អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

Brexit៖ អង់គ្លេសនិងអឺរ៉ុបចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយ​ពី​ឆ្លងកាត់​ការចរចា​យ៉ាងតឹងតែង​អស់រយៈពេល​១០​ខែ នៅទីបំផុត​ទៅ អង់គ្លេស និង​សហភាព​អឺរ៉ុប បាន​ឈាន​ដល់​ការ​ចុះកិច្ចព្រមព្រៀង នៅថ្ងៃព្រហស្បតិ៍​នេះ ដើម្បី​កំណត់​អំពី​ទំនាក់ទំនង​ពាណិជ្ជកម្ម ក្រោយ​ពី​អង់គ្លេស​បានចាកចេញពី​សហភាព​អឺរ៉ុប។ ការចុះកិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ធ្វើឡើង​តែ​ប្រមាណ​ជាមួយសប្តាហ៍​ប៉ុណ្ណោះ មុន ​ផុតកំណត់​​រយៈពេល​អន្តរកាល នៅថ្ងៃទី៣១ធ្នូ​ខាងមុខ។

លោក​បូរីស ចនសុន នាយករដ្ឋមន្រ្តី​អង់គ្លេស នៅ​ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន ប្រកាស​ពី​ការ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​សហភាព​អឺរ៉ុប នៅថ្ងៃព្រហស្បតិ៍ ២៤ ធ្នូ ២០២០
លោក​បូរីស ចនសុន នាយករដ្ឋមន្រ្តី​អង់គ្លេស នៅ​ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន ប្រកាស​ពី​ការ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​សហភាព​អឺរ៉ុប នៅថ្ងៃព្រហស្បតិ៍ ២៤ ធ្នូ ២០២០ AP - Paul Grover
ផ្សាយពាណិជ្ជកម្ម

៤ឆ្នាំកន្លះ ក្រោយ​​ការ​បោះឆ្នោត​ប្រជាមតិ​នៅ​​អង់គ្លេស​នៅ​ខែមិថុនា​ឆ្នាំ២០១៦ និង​ជាង ១០ខែ ក្រោយ​​ពី​អង់គ្លេស​បាន​បញ្ចប់​សមាជិកភាព​ពី​សហភាព​អឺរ៉ុប​ជាផ្លូវការ នៅថ្ងៃទី៣១​ខែមករា​ឆ្នាំ២០២០ សំណុំរឿង Brexit បាន​ដើរមកដល់​ដំណាក់កាល​ចុងក្រោយ​ដ៏សំខាន់មួយ នៅថ្ងៃ​ព្រហស្បតិ៍​នេះ គឺ​ការ​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ដើម្បី​បញ្ចៀស​ស្ថានភាព « No Deal » ដែល​តម្រូវ​ឲ្យ​មាន​ការ​យកពន្ធគយ និង​កំណត់​កូតា ក្នុងការ​ដោះដូរពាណិជ្ជកម្ម​នឹង​គ្នា។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ លោកស្រី អួរស៊ូឡា វ៉ុនឌែរឡេយែន ប្រធាន​គណៈកម្មការ​អឺរ៉ុប បាន​លើកឡើង​ថា កិច្ចព្រមព្រៀង​ដែល​សម្រេច​បាន​នេះ ជា​កិច្ចព្រមព្រៀង​មួយ ដែល​មាន​តុល្យភាព ហើយ​ថា ពេលនេះ គឺ​ល្មមដល់ពេល​ហើយ ដែល​គេ​ត្រូវ​បិទបញ្ចប់​សំណុំរឿង Brexit។

គួរបញ្ជាក់ថា តាមរយៈកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ សហភាព​អឺរ៉ុប​នឹង​បើក​ចំហ​ទីផ្សារ​ដ៏​ធំ​របស់​ខ្លួន ដែល​មាន​ប្រជាជន​សរុប​រហូតដល់​ទៅ ៤៥០លាននាក់ ឲ្យ​អង់គ្លេស​នាំទំនិញ​ចូល​ដោយ​មិនកំណត់កូតា និងមិនយកពន្ធគយ ហើយ​ជា​ថ្នូរមកវិញ ខាង​ភាគី​អង់គ្លេស ក្រៅពី​បើក​ចំហ​ទីផ្សារ​ដល់​អឺរ៉ុប ក្រុមហ៊ុន​របស់​អង់គ្លេស​ចាំបាច់​ត្រូវ​តែ​គោរព​ទៅ​តាម​វិធាន​របស់​សហភាព​អឺរ៉ុប ទាក់ទង​ទៅនឹង​វិស័យ​បរិស្ថាន ច្បាប់ការងារ និង​ច្បាប់​សារពើពន្ធ ដើម្បី​ធានា​នូវ​ការ​ប្រកួតប្រជែង​ដោយ​យុត្តិធម៌​ជាមួយ​នឹង​ក្រុមហ៊ុន​អឺរ៉ុប។

តាំង​ពីល្ងាចថ្ងៃពុធ ប្រភព​ចេញ​ពី​សហភាព​អឺរ៉ុប នៅ​ទីក្រុង​ព្រុចស៊ែល បាន​លើកឡើង ពី​ការ​ជឿនលឿន​ទៅមុខ ក្នុងការ​ចរចា ហើយ​ថែម​ទាំង​បាន​ប្រាប់​ឲ្យ​មន្រ្តី​ទូត​ប្រទេស​ជា​សមាជិក​ទាំង ២៧ ត្រៀម​ខ្លួនជាស្រេច ក្នុងករណី​ត្រូវ​ប្រជុំគ្នា​បន្ទាន់ នៅថ្ងៃ​ព្រហស្បតិ៍។ ​ប្រភព​ពី​ខាង​រដ្ឋាភិបាល​បារាំង​ក៏​បាន​ឲ្យដឹង​ផង​​ដែរ​ថា នៅ​ក្នុងការ​ចរចា​រហូតដល់​យប់​ថ្ងៃពុធ​នេះ អង់គ្លេស​បាន​ធ្វើ​សម្បទាន​ច្រើន ទាក់ទង​នឹង​បញ្ហា​នេសាទ​​ ដែល​ជា​ចំណុចខ្ទាស់​គ្នា​ខ្លាំង។ ទោះជាយ៉ាងណា នៅមាន​ចំណុច​ខ្លះទៀត ដែល​ភាគី​ទាំងពីរ នៅមិនទាន់​ឯកភាពគ្នា ដោយ​លោក ​បូរីស ចនសុន ​នាយករដ្ឋមន្រ្តី​អង់គ្លេស និង​លោកស្រី អួរស៊ូឡា វ៉ុនឌែរឡេយែន ប្រធានគណៈកម្មការ​អឺរ៉ុប បន្ត​ចរចា​គ្នា​អស់​មួយព្រឹកធំទៀត មុននឹង​ប្រកាស​ពី​សម្រេច​បាន​កិច្ចព្រមព្រៀង នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ទោះជា​យ៉ាងណា កិច្ចព្រមព្រៀង​នេះ​នឹង​ត្រូវ​ឆ្លងកាត់​ដំណាក់​កាល​សំខាន់ៗ​មួយ​​ចំនួន​ទៀត ទើប​អាច​ចូល​ជា​ធរមាន​បាន គឺ​ត្រូវ​ឆ្លង​កាត់​ការ​អនុម័ត​ដោយ​សំឡេង​ឯកច្ឆន្ទ​ដោយ​ប្រទេស​ជាសមាជិក​ទាំង ២៧ របស់​សហភាព​អឺរ៉ុប និង​ការ​បោះឆ្នោត​ផ្តល់​សច្ចាប័ន​ពី​សំណាក់​សភា​អឺរ៉ុប ក៏ដូចជា​ពី​សំណាក់​សភា​អង់គ្លេស។ ដំណើរការ​ផ្តល់​សច្ចាប័ន​នេះ ត្រូវការ​ពេលច្រើន​ ហើយ​សភា​អឺរ៉ុប​បាន​ឲ្យដឹង​រួចហើយ​ថា កិច្ចព្រមព្រៀង​នេះ​នឹង​មិន​អាច​ឆ្លងកាត់​ការ​បោះឆ្នោត​អនុម័ត​ពី​សភា​អឺរ៉ុប មុនថ្ងៃទី៣១​ធ្នូ​នេះ​បានទេ។

ជាគោលការណ៍​ នៅយប់ថ្ងៃទី៣១ធ្នូ ឈាន​ចូល​ថ្ងៃទី១មករា រយៈពេល​អន្តរកាល រវាង​អង់គ្លេស និង​សហភាព​អឺរ៉ុប ​នឹង​ត្រូវ​បញ្ចប់។ ​បើ​សិន​ជា​មិនមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ ដែល​ចូល​ជា​ធរមាន​ទាន់ពេលទេ ចាប់ពីថ្ងៃទី១មករា​ទៅ អង់គ្លេស និង​សហភាព​អឺរ៉ុប នឹង​លែង​មាន​ព្រំដែន​បើក​ចំហ​ដូចជា​ពេលនេះទៀតហើយ ពោល​គឺ​នឹង​ត្រូវ​អនុវត្ត​ដូចជា​ប្រទេស​ដទៃ​នឹង​គ្នា​​សុទ្ធសាធ ដោយ​ត្រូវ​មាន​ការ​ត្រួតពិនិត្យ​តាម​ព្រំដែន មាន​​ការ​យកពន្ធ និង​ការ​កំណត់​កូតា​ទំនិញ ស្រប​ទៅតាម​វិធាន​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។

ដើម្បី​បញ្ចៀសបញ្ហា​នេះ សហភាព​អឺរ៉ុប និង​អង់គ្លេស​​គ្រោងដាក់​​ឲ្យ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​​​ចូល​ជា​ធរមាន​បណ្តោះអាសន្ន នៅថ្ងៃទី១មករា​ នៅ​ក្នុង​អំឡុង​ពេល​រង់ចាំ​​នីតិវិធី​ផ្តល់​សច្ចាប័ន​ពី​សភា។

កន្លងមក​ធ្លាប់​មាន​កិច្ចព្រមព្រៀង Brexit មួយរួចហើយ ហេតុអ្វី​ត្រូវ​ចរចា​លើ​កិច្ចព្រមព្រៀងថ្មីទៀត?

ការចរចា​រឿង Brexit នេះ ពិតជាអូសបន្លាយពេលយូរ ហើយ​​មាន​ដំណើរការ​​ស្មុគស្មាញ​បន្តិចមែន ក៏ប៉ុន្តែ ដើម្បី​សង្ខេប​ឲ្យ​ងាយ​យល់ យើង​ត្រូវ​ចែកជា​ពីរ​ដំណាក់កាល​ដាច់​ពី​គ្នា៖ ដំណាក់កាល​ទី១ គឺ​​ចរចា​បញ្ចប់​សមាជិកភាព​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប ចំណែក ​ដំណាក់កាល​ទី២ គឺ​ចរចាកំណត់​អំពី​ទំនាក់ទំនង រវាង​អង់គ្លេស និង​សហភាព​អឺរ៉ុប ក្រោយ​បញ្ចប់​សមាជិកភាព។

​ដំណាក់កាល​ទី១​ចាប់ផ្តើម​ឡើង នៅ​ក្រោយ​ពេល​ដែល​ប្រជាជន​អង់គ្លេស​បោះឆ្នោត​ប្រជាមតិ​សម្រេច​ចាកចេញ​ពី​សហភាព​អឺរ៉ុប ហើយ​រដ្ឋាភិបាល​អង់គ្លេស​​បាន​ស្នើសុំ​​ជាផ្លូវការ​ទៅ​សហភាព​អឺរ៉ុប ឲ្យ​ចាប់ផ្តើម​ចរចា​បញ្ចប់​សមាជិកភាព ទៅតាម​នីតិវិធី កំណត់​ក្នុង​មាត្រា ៥០ នៃ​សន្ធិសញ្ញា​អឺរ៉ុប។

ការចរចា​នេះ ធ្លាប់​បាន​ចេញ​ជា​កិច្ចព្រមព្រៀង​ម្តង កាលពីខែវិច្ឆិកា​ឆ្នាំ២០១៨ ក៏ប៉ុន្តែ សភា​អង់គ្លេស​បដិសេធ​មិន​ផ្តល់​សច្ចាប័ន ទើប​ក្រោយ​មក​ទៀត ក្រោយ​ពេល​ដែល​លោក​បូរីស ចនសុន ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្រ្តី អង់គ្លេស​ក៏​បាន​ស្នើ​សុំ​ចរចា​ឡើងវិញ​ជាមួយ​សហភាព​អឺរ៉ុប។ ការចរចា​ក៏​បាន​ឈាន​ទៅដល់​ការ​ចុះ​កិច្ចព្រមព្រៀង​ ហើយ​ក្រោយ​ពី​​សភា​អឺរ៉ុប និង​សភា​អង់គ្លេស​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ថ្មី​នេះ អង់គ្លេស​ក៏​ត្រូវ​បញ្ចប់​សមាជិកភាព​ពី​សហភាព​អឺរ៉ុប​ជាផ្លូវការ នៅថ្ងៃទី៣១មក​ឆ្នាំ២០២០។

មកដល់​ត្រឹមនេះ ដំណាក់កាល​ទី១​ត្រូវ​បញ្ចប់ ដោយ​អង់គ្លេស​​ត្រូវ​ចេញ​ពី​សហភាព​អឺរ៉ុប ហើយ​ក្លាយ​ជា​ប្រទេស​ដទៃ​សុទ្ធសាធ ក៏ប៉ុន្តែ គេ​បាន​ទុក​រយៈពេល​អន្តរកាល​មួយ ដោយ​រក្សាទំនាក់ទំនង​រវាង​អឺរ៉ុប​និង​អង់គ្លេស​​ឲ្យ​នៅដដែល​ដូចមុន (បន្ត​បើក​ចំហ​ព្រំដែន និង​បើកចំហ​ទីផ្សារ​ដូចមុន) រហូតដល់​ថ្ងៃទី៣១​ធ្នូ​ឆ្នាំ២០២០ ដើម្បី​ទុកពេល​ចរចា​លើ​ដំណាក់កាល​ទី២ គឺ​ដំណើរការ​ចរចា ដែល​គេ​បាន​ធ្វើ​មកទល់​នឹង​​ព្រឹកថ្ងៃ​ព្រហស្បតិ៍​នេះ​ ដើម្បី​​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី រវាង​អង់គ្លេស និង​សហភាព​អឺរ៉ុប ហើយ​កំណត់​អំពី​ទំនាក់ទំនង​ពាណិជ្ជកម្ម ចាប់ពីថ្ងៃ​១មករា​ឆ្នាំ២០២១ ក្រោយ​ផុត​រយៈពេល​អន្តរកាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ