អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

BREXIT៖ ខ្លឹមសារសំខាន់ៗ នៃកិច្ចព្រមព្រៀងទំនាក់ទំនង រវាងអង់គ្លេស និង សហភាពអឺរ៉ុប

ចុះផ្សាយ​នៅ​ថ្ងៃ៖

អស់រយៈពេល​ប្រមាណ​៤ឆ្នាំ មកហើយ ដែលអង់គ្លេសបានបោះឆ្នោតប្រជាមតិផ្តាច់ខ្លួន លែងធ្វើជាសមាជិក​នៃសហភាពអឺរ៉ុប។ ភាគីទាំង២បាន​ចរចាគ្នា យ៉ាងលំបាកលំបិន ដើម្បីរៀបចំទំនាក់ទំនងរវាងគ្នាគ្រប់វិស័យ ទៅថ្ងៃអនាគត។ នៅតែប៉ុន្មានថ្ងៃ មុននឹងឱសានុវាទមកដល់ ទីបំផុតទៅ ភាគីទាំង២បានសម្រេច​បាន​ កាលពីថ្ងៃទី​២៤ធ្នូ នូវកិច្ចព្រមព្រៀងមួយ ដែលកំណត់ពីទំនាក់ទំនង​ រវាង​អង់គ្លេស និងសហភាពអឺរ៉ុប ហើយ​ដែលនឹងត្រូវចូលជាធរមាន ចាប់ពីថ្ងៃទី​១​មករា ឆ្នាំ​២០២១ទៅ។

សកម្មជនប្រឆាំងBrexit  ធ្វើបាតុកម្មនៅទីក្រុងឡុង ថ្ងៃទី ៩ ធ្នូ ២០២០
សកម្មជនប្រឆាំងBrexit ធ្វើបាតុកម្មនៅទីក្រុងឡុង ថ្ងៃទី ៩ ធ្នូ ២០២០ REUTERS - HENRY NICHOLLS
ផ្សាយពាណិជ្ជកម្ម

ចាប់ពីថ្ងៃទី​១ មករា ២០២១ទៅ ទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងអង់គ្លេស គឺត្រូវធ្វើទៅតាមអ្វីដែលមានកំណត់ នៅក្នុងកិច្ចព្រមព្រៀង ដែលគេបានចុះហត្ថលេខា កាលពីថ្ងៃទី​២៤ធ្នូ។ កិច្ចព្រមព្រៀងដែលមានកម្រាស់ ប្រមាណ ១៥០០ទំព័រនេះ គឺជាលទ្ធផល ប្រឹងប្រែងចរចាយ៉ាងត្រដាបត្រដួស លំបាក​លំបិន​បំផុត ដោយសារ​​តែ​​ភាគីទាំងសងខាង មានជំហររឹងរូសរាងខ្លួន។ តែយ៉ាងណាក៏ដោយ​ ទាំងភាគីអង់គ្លេស ទាំង​សហភាពអឺរ៉ុប សុទ្ធតែបានអបអរ ថាវាជាជោគជ័យ ព្រោះថា កិច្ចព្រមព្រៀងនេះ គឺជា​ការ​ស្រុះស្រួល ធ្វើសម្បទានឲ្យ​គ្នាទៅវិញទៅមក បានប្រយោជន៍ទាំងអស់គ្នាទៅថ្ងៃអនាគត។

ការនាំចូលទំនិញ ត្រូវ​​ធ្វើលិខិតស្នាមប្រកាសពន្ធ តែមិនបង់ពន្ធ

នៅក្នុងផ្នែកទំនាក់ទំនងពាណិជ្ជកម្ម រវាងអឺរ៉ុប និងអង់គ្លេស គឺជាផ្នែកសំខាន់បំផុត ព្រោះថាមួយឆ្នាំៗ ទំនាក់ទំនងរវាង​ភាគីទាំង២ក្នុងវិស័យនេះ មានតម្លៃដល់ទៅ​៧០០ពាន់លានអឺរ៉ូ ជាមធ្យម។ ចាប់ពីថ្ងៃទី​១មករា ឆ្នាំ​២០២១ទៅ ភាគីទាំង​២បានព្រមព្រៀងគ្នា បន្ត​អនុវត្តការមិនយកពន្ធ លើការ​ នាំចេញ​នាំចូលទំនិញទៅវិញទៅមក ហើយ​ក៏មិនកំណត់ចំនួន​កូតា នៃការនាំចូលនាំចេញទំនិញដែរ។ ក៏ប៉ុន្តែអ្វីដែលនឹងប្រែប្រួល គឺថា ចាប់ពីឆ្នាំក្រោយនេះទៅ ការនាំចេញនាំចូលទំនិញទាំងអស់ គឺត្រូវតែធ្វើលិខិតប្រកាសជាផ្លូវការ ឲ្យ​អាជ្ញាធរគយ​បានដឹង។ ឧទាហរណ៍​ ក្នុងករណីទំនិញចំណី​អាហារ​ហូបចុក បន្លែត្រីសាច់ សត្វរស់អីជាដើម គឺត្រូវតែ​ធ្វើលិខិតបញ្ជាក់បន្ថែម អំពី​ក្រិត្យក្រមស្តងដាសុខភាព និងអនាម័យ។ និយាយជារួម គឺត្រូវធ្វើលិខិតស្នាមនាំចេញនាំចូលទៅអាជ្ញាធរគយ តែមិនបង់ពន្ធទេ។

ទាក់ទិននឹងក្រិត្យក្រមស្តង់ដារសុខភាព អនាម័យ សង្គមនិងបរិស្ថាននេះដែរ គឺជារឿងសំខាន់ សម្រាប់ភាគីទាំងពីរ ដើម្បីធានាឲ្យ​​បាន​​នូវ​ការ​ប្រកួតប្រជែង​ដោយ​​ស្មើភាព។ នៅក្នុងចំណុចនេះ ភាគីទាំងពីរ បានព្រមព្រៀងគ្នាថា អង់គ្លេសនឹងបន្តអនុវត្តស្តង់ដាររបស់អឺរ៉ុប ដែលយើងអាចចាត់ទុកបានថា ជាស្តង់ដារខ្ពស់ ក្នុងក្រិត្យក្រមអនាម័យ ការពារបរិស្ថាន និងការពារអត្ថប្រយោជន៍សង្គម​ដល់បុគ្គលិក​ជាដើម។ ត្រង់ចំណុចនេះ យើងអាចនិយាយបានថា ភាគីអង់គ្លេស បានសុខចិត្តធ្វើសម្បទាន ព្រោះថាកន្លងមក លោកបូរីស ចនសុន តែងតែអះអាងថា លោកចង់ឲ្យអង់គ្លេស​​មានសិទ្ធិ​កំណត់​ស្តង់ដារ​ដោយឯករាជ្យ​​ ដោយ​មិនត្រូវ​ចាំតែ​ធ្វើ​តាម​បទដ្ឋាន​អឺរ៉ុបទាំងអស់នោះទេ។

តែយ៉ាងណា ភាគីទាំង២បានត្រូវរូវគ្នាថា អង់គ្លេសមិនមានកាតព្វកិច្ច ត្រូវ​តែ​ធ្វើ​ការតម្រឹមតម្រូវ តាមស្តង់ដារអឺរ៉ុប ដោយ​ស្វ័យប្រវត្តិនោះទេ ក្នុងករណីដែលស្តង់ដារអឺរ៉ុប កែប្រែឲ្យ​កាន់តែតឹង ឬខ្ពស់​ទៅៗ។ មានន័យថា បើ​អង់គ្លេស​មិនសុខចិត្ត មិនយល់ស្របជាមួយ​ស្តង់ដារណាមួយ នោះអង់គ្លេសអាចអនុវត្តស្តង់ដារផ្ទាល់ខ្លួនបាន ទៅលើ​មុខទំនិញណាមួយដោយ​ចំពោះ។ តែក្នុងករណីនេះ មានន័យថា មុខទំនិញនោះ នឹងត្រូវតែមាន​ការបង់ពន្ធហើយ​។

អឺរ៉ុប​ត្រូវកាត់បន្ថយផលនេសាទ ក្នុងដែនទឹកអង់គ្លេស

បើនិយាយទៅវិស័យនេសាទនេះ វាមានតម្លៃប្រមាណ​៦៥០លានអឺរ៉ូទេ ពោលគឺវាស្តួចស្តើងទេ បើប្រៀបធៀបទៅនឹងវិស័យទំនាក់ទំនងពាណិជ្ជកម្មទាំងមូល​ ដែលមាន​តម្លៃប្រមាណ​៧០០ពាន់លានអឺរ៉ូូ។ ក៏ប៉ុន្តែវិស័យនេសាទនេះ បានធ្វើឲ្យ​ការចរចា​កន្លងមកនេះ រវាង​ភាគីទាំង២ មានការលំបាកជាងគេ តិងតែងជាងគេ ព្រោះថាវាជានិម្មិតរូប។ និម្មិតរូបនៃបូរណៈដែនទឹកដែនដីរបស់អង់គ្លេស និងរបស់​ប្រទេសសមាជិកសហភាពអឺរ៉ុប។

ភាគីអង់គ្លេសធ្លាប់​បានទាមទារថា សហភាពអឺរ៉ុប ត្រូវតែហាមអ្នកនេសាទ ឲ្យឈប់ចូលទៅ​នេសាទ នៅក្នុងដែនទឹករបស់អង់គ្លេស ដោយត្រូវប្រគល់​តម្លៃ​នៃ​ផលនេសាទចំនួន​​៦០%  ឲ្យ​អង់គ្លេសវិញ​ចាប់ពីថ្ងៃទី​១មករាទៅ​។ តែទីបំផុតទៅ នៅក្នុងកិច្ចព្រមព្រៀង គេបាន​និយាយត្រូវគ្នា​ដោយ​បង្កើតរយៈពេលអន្តរកាល ​ពីនេះរហូតដល់ពាក់កណ្តាល​ឆ្នាំ​២០២៦។ ក្នុងរយៈពេលនេះ សហភាពអឺរ៉ុប ត្រូវតែកាត់បន្ថយ​ផលនេសាទ ចំនួន​២៥% នៅក្នុងដែនទឹកអង់គ្លេស។ ហើយក្រោយចប់រយៈពេល​អន្តរកាលនេះទៅ ការចរចាគ្នាដើម្បីបែងចែក​ដែនទឹកនេសាទ គឺនឹងត្រូវធ្វើរាល់ឆ្នាំ។

វិស័យនេសាទរបស់បារាំង នឹងរងផលប៉ះពាល់ខ្លាំងជាងគេ។ អ្នកនេសាទ ដាណឺម៉ាក ហូឡង់​ ប៊ែលហ្សិក ក៏នឹងប្រឈមនឹងការបាត់បង់​ផលនេសាទ និងប្រាក់ចំណូល​ដែរ។ នៅក្នុងបញ្ហានេះ សហភាពអឺរ៉ុប បានសន្យាថានឹងជួយ ដោយ​បានត្រៀមថវិកា មួយចំនួន ដើម្បីជួយ​អ្នកធ្វើការក្នុង​វិស័យនេសាទ។ សម្រាប់អ្នកនេសាទបារាំង​ រដ្ឋាភិបាល​បាន​ សន្យថានឹងជួយ ផ្តល់ជាប្រាក់​ដល់៣ម៉ឺនអឺរ៉ូ ដោយយោងទៅលើកម្រិតបាត់បង់ផលនេសាទ ដែល​បានមកពីដែនទឹកអង់គ្លេស។

អ្នកដំណើរទៅមក មិនចាំបាច់​មានទិដ្ឋាការ សម្រាប់រយៈពេលស្នាក់នៅក្រោម​៣ខែ

ជាគោលការណ៍ ចាប់ពីថ្ងៃទី​១មករា ទៅ អង់គ្លេសគឺជាប្រទេសដ៏ទៃសុទ្ធសាធ សម្រាប់សហភាពអឺរ៉ុប។ តែយ៉ាងណា ប្រជាជនអឺរ៉ុប អាចបន្តធ្វើដំណើរទៅអង់គ្លេសបាន​ ដោយ​មិនចាំបាច់​មានទិដ្ឋាការទេ បើទៅក្រោម​រយៈពេល​៣ខែ។ ដូចគ្នាដែរ​សម្រាប់ប្រជាជនអង់គ្លេស ដែលចង់មកអឺរ៉ុប។ ឧទាហរណ៍ដូចជា ការធ្វើដំណើរបែប​ទេសចរណ៍កំសាន្ត ទៅ​បំពេញបេសកកម្មការងារ ឬចូលរួមសន្និសីទអីជាដើម។ ប៉ុន្តែ ចាប់ពីថ្ងៃទី១មករា ២០២១ទៅ មានន័យថា អាជ្ញាធរទាំងសងខាង អាចនឹងធ្វើការត្រួតពិនិត្យ​ សួររកលិខិតឆ្លងដែន។ នឹងមានការប្រែប្រួលមួយចំនួនដែរ សម្រាប់អ្នកដែលចង់ធ្វើដំណើរ បើកឡានឆ្លងរវាងបារាំងទៅអង់គ្លេស គឺត្រូវតែមានបណ្ណបើកបរអន្តរជាតិ ហើយ​ត្រូវតែមានធានារ៉ាប់រ៉ង់សុខភាព និងគ្រោះថ្នាក់។

សម្រាប់អ្នកដែលចង់រស់នៅ និងធ្វើការវិញ គឺត្រូវតែសុំបណ្ណធ្វើការ ដោយ​អនុឡោមទៅតាម​បទដ្ឋានច្បាប់ ដែលមានស្រាប់ទាំងសងខាង។ សម្រាប់ប្រជាជនអឺរ៉ុបប្រមាណ​៤លាននាក់ ដែល​បច្ចុប្បន្នរស់នៅជាលក្ខណៈអចិន្ត្រៃយ៍នៅអង់គ្លេស គឺអាចបន្តរស់នៅបានជាធម្មតា ដោយមានបណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ ចេញដោយ​អាជ្ញាធរអង់គ្លេស។

អង់គ្លេសចេញពីកម្មវិធី Eurasmus

ចំណុចប្រែប្រួលធំមួយទៀត ចាប់ពីថ្ងៃទី​១មករាទៅ គឺទាក់ទិន នឹងកម្មវិធីផ្លាស់ប្តូរនិស្សិតឈ្មោះថា Eurasmus។ កម្មវិធីនេះ គឺជាកម្មវិធីផ្លាស់ប្តូរនិស្សិតថ្នាក់បរិញ្ញាប័ត្រ នៅទូទាំងអឺរ៉ុបតែម្តង ដែលពួកគេអាចជ្រើសរើស ចុះឈ្មោះទៅរៀននៅសាលាក្នុងប្រទេសណាក៏បាន ដោយបង់ថ្លៃដូចនិស្សិតក្នុងស្រុក​ នឹងដោយអាចបាន​ប្រាក់អាហារូបត្ថម្ភខ្លះផង។ តែចាប់ពីឆ្នាំក្រោយ​ទៅ អង់គ្លេសនឹងលែងចូលរួម ក្នុងកម្មវិធីនេះទៀតហើយ។ ខាងសហភាពអឺរ៉ុប បានសម្តែងការសោកស្តាយដែរ ទាក់ទិននឹងការបាត់បង់នេះ។​

លោកនាយករដ្ឋមន្ត្រី​អង់គ្លេស បាននិយាយថា លោកក៏ស្តាយដែរ តែរដ្ឋាភិបាលអង់គ្លេស គ្មានជំរើសទេ ព្រោះត្រូវកាត់បន្ថយការចំណាយ។ លោកពន្យល់ថា កន្លងមកនិស្សិតអឺរ៉ុប បានមករៀននៅអង់គ្លេស តាមរយៈកម្មវិធី Eurasmus នេះច្រើនណាស់ ពោលគឺច្រើនជាងនិស្សិតអង់គ្លេស ដែលចេញទៅប្រទេសអឺរ៉ុបផ្សេងទៀត។ ដូច្នេះចំណូល​បានមកពីការបង់ប្រាក់ថ្លៃសាលា គឺអង់គ្លេសខាតច្រើន។ ពីមុននិស្សិតអឺរ៉ុបត្រូវបង់ថ្លៃសាលានៅអង់គ្លេស ដូចនិស្សិតអង់គ្លេសដែរ ពោលគឺប្រមាណ​១ម៉ឺនអឺរ៉ូ ក្នុងមួយឆ្នាំ។ តែចាប់ពីឆ្នាំ​២០២១ទៅ តម្លៃចុះឈ្មោះនឹងឡើងខ្ពស់ខ្លាំង សម្រាប់​និស្សិតអឺរ៉ុប ដែលចង់ទៅរៀន នៅតាមសកលវិទ្យាល័យអង់គ្លេស ពោល​គឺត្រូវបង់ថ្លៃពេញដូច​​និស្សិតបរទេសឯទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ