អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

តើ​អ្វី​ទៅ​ជាអាការៈ​អស់​រដូវ​ ឬ​​វិបត្តិ​ហា​ប្លាយរបស់​បុរស​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុង​ខណៈ​​ដែល​ស្ត្រីគ្រប់​រូប ត្រូវ​ឆ្លង​កាត់​ជា​ចាំ​បាច់​ដំណាក់កាលធ្វើ​ទុក្ខ​មិន​ស្រណុក​ខ្លួន​ព្រោះ​​អស់រដូវ​ (Ménopause) បុរសចូល​ដល់​វ័យ​៥០ឆ្នាំ​ឡើង​ទៅ​​ក៏​មាន​អាការៈ​ប្រហាក់​ប្រហែល​នឹង​បាតុភូត​អស់​រដូវ​របស់​ស្ត្រី​ដែរ។ ​អាការៈអស់​រដូវ​សម្រាប់​បុរស​ មាន​ឈ្មោះ​ជា​ភាសា​បារាំង​ថា អង់ដ្រូប៉ូស្ស Andropause ឬវិបត្តិ​ហាប្លាយជា​ភាសា​សាមញ្ញ។ តើ​វិបត្តិ​Andropause ​ជា​អ្វី? មាន​រោគ​សញ្ញា​យ៉ាងណា? និង​អាច​ព្យាបាល​ការពារបាន​ដែរឬទេ?

តើ​អ្វី​ទៅ​ជាអាការៈ​អស់​រដូវ​ ឬ​​វិបត្តិ​ហា​ប្លាយរបស់​បុរស​?
តើ​អ្វី​ទៅ​ជាអាការៈ​អស់​រដូវ​ ឬ​​វិបត្តិ​ហា​ប្លាយរបស់​បុរស​? © (AP/JPP)
ផ្សាយពាណិជ្ជកម្ម

តាំងពី​ចូល​វ័យ​៥០​ឆ្នាំ​ប្លាយ​មក តើ​អស់​លោក​ជា​បុរស​ធ្លាប់​មាន​អារម្មណ៍​អស់​កម្លាំងចម្លែក ចុះ​ខ្សោយ​ បែក​ញើសស្អិត​​ពេល​យប់ សម្រាន្ត​មិន​ស្កប់ ចេះ​មួរមៅ បាត់​​ចំណង់​តណ្ហា ឬ​លែង​សូវបះ​​ខឹង​​ផ្តេសផ្តាសទេ? ទាំង​អស់​នេះ​ជា​អាច​ជាអាការៈ​ធម្មតា​នៃ​​ដំណើរ​ធម្មជាតិរបស់​មនុស្សចាស់​ទេ តែ​ក៏​អាច​ជា​សញ្ញា​ប្រាប់​ថា​អ្នក​កំពុង​មានអាការៈអស់​រដូវ​Andropause ដែរ។ បុរស​មាន​រដូវ​ដែរឬ?

តើ​ការ​អស់​រដូវ​អង់ដ្រូប៉ូស្ស ឬ​ការ​អស់​រដូវ​បុរស​ជា​អ្វី?

នៅ​អាយុចម្លោះ​ចាប់​ពី​៤៥-៥៥​ឆ្នាំ ប្រព័ន្ធ​សរីរាង្គកាយ​​ស្ត្រី​ឈប់​ផលិត​អ័រមូន​បន្ត​ពូជទាំងស្រុង​ (អូវ៉ែរ​ឈប់​បញ្ចេញ​អ័រមូន​oestrogène និង progesterone) ដែល​គេ​និយម​ហៅ​ថាដំណាក់កាល​​អស់​រដូវ ឬ​Ménopause ជា​ភាសាបារាំង។​ ឯខាង​បុរសគ្មាន​រដូវ​គ្មាន​ខែ​ដូច​ស្ត្រី​មែន តែ​ដល់​​អាយុ​ខ្ទង់​នេះ​ បុរស​ក៏ចេះ​ចុះ​ខ្សោយ និង​​ឆ្លង​ចូល​ដល់​​ដំណាក់មួយ​ដែល​ការ​ផលិត​​អ័រមូនផ្លូវភេទ​ចុះ​ថយ​​ជា​លំដាប់​ដែរ គ្រាន់​តែ​ប្រព័ន្ធបន្ត​ពូជ​បុរស​​មិន​បញ្ឈប់​តួនាទី​ទាំង​ស្រុង​ ដូច​ស្ត្រីតែ​ប៉ុណ្ណោះ​។ បុរស​នៅ​តែ​​រក្សា​លទ្ធភាពប​ន្ត​ពូជបាន​​ដដែល។ ​មានន័យ​ថា​ចូល​ដល់​វ័យ​៥០​ឆ្នាំ​​ស្ត្រី​លែង​មាន​រដូវ និង​លែង​សមត្ថភាពបង្ក​កំណើត​កូនតាម​បែប​ធម្មជាតិ​ហើយ ឯ​ចំណែក​បុរស​វិញ ​អាច​មាន​កូន​រហូត​ដល់​ថ្ងៃ​ស្លាប់។ នេះ​ជា​ភាព​ខុស​គ្នា​ដ៏​ធំ​មួយ​រវាង​ស្រ្តី​និង​បុរស ដែល​ជំរុញ​ឱ្យ​អ្នក​ជំនាញ​មួយ​ចំនួន បដិសេធ​មិន​ហៅ​ Andropause ថា​ជាអាការៈ​អស់​រដូវ​បុរស សម្រប​តាម​អាការៈអស់​រដូវ​របស់​ស្ត្រី​Ménopauseទេ។

ម្យ៉ាង​ទៀត ដោយជាក់ស្តែង​នោះ មាន​បុរស​តែ​ប្រមាណពី​​១០ទៅ២០%​ ដែល​កើត​អាការៈ​អង់ដ្រូប៉ូស្ស ចាប់​ពី​​អាយុ​៥០ឆ្នាំទៅ និង​រហូត​ដល់​៥០%​សម្រាប់​បុរស​វ័យ​ចំណាស់​លើស​ពី​៧០ឆ្នាំ។

Andropause ​ជា​បាតុភូត​សរីរៈ​វិទ្យា​ដែល​គេ​ពុំ​ទាន់​ស្គាល់​ច្បាស់​នៅឡើយ​ទេ ហើយ​ក៏​​គ្មានដែរ​​និយមន័យ​ណា​កំណត់​អាយុ​ដែល​មាន​​អង់ដ្រូប៉ូស្សនោះ​។ ការ​អស់​រដូវ​បុរស​គឺចង់​សំដៅ​លើ​ការ​ធ្លាក់​ចុះ​អ័រមូនភេទ​របស់​បុរស​ដែល​គេ​ស្គាល់​ច្បាស់​ជាង​គេ​គឺ​អ័រមូន​ “តេស្តូស្តេរ៉ូន” និង​អ័រមូន​ផ្លូវភេទផ្សេងៗ​ទៀត យ៉ាង​សន្សឹមៗ​ ទៅ​តាម​វ័យ​ និង​តាម​ច្បាប់​ធម្មជាតិ ចាប់​ពី​អាយុ​៤៥​ឆ្នាំ​ឡើង​ទៅ។ ហើយ​​អង់ដ្រូប៉ូស្ស​បុរស​ ក៏​មិនមែន​ជា​ដំណាក់កាលដែល​អាច​​បែង​ចែង​ឱ្យ​ដាច់​ស្រលះ​រវាង​ពេល​មុន​និង​ពេល​ក្រោយ​ ដូច​ករណី​មនុស្ស​ស្រី​ទេ។

តេស្តូស្តេរ៉ូន ជា​អ័រមូន​ផ្លូវ​ភេទ​បញ្ចេញ​ដោយ​សរីរៈ​ភេទ​ មាន​ច្រើន​សម្រាប់​បុរស និង​តិច​តួច​សម្រាប់​ស្ត្រី ​ទើប​បានជា​​គេ​ឱ្យ​ឈ្មោះ​ថាអ័រមូន​បុរស។​ អ័រមូន​នេះ​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ទ្រទ្រង់​សុខមាលភាពអារម្មណ៍​និង​រាងកាយ។ ចំពោះ​មនុស្សប្រុស​ តេស្តូស្តេរ៉ូន​មួយ​ភាគ​ធំ​ផលិត​ដោយ​ពង​ស្វាស និង​ជា​អ្នក​ចាត់​ចែង​គ្រង់គ្រងចំណង់​តណ្ហា​ ម៉ាសឆ្អឹង ខ្លាញ់ សាច់ដុំ និង​ការ​ផលិត​គ្រាប់​ឈាម​ក្រហម​និង​ស្ពែម៉ាតូហ្សូអ៊ីត។

ពោ​ល​គឺ​អ័រមូន​នេះ​មាន​បេសកកម្ម​ធំ​ណាស់ សម្រាប់​ជាមោទនភាព​បុរស។ បរិមាណ​អ័រមូន​បុរស​ តេស្តូស្តេរ៉ូន ឡើង​ខ្ពស់​ខ្លាំងបំផុត​​នៅ​អាយុ​ម្តុំ​ខ្ទង់​២០​ឆ្នាំ។ ​ចាប់​ពី​អាយុ​៣០​ឆ្នាំ​ឡើង​ទៅ​ អត្រា​តេស្តូស្តេរ៉ូន ក្នុង​ឈាម​ចាប់​​ធ្លាក់​ចុះ ដោយ​ឯងៗ​ក្នុង​កំរិត​១ទៅ​២%​ក្នុង​មួយ​ឆ្នាំៗ។ ការ​ធ្លាក់​ចុះ​បរិមាណ​អ័រមូន​បុរសនេះ ធ្វើ​ឱ្យខូច​គុណភាព​ជីវិត​ខ្លាំង​ណាស់ និង​ ​ចេញ​ចាស់​ ​​ភ្លាម​ភ្លែត​​គួ​រឱ្យ​ភ្ញាក់ផ្អើលសម្រាប់​បុរស​ខ្លះ។ ​ស្ត្រី​ក្រោយ​អស់​រដូវ​ចាប់​មានអត្រា​តេស្តូស្តេរ៉ូន​ថយ​ចុះ​ជា​លំដាប់​ ដោយជួន​មាន ​ជួន​គ្មានរោគ​​សញ្ញា​ទេ។

តើ​អាការៈ​អស់​រដូវ​បុរស​ផ្តល់​រោគ​សញ្ញា​ដូចម្តេច​ខ្លះ?

ដោយ​និយាយ​តែ​ពី​ករណី​បុរស​មាន​សុខភាព​ធម្មតា​គ្មាន​ជំងឺ​ជាប់​ក្នុង​ខ្លួន អាការៈ​សញ្ញា​របស់​បុរស​អស់​រដូវ​អង់ដ្រូប៉ូស្ស មាន​ប្រហាក់ប្រហែល​នឹង​ស្ត្រី​អស់​រដូវដែរ។ អាការៈ​រោគ​ទាំង​នោះ​មាន​ដូច​ជា ធ្លាក់​កម្លាំង ថយ​ថាមពលចេះ​ចង់​សម្រាក​ថ្ងៃ​ ខ្លះ​ប្តូរ​ផ្លាស់​ឥរិយាបថ និង​អត្តចរិក ក្លាយ​ជាមនុស្ស​ឆាប់​ខឹង ចេះ​ខូច​​ចិត្តបែប​បាក់​ទឹក​ចិត្ត​ផង និង​អាច​មាន​វិបត្តិ​ដំណេក​ទៀត។ ស្រកសាច់​ដុំ លែង​សូវ​មាន​រោមពុកមាត់​ពុកចង្កា ឬ​ ក្បាល​ឡើង​ឆក ឡើង​ទំពែក ស្បែកក៏​​ឡើង​ស្រអាប់ ស្ងួត តែ​សម្បូរ​ខ្លាញ់​អាក្រក់ ទៅ​ស្តុក​ផ្តុំ​នៅ​ម្តុំ​ពោះធ្វើ​ឱ្យ​ដុះ​ក្បាល​ពោះ​។ ចេះ​​ក្តៅ​ឆួល​ បែក​ញើស​នៅពេល​យប់​ ខ្សោយ​សមត្ថភាព​ផ្លូវភេទ លែង​សូវ​មានតណ្ហា ​ចំណង់​រួម​រក្សកាន់​តែ​រង្វើល ពងស្វាស​ចុះ​តូច​ជាង​មុន ប្រដាប់​ភេទ(លិង្គ)​លែង​សូវ​បះខឹង ឬ​បើ​ខឹង​ក៏​លែង​សូវ​រឹង។ ខ្លះ​ចាប់​មាន​អាការៈ​ឈឺ​ឆ្អឹង​ឆ្អែង ព្រោះ​តែអាច​មាន​​ជំងឺ​ពុក-ស្ពោត​ឆ្អឹង​ ... ទាំងអស់​នេះ​សុទ្ធ​សឹង​ជា​អាការៈដែល​​បុរសមាន​វិបត្តិ​អង់ដ្រូប៉ូស្ស អាច​ជួប​ប្រទះ។

អាការៈ​សញ្ញា​អង់ដ្រូប៉ូស្ស​មាន​ច្រើន និង​ខុស​គ្នា​ពី​មនុស្សម្នាក់ទៅមនុស្សម្នាក់​ទៀត តែ​បុរស​ភាគ​ច្រើន​ចាប់អារម្មណ៍​ខ្វល់​គិត​គូរ​អំពី​សុខភាព​របស់​ខ្លួន នៅ​ពេល​លែង​សូវ​មាន​សមត្ថភាព​រួម​រក្ស​ប៉ុណ្ណោះ។ ព្យាបាល​តែ​បញ្ហា​លិង្គ​ខ្សោយ​មួយ​មុខ​មិន​គ្រប់​គ្រាន់​ទេ​ និង​មិន​ត្រឹម​ត្រូវ​ទេ។ ត្រូវ​ព្យាបាល​បញ្ហា​សុខភាពជាលក្ខណៈ​ទូទៅ​ ដោយមិន​មើល​ស្រាល​​ផ្នែក​ណាមួយ​ឡើយ។​

តើ​គេ​អាច​ការពារ​និង​ព្យាបាល​អាការៈ​អស់​រដូវ​បុរស?

បុរស​មាន​សំណាង​ជាង​ស្ត្រី​ខ្លាំងណាស់។ ប្រសិន​បើបុរស​ពិត​ជា​កំពុង​ឆ្លង​កាត់​​​វិបត្តិ​អង់ដ្រូប៉ូស្ស​មែន នោះបុរសៗ​អាច​រក​​ដំណោះស្រាយ​និង​វិធីការពារ​បាន​ ប្រកប​ដោយ​ប្រសិទ្ធភាព​ទៀត។ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​កំណត់​ថា​ជា​រោគ​អស់​រដូវ​បុរស គ្រូពេទ្យ​អាច​វិភាគពិនិត្យ​មើលបរិមាណ​​អ័រមូន​តេស្តូស្តេរ៉ូន​ថា​សម​មាត្រ​ទៅ​តាម​វ័យ​(អាយុ)​ដែរឬទេ។ បើ​ថ្លឹង​ថ្លែង​ទៅ​ឃើញ​ថា​ខ្វះ គ្រូពេទ្យ​ជំនាញ​អាច​ចេញ​វេជ្ជបញ្ជា​ឱ្យ​ប្រើថ្នាំ​បំប៉ន​​អ័រមូន​តេស្តូស្តេរ៉ូន​ ដោយ​អាច​បូក​បន្ថែម​ថ្នាំ​ព្យាបាលដំណើរការ​មិន​​​ប្រក្រតីនៃ​សមត្ថភាព​រួម​ភេទ​។ មុន​នឹង​ទទួល​ការ​ព្យាបាល​ដោយ​អ័រមូន​ណាមួយ​ អ្នក​ត្រូវ​ធានា​និង​ត្រួត​ពិនិត្យ​សុខភាព​ទូទៅ ពង​ស្វាស ប្រូស្តាត​ ព្រោះ​​តេស្តូស្តេរ៉ូនច្រើន​ អាច​ទៅ​បង្កើន​គ្រោះ​ហានិភ័យ​ផ្សេង​ទៀត ដូច​ជា​ទៅ​ពង្រីក​​ប្រូស្តាត​ឬ​នាំ​ឱ្យ​មាន​ជំងឺ​មហារីកប្រូស្តាត។

ប្រកាន់​យកអនាម័យ​ល្អ​ក្នុង​ការ​រស់​នៅ ដោយ​ចៀសវាង​ការ​ទទួល​ទាន​អាហារ​ខ្លាញ់​ច្រើន ផ្អែម​ជ្រុល ប្រៃខ្លាំង។ បញ្ឈប់​ការ​ជក់​បារី និង​បន្ថយ​ជាតិ​​សុរា ហើយ​បង្កើន​ចលនា​ធ្វើ​លំហាត់​ប្រាណ ឱ្យ​បាន​ជាប់​ជា​ប្រចាំ​​ នឹង​ជួយ​ពង្រឹង​សាច់​ដុំ ទ្រទ្រង់​កំរិត​អ័រមូន​តេស្តូស្តេរ៉ូន នោះ​អស់​លោក​ជា​សុភាព​បុរស​ទាំងឡាយ​នឹង​រឹង​មាំ​មាន​សុខភាព​ល្អ​ប្រសើរ​យូរ​អង្វែងទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ