អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

តើការ​ជក់​​កញ្ឆា​ប៉ះពាល់​ដល់សុខភាព​​ខួរក្បាល​និង​ផ្លូវ​ចិត្ត​យ៉ាងណាខ្លះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

អាល្លឺម៉ង់ជា​ប្រទេស​ដ៏​ធំ​ជាង​គេ ដំបូងបង្អស់​​នៅ​អឺរ៉ុប​ដែល​អនុវត្ត​ច្បាប់​សេរី​និយម​ អនុញ្ញាត​ឱ្យ​ជក់​ ទិញ កញ្ឆា​តាមទីសាធារណៈ និង​ដាំ​កញ្ឆា​នៅ​តាម​ផ្ទះ ដើម្បីជាការ​​កំសាន្ត​លំហែចិត្ត។ ប៉ុន្តែ​កញ្ឆា​ជា​គ្រឿង​ញៀន​​មួយ​ប្រភេទ​ដែល​ល្បី​ខាង​ធ្វើ​ឱ្យ​ខូច​ខួរក្បាល​​ និង​ផលវិបាក​ជា​ច្រើន​ផ្សេង​ទៀតណាស់​ចំពោះ​សង្គម​និង​សុខភាព។ នេះ​ជា​ឱកាស​បូក​សរុប​ឡើង​វិញ​អំពី​ផល​ប៉ះពាល់​នៃ​កញ្ឆា​ចំពោះ​សុខភាព​។

ជក់​​កញ្ឆា​អាច​ប៉ះពាល់​ដល់​សុខភាព​ខួរក្បាល​និង​ផ្លូវ​ចិត្ត​យ៉ាងខ្លាំង
ជក់​​កញ្ឆា​អាច​ប៉ះពាល់​ដល់​សុខភាព​ខួរក្បាល​និង​ផ្លូវ​ចិត្ត​យ៉ាងខ្លាំង AFP - THOMAS SAMSON
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​ប្រទេស​ម៉ាល់ត៍ នៅ​ឆ្នាំ​២០២១ លុចសំបួរ​នៅឆ្នាំ២០២៣ ចាប់​ពី​ថ្ងៃទី​១​មេសា​២០២៤មក ប្រជាពលរដ្ឋ​អាល្លឺម៉ង់​ពេញ​វ័យ​អាយុ​ចាប់​១៨​ឆ្នាំ​ឡើង​ទៅ ក៏​អាច​ជក់ អាច​មាន​កញ្ឆា​ក្នុង​ហោបៅ​ចំនួន​​២៥​ក្រាម​ បាន​ដែរ​ នៅ​តាមទី​សាធារណៈ និងដល់​ទៅ​៥០ក្រាម​​ទុក​នៅក្នុង​ផ្ទះ ព្រមទាំង​អាច​​ដាំ​កញ្ឆានៅ​តាម​យ៉​ផ្ទះ​របស់​ខ្លួន​បាន​ដល់​ទៅ​បី​ដើមទៀត​ផង។ នេះ​ជា​លទ្ធផល​​នៃ​ការ​ធ្វើ​កំណែទម្រង់​ច្បាប់​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់ ព្រម​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ប្រើ​កញ្ឆាកំសាន្ត​​ដោយ​ស្រប​ច្បាប់។

ជា​ការ​​ទន្ទឹង​រង់​ចាំ​បំផុតសម្រាប់​អ្នកធ្លាប់​និង​ចង់​ប្រើប្រាស់​កញ្ឆា ​តែទន្ទឹម​គ្នា​នេះ​ ​ក្តី​ព្រួយ​បារម្ភ​ក៏កើត​​មាន​ច្រើន​ខ្លាំង​ដែរ​ក្នុង​រង្វង់​អ្នក​ជំនាញសុខាភិបាល និង​មតិសាធារណៈ​ទូទៅ។ ហេតុ​អ្វី​បាន​ជា​ពួក​គេ​ព្រួយ​បារម្ភ​ចំពោះ​បើក​ផ្លូវ​ឱ្យ​ប្រើកញ្ឆា​ជា​សាធារណៈ?

តើ​កញ្ឆា​ជា​អ្វី​?

​កញ្ឆា​ជា​រុក្ខជាតិ​ម្យ៉ាង ងាយ​ដាំ ងាយ​ដុះ និង​មាន​ផ្ទុក​សារធាតុ​ពុល ឬ ម៉ូលេគុល សំខាន់​មួយ មាន​ឈ្មោះ​ថា Tetrahydrocannabinol ហៅ​កាត់ THC ដែល​ជា​ភ្នាក់ងារ​ទទួល​ខុស​ត្រូវ​បង្ក​ឥទ្ធិពលអាក្រក់​​លើ​ប្រព័ន្ធ​ប្រសាទ ដោយ​អាច​ធ្វើ​ឱ្យ​អ្នក​ជក់​បាត់​បង់វិចារណ​ញ្ញាណ​ ងាយ​ច្របូក​ច្របល់​ ក្នុង​បរិស្ថាន ក្នុង​ពេលវេលា និង​ទីកន្លែង។ កញ្ឆា​​ត្រូវ​បាន​គេ​ចាត់​បញ្ចូលជា​​គ្រឿង​ញៀនមួយ។ កំហាប់​របស់​កញ្ឆា ប្រែប្រួល​ទៅ​តាម​របៀប​ផ្សំ​ធ្វើ និង​ទៅ​តាម តំបន់​នៃ​ការ​ដាំដុះ។ ក្រោយ​ពី​បាន​កែច្នៃ សម្ងួត ឬ បំប្លែង​ឱ្យ​ចេញ​ជា​សណ្ឋាន​ផ្សេង​គ្នា​មក រុក្ខជាតិ​កញ្ឆា ត្រូវបាន​អ្នក​ប្រើប្រាស់​ដាក់​ឈ្មោះ​ប្លែកៗ​គ្នា ទៅ​តាម​ទម្រង់។ បើ​ជា​ស្លឹកនិង​ធាងសម្ងួត គេ​ច្រើន​និយម ហៅ​ថា ស្មៅ Herbe។ ចំណែក​ឯ​ជ័រ​របស់​វា​ ដែល​ខ្ចប់​ជា​បន្ទះ ឬ​ទ្រវែង មាន​ពណ៌បៃតង ត្នោត ឬ​លឿងវិញ មាន​ឈ្មោះ​ថា Haschich ឬ hachis hash។ កញ្ឆា​ទាំងពីរ​ប្រភេទ​នេះ ត្រូវ​បានគេ​យក​មក​លាយ​ជក់​ជាមួយ​នឹង​បារី។ ជា​ចុង​ក្រោយ​គឺ​ប្រេង​កញ្ឆា ដែល​គេ​ច្រើន​ជក់​ក្នុង​ខ្សៀ ប៉ុន្តែ​ពុំ​សូវ​មាន​ធ្វើ​ចរាចរណ៍​ច្រើន​ទេ។

តើ​កញ្ឆា​ផ្តល់​ភាព​ញៀន​ខ្លាំង​កំរិតណា?

តាំងពី​មាន​ការ​បែង​ចែក ច្បាប់​ទាក់ទង​នឹង​បញ្ហា​គ្រឿង​ញៀន​នៅ សតវត្ស​ទី២០​មក កញ្ឆា​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​គ្រឿង​ញៀន​ខ្សោយ ឬ អាច​និយាយ​ផ្ទុយ​មក​វិញ​បាន​ថា បើ​គេ​ប្រើ​ពាក្យ គ្រឿង​ញៀន​ខ្សោយ​នោះ​គឺ​គេ​និយាយ​សំដៅ​លើ​កញ្ឆា​ហើយ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ គ្រូពេទ្យ​ជាច្រើន​យល់​ថា កញ្ឆា​មិនមែន​ជា​គ្រឿង​ញៀន​ខ្សោយ ដូច​ដែល​គេ​បាន​គិត​ពី​មុននោះ​ទេ ការ​ពិត​កញ្ឆា​ជា​គ្រឿង​ញៀន ដែល​មាន​ប្រតិកម្ម​យឺតប៉ុណ្ណោះ។ នៅ​ពេល​បាន​ចូល​ជ្រាប​ដល់​ក្នុង​សារពាង្គកាយ​មនុស្ស​ណា​ហើយ មនុស្ស​នោះ​ត្រូវ​ការពេល​វេលា​យូរ​ណាស់​សម្រាប់បំផ្លាញ​សារធាតុពុលញៀន​ THC​របស់​កញ្ឆា​នេះ​វិញ។

ខុស​ពី​ជំនឿ​ដែល​មាន​កន្លង​មក ហានិភ័យធា្លក់​ខ្លួន​​ញៀន​ដោយ​កញ្ឆា ទាប​ជាងជក់​​បារី និង​សុរា (គ្រឿង​ស្រវឹង)ទេ។ ដើម្បី​ប្រៀបធៀប និ​ង​បើ​គិត​ជា​តួលេខ ហានិភ័យ​ញៀន​កញ្ឆា​មាន​កំរិត​ប្រមាណ​១០% ឯ​ការ​ជក់​បារី មាន​ជាតិ​នីកូទីន មាន​ហានិភ័យ​ញៀន​ដល់​ទៅ​៣៥% និង​១៧%​សម្រាប់​ការ​ជក់​អាភៀន និង​១៥%​សម្រាប់​អ្នក​ផឹក​ស្រា។ គ្រាន់​តែ​ថា​ អ្នកជក់​កញ្ឆា​ខ្លះ​អាច​អភិវឌ្ឍ​ភាព​ញៀន​​ខ្លាំង​មែនទែន​តែម្តង។

កញ្ឆា​ធ្វើ​​មនុស្ស​កើត​រោគ​រវើរវាយដូចវិកលចរិក​មែនឬ?

កញ្ឆា​អាច​ប៉ះពាល់​ដល់​ខួរក្បាល កើត​ជំងឺ​រវើរវាយ​ schizophrénie
កញ្ឆា​អាច​ប៉ះពាល់​ដល់​ខួរក្បាល កើត​ជំងឺ​រវើរវាយ​ schizophrénie CC-by-sa Marco Castellani
ថ្វី​បើ​កញ្ឆា​ត្រូវ​បាន​វេជ្ជសាស្ត្រ​យក​មក​ប្រើ​ជា​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​មួយ​ចំនួន​មែន ប៉ុន្តែ​កញ្ឆា​ជាប់​ឈ្មោះ​អាក្រក់ ថាអាច​​​ធ្វើ​ឱ្យ​មនុស្ស​ឆ្កួត ខូច​ខួរក្បាល​ មាន​រោគ​ចិត្ត​ដូច​កើត​រោគរវើរវាយឬ​​បាក់ទឹកចិត្ត។ ការ​អះអាង​បែប​នេះមិន​ខុស​ទាំង​ស្រុង​ទេ។ កញ្ឆាមិនមែន​ជា​មូលហេតុ​ផ្ទាល់​នាំឱ្យ​​មាន​រោគ​ឆ្កួត​ទេ។ ​​គ្រប់​អ្នក​ជក់​មិនសុទ្ធ​តែ​ធ្លាក់​ខ្លួន​ឈឺកើត​រោគ​រវើរវាយឡើយ​ តែ​សម្រាប់អ្នក​មាន​សុខភាព​ទន់​ខ្សោយ​ ងាយ​រងគ្រោះ មាន​ស្នាម​ស្រេច មាន​ប្រព័ន្ធ​​កោសិការងាយ​ទទួល​សារធាតុ​ញៀន ​កញ្ឆា​ជាអ្នក​ជួយ​រុញ​ឱ្យ​​ធ្លាក់​ខ្លួន​មាន​ជំងឺ​ប៉ះពាល់​នឹង​ផ្លូវ​ចិត្ត ​រវើរវាយ​ណាស់ ក្រោយ​ពី​បានជក់​កញ្ឆាហើយ។

បញ្ហា​ដ៏​ធំ​របស់​កញ្ឆា​មួយ​ទៀត ពេល​ជាតិ​កញ្ឆាជ្រាប​ចូល​ក្នុង​ខ្លួន​ភ្លាម អ្នក​ជក់​មាន​អារម្មណ៍​រីករាយ ទន់ភ្លន់ រួសរាយ​ខុស​ធម្មតា និង​សើច​សប្បាយ​ណាស់។​​ ប៉ុន្តែប៉ុន្មាន​ម៉ោង​ក្រោយ​មក ជាតិ​ពុល​កញ្ឆា​នឹង​ធ្វើ​សកម្មភាព​លើ​ខួរ​ក្បាល​ និង​ប្រព័ន្ធ​ប្រសាទ។ កញ្ឆា​ ​គឺ​វា​ជា​ភ្នាក់ងារ​ទៅ​ពន្យឺត​សកម្មភាព​របស់កោសិកា​​ប្រព័ន្ធ​សរសៃ​ប្រសាទនឺរ៉ូន មិន​ឱ្យ​​ស្វាហាប់​ក្នុង​ការបញ្ជូន​ព័ត៌មាន​ប្រទាក់ភ្ជាប់គ្នា​ពី​កោសិកា​ខួរក្បាល​មួយ​ទៅកោសិកាមួយ​ ប្រកប​ដោយ​ភាព​រស់​រវើក​ទេ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជាការ​​ជក់​កញ្ឆា​អាច​នឹងពន្យឺត​ភាព​រវៀស និង​សតិអារម្មណ៍​​របស់មនុស្ស។ បើសម្រាប់​​អ្នក​ជក់​ជា​ក្មេង​ ក្នុង​វ័យ​ដែល​ខួរក្បាល​កំពុង​លូត​លាស់ ក្រោម​អាយុ​២៥​ឆ្នាំ វិញ ​កញ្ឆាជះ​ឥទ្ធិពលអាក្រក់​លើ​ខួរ​ក្បាល​​របស់ពួកគេ​ខ្លាំងណាស់​ ព្រោះ​នៅ​ពេលកោសិកា​នៃ​​សរសៃ​ប្រសាទ​ស្ពឹក​ស្រពន់​ ខួរក្បាលក៏​ដើរ​យឺត​ទៅ​តាម​នោះ​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ក្មេង​ឆាប់បាត់​បង់​ឆន្ទៈ ស្ទក់និង​រៀន​មិន​ចេះ។​

កញ្ឆា​មិន​អាច​ជួយ​ឱ្យ​គេង​លក់​ស្រួល​ទេ! ថ្វីបើ​សារធាតុ​កញ្ឆា​មាន​ឥទ្ធិពល​បែប​សំដំ​មែន ប៉ុន្តែ​វា​ក៏​អាចមាន​សកម្មភាព​​ដាស់​ភ្ញោច​ដែរ សម្រាប់​មនុស្ស​ខ្លះ។ និយាយ​ឱ្យ​ចំ អ្នក​​ជក់​កញ្ឆា​​ជា​ប្រចាំ​ រាល់​ថ្ងៃ ងាយ​ធ្លាក់​ខ្លួន​មាន​វិបត្តិ​ដំណេក​ជា​អ្នក​ដែល​មិន​ប៉ះពាល់​កញ្ឆា​សោះ។

កញ្ឆា​បង្កើន​គ្រោះ​កើត​ជំងឺ​មហារីក?

កាន់​តែ​ធ្ងន់ធ្ងរ​ជាង​នេះទៅទៀត កញ្ឆា​អាច​បង្កើន​គ្រោះ​កើត​ជំងឺ​មហារីក​ខ្លះ ជាពិសេស​គឺ​ជំងឺ​ហារីក​ពងស្វាស ព្រោះ​នៅក្នុងសរីរាង្គ​នេះ​មាន​កោសិកា​ចាំ​ចាប់ស្រូប​យក​​សារធាតុ​ពុល​របស់​កញ្ឆា។ ការ​សិក្សា​ផ្សេង​ទៀត​ បាន​លើក​ឡើង​អំពី​លទ្ធភាពបង្កើន​​​ហានិភ័យ​កើត​ជំងឺ​មហារីក​ប្រូស្តាត កស្បូន ឬ​ខួរក្បាល​ផង។

កញ្ឆា​ជា​សត្រូវ​ធំ​បំផុត​របស់​​សួត​ខ្លាំង​បំផុត។ ​​កញ្ឆា​មួយដើម បំពុល​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​​ ស្មើ​នឹង​ជក់​បារី​ពី​៦​ទៅ​២០ដើម។ ដូច្នេះសួត​និង​ប្រព័ន្ធ​​ផ្លូវ​ដង្ហើម​ច្បាស់​ឆាប់​ចុះ​ខ្សោយ ហើយ​ងាយ​ជួប​គ្រោះ​ធ្លុះ​សួត​ទៀត។ ករណី​នេះ​​គេ​ឃើញ​កើត​មាន​ជា​ញឹក​ញាប់​លើ​ក្មេង​ជក់​កញ្ឆា។ ឯ​គ្រោះ​ហានិភ័យ​ធ្លាក់​ខ្លួន​មាន​ជំងឺ​មហារីក​សួត​ច្បាស់​ជា​កើន​ខ្ពស់​ខ្លាំង​ណាស់ដែរ បើ​យោល​ទៅ​លើ​កម្លាំង​បំពុល​របស់​ផ្សែង​កញ្ឆាចំពោះ​សួត។ បើ​តាមការ​សិក្សា​ចុងក្រោយ​បង្ហាញ​ថា ជក់​កញ្ឆា​មួយ​ដើម​ក្នុង​មួយ​ថ្ងៃ រយៈ​ពេល​១០​ឆ្នាំ ឬ​ពីរ​ដើម​ក្នុង​មួយ​ថ្ងៃ​រយៈ​ពេល​៥​ឆ្នាំ បង្កើន​គ្រោះ​កើត​ជំងឺ​មហារីក​សួត ៥,៧​ដង​លើស​អ្នក​អត់​ដែល​ជក់​សោះ។ ហានិភ័យ​កើត​មហារីក​កើន​ឡើង​កំរិត​៨%​ក្នុង​មួយឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ