឋរុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ