អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រឈមនឹង​ការឆ្លង​រាលដាល​កូវីដ១៩ ដ៏​ធ្ងន់ធ្ងរ​បំផុត បារាំង​​សម្រេច​​បិទខ្ទប់​ប្រទេស​​​១ខែ​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

បារាំង ក៏ដូចជា​ប្រទេសស្ទើរតែទាំងអស់នៅអឺរ៉ុប កំពុងតែ​ស្ថិតក្នុងស្ថានភាព​អាសន្ន បណ្តាលមកពីការឆ្លងរាលដាលកូវីដ១៩ ដ៏ច្រើន និងលឿនរហ័សជាទីបំផុត។ ២៤ម៉ោងចុងក្រោយ នៅបារាំង មានអ្នកឆ្លងថ្មី​​ ប្រមាណជាង​​៣ម៉ឺន៦ពាន់នាក់។ ចំនួនអ្នកជំងឺកូវីដ​១៩ ដែលត្រូវទទួលការសង្គ្រោះបន្ទាន់ កាន់តែកើនឡើងខ្លាំង ខណៈគ្រែពេទ្យដែលមានបំពាក់ដោយ​គ្រឿងម៉ាស៊ីនជំនួយការដក​ដង្ហើម ក៏កាន់តែខើច។ ប្រឈមនឹងបញ្ហានេះ កាលពីយប់ថ្ងៃពុធ ម្សិលមិញនេះ លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង បានសម្រេច​បិទខ្ទប់ប្រទេសឡើងវិញ ជាថ្មីម្តងទៀត ដើម្បី​ទប់បង្អាក់ ការឆ្លងរាលដាល។

លោកម៉ាក្រុង នៅពេលថ្លែងសន្ទរកថាតាមទូរទស្សន៍ ប្រកាសបិទប្រទេសទាំងស្រុង​រយៈពេល​១ខែ ដើម្បីបង្អាក់ការ​ឆ្លងរាលដាល​កូវីដ១៩។ ប៉ារីស ថ្ងៃទី​២៨ តុលា ២០២០
លោកម៉ាក្រុង នៅពេលថ្លែងសន្ទរកថាតាមទូរទស្សន៍ ប្រកាសបិទប្រទេសទាំងស្រុង​រយៈពេល​១ខែ ដើម្បីបង្អាក់ការ​ឆ្លងរាលដាល​កូវីដ១៩។ ប៉ារីស ថ្ងៃទី​២៨ តុលា ២០២០ © REUTERS - CHRISTIAN HARTMANN
ផ្សាយពាណិជ្ជកម្ម

សន្ទរកថារបស់លោក​ម៉ាក្រុង កាលពីយប់ថ្ងៃពុធទី​២៨តុលា ត្រូវបាន​មនុស្ស​នៅស្រុក​បារាំង ជាង៣០លាននាក់ តាមដានស្តាប់ យ៉ាងយកចិត្តទុកដាក់បំផុត។ ដូចយើងបានដឹងហើយ ថាប្រមាណ​២សប្តាហ៍ចុងក្រោយនេះ បារាំងបានឆ្លងកាត់ការឆ្លងរាលដាលកូវីដ១៩ ខ្លាំងសម្បើម​ណាស់។ មានថ្ងៃខ្លះ គ្រាន់តែក្នុងមួយ​ថ្ងៃ គេបានធ្វើតេស្តរកឃើញវិជ្ជមានថ្មីបន្ថែម ដល់ទៅជាង​៥ម៉ឹននាក់ឯណោះ។

បារាំង និងប្រទេសសឹងទាំងអស់នៅអឺរ៉ុប ស្ថិតក្នុងស្ថានការណ៍អាសន្នដូចគ្នា

នៅក្នុងសន្ទរកថា រយៈពេល​ប្រមាណ​២៣នាទី​ លោកម៉ាក្រុង បានផ្តើ​មនិយាយ អំពីស្ថានការណ៍ឆ្លងរាលដាលកូវីដ១៩ ក្នុងរយៈពេល​២សប្តាហ៍កន្លងមកនេះ ហើយ​លោកបានទទួលស្គាល់ថា វិធានការដាក់បំរាមគោលចរ នៅតាមទីក្រុងធំៗ ដែលបានសម្រេច​ជាង១០ថ្ងៃមុននោះ គឺមិនគ្រប់គ្រាន់ ក្នុងការ​ទប់​ការឆ្លង​រាលដាលទេ។

លោកបញ្ជាក់ថា គ្រាន់​តែ​ក្នុងមួយ​ថ្ងៃ២៧តុលា មានអ្នកជំងឺកូវីដ១៩ បានស្លាប់ប្រមាណ​៥២០នាក់នៅបារាំង។ចំនួនអ្នកជំងឺ កូវីដ១៩ ដែល​ត្រូវការការសង្គ្រោះបន្ទាន់ បានកើនឡើងខ្លាំងណាស់ រហូតសរុប​ប្រមាណ​៣០០០​នាក់​ហើយ។ ពោលគឺវាពាក់កណ្តាល នៃចំនួន​គ្រែពេទ្យ​ ដែលមាន​បំពាក់ម៉ាស៊ីនជំនួយដកដង្ហើម។ ដូច្នេះបើសិនជា​បន្តកើនឡើងថែមទៀត មានន័យថា ដល់ពេលមួយ គឺគ្រូពេទ្យនឹងត្រូវសម្រេចចិត្ត ថាត្រូវចោលអ្នកជំងឺមួយ​ណាហើយ។​

លោកម៉ាក្រុង ក៏បានលើកឡើងដែរថា យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលបារាំង ក៏ដូចជាប្រទេសផ្សេងទៀតនៅអឺរ៉ុប​ គឺធ្វើយ៉ាងណា អំពាវនាវឲ្យ​ប្រជាជនប្រុងប្រយ័ត្ន គោរព​បទវិធានអនាម័យ ពាក់ម៉ាស និងរក្សាគំលាត។ រដ្ឋបារាំង​ ក៏បានបន្ថែមសមត្ថភាពធ្វើតេស្ត ក្នុងចំនួន​ច្រើន​ណាស់។ តែលោក ក៏​មិនចង់យកឱកាសនេះ ​មកស្តី​បន្ទោសប្រជាជន ថាមិន​ប្រយ័ត្ននោះទេ។ បញ្ហាចំពោះមុខនាពេលនេះ​គឺថា គ្រប់ប្រទេសនៅអឺរ៉ុប គឺគ្រប់គ្នា​បានភ្ញាក់​ផ្អើលទាំងអស់គ្នា អំពីល្បឿននៃការឆ្លងរាលដាល ដ៏លឿនរហ័ស នៃមេរោគនេះ

ដូច្នេះហើយ​ បន្ទាប់ពី​បាន​​ថ្លែងថ្លែង ពិគ្រោះយោបល់ជាមួយអ្នកជំនាញទាំងអស់ លោកម៉ាក្រុង បាននិយាយ​ថា គ្មានជម្រើសផ្សេងទេ ក្រៅតែពីបិទខ្ទប់ប្រទេសឡើងវិញ រយៈពេល​១ខែ ដើម្បីបង្អាក់​​​ចរាចរណ៍ឆ្លងរាលដាលនៃមេរោគជំងឺកូវីដ​១៩។

បិទខ្ទប់ប្រទេសលើកទី២ តែធូរស្រាលជាងលើកទី១

នៅលើកនេះ លោកម៉ាក្រុង បានបញ្ជាក់ថា រដ្ឋាភិបាល​បានស្រង់បទពិសោធន៍ខ្លះ នៃការបិទខ្ទប់កាលពីលើកមុន។ មានចំណុចធូរស្រាលមួយចំនួន តួយ៉ាង គឺសាលារៀន ពីថ្នាក់មតេយ្យ ដល់ថ្នាក់មធ្យមសិក្សា នឹងអាចដំណើរការធម្មតាបាន ដើម្បីឲ្យ​ឪពុកម្តាយ អាចមានលទ្ធភាពទៅធ្វើការ។ ក្រុមហ៊ុន សហគ្រាស រោងចក្រ និង​ ការដ្ឋានសាងសង់ផ្សេងៗ ក៏អាចដំណើរការបានដែរ។

ចាប់ពីថ្ងៃទី ៣០តុលា ដល់ថ្ងៃទី​១ធ្នូ ប្រជាជនអាចចេញដើរក្រៅផ្ទះបាន តែត្រូវមានលិខិតបញ្ជាក់ មានពេលត្រឹមតែមួយម៉ោង និងមិនឲ្យ​ឆ្ងាយ​លើស១គីឡូមែត្រជុំវិញផ្ទះទេ។ ហាងទំនិញដែល​មិនចាំបាច់ គឺត្រូវបិទ។ ហាងកាហ្វេ ភោជនីយដ្ឋាន រោងកុន រោងល្ខោនជាដើម ក៏ត្រូវបិទដែរ។

លោកម៉ាក្រុងបានបញ្ជាក់ថា រដ្ឋនឹងធានា ជួយ​ទប់ការខាតបង់របស់​ហាងទំនិញ ក្រុមហ៊ុនតូចតាច ដែលបាត់បង់ប្រាក់ចំណូល ដោយស​ារតែការបិទទ្វារនេះ។ ហើយបុគ្គលិក ដែលត្រូវបង្ខំ​ចិត្តធ្វើការតែពាក់កណ្តាលម៉ោង គឺរដ្ឋនឹងជួយ​បំពេញ​ប្រាក់ខែ។ 

នៅព្រឹកថ្ងៃព្រហស្បតិ៍​ លោក Jean Castex នាយករដ្ឋមន្ត្រីបារាំង​ បានចូលទៅសភា ដើម្បី​ប្រាប់ទៅសមាជិកសភា អំពី​វិធានការ ដែលរដ្ឋាភិបាល​គ្រោងនឹងអនុវត្ត មុននឹងធ្វើសន្និសីទកាសែត ដើម្បីរៀបរាប់លំអិតប្រាប់ទៅប្រជាជនទូទាំងប្រទេស នៅពេលល្ងាច។ រដ្ឋាភិបាលតម្រូវឲ្យ​ពាក់ម៉ាស ចាប់ពីក្មេង​អាយុ៦ឆ្នាំឡើងទៅ ហើយ​ការពាក់ម៉ាស ត្រូវតែធ្វើជាទូទៅ បើទោះបីជានៅក្នុងផ្ទះក៏ដោយ នៅពេលណាមានភ្ញៀវឬសមាជិកគ្រួសារមក។ សួនច្បារសាធារណៈ និងផ្សារលក់ម្ហូបអាហារហាលវាល អាច​បើកទ្វារ​​បានធម្មតា តែការជួបជុំនៅទីសាធារណៈ ត្រូវហាមឃាត់​​ទាំងស្រុង។ ក្រុមហ៊ុន​ទាំងអស់ ត្រូវ​តែរៀបចំឲ្យ​បុគ្គលិកធ្វើការពីផ្ទះ រាល់ថ្ងៃតែម្តង បើសិនជាអាចធ្វើទៅបាន។

ស៊ូលំបាកមួយគ្រា ដើម្បី​ការពារសុខភាព​ប្រជាជន

ការបិទខ្ទប់ប្រទេសទាំងស្រុងឡើងវិញនេះ ប្រាកដជានឹងធ្វើឲ្យស​េដ្ឋកិច្ចបារាំង ត្រូវរាំងស្ទះ និងរងផលលំបាកជាក់ជាមិនខានទេ។ មានមតិរិះគន់ច្រើនណាស់ ជាពិសេសពីសំណាក់ ហាងកាហ្វេ ភោជនីយដ្ឋាន ថាវិធានការថ្មីនេះ នឹងផ្កាប់ឆ្នាំងបាយពួកគេ។ ហាងលក់ទំនិញតូចតាច ប្រាកដជាក្ស័យធនមិនខានទេ។ តាមពិតទៅ វាគឺជារឿងដ៏ពិបាក​ណាស់ សម្រាប់រដ្ឋាភិបាល​បារាំង ​ដែល​ត្រូវសម្រេច។ ណាអ្នកឆ្លងកាន់តែច្រើន មនុស្ស​អាចប្រឈមនឹងការស្លាប់ច្រើន។ ណាវិស័យសេដ្ឋកិច្ច បើបិទទៅ​ គឺត្រូវរាំងស្ទះ គ្មានប្រាក់ចំណូល ថៅកែនឹងបញ្ឈប់បុគ្គលិក ជាដើម។

នៅក្នុងសន្ទរកថា លោកម៉ាក្រុង បាន​បញ្ជាក់ថា រដ្ឋផ្តល់អាទិភាព​ដល់ការការពារសុខភាពប្រជាជន​ជាចាំបាច់។ តែរដ្ឋក៏ត្រូវ​ាការពារសេដ្ឋកិច្ចដែរ។ គឺចំណូលពន្ធ បានមកពីវិស័យសេដ្ឋកិច្ចនេះហើយ ដែលរដ្ឋយកទៅចំណាយ ក្នុងវិស័យសុខាភិបាល។ តែទន្ទឹមនឹងនេះ បើសិនជាប្រជាពលរដ្ឋ មាន​បញ្ហាសុខភាព សេដ្ឋកិច្ចក៏វានឹងមិនរីកចម្រើនទៅតាមនោះដែរ។ ដូច្នេះជាបឋម និងបន្ទាន់នាពេលនេះ គឺរដ្ឋត្រូវតែបង្ខំចិត្តបិទសេដ្ឋកិច្ចខ្លះ ទុកតែផ្នែកណាដែលចាំបាច់ខានមិនបាន ដើម្បីធ្វើយ៉ាងណា ការពារសុខភាព​​ប្រជាជនជាមុន​សិន។ កម្មវត្ថុរបស់រដ្ឋាភិបាល គឺធ្វើយ៉ាងណា ទាញចំនួនអ្នកឆ្លងប្រចាំថ្ងៃ ឲ្យ​ធ្លាក់មកនៅត្រឹម ៥ពាន់ក្នុងមួយថ្ងៃ មិនមែន ៤-៥ម៉ឺននាក់ក្នុងបច្ចុប្បន្ននេះទេ។

យោងតាមអ្នកវិភាគ រលកឆ្លងខ្លាំងលើកទី២នាពេលនេះ គឺបណ្តាលមក​ពី​មនុស្ស​ម្នា មិនខ្វល់មិនប្រយ័ត្ន​ មិនពាក់ម៉ាសឲ្យ​បានជាប់ជាប្រចាំ មិនរក្សាគម្លាត ហើយ​ជួបជុំគ្នាក្នុងចំណោមបងប្អូនគ្រួសារ និងមិត្តភ័ក្តិញឹកញាប់ពេក។ ហេតុដូច្នេះហើយ បានជានៅក្នុងសុន្ទរកថា របស់​លោក​ម៉ាក្រុង កាលពីយប់មិញ គឺលោកបាននិយាយទទូច ឲ្យ​ប្រជាជនទាំងអស់ គោរពវិធានការឲ្យ​ជាប់ជានិច្ច។ ម្នាក់ៗត្រូវតែមានស្មារតីទទួលខុសត្រូវ ប្រុងប្រយ័ត្នជាប់ជានិច្ច មិនត្រូវ​ព្រលែងនោះទេ។

បិទខ្ទប់លើកទីមួយកាលពីខែ​មីនា តែនៅតែមិនអាចទប់ការឆ្លងរាលដាល​បាន។ ដូច្នេះបិទលើកនេះទៀត តើសួរថាច្បាស់ទេ ថាអាចទប់ស្កាត់ ការឆ្លងរាលដាលបាន? យ៉ាងណាមិញ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង បាន​លើកឡើងថា បច្ចុប្បន្ននេះ វាគឺ​ជារលកឆ្លងទី២ តែក៏មានន័យថា បារាំងក៏អាចប្រឈមនឹងរលកឆ្លងរាលដាល លើកទី៣ដែរ។ មេរោគនេះ ធ្វើឲ្យ​អ្នកវិទ្យាសាស្ត្រវង្វេងអស់ហើយ។​ បើតាមស្មាន សីតុណ្ហភាព​ត្រជាក់ អាច​ជា​កត្តាជំរុញ ឲ្យ​ការឆ្លងរាលដាលមានភាពលឿនរហ័ស។ ធម្មតារដូវត្រជាក់នៅអឺរ៉ុប គឺចាប់ពីពេលនេះ រហូតដល់ខែមីនា ដូច្នេះថាមិនត្រូវដែរ កូវីដ១៩អាចនឹងនៅតែបន្តវាយលុក​ ​ច្រើនខែទៅមុខទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ