អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកដូណាល់ ត្រាំ ឬ​លោកចូ បៃដិន ដែល​ទទួល​ជ័យជំនះ នៅថ្ងៃ​ទី​៣​វិច្ឆិកា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​អនាគត​ប្រធានាធិបតី​អាមេរិកាំង​ដែល​គេ​បាន​ទន្ទឹង​រង់ចាំ បាន​ឈាន​មកដល់​ហើយ។ នៅថ្ងៃ​ទី អង្គារ ទី​៣​វិច្ឆិកានេះ ប្រជាជន​អាមេរិកាំង ជាង ១០០​លាន​នាក់ ត្រូវ​បោះឆ្នោត ជ្រើសរើស​រវាង ប្រធានាធិបតី​អស់​អាណត្តិ លោក​ដូណាល់ ត្រាំ និង​លោកចូ បៃដិន។​ តើបេក្ខជន​ណា​ដែល​នឹង​ចូល​កាន់កាប់​សេតវិមាន?

បេក្ខជន​ប្រធានាធិបតី លោក​ចូ បៃដិន និង​លោកដូណាល់ ត្រាំ នៅក្នុង​ការបោះឆ្នោត​សម្រាប់តំណែង​ប្រធានាធិបតី​អាមេរិក​ឆ្នាំ ២០២០
បេក្ខជន​ប្រធានាធិបតី លោក​ចូ បៃដិន និង​លោកដូណាល់ ត្រាំ នៅក្នុង​ការបោះឆ្នោត​សម្រាប់តំណែង​ប្រធានាធិបតី​អាមេរិក​ឆ្នាំ ២០២០ JIM WATSON, SAUL LOEB / AFP
ផ្សាយពាណិជ្ជកម្ម

ព្រឹត្តិការណ៍​ដែល​គ្រប់គ្នា រង់ចាំមើល​ បាន​មកដល់​ហើយ នោះ គឺ ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក ដែលនឹង​សម្រេចថា តើ​អ្នកណា​ជា​អនាគត ប្រធានាធិបតី​ថ្មី របស់​អាមេរិក លោកដូណាល់ ត្រាំ ឬ​លោក​ចូ បៃដិន។ គិត​រហូតមកដល់​ថ្ងៃ​អាទិត្យ ការស្ទង់មតិ បានបង្ហាញ​ថា លោកដូណាល់ ត្រាំ មានពិន្ទុ មិន​សូវ ល្អ ចាញ់​លោកចូ បៃដិន ដែល​ជា​គូប្រជែង។លោក​ដូណាល់ ត្រាំ បាន​និយាយ​បរិហា​ការស្ទង់មតិ​ថា កុហក​បោកប្រាស់។

នៅថ្ងៃ​ចន្ទ ទី​២​វិច្ឆិកា ពោល​គឺ មួយថ្ងៃ​មុន​ការបោះឆ្នោតឈាន​មកដល់  លោកដូណាល់ ត្រាំ បាន​សម្រុក​ធ្វើមេទ្ទិញដល់ ទៅ ៤ ឬ​៥ រដ្ឋ ក្នុង​ពេល​តែ​មួយថ្ងៃ។ លោក​បាន​ទាត់ចោល លទ្ធផល​ស្ទង់មតិ ដែល​ថា លោក​មាន​ពិន្ទុចាញ់ គូប្រជែង​គឺ​លោកចូ បៃដិន និង​ថា លោក​នឹងធ្វើ​ឲ្យគេ​ភ្ញាក់ផ្អើល ដោយ​ឈ្នះឆ្នោត ធ្វើ​ជា​ប្រធានាធិបតី​អាមេរិក ៤ឆ្នាំទៀត។ លោកចូ បៃដិន ឯណោះវិញ  ដែលផ្តោត​សំខាន់​ធ្វើ​យុទ្ធនាការ​ឃោសនា​តែនៅ​រដ្ឋ គន្លឹះ Pennsylvanie អំពាវនាវ​ឲ្យ​ប្រជាជន​អាមេរិកាំង​ទៅបោះឆ្នោត ទម្លាក់​លោកដូណាល់ ត្រាំ។

នៅ​មុន​មិទ្ទិញ​ឃោសនា នៅ​រដ្ឋ គន្លឹះ Michigan លោកដូណាល់ ត្រាំ បាន​អះអាងថា លោក​នឹង​បើកទំព័រ​ប្រវត្តិសាស្រ្ត សាជាថ្មី​ម្តងទៀត ពោល​គឺ​ដូចកាលពី​ឆ្នាំ ២០១៦ នៅពេល​លោក​ឈ្នះ លោកស្រី ហ៊ីឡារី គ្លីនតុន ដែល​តាមពិត ធ្លាប់​មាន​ពិន្ទុល្អ ជាង ​លោក នៅក្នុង​ការស្ទង់មតិ។​តើ លោក​ដូណាល់ ត្រាំ នឹង​អាចធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល ដូច កាល​ឈ្នះឆ្នោត នៅឆ្នាំ ២០១៦?

រឿងនេះ​អាច​ទៅ​រួច ប៉ុន្តែ វា​ស្មុគស្មាញ​បន្តិច សម្រាប់​លោកដូណាល់ ត្រាំ។ កាលពី​ឆ្នាំ ២០១៦ លោកដូណាល់ ត្រាំ បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល ព្រោះថា លោក​ ទទួល​បាន​សំឡេង​គាំទ្រ​ពី​ប្រជាជន​សរុប​ទូទាំង​ប្រទេស​តិច​ជាង​លោកស្រី​ហ៊ីឡារី គ្លីនតុន ដល់​ទៅ​ជិត ៣លាន​សំឡេង ក៏ប៉ុន្តែ លោក​បាន​ឈ្នះឆ្នោត​ធ្វើ​ជា​ប្រធានាធិបតី ក៏មក​តែ​ពី​លោក​ទទួល​បាន​សំឡេងគាំទ្រ​ច្រើន​ក្នុង​ចំណោម​អង្គ​បោះឆ្នោត ឬ​អ្នកតំណាង​បោះឆ្នោត (Electoral College)។ នៅ​ឆ្នាំ ២០១៦ លោក​ដូណាល់ ត្រាំ បាន​ផ្តួល​លោកស្រី គ្លីនតុន នៅ​តាម​រដ្ឋ ដែល​ធ្លាប់​ជារដ្ឋ​គាំទ្រ គណបក្ស​ប្រជាធិបតេយ្យ ដូចជា​រដ្ឋ Pennsyvalnie និង​រដ្ឋ​គន្លឹះ​សំខាន់​២ ទៀត ដែល​គេ​ហៅថា Swing States ដូចជា​រដ្ឋ  Michigan Wisconsin​ជាដើម។

ប៉ុន្តែ ការស្ទង់មតិ លើកនេះ បង្ហាញ​ថា រដ្ឋ​គន្លឹះ ទាំង​៣​ខាងលើ បែរ​ទៅ​គាំទ្រ លោក​ចូ បៃដិន ច្រើន​ជាង​លោកដូណាល់ ត្រាំ។ ជាទូទៅ នៅតាម​រដ្ឋ​គន្លឹះ Swing States ដែល ជាអ្នកកំណត់​ជោគវាសនា​របស់​បេក្ខជន​ប្រធានាធិបតី លោកដូណាល់ ត្រាំ និង​លោក​ចូ បៃដិន មាន​សំឡេង​គាំទ្រ ប្រកៀកប្រកិត គ្នា​ខ្លាំង។

លើកនេះ ដើម្បី​យកឈ្នះ លោក​ចូ បៃដិន លោក​ដូណាល់ត្រាំ ត្រូវ​ប្រមូល​សំឡេងគាំទ្រ​របស់​អង្គបោះឆ្នោត នៅ​រដ្ឋ​ភាគខាងត្បូង ទាំងអស់​របស់អាមេរិក ដែល​រួម​មានទាំង​រដ្ឋTexas ដែល​ជា​រដ្ឋ​មានប្រពៃណី​គាំទ្រ បក្ស​សាធារណរដ្ឋ ប៉ុន្តែ ដែល​កំពុង​ងាក​រេ​ទៅរក​បក្ស​ប្រជាធិបតេយ្យ​របស់​លោកចូ បៃដិន។ លើសពីនេះ លោកដូណាល់ ត្រាំ ត្រូវ​ប្រមូល​ឲ្យ​បាន​សំឡេងគាំទ្រ របស់អង្គបោះឆ្នោត នៅ​តាម​រដ្ឋ គន្លឹះ ដែល​មានទម្លាប់​ផ្លាស់ប្តូរ​ចិត្ត គាំទ្រ បេក្ខជន ប្រធានាធិបតី ដូចជា​រដ្ឋ​Florida Georgie Caroline du nord Ohio ដែល​សំបូរ ប្រមូលផ្តុំ​ដោយ​អង្គបោះឆ្នោត។ សូមបញ្ជាក់ថា នៅ​អាមេរិក ដើម្បី អាច​ឈ្នះ​ឆ្នោត ប្រធានាធិបតី គេ​ទាមទារ​ឲ្យ​មាន​សំឡេង​គាំទ្រ​ពី​អង្គ​បោះឆ្នោត ឬ​អ្នកតំណាង​របស់​អ្នកបោះឆ្នោត ប្រមាណ ២៧០រូប ក្នុង​ចំណោម​អង្គ​បោះឆ្នោត សរុប ៥៣៨រូប នៅ​ទូទាំង​ប្រទេស។

តើ​គេ​អាច​ដឹង​លទ្ធផលឆ្នោត​នៅ​យប់​ថ្ងៃ​អង្គារទី ៣ វិច្ឆិកា​នេះដែរ​ឬទេ?

ការបោះឆ្នោត អាមេរិក​រៀបចំឡើង នៅក្នុង​កាលៈទេសៈ ពិសេស ដែល​អាមេរិក​កំពុង​ឆ្លង​រាតត្បាត​ដោយ​ជំងឺកូវីដ១៩។ ដោយសារ​តែ​កូវីដនេះ ប្រជាជន​អាមេរិក ជិត ១០០​លាន​នាក់ ក្នុង​ចំណោម​អ្នកចុះឈ្មោះ​បោះឆ្នោត ២៣០​លាននាក់ បាន​បោះឆ្នោត​រួចហើយ តាម​សំបុត្រ ឬ ទៅ​បោះផ្ទាល់  នៅមុន​ថ្ងៃ​អង្គារ​នេះ​ទៅ​ទៀត។

យ៉ាងណាក៏ដោយ គេ​មិនច្បាស់ទេថា លទ្ធផល​ឆ្នោត នឹង​អាច​ត្រូវ​ប្រកាស នៅថ្ងៃ​អង្គារទី​៣​វិច្ឆិកា។ អ្វីៗ គឺ​អាស្រ័យ​លើ​លទ្ធផល​បោះឆ្នោត នៅ​យប់​ថ្ងៃ​អង្គារនេះ ដែល​ចេញ​មកពី​ការទៅចូលរួម ​ដោយ​ផ្ទាល់ របស់​ប្រជាជន​ដែល​មិនទាន់​បានបោះឆ្នោត។

គេ​វាយតម្លៃថា បើសិន លោកចូ បៃដិន ដែលកំពុង​មាន​សំឡេង​គាំទ្រ នាំមុខ​លោកដូណាល់ ត្រាំ ដណ្តើម​បាន​សំឡេង​នៅ​រដ្ឋសំខាន់ៗ Swing States ដែល​គេ​សំឡឹង​ឃើញ​ថា  ​ដើរ​តួនាទី​ចម្បង ក្នុងការកំណត់​លទ្ធផល​បោះឆ្នោត​​ប្រធានាធិបតី ដូចជា​នៅ​រដ្ឋ Florida Georgie Caroline du nord Arizona នោះ គេ​នឹង​អាច​ដឹង​ភ្លាម លទ្ធផល​ឆ្នោត​ នៅ​យប់​ថ្ងៃ​អង្គារ ម៉ោង​នៅអាមេរិក ពោល​គឺ​លោកចូ បៃដិន ដែល​ជា​អ្នកឈ្នះដាច់។

ប៉ុន្តែ បើសិន គូប្រជែង ទាំងពីរ ទាំង​លោកបៃដិន និង​លោកត្រាំ មាន​សំឡេងគាំទ្រ ប្រកៀក​ប្រកិត​គ្នា នៅ​ថ្ងៃ​បោះឆ្នោត​ដោយ​ផ្ទាល់ នៅយប់​ថ្ងៃ​អង្គារ​នេះ ឬ អាច​ថា លោកដូណាល់ ត្រាំ នៅ​តែ​អាច​ការពារ​រដ្ឋ​មួយចំនួន ដែល​លោក​ធ្លាប់​ឈ្នះ កាលពី​ឆ្នាំ ២០១៦ ដូចជា​រដ្ឋ Florida Ohio ជាដើម នោះ គេ​ត្រូវ​នៅ​ចាំ​អ៊ុតមើល​បន្តទៀត លទ្ធផល​ឆ្នោត នៅ​រដ្ឋ​គន្លឹះ សំខាន់ ចុងក្រោយមួយទៀត គឺ Pennsyvalnie។ ក្នុង​ករណីនេះ គេត្រូវ​រង់ចាំយូរ សប្តាហ៍ ឬ​យូរខែ ទើប​បាន​ដឹង​លទ្ធផល ព្រោះថា នៅ​រដ្ឋ​Pennsyvalnie គេត្រូវ​រាប់​សន្លឹកឆ្នោត ដែល​ប្រជាជន​បាន​បោះ តាម​សំបុត្រ តាំង​ពី​មុន​ថ្ងៃទី៣ វិច្ឆិកា។ លក្ខណៈ​ពិសេស​របស់​បោះឆ្នោតប្រធានាធិបតី​អាមេរិក​លើកនេះ គឺ​រឿង​ការបោះឆ្នោត​តាមសំបុត្រ ដែល​ធ្វើ​ឲ្យ​គេ​មិនអាច​ដឹង​លទ្ធផល​ឆ្នោតបាន​ភ្លាមៗ នោះទេ។

ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ ថា លោក​បានប្រុងប្រៀប ត្រៀម​មេធាវី ដើម្បី ប្រឆាំងតវ៉ា​លទ្ធផល ដែល​ចេញពីការរាប់​សន្លឹកឆ្នោត ដែល​ធ្វើតាម​សំបុត្រ

ការទន្ទឹង​រង់ចាំ​លទ្ធផល​ឆ្នោត ជាច្រើន​សប្តាហ៍ នឹង​អាច​ធ្វើ​ឲ្យ​បេក្ខជន​នីមួយៗ ទាមទារ​ឈ្នះៗ​រៀងៗខ្លួន និង​អាច​ទាក់ទាញ ឲ្យ​មាន​បាតុកម្ម ប្រឆាំងគ្នា ពេញប្រទេស។

លោក ដូណាល់ ត្រាំ ផ្ទាល់​ដែល​ធ្លាប់​បាន​បដិសេធ​មិន​ផ្ទេរអំណាច​ដោយ​សន្តិវិធី ធ្លាប់​បាន​និយាយ​ព្រមាន​ញឹកញយ​ពី​បាតុកម្ម​តវ៉ា ជាពិសេសដើម្បី ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត ដែល​ចេញ​មកពី​សន្លឹកឆ្នោត បោះតាម​សំបុត្រ។ លោកដូណាល់ ត្រាំ ស្អប់ប្រឆាំង​មិន​ឲ្យ​មានការ​បោះឆ្នោត​តាម​សំបុត្រ​តាំង​ពីដំបូងទី ព្រោះ​ថា អ្នកបោះឆ្នោត​តាមសំបុត្រ​ភាគច្រើន​ជា​អ្នកគាំទ្រ បក្ស​ប្រជាធិបតេយ្យ ដែល​ធ្លាប់តែ​អាក់ខាន​មិនអាច​ទៅ​បោះឆ្នោត កន្លងមក។

ជាមួយ​ការបោះឆ្នោត​តាម​សំបុត្រ លោកដូណាល់ត្រាំ បាន​ព្រមាន​រួចហើយ​ថា នឹង​តវ៉ា ទៅ​តុលាការ​កំពូល ឲ្យ​លុបចោល ព្រោះថា វាសំបូរ​ដោយ​ការលួចបន្លំ។ នៅថ្ងៃ​ម្សិលមិញ លោកដូណាល់ ត្រាំ នៅបាន​និយាយ​ទៀតថា បើសិន​តុលាការកំពូល​នៅតែ​បន្ត​ឲ្យ​គេ​ផ្តល់​សុពលភាព​ដល់​សន្លឹកឆ្នោត តាម​សំបុត្រ នោះ គឺ​តុលាការ​កំពូល​កំពុង នឹង​បង្ក​ឲ្យ​មាន​អំពើហិង្សា​នៅ​តាម​ផ្លូវ។

នៅក្នុង​សង្គម​អាមេរិក ដែល​ហែកហួរ បែកបាក់​គ្នា ជា២ ក្រុម ជាពិសេស នៅក្រោម​អាណត្តិ​ដឹកនាំ​របស់​លោកដូណាល់ ត្រាំ អំពើហិង្សា នៅតាមផ្លូវនេះ អាច​ប្រព្រឹត្ត​ដោយ​ក្រុមស្តាំ​និយមជ្រុល ដែល​គាំទ្រ​លោក​ដូណាល់ ត្រាំ ហើយ​និង​ក្រុមឆ្វេងនិយម ដែល​ស្អប់ប្រឆាំង​នយោបាយ​របស់​លោកប្រធានាធិបតី​អាមេរិក។ ក្រុមទាំងពីរ គឺ​មាន​អាវុធ​កាន់ពេញដៃ​គ្រប់គ្នា។ តាម​ប៉ូលិស​FBI ប្រជាជន​អាមេរិកាំង​ប្រមាណ ២០០​លាននាក់ បាន​ទិញអាវុធ កាន់តែច្រើន ជាពិសេស នៅប៉ុន្មាន​ខែ​ចុងក្រោយនេះ ដែល​ធ្វើ​ឲ្យ​គេនឹកខ្លាច​ថា នឹង​អាច​កើតផ្ទុះ​មាន​សង្រ្គាមស៊ីវិល នៅ​ក្រោយ​ថ្ងៃ​បោះឆ្នោត។ ​សម្រាប់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ អសន្តិសុខ ហើយ​និង​ការប្រយុទ្ធ គ្នា រវាង​គូបដិបក្ខ នៅក្រោយ​ថ្ងៃ​បោះឆ្នោត​អាមរិក នឹង​កើតមាន ដោយ​ជៀសមិនផុត។

នៅ​ទីក្រុង​ញូវយ៉ក និង​វ៉ាស៊ីនតោន ម្ចាស់​ហាងទំនិញ​ជាច្រើន​បាន​បិតក្តារ​ការពារ ហាង ពីការ ការវាយប្រហារ ការគាស់ ចូល​លួច ដែល​អាច​កើតមាន នៅក្នុង​ បាតុកម្ម ឬ​ការប្រឆាំង​បះបោរ នៅក្រោយ ​ថ្ងៃ​បោះឆ្នោត៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ