អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

សារធាតុ​រ៉ែ​ដែក​មាន​សារៈ​សំខាន់​យ៉ាង​ណា​សម្រាប់​សរីរាង្គកាយ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

​​មនុស្ស​យើង​ម្នាក់ៗ​មាន​ផ្ទុក​ជាតិ​រ៉ែ​ដែក​ក្នុង​ខ្លួនតិច​តួច​បំផុត គឺ​​ប្រមាណតែ ​​៤ក្រាម។ ប៉ុន្តែ​​​ ជាតិដែក​​ជា​សារធាតុចិញ្ចឹម ​ដែលសរីរាង្គ​កាយ​​មិន​អាច​ខ្វះ​បានទេ និង​ក៏​​មិន​ត្រូវ​ឱ្យ​មាន​ច្រើន​ជ្រុលឡើយ។ បើ​ខ្វះជាតិ​ដែក មនុស្ស​​​អាច​នឹង​មាន​អាការៈ​ខ្វះ​ឈាម ស្លេក​ស្លាំង អស់​កម្លាំង​ ធីងធោង​។ តែ​បើ​មាន​ជាតិ​ដែក​ច្រើន​ជ្រុល​ ​វាក៏​អាច​បង្ក​ឱ្យ​មាន​បញ្ហា​អស់​កម្លាំង ឈឺ​ចុក​ចាប់​នៅ​សន្លាក់ ឬអាច​ធ្វើ​ឱ្យ​ខូច​ដល់​ថ្លើម​ និង​តម្រង​នោម​ទៀត។ តើ​រ៉ែ​ដែក​មាន​តួនាទី​ និង​សារៈ​សំខាន់​យ៉ាង​ខ្លះ​សម្រាប់​សុខភាពសរីរាង្គកាយ?

សារធាតុរ៉ែដែកមានសារៈសំខាន់សម្រាប់សរីរាង្គកាយ​ ខ្វះមិន​បាន​ លើស​ក៏​គ្រោះថ្នាក់
សារធាតុរ៉ែដែកមានសារៈសំខាន់សម្រាប់សរីរាង្គកាយ​ ខ្វះមិន​បាន​ លើស​ក៏​គ្រោះថ្នាក់ © Getty Images /spawns
ផ្សាយពាណិជ្ជកម្ម

សារធាតុ​ខ្លះ​មាន​ចំនួន​តិច​តួច​ ស្ទើរ​គ្មាន​ទម្ងន់​សោះ​ក្នុង​សរីរាង្គ​មនុស្ស ​ប៉ុន្តែ​មាន​តួនាទី​គន្លឹះ​ និង​មិន​អាច​ខ្វះ​បាន​ទេ​សម្រាប់​ទ្រទ្រង់​ឱ្យ​មាន​សុខភាព​ល្អ។ នោះ​គឺ​សារធាតុ​រ៉ែ។ សារជាតិ​រ៉ែមាន​​ជា​ច្រើន​មុខណាស់ តែ​នៅថ្ងៃ​នេះ ​កម្មវិធី​សុខភាព​សូម​លើក​មក​និយាយ​តែ​អំពី​​សារធាតុ​រ៉ែ​ដែកមួយ​ទេ។ ជាតិ​​​​ដែកដ៏​​ចាំបាច់​ ត្រូវ​មាន​កំរិត​រង្វាស់​ដ៏​ត្រឹម​ត្រូវ​បំផុត​ មិន​ឱ្យត្រូវ​ឱ្យ​លើស​ឬ​ខ្វះ​បានឡើយ។

សរីរាង្គកាយ​មនុស្សធំ​ពេញ​វ័យ​ម្នាក់ៗមាន​ផ្ទុក​៣,៥​ទៅ៥​មីល្លីក្រាម​ក្នុង​មួយ​គីឡូក្រាម ឬសរុបទៅ​​ ​ត្រូវ​ជាប្រមាណតែ​៤​ក្រាម​ប៉ុណ្ណោះ។ តិចតួច​មែន ប៉ុន្តែ​បើ​ខ្វះបន្តិច​ មនុស្ស​​​អាច​នឹង​មាន​អាការៈអស់​កម្លាំង​ ធីងធោង ​ខ្វះ​ឈាម ស្លេក​ស្លាំង ហើយ​បើ​មាន​ច្រើន​​ជ្រុល​ ​វាក៏​អាច​បង្ក​ឱ្យ​មាន​បញ្ហា​អស់​កម្លាំង ឈឺ​ចុក​ចាប់​នៅ​សន្លាក់ និង​ចុងក្រោយ​អាច​ធ្វើ​ឱ្យ​ខូច​ដល់​ថ្លើម​ និង​តម្រង​នោម​ទៀត។

តើ​សារធាតុ​រ៉ែ​ដែក​មាន​តួនាទី​ក្នុង​សរីរាង្គ​កាយ​មនុស្ស​យ៉ាង​ណាខ្លះ?

ដែក​ជា​សារធាតុ​រ៉ែដ៏​ចាំ​បាច់​ដែល​មាន​តួនាទី​ដំបូង​គេ​គឺ​ផលិត​គ្រាប់​ឈាម​ក្រហម Globule rouge សម្រាប់​ពាំនាំ​អុកស៊ីហ្សែន​ទៅ​ចិញ្ចឹម​កោសិកានានា​របស់​សរីរាង្គកាយ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ផលវិបាក​ទីមួយ​នៃ​ការ​ខ្វះ​ជាតិ​ដែក​ នឹង​ធ្វើ​ឱ្យ​មានកង្វះ​គ្រាប់​ឈាម​ក្រហម ឬ​ហៅ​ថា​ជំងឺ​ស្លេក​ស្លាំង​ ខ្វះ​ឈាមក្រហម​។ ដូច្នេះ​ខ្វះ​ជាតិ​ដែក​អាច​ជា​ដើម​ហេតុ​មួយ​នៃ​ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម។ តួនាទី​ធំ​ចម្បង​ជា​អ្នក​ផលិត​គ្រាប់​ឈាម​ក្រហម​មែន​ហើយ ​តែ​សារធាតុ​រ៉ែដែក​ក៏​ជា​អ្នក​ចូល​រួម​ចំណែក​ទ្រទ្រង់​ការ​លូត​លាស់​របស់​សរីរាង្គ​ផ្សេងៗ​ទៀតដូច​ជា សាច់​ដុំ ខួរក្បាល ឬ​បេះដូង ។ល។ និង​។ល។ ព្រមទាំង​បញ្ញាញាណ​របស់​ក្មេង។

​ស្ត្រី​និង​បុរស​ត្រូវការ​ជាតិ​ដែក​មិន​ដូច​គ្នា។ អាស្រ័យ​ទៅ​តាម​​វ័យ ​ស្ត្រី​អាច​ត្រូវការ​ជាតិ​ដែក​ច្រើន​ជាង​បុរស ដូច​ជា​នៅ​ពេល​ចាប់​ពេញ​វ័យ (ចូល​វ័យ​ក្រមុំ) ស្ត្រី​មាន​ធ្លាក់​រដូវ បាត់​បង់​ឈាម​​ជា​រៀង​រាល់​ខែ។ ដើម្បី​អាច​បំពេញ​នូវ​ការ​បាត់​បង់គ្រាប់​ឈាម​ក្រហម Globule Rouge ​ស្ត្រី​ត្រូវ​បង្កើនកំរិត​​ជាតិ​​ដែកឱ្យ​​ខ្ពស់។ រយៈ​ពេល​មាន​ផ្ទៃពោះ ក៏​ជា​ពេល​វេលា​ដែលស្ត្រីកាន់​តែ​ត្រូវ​ការរ៉ែដែក​ច្រើន​​​ លើស​ធម្មតាដែរ ដោយ​សរីរាង្គកាយ​​ត្រូវ​ការផលិត​គ្រាប់​ឈាម​ក្រហមសម្រាប់​យក​ទៅ​ចិញ្ចឹម​ម្តាយអ្នក​ពរពោះ​​ក៏ដូច​ជា​ទារក​ក្នុង​ផ្ទៃ។​​ ​

ជាតិ​ដែក​សំខាន់​ខ្លាំង​សម្រាប់​ដំណើរការ​របស់​សរីរាង្គ តែ​ត្រូវ​ឱ្យ​មាន​រង្វាស់ដូស​យ៉ាង​ត្រឹម​ត្រូវ មិន​ច្រើន​ពេក​ និង​មិន​តិច​ពេក។ ការ​វិភាគ​ឈាម ជា​មធ្យោបាយ​ដ៏​សាមញ្ញ​ដើម្បី​វាស់​បរិមាណ​ជាតិ​ដែក ដែល​មាន​​នៅក្នុងចរន្ត​​ឈាម (ជាប្រូតេអ៊ីនដឹក​ជញ្ជូន​ជាតិ​ដែក​ទៅ​ឱ្យ​សរីរាង្គ​ឬ​ហៅ​ជា​ភាសា​បច្ចេកទេស​ថាTransferrine) និង​ជាតិ​ដែកជា​សារធាតុ​បម្រុង (Ferratine)។

ការខ្វះ​ជាតិ​ដែក​ផ្តល់​ផលវិបាក​និង​រោគ​សញ្ញា​ដូចម្តេច​ខ្លះ?

កង្វះ​ជាតិ​ដែក ជា​កង្វះ​អាហារូបត្ថម្ភ​ដែល​គេ​ជួប​ប្រទេស​ជា​ញឹក​ញាប់​ជាង​គេ។ ប៉ុន្តែ​កង្វះ​សារធាតុ​មួយ​មុខ​នេះ ច្រើន​តែ​កើត​ឡើង​ដោយ​ស្ងាត់ៗ ពុំ​មាន​រោគ​សញ្ញា​អ្វី​ជា​ជាក់​លាក់​ទេ​ នៅ​ពេល​ដំបូង។ សូម​ស្តាប់​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត​ Laurent Frenzel គ្រូពេទ្យឯកទេស​ឈាម​និង​សន្លាក់​ និង​ជា​អ្នក​ទទួល​ខុស​ត្រូវ​​មជ្ឈមណ្ឌល​ឈាម​នៅមន្ទីរ​ពេទ្យ​Necker Enfants malades ក្រុង​ប៉ារីស​ប្រទេស​បារាំង រៀប​រាប់​អំពី​រោគ​សញ្ញា​ខ្លះ​ ដែល​ដាស់​ស្មារតី​យើង​ឱ្យ​ចាប់​អារម្មណ៍​ដល់​បញ្ហា​ខ្វះ​ជាតិ​ដែក។

លោក វេជ្ជបណ្ឌិត Laurent Frenzel៖ “គ្មាន​សញ្ញារោគ​ច្បាស់លាស់​បញ្ជាក់​អំពី​អាការៈ​ខ្វះជាតិ​ដែកទេ តែ​អាច​ជា​ការ​បាត់​បង់​រសជាតិ លែង​ឆ្ងាញ់​អាហារ​ ឬ​​ ជា​ការ​ជ្រុះ​សក់​ ដែល​ជា​ផលវិបាក​បង្ក​ឡើង​ការ​ខ្វះ​ជាតិ​ដែក។ ផលវិបាក​ដ៏​ចម្បង​មួយ​ទៀត​នៃ​ការ​ខ្វះ​ជាតិ​ដែក​នោះ​គឺការធ្លាក់​ចុះ​នៃ​បរិមាណ​គ្រាប់​ឈាម​ក្រហម​ ពោល​គឺ​ការ​លេច​ឡើង​នូវ​ជំងឺ​ខ្វះ​គ្រាប់ឈាម​ក្រហម។ គឺនៅពេល​ចាប់​មានជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​ ទើប​រោគ​សញ្ញា​នឹង​ស្តែង​ចេញ​ឡើង ដូច​ជា​​ស្លេក​ស្លាំង អស់​កម្លាំង​ខ្លាំង ឆាប់​ហត់។ តែ​ទម្រាំឃើញ​​រោគ​សញ្ញាទាំង​អស់​​នេះ មាន​ន័យ​ថា​វេលា​បាន​កន្លង​ទៅ​អស់​យូរ​ក្រែលទៅ​ហើយ។ សរីរាង្គ​កាយទំនង​​ខ្វះ​ជាតិ​ដែកតាំងពី​ជា​ច្រើន​​សប្តាហ៍ ឬ​តាំងពី​រាប់​ខែ​មក​ហើយ ទើប​បាន​ដល់​ថ្នាក់មាន​អាការៈ​ជំងឺ​​​ខ្វះគ្រាប់​ឈាម​។ ទាល់​តែ​ខ្វះ​ជាតិ​ដែក​យូរ​ថ្ងៃ​ខែ​ បាន​បរិមាណ​គ្រាប់​ឈាម​ក្រហមចាប់​ធ្លាក់​ចុះ ហើយ​ស្តែង​ជា​ជំងឺ​ខ្វះ​គ្រាប់​ឈាម​បន្តិច​ម្តងៗ និង​ធ្ងន់ឡើងៗ​បើ​គ្មាន​ការ​ព្យាបាល​ឬ​​ការពាំនាំជាតិ​ដែក​មក​បំពេញកង្វះ​ខាត​ទេ។”

នៅពេល​ចាប់​មាន​អាការៈ​ខ្វះ​ជាតិ​ដែក​ហើយ ការ​បំពេញវិញអាច​ត្រូវការ​ពេល​វេលា​យូរដែរ។ គេ​មិន​អាច​ប្រមូល​ជាតិ​ដែក​ចូល​ស្តុក​ក្នុង​សម្រាប់​ទំនុក​បម្រុង​ដល់​សរីរាង្គ​កាយ​វិញ​បាន​ ដូចប្រមូល​ទិញ​វត្ថុ​មក​ស្តុក​ក្នុង​ឃ្លាំង​បាន​ឡើយ។ ​ការ​បំពេញ​កង្វះ​ជាតិ​ដែកឱ្យ​សរីរាង្គកាយ​ ​អាចប្រើ​ពេល​ដល់​ទៅ​រាប់​ខែ។ យ៉ាង​ហោច​ណាស់​ក៏​បី​បួន​ខែដែរ​ក្រោយ​ពី​ការ​ចាប់​ផ្តើម​លេប​ថ្នាំ ព្យាបាល​ជំងឺ​ខ្វះ​ជាតិ​ដែក​។ គិត​គូរ​ឡើង​វិញ​ដល់​របប​អាហារ​ ជា​មធ្យោបាយ​ដ៏​ប្រពៃ​បំផុត​ សម្រាប់​ផ្តល់​លំនឹង​ជាតិ​ដែក​ឱ្យ​សរីរាង្គ​កាយ​វិញ។

លោក វេជ្ជបណ្ឌិត Laurent Frenzel៖ “​អាហារ​​សម្បូរ​ជាតិ​ដែកជាង​គេ និង​ដែ​ល​សរីរាង្គ​ក្រពះពោះ​វៀន​​ ​ងាយ​ស្រូប​យក​បំផុត គឺ​​សាច់សត្វ សាច់​ក្រហម សាច់​គោ​​ សាច់​ចៀម សាច់​ជ្រូក និងត្រី។ ​បន្លែ​បៃតង បន្លែ​គ្រប់​មុខ ក៏​មាន​ផ្ទុក​​​ជាតិ​ដែកច្រើន​ដែរ តែ​ពិបាក​ស្រូប​យក​ ហើយ​ត្រូវ​បរិភោគ​ក្នុង​បរិមាណ​ដ៏​ច្រើន។ សាច់​ជា​ប្រភព​ផ្គត់ផ្គង់​ជាតិ​ដែក​ដ៏​ចម្បង​គេ។​ ក្នុង​ករណីភាគ​ច្រើន ការ​គិត​គូរ​មើល​របប​អាហារ​ឡើង​វិញឱ្យ​បាន​ត្រឹម​ត្រូវ​ អាចនឹង​គ្រប់​គ្រាន់​សម្រាប់​​ផ្តល់​លំនឹង​ ឬ​ដំឡើង​ជាតិ​ដែក​ហើយ។ ប៉ុន្តែ​ករណី​ខ្លះ ត្រូវ​លេប​ថ្នាំ​ ឬ​ប្រើ​ថ្នាំបំប៉ន​ ដើម្បី​ជួយ​ពាំនាំ​ជាតិ​ដែក។ ដូច្នេះ​គេ​​ចាំ​បាច់​ត្រូវ​តែ​ទៅ​ធ្វើ​តេស្ត​វិភាគ​ឈាម​ដើម្បី​បាន​ដឹង ​​អំពី​កំរិត​និង​បរិមាណ​ខ្វះ​ខាត​ជាតិ​ដែក​ឱ្យ​បាន​​ប្រាកដនិង​ជាក់លាក់ ដើម្បី​សម្រប​វិធី​ព្យាបាល​ការ​ខ្វះ​​ជាតិ​ដែក។ ឥលូវនេះ​​យើង​មាន​ថ្នាំព្យាបាល ថ្នាំ​បំប៉ន​​បន្ថែម​ប្រកប​ដោយ​ប្រសិទ្ធខ្ពស់​ គ្រាន់​តែ​វា​អាច​ផ្តល់​ផល​រំខាន​តិច​តូច​ដូច​ជាធ្វើ​ឱ្យ​ក្តៀន​ ឬ​លាមក​ឡើង​ខ្មៅ។ នេះ​ជា​ប្រការ​ធម្មតារបស់​ជាតិ​ដែក​ទេ។”

តើ​ការ​សម្បូរ​ជាតិ​ដែក​ជ្រុល​បង្ក​ផលវិបាក​យ៉ាង​ណាខ្លះ?

កង្វះ​ជាតិ​ដែក អាច​ជំរុញ​ឱ្យ​មនុស្ស​ធ្លាក់​ខ្លួន​មាន​ជំងឺ​ខ្វះ​គ្រាប់​ឈាម។ បើ​តាម​អង្គការ​សុខភាពពិភពលោក ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម​ជា​បញ្ហា​​សុខភាព​សាធារណៈដ៏​ធំ​មួយ ព្រោះ​វា​មាន​កើត​លើ​៤០%​នៃ​ទារក​និង​កុមារ​អាយុ​ពីខែ​ដល់​៥​ឆ្នាំ​ និង​៣០%​នៃ​ស្ត្រី​កំពុង​ពេញ​វ័យ​បន្ត​ពូជ នៅ​លើ​ពិភពលោក។ ​​ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ ការ​លើស​ជាតិ​ដែក ក៏​មិន​ល្អ​សម្រាប់​សុខភាព​ឡើយ ហើយ​ថែម​ទាំង​អាច​បង្ក​ឱ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ជា​ច្រើន​ផ្សេង​ទៀត។ តើជា​ជំងឺ​អ្វី​ខ្លះទៅ? ​

លោកវេជ្ជបណ្ឌិត Laurent Frenzel៖ “មាន​រ៉ែដែក​ច្រើន​ជ្រុល​ឬ​ហៅ​ជា​ភាសា​បច្ចេកទេស​ថា Hemochlomatose ជា​ជំងឺ​មានច្រើន​ប្រភេទ។ ខ្លះ​ជា​ជំងឺ​បង្ក​ឡើង​ដោយ​ហ្សែន (តពូជ) ដែល​ឃើញ​មាន​កើត​ឡើង​ច្រើន​នៅ​តំបន់​អឺរ៉ុប​ខាង​ជើង។ ជំងឺ​អេម៉ូក្លូម៉ាតូស្សខ្លះ​ទៀត បណ្តាល​មក​ពី​ការ​បញ្ចូល​ឈាម​ញយដង​ពេក។ ការ​បញ្ចូល​ឈាម​ពាំនាំ​ជាតិ​ដែក​មក​ជាមួយ​ច្រើន​ណាស់។ ហើយ​ក៏​អាច​បង្ក​ឱ្យ​មាន​ផលវិបាក​ច្រើន​ទៅ​តាម​នោះ​ដែរ។ ផលវិបាក​នៃ​ការ​ដែល​មាន​ជាតិ​ដែកច្រើន​ជ្រុល​​ក្នុង​សរីរាង្គកាយ​ គឺ​វា​អាច​ប៉ះពាល់​ដល់​សរីរាង្គ​មួយ​ចំនួន​ដូច​ជា និង​ជា​ពិសេស សរីរាង្គ​បេះ​ដូង និង​ថ្លើម​។ ថ្លើម​អាច​នឹង​ដំណើរការខុស​ប្រក្រតី ដោយ​អាច​ក្រិន ឬមាន​ជំងឺ​មហារីក​ថ្លើម​ផង​​ក្នុង​ករណី​ធ្ងន់ធ្ងរ​មែន​ទែន។ ឯ​ផលវិបាក​ចំពោះ​សរីរាង្គ​បេះ​ដូង​វិញ ការ​លើស​ជាតិ​ដែក​រ៉ាំរ៉ៃ​ យូរ​ទៅ​អាច​នឹង​ធ្វើ​មាន​បញ្ហា​ខ្សោយ​បេះ​ដូង​។ ខូច​លំពែង​ធ្វើ​ឱ្យ​មាន​ជំងឺទឹក​នោម​ផ្អែម។  អ៊ីចឹង​ហើយ​បាន​ជា​គ្រូពេទ្យ​ណែនាំ​ឱ្យ​មនុស្សគ្រប់​រូប​ គួរ​ទៅ​ពិនិត្យ​ឈាម​យ៉ាង​ហោច​ណាស់​ក៏​ម្តង​ក្នុង​ជីវិត ដើម្បី​ដឹង​អំពី​កំរិត​ជាតិ​ដែក​របស់​ខ្លួន ថា​លើស​ឬ​ខ្វះ។ បើ​​លទ្ធផល​នៃ​​ការ​វិភាគ​ឈាម​បង្ហាញ​ថា​កំរិត​ជាតិ​ដែកបម្រុង​Ferritine ​​ខ្ពស់ ឬច្រើន​​ជ្រុលហើយ ត្រូវ​តែ​ស្វែង​រក​មូលហេតុ​ឱ្យ​ស៊ីជម្រៅទៀត​ ថា​បណ្តាលមក​ពី អ្វី។”

ដើម្បី​បញ្ចុះ​ជាតិកំរិត​Ferritine​​ (​ជាតិ​ដែក​បម្រុង)ដែល​ឡើង​ខ្ពស់​ខ្លាំង ដោយហេតុ​តែមាន​ឈាម​មាន​ជាតិ​ដែក​ខ្ពស់ គ្រូពេទ្យ​អាច​ព្យាបាល​ដោយ​បូមឈាមចេញ​ខ្លះ តែបើ​បណ្តាលមក​ពី​មូលហេតុ​ផ្សេង គេ​ត្រូវ​ព្យាបាល​ជំងឺ​ជា​ដើម​ហេតុ​នោះ។

យ៉ាង​ណា​ក៏​ដោយ សូម​កុំ​ធ្វេស​ប្រហែស ព្រោះ​ដូច​បាន​ជម្រាប​ពី​ខាងដើម​ រ៉ែដែកជា​អាហារូបត្ថម្ភ​ ដែល​មាន​តួនាទីសំខាន់​​ច្រើន​យ៉ាង ដោយ​មិន​អាច​ខ្វះ និង​លើស​បាន​ទេ។ ខ្វះ​ក៏​នាំ​ឱ្យ​ឈឺ ​លើសក៏​ឈឺ។ លើស​ឬ​ខ្វះ ច្រើន​តែ​កើត​ឡើង​ដោយ​ស្ងាត់ តែបើ​មាន​រោគ​សញ្ញា គឺ​អាច​ជា​រោគ​សញ្ញា​ដូច​គ្នា ដូច​ជា​​ អស់​កម្លាំង ឈឺ​ចុក​ចាប់​នៅ​តាម​សន្លាក់-នៅ​ពោះ​ ឬ​វិលមុខជា​ដើម​។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ