អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សហរដ្ឋអាមេរិក៖លោកចូ បៃដិនជាប់ឆ្នោតប្រធានាធិបតីទី៤៦ ដោយមានលោកស្រីខាម៉ាឡា ហារីសជា​អនុប្រធានាធិបតី

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សហរដ្ឋអាមេរិក លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​កាល​ពី​ថ្ងៃទី៣ វិច្ឆិកា​បាន​ផ្តល់​ជ័យជំនះ​ឲ្យ​លោក​ចូ បៃដិន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ។ មាន​អាយុ ៧៧ឆ្នាំ លោក​ចូ បៃដិន​ជាប្រធានាធិបតី​ទី៤៦ របស់​សហរដ្ឋអាមេអាមេរិក។ ចំណែក​លោកស្រី​ខាម៉ាឡា ហារីស​ដែល​មាន​អាយុ ៥៦ឆ្នាំ​បាន​ក្លាយ​ជា​ស្រ្តីទី១ កាន់​តំណែង​អនុប្រធានាធិបតី។ ខណៈ​ដែល​បណ្តាញសារព័ត៌មាន​ធំៗ​របស់​អាមេរិក​ប្រកាស​ពី​ជ័យជំនះ​របស់​លោក​បៃដិន ប្រធានាធិបតី​ផុតអាណត្តិ​លោក​ដូណាល់ ត្រាំ​បាន​បន្ត​ជំទាស់​នឹង​លទ្ធផល ហើយ​ប្រកាស​ពី​ជ័យជំនះ​របស់​ខ្លួន​ទៅ​វិញ។

លោកស្រី​ខាម៉ាឡា ហារីស និង​លោក​ចូ បៃដិន
លោកស្រី​ខាម៉ាឡា ហារីស និង​លោក​ចូ បៃដិន AP - Andrew Harnik
ផ្សាយពាណិជ្ជកម្ម

មាន​អាយុ ៧៧ឆ្នាំលោក​ចូ បៃដិន​ជា​អ្នកនយោបាយ​ជើង​ចាស់​ម្នាក់​ដែល​មាន​បទ​ពិសោធន៍​នយោបាយ​ជិត ៥០ឆ្នាំ។ បន្ទាប់​ពី​បាន​រៀបការ​ក្នុង​ឆ្នាំ ១៩៧២ លោក​បៃដិន​ដែល​ជា​មេធាវី​បាន​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ​ក្នុង​អាយុ ២៩ឆ្នាំ។ ក្នុង​ឆ្នាំ ១៩៧២ ដដែល លោក​បៃដិន​បាន​ជាប់​ឆ្នោត​ជា​សមាជិកព្រឹទ្ធសភា​ពាក់​ស្លាក​គណបក្ស​ប្រជាធិបតេយ្យ។ ចំណែក​ជីវិត​គ្រួសារ​របស់​លោក​បៃដិន​មាន​ការ​ឆ្លង​កាត់​រឿង​អភ័ព្វ​ច្រើន។ ក្នុង​ឆ្នាំ ១៩៧២ ពោល​ក្រោយ​ជាប់​ឆ្នោត​ជា​សមាជិកព្រឹទ្ធសភា​មិន​បាន​មួយ​ខែ​ផង ប្រពន្ធទី១ របស់​លោក និង​កូនស្រី​បាន​ស្លាប់​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​កូនប្រុស​ចំនួន ២នាក់​បាន​រួច​ខ្លួន​ដោយ​ត្រឹម​របួស។ ៥ឆ្នាំ​ក្រោយ​មក ពោល​ក្នុង​ឆ្នាំ ១៩៧៧ លោក​បៃដិន​បាន​រៀបការ​លើកទី២ ដោយ​មាន​កូនស្រី​ម្នាក់។

ក្នុង​ឆ្នាំ ២០១៥ លោក​បៃដិន​បាន​បាត់​បង់​កូនប្រុស​ម្នាក់​ឈ្មោះ បូ ដោយ​ជំងឺ​មហារីក​ខួរក្បាល។ ក្នុង​រយៈពេល ៣៦ឆ្នាំ​ជា​អាជីព​នយោបាយ លោក​បៃដិន​បាន​ជាប់​ឆ្នោត​ម្តង​ហើយ​ម្តង​ទៀត​ជា​សមាជិក​ព្រឹទ្ធសភា​ចំនួន ៦ដង។ លើស​ពី​នេះ​នៅ​ក្នុង​ព្រឹទ្ធសភា លោក​បៃដិន​បាន​ទទួល​តំណែង​ឡើង​ដូច​កាំជណ្តើរ​ដោយ​បាន​ក្លាយ​ជា​ប្រធាន​គណៈកម្មការច្បាប់​ក្នុង​ឆ្នាំ ២០០១ និង​ជា​ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​ក្នុង​ឆ្នាំ ២០០៦។ ក្នុង​ឆ្នាំ ២០០៨ លោក​បៃដិន​បាន​លា​ឈប់​ពី​តំណែង​ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​នៅ​ព្រឹទ្ធសភា​ដើម្បី​ក្លាយ​ជា​អនុប្រធានាធិបតី​របស់​លោក​បារ៉ាក់ អូបាម៉ា​ចំនួន ៨ឆ្នាំ​រហូត​ដល់​ឆ្នាំ ២០១៦។

តែ​មហិច្ឆិតា​របស់​លោក​បៃដិន​ក៏​សំដៅ​សេតវិមាន​ដែរ ព្រោះ​លោក​ធ្លាប់​បាន​ចូលរួម​ប្រកួតប្រជែង​ជា​បេក្ខជន​ប្រធានាធិបតី​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​ចំនួន ២ដង គឺ​ឆ្នាំ ១៩៨៨ និង​ឆ្នាំ ២០០៨ ដោយ​ទទួល​បរាជ័យ​ទាំង​ពីរ​លើក។ គឺ​ទើប​តែ​លើកទី៣ ដែល​ការ​ព្យាយាម​របស់​លោក​ទទួល​បាន​ជោគជ័យ។ បន្ទាប់​ពី​បាន​ក្លាយ​ជា​សមាជិក​ព្រឹទ្ធសភា​ដ៏​វ័យក្មេង​ជាង​គេ​ក្នុង​អាយុ ២៩ឆ្នាំ លោក​ចូ បៃដិន​បាន​ជាប់ឆ្នោត​ប្រធានាធិបតី​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​ក្នុង​អាយុ ៧៧ឆ្នាំ​នៅ​ក្នុង​ប្រវត្តិ​សហរដ្ឋអាមេរិក។

ប្រវត្តិរូបសង្ខេប​របស់​លោកស្រី​ខាម៉ាឡា ហារីស

កើត​នៅ​​ថ្ងៃទី២០ តុលា ឆ្នាំ ១៩៦៤ លោកស្រី​ខាម៉ាឡា ហារីស​មាន​ឱពុក​ដើមកំណើត​ហ្សាម៉ាអ៊ីក និង​មាន​ម្តាយ​ដើមកំណើត​ឥណ្ឌា។ តែ​ឱពុក ម្តាយ​បាន​លែងលះ​គ្នា​នៅ​ពេល​លោកស្រី​ហារីស​ទើប​មាន​អាយុ ៥ឆ្នាំ ហើយ​ម្តាយ​ជា​អ្នក​បន្ត​ចិញ្ចឹមបីបាច់​ថៃ​រក្សា​លោកស្រី​ហារីស​តែ​ម្នាក់​ឯង។ នៅ​ក្នុង​វ័យកុមារ លោកស្រី​ហារីស​បាន​រស់នៅ​ក្នុង​ទីក្រុង​ម៉ុងរ៉េអាល់ ប្រទេស​កាណាដា​ចំនួន ៥ឆ្នាំ​ដែល​នៅ​ទីនោះ ម្តាយ​លោកស្រី​ហារីស​ទទួល​បាន​ការងារ​ជា​គ្រូបង្រៀន។ បន្ទាប់​មក ម្តាយ និង​កូន​បាន​ត្រឡប់​ទៅ​អាមេរិក​វិញ​ដែល​លោកស្រី​ហារីស​បាន​សម្រេច​ចូលរៀន​នៅ​សកលវិទ្យាល័យ Howard University ក្នុង​ទីក្រុង​វ៉ាស៊ីនតោន និង​បន្ត​សិក្សា​ផ្នែកច្បាប់។

ក្នុង​ឆ្នាំ ១៩៩០ លោកស្រី​ហារីស​បាន​ចាប់ឆ្នោត​ជា​រដ្ឋអាជ្ញា​ក្នុង​ទីក្រុង San Francisco និង​ជា​រដ្ឋអាជ្ញា​ក្នុង​រដ្ឋ California ក្នុង​ឆ្នាំ ២០១០ និង​បាន​ជាប់​ជា​ថ្មី​ក្នុង​ឆ្នាំ ២០១៤។ មុន​បញ្ចប់​អាណត្តិ​ទីពីរ​ជា​រដ្ឋ​អាជ្ញា នៅ​ឆ្នាំ​២០១៧ លោកស្រី​ហារីស​បាន​សម្រេច​ចិត្ត​ឈរ​ឈ្មោះ​ជា​សមាជិក​ព្រឹទ្ធសភា​នៅរដ្ឋ​កាលីហ្វ័រញ៉ា។ ដោយ​មាន​ទទួល​បាន​ការ​គាំទ្រ​ពី​លោក​បារ៉ាក់អូបាម៉ា និង​លោក​ ចូបៃដិន លោកស្រី​ហារីស​បាន​ទទួល​ជោគជ័យ​យ៉ាង​ត្រចះ​ត្រចង់​ក្នុង​សម័យ​បោះឆ្នោត​ព្រឹទ្ធសភា។ តំណែង​មួយ​នេះ​បាន​ធ្វើ​ឲ្យ​លោកស្រី​ហារីស​ក្លាយ​ជា​ស្ត្រី​សមាជិកព្រឹទ្ធសភា​ទី១ មាន​ដើមកំណើត​​អាស៊ីខាងត្បូង និង​ជា​ស្ត្រី​សមាជិក​ព្រឹទ្ធសភា​សម្បុរ​ខ្មៅ​ទីពីរ​នៅ​ក្នុង​ប្រវត្តិ​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក។

សំណុំរឿង​អាទិភាព​ដែល​កំពុង​រង់ចាំ​លោក​ចូ បៃដិន

មាន​សំណុំរឿង​អាទិភាព​ច្រើន​នៅ​ក្នុង​ចំណោម​​សំណុំរឿង​អាទិភាព​ដែល​កំពុង​រង់ចាំ​លោក​ចូ បៃដិន។ តែ​នៅ​ចំពោះ​មុខ និង​ជា​បន្ទាន់ គឺ​ការ​ផ្សះផ្សា បង្រួបបង្រួម​សង្គម​អាមេរិក​ដែល​កំពុង​បែកបាក់​ខ្លាំង​នៅ​ពេល​នេះ។ លោក​បៃដិន​បាន​ថ្លែង​នៅ​មុន​ពេល​ជាប់​ឆ្នោត​ក៏​ដូច​នៅ​ក្រោយ​ពេល​ជាប់​ឆ្នោត​ថា លោក​ជា​ប្រធានាធិបតី​របស់​សហរដ្ឋអាមេរិក និង​ពលរដ្ឋ​អាមេរិក​គ្រប់​រូប​ដោយ​គ្មាន​ការ​បែងចែក​ពណ៌សម្បុរ ឬ​និន្នាការ​នយោបាយ។ នេះ​ពិត​ជា​សារ​មួយ​សំខាន់​ខ្លាំង​ណាស់​ដើម្បី​ធានា​ក្រុម​អ្នក​គាំទ្រ​លោក​បៃដិន និង​រំងាប់​ភាព​រំជួបរំជួល​ក្រុម​អ្នក​គាំទ្រ​លោក​ដូណាល់ ត្រាំ។

សំណុំរឿង​អាទិភាព​បន្ទាប់ គឺ​យុទ្ធនាការ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ ដែល​កំពុង​បន្ត​សម្លាប់ និង​ឆ្លង​មនុស្ស​ជា​ច្រើន​រយនាក់​នៅ​សហរដ្ឋអាមេរិក​ក្នុង​មួយ​ថ្ងៃៗ។ លោក​បៃដិន​បាន​ប្រកាស​ថា​ចាប់​ពី​ថ្ងៃ​ចន្ទ ទី៨ វិច្ឆិកា លោក​នឹង​បង្កើត​ក្រុម​មួយ​ដែល​ប្រមូលផ្តុំ​ដោយ​ក្រុម​អ្នកវិទ្យាសាស្រ្ត និង​អ្នកជំនាញ​ដើម្បី​ចាត់​វិធានការ​ប្រឆាំង​នឹង​កូវីដ១៩។ ក្នុង​សំណុំរឿង​សេដ្ឋកិច្ច ពាក្យ​ស្លោក​ដែល​លោក​បៃដិន​បាន​ប្រើ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត គឺ « America is back » និង « Made in USA »។ ផែនការ « Made in USA » នេះ​ត្រូវ​បាន​លោក​បៃដិន​គ្រោង​ប្រើ​លុយ​ចំនួន ៧០០ ០០០លានដុល្លារ។ នៅ​ក្នុង​សំណុំរឿង​បរិស្ថាន លោក​បៃដិន​ផ្តល់​អាទិភាព​លើ​ថាមពល​កកើត​ឡើង​វិញ និង​ចង់​ឲ្យ​សហរដ្ឋអាមេរិក​មាន​អព្យាក្រឹតភាព​កាបោន​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៥០។

នៅ​លើ​ឆាក​អន្តរជាតិលោក​បៃដិន​នឹង​ពិនិត្យមើល​ឡើង​វិញ​លើ​សំណុំរឿង​ដែល​លោក​ត្រាំ​បាន​សម្រេច​ជាមួយ​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​ក៏​ដូច​ជា​ជាមួយ​អង្គការ និង​ស្ថាប័ន​អន្តរជាតិ​នានា។ លោក​បៃដិន​បាន​បញ្ជាក់​រួច​ហើយ​ថា លោក​នឹង​បញ្ចូល​សហរដ្ឋអាមេរិក​ជា​ថ្មី​ទៅ​ក្នុង​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ឆ្នាំ ២០១៥​ស្តីពី​អាកាសធាតុ ទៅ​ក្នុង​អង្គការ​សុខភាព​ពិភពលោក ឬ​ទៅ​ក្នុង​អង្គការ Unesco ដែល​លោក​ត្រាំ​បាន​ដក​សហរដ្ឋអាមេរិក​ចេញ។ លោក​បៃដិន​ចង់​មើល​ឡើង​វិញ​ពី​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន រួម​ទាំង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០០៥ ដែល​លោក​ត្រាំ​បាន​ដក​សហរដ្ឋអាមេរិក​ចេញ​ក្នុង​ឆ្នាំ ២០១៨។

ជាមួយ​ប្រទេស​ចិន លោក​ចូ បៃដិន​ចង់​ស្តារ​ឡើង​វិញ​នូវ​កិច្ចសន្ទនា​ប្រកប​ដោយ​ការ​ស្ថាបនា​ជា​ជាង​ការ​បន្ត​ប្រើ​សង្រ្គាម​ពាក្យ​សម្តី។ ជា​រួម និង​អ្វី​ដែល​លោក​បៃដិន​ចង់​បាន គឺ​ចង់​ឲ្យ​សហរដ្ឋអាមេរិក​រក​ឃើញ​កន្លែង​របស់​ខ្លួន​ឡើង​វិញ​ជា​មហាអំណាច​ពិភពលោក និង​តម្លៃ​ពិត​របស់​សហរដ្ឋអាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ