អានតួអត្ថបទ

លោក ណាវ៉ាល់នី ត្រូវ​ផ្ទេរទៅ​ពន្ធនាគារ​ឆ្ងាយ​ដាច់​ស្រយាល ខណៈ​ការ​បោះឆ្នោតខិតជិត​មកដល់

​​នៅរុស្ស៊ី ​លោក អាឡិចសី ណាវ៉ាល់នី មេប្រឆាំងនឹងរបប​វិមានក្រេមឡាំង​ ដែល​កំពុង​ជាប់ឃុំ​ ស្រាប់តែ​​​​បាត់ខ្លួន ស្ងាត់​​ដំណឹងសូន្យឈឹង​ ​ជាច្រើន​សប្តាហ៍មកហើយ។ ថ្ងៃចន្ទ ទី​២៥ធ្នូ ​ក្រម​​មេធាវី​របស់លោក ចេញមុខ ប្រកាស​ប្រាប់​​ថា​ គេ​បាន​រក​​ឃើញទីតាំង​ឃុំឃាំង​ខ្លួន​របស់​រូបលោក ​​ណាវ៉ាល់នី ហើយ​។ នេះបើតាម​អ្នកស្រីមេធាវី គីរ៉ា យ៉ារមីយ្ស៍ ដែល​បន្ទរ​ឲ្យដឹងទៀត​​ថា ​លោក​សុខសប្បាយ​ធម្មតា​ទេ។

លោក អាឡិចសី ណាវ៉ាល់នី មេប្រឆាំងនឹងរបបវិមានក្រេមឡាំង នៅមណ្ឌលអប់រំកែប្រែរុស្ស៊ី។
លោក អាឡិចសី ណាវ៉ាល់នី មេប្រឆាំងនឹងរបបវិមានក្រេមឡាំង នៅមណ្ឌលអប់រំកែប្រែរុស្ស៊ី។ AP - Alexander Zemlianichenko
ផ្សាយពាណិជ្ជកម្ម

ការ​បង្ហើបអំពី​​ដំណឹង​សុខទុក្ខ​របស់​​បុរសមេប្រឆាំងនឹង​របបក្រុង​ម៉ូស្គូនេះ បានបន្ធូរ​សម្រាល​ភាព​​ភ័យ​ព្រួយ​របស់​អ្នក​គាំទ្រ​ជាខ្លាំង។ នេះក៏​ពីព្រោះថា ច្រើន​សប្តាហ៍​មកនេះ គ្មាន​នរណា​​ម្នាក់​បាន​ដឹងថា លោក​ ​​ណាវ៉ាល់នី បាត់​ខ្លួន​​ទៅណា​នោះឡើយ។ ទន្ទឹម​នោះ​ មេធាវីម្នាក់ទៀត​របស់​មេជន​ប្រឆាំង​ គឺលោក អ៊ីវ៉ាន់ ស្តានូវ បាន​ថ្លែងអំណរគុណ​ដល់​អ្នកស្រឡាញ់លោក ណាវ៉ាល់នី ហើយ​អរគុណដល់​​សកម្មជនសិទ្ធិមនុស្ស ពួក​អ្នក​កាសែត​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយនានា ដែល​ខំជួយ​​ព្រួយ​បារម្ភ និង​តាម​ដាន​ឈឺឆ្អាល​ រុករក​ដំណឹង​ព័ត៌មាន​ពីរូប​លោក​ ណាវ៉ាល់នី ឥតស្រាកស្រាន្ត។

បើ​តាមប្រភព​​ក្រុម​មេធាវី​របស់​ប្រមុខ​មេ​ប្រឆាំង គឺ​នៅពេលនេះ លោក អាឡិចសី ណាវ៉ាល់នី កំពុងតែ​ជាប់​ឃុំ​ ក្នុង​​ពន្ធនាគារមួយ នៅ ឃាប់ ជា​​តំបន់តូច​មួយ ​ឆ្ងាយ​ដាច់​ស្រយាល ក្នុងតំបន់​ទឹក​កកអាក់ទិក នា​​ប៉ែក​ខាង​ជើង​ប្រទេស​រុស្ស៊ី។ នោះគឺជា​ ពន្ធនាគារកម្រិត​ធ្ងន់ធ្ងរ សម្រាប់​ដាក់​អ្នក​ទោស​ឧក្រិដ្ឋ​កាច​សាហាវ ឬ​ទណ្ឌិត​ដែល​ត្រូវជាប់​គុក អស់១ជីវិត។ មន្ទីរ​ឃុំ​ឃាំង​នេះ មាន​​ចម្ងាយ​រហូត​ដល់ ១ ៩០០ គីឡូម៉ែត្រ​ឯណោះ ពី​រដ្ឋធានី​ម៉ូស្គូ។ ផ្ទុយខុស​ពី​ មន្ទីរ​អប់រំកែប្រែដែល​ដាក់ឃុំរូប​​លោកពីមុន វា​​ឆ្ងាយត្រឹម​តែ ២៣៥ គីឡូម៉ែត្រប៉ុណ្ណោះ ពី​ក្រុង​ម៉ូស្គូ។

លោកមេធាវី​ អ៊ីវ៉ាន់ ស្តានូវ បាន​វិភាគ​មើលឃើញថា ការ​ណ៍​ដែល​គេ​យក​លោក អាឡិចសី ណាវ៉ាល់នី ទៅ​ឃុំ​ឃាំង​ឆ្ងាយ​ដល់​ថ្នាក់នេះ គឺ រដ្ឋអំណាច​ក្រុង​ម៉ូស្គូ ចង់​បញ្ចៀស​អ្នក​ប្រឆាំងឲ្យ​ទៅឆ្ងាយ​ និងកុំ​ឲ្យ​រំខាន​ដល់​ដំណើរ​ការ​បោះឆ្នោត​ប្រធានាធិបតី​រុស្ស៊ី ដែល​នឹង​ត្រូវ​រៀបចំ​ឡើង ​ខែ​មីនា ឆ្នាំ​២០២៤ គឺ នៅសល់​តែ​​ ៣ខែ​ទៀតប៉ុណ្ណោះ​។​

សូម​រំឭកថា ប្រមុខ​ដឹកនាំ​ប្រឆាំង​ លោក អាឡិចសី ណាវ៉ាល់នី ធ្លាប់ត្រូវ​គេ​បំពុល​ហៀប​តែ​នឹង​ផុត​ជីវិត តែត្រូវ​សង្គ្រោះ​ព្យាបាល​ជាសះស្បើយ​វិញ នៅប្រទេស​អាល្លឺម៉ង់។ ដើម​ឆ្នាំ២០២១ ពេលលោកធ្វើ​ដំណើរ​ត្រឡប់​ចូល​ស្រុក​វិញ ក៏​ត្រូវ​នគរបាល​រុស្ស៊ី​ចាប់​​ខ្លួន ​និងត្រូវតុលាការ​កាត់​ទោស​ លើបទ​ចោទប្រកាន់​ជាច្រើន​ករណី។ ក្នុង​ខែ​សីហាឆ្នាំនេះ  សាលក្រមថ្មី១ទៀត​ បានដាក់ទោស​រូបលោក ឲ្យ​ជាប់​ពន្ធនាគារ ១៩ ឆ្នាំ ពីបទ​«ជ្រុល​និយម»។

តាំងតែពីថ្ងៃទី៦ធ្នូមក អ្នក​ទោស​មនសិការ​រូបនេះ បាន​ស្ងាត់​បាត់ដំណឹង​ឈឹង។ នេះក៏ព្រោះតែ​ការ​ផ្ទេរអ្នកទោស​នៅរុស្ស៊ី ច្រើន​តែ​ដឹក​តាម​រថភ្លើង ជាច្រើន​ដំណាក់ និងស៊ី​ពេល​យូរ ហើយ​គ្រួសារ​គ្មាន​ទទួល​ដំណឹងជាមុន​​សោះ។​ ការណ៍នេះ​បង្ក​ជា​ក្តីបារម្ភ​​ ហើយ​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប ព្រ​មទាំង​អង្គការសហប្រជាជាតិ ក៏​បាន​ថ្លែង​ក្តីព្រួយ​ខ្លាំងដែរ។ រដ្ឋបាល​ទីក្រុង​វ៉ាស៊ីន ក៏​ថែមទៀត​ឆ្លៀត​ប្រកូក​ប្រកាស​ឲ្យ​​ដោះលែង​លោក ណាវ៉ាល់នី ជា​បន្ទាន់​ផង៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ