អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អង់គ្លេស បិទ​បញ្ចប់​ជាស្ថាពរ​ ទំព័រ​ប្រវត្តិសាស្ត្រ​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឆ្នាំ២០២០ ត្រូវបិទបញ្ចប់ទៅ ដោយ​នាំយក​អង់គ្លេស ឲ្យ​ចាកចេញ​ពី​សហភាពអឺរ៉ុប ជាស្ថាពរ។ ថ្ងៃទី​៣១ធ្នូ នេះ គឺជាថ្ងៃចុងក្រោយហើយសម្រាប់ការរួមរស់របស់អង់គ្លេស នៅក្នុងមហាគ្រួសារ​សហភាពអឺរ៉ុប។ ៤៥ឆ្នាំ នៃទំនាក់ទំនងគ្រួសារតែមួយ ត្រូវបានបិទបញ្ចប់ទៅ ដោយ​ការ​បោះឆ្នោត​ប្រជាមតិ​ Brexit កាលពី​ឆ្នាំ​២០១៦ ដែល​ប្រជាជន​អង់គ្លេសសម្លេងភាគច្រើន បានសម្រេចចិត្ត​គាំទ្រ ការផ្តាច់ខ្លួន​ចេញ​ពី​សហភាពអឺរ៉ុប។ បន្ទាប់ពី​បានឆ្លងកាត់ការចរចា យ៉ាងលំបាកលំបិនជាទីបំផុត រវាងភាគី អង់គ្លេស និងសហភាពអឺរ៉ុប ទីបំផុតទៅ គេបានសម្រេចបាន​នូវ​កិច្ចព្រមព្រៀងមួយ​ ដែល​នឹងគូសវាស​ពី​ទំនាក់ទំនងរវាង​ភាគីទាំង​២ទៅថ្ងៃអនាគត។

លោក បូរីស ចនសុន លើកម្រាមដៃអបអរជ័យជំនះ​ បន្ទាប់​ពីបាន​ចុះហត្ថលេខា​ លើកិច្ច​ព្រមព្រៀង​កំណត់ទំនាក់ទំនង ជាមួយ​សហភាព​អឺរ៉ុប នៅក្រោយ​ពេល​អង់គ្លេស​ផ្តាច់​ខ្លួន​ជាស្ថាពរ ចាប់ពីថ្ងៃទី​១មករា២០២១។
លោក បូរីស ចនសុន លើកម្រាមដៃអបអរជ័យជំនះ​ បន្ទាប់​ពីបាន​ចុះហត្ថលេខា​ លើកិច្ច​ព្រមព្រៀង​កំណត់ទំនាក់ទំនង ជាមួយ​សហភាព​អឺរ៉ុប នៅក្រោយ​ពេល​អង់គ្លេស​ផ្តាច់​ខ្លួន​ជាស្ថាពរ ចាប់ពីថ្ងៃទី​១មករា២០២១។ REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

Goodbye !

នៅយប់ម៉ោង១២រំលងអាធ្រាត្រ ថ្ងៃទី​៣១ធ្នូនេះ នាឡិកាប៊ីកប៊េន ដ៏ល្បីនៅទីក្រុង​ឡុងដ៍ និងបន្លឺសំលេងជួង ជាសញ្ញាប្រៀ​ប​បីដូចជាពាក្យ​ « លាហើយ » ដែលអង់គ្លេសនិយាយមកកាន់​សហភាពអឺរ៉ុប និង​ប្រទេសសមាជិក​ទាំង​២៧ផ្សេងទៀត។ ចូលជាសមាជិកអឺរ៉ុប នៅឆ្នាំ​១៩៧៣ អង់គ្លេសបានសម្រេចចិត្តចាកចេញ តាមរយៈការបោះឆ្នោត ប្រជាមតិ កាលពីថ្ងៃទី ២៣ ខែ​មិថុនា ឆ្នាំ២០១៦ ដោយ​សម្លេងឆ្នោតព្រមផ្តាច់ខ្លួន មានចំនួន ៥១.៩%។

តែការផ្តាច់ខ្លួននេះ មិនមែនជារឿងងាយស្រួលធ្វើប៉ុន្មានទេ ព្រោះត្រូវ​ស្រាយ​ចំណង ទាំងអស់ ដែលអង់គ្លេសមានជាមួយ​សហភាពអឺរ៉ុប រយៈពេល​៤៥ឆ្នាំកន្លងមកនេះ។ បទដ្ឋានច្បាប់ សន្ធិសញ្ញា  ស្តង់ដារ ទំនាក់ទំនងពាណិជ្ជ ចរាចរណ៍មនុស្ស និងទំនិញគ្រប់បែបយ៉ាង គឺត្រូវតែ​រៀបចំ​សា​ឡើងវិញទាំងអស់ ព្រោះអង់គ្លេសមិនមែនជាសមាជិកសហភាពអឺរ៉ុបទៀតឡើយ។

ការចរចាផ្តាច់ខ្លួននេះ មាន​ការលំបាក​លំបិនខ្លាំងណាស់។ ដូចយើងបានដឹងហើយ ប្រជាមតិតាំង​តែ​ពី​ឆ្នាំ​២០១៦ តែទីបំផុតការផ្តាច់ខ្លួន​ទើបតែ​ចូលជាធរមាន​ជាផ្លូវការ​ ជាក់ស្តែង នៅពេល​នេះតែ​ប៉ុណ្ណោះ បន្ទាប់ពីលើក​ពេល ពន្យារពេលម្តងហើយ​ម្តងទៀត។ ពោលគឺ៤ឆ្នាំ ដែលភាគីទាំង​២​ចរចាគ្នា ឈ្លោះផងត្រូវផង នាយករដ្ឋមន្ត្រីអង់គ្លេស ដូរអស់ដល់ទៅ​៣នាក់ ដោយ​សារតែ​បញ្ហាដ៏ស្មុគស្មាញនេះ។

នៅចំពោះអង្គសភាកាលពីយប់ថ្ងៃ​ពុធទី​៣០ធ្នូ​ លោកបូរីស ចនសុន នាយករដ្ឋមន្ត្រីអង់គ្លេស បាន​ថ្លែងថា៖ ចាប់ពីពេលនេះទៅ ជោគវាសនារបស់​ប្រទេសដ៏ធំមួយ​នេះ គឺស្ថិតក្នុងកណ្តាប់ដៃរបស់​យើងទាំងអស់គ្នាហើយ !។ នៅព្រឹកថ្ងៃព្រហស្បតិ៍ កាសែត Daily Mail បានចុះក្រប​មុខ​ថា៖​ ចាប់ពីពេលនេះទៅ គឺជាការបោះជំហានដ៏ធំ ឆ្ពោះទៅ​កាន់សេរីភាព។ ដូចគ្នាដែរ កាសែត The Sun បានសរសេរថា ទីបំផុតការផ្តាច់ខ្លួន​ បានសម្រេចហើយ​!។ ចំណែកថ្នាក់ដឹកនាំអឺរ៉ុប បានថ្លែងថា វាពិតហើយ ដែលថ្ងៃនេះជាថ្ងៃ​មួយ​គួរឲ្យ​សោកស្តាយ តែអ្វីដែលសំខាន់ គឺត្រូវ​តែសម្លឹងទៅឆ្ងាយ​ នៅអនាគតរវាងអង់គ្លេស និងសហភាពអឺរ៉ុប។ បែកគ្នាមែន តែនៅតែរាប់គ្នាជាមិត្ត ជាញាតិស្និទ​ស្នាល​ដដែល។

ឈប់ធ្វើជាសមាជិក តែបន្តធ្វើជា​ដៃគូ

សភាជាន់ខ្ពស់អង់គ្លេស បានបោះឆ្នោតទទួល​យកកិច្ចព្រមព្រៀងនេះហើយ កាលពីថ្ងៃពុធ​ម្សិលមិញ។ ម្ចាស់ក្សត្រីអេលីហ្សាបែតទី​២ ក៏បាន​ចេញព្រះរាជសារ ត្រាស់បង្គាប់ ឲ្យ​រដ្ឋាភិបាលអង់គ្លេស អនុវត្ត​កិច្ចព្រមព្រៀងនេះដែរ។

ចាប់ពីថ្ងៃទី​១មករា២០២២១ទៅ​ ទំព័រសករាជថ្មីនឹងចាប់ផ្តើម រវាង​អង់គ្លេស និងសហភាពអឺរ៉ុប។ តែយ៉ាងណា មានចំណុចមួយ​ចំនួន ដែល​មិនប្រែប្រួលទេ ដើម្បីរក្សាទំនាក់ទំនង និងផល​ប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក។​ ចំណុចនោះ គឺ​ការបន្តនៅ​ក្នុង​ទីផ្សារ​ទំនិញអឺរ៉ុប ដោយ​ការនាំចូលនាំចេញ​ទំនិញ រវាងអឺរ៉ុប និង​អង់គ្លេស គឺនឹងមិនតម្រូវឲ្យ​មាន​ការបង់ពន្ធទេ។ តែអ្វីដែល​ប្រែប្រួល គឺថាការនាំចូលទំនិញទាំងសងខាង គឺត្រូវ​តែ​ធ្វើ​បញ្ជីរាយ​នាមមុខទំនិញ ប្រកាសទៅឲ្យ​អាជ្ញាធរគយ​។ ការត្រួតពិនិត្យ​​ស្តង់ដារអនាម័យ និងសុខភាព ក៏នឹងអាចត្រូវធ្វើ​ដែរ ទៅលើមុខទំនិញមួយចំនួន​។

ទាក់ទិននឹងបទដ្ឋានស្តង់ដារនេះដែរ គឺអង់គ្លេសសន្យាបន្តគោរព​ស្តង់ដាររបស់អឺរ៉ុបទាំងអស់ តែមិនតម្រូវឲ្យ​ធ្វើឲ្យ​ស្របតាមដោយ​ស្វ័យ​ប្រវត្តិទេ។ មានន័យថា អង់គ្លេសអាចប្រើស្តង់ដារខ្លួនបាន តែក្នុងករណីហ្នឹង គឺប្រាកដជាត្រូវតែបង់ពន្ធនាំចូលហើយ​។

ដោយ​ឡែក ក្នុងករណីមានជម្លោះ វិវាទពាណិជ្ជកម្មវិញ គឺ​តុលាការយុត្តិធម៌សហភាពអឺរ៉ុប មិនមាន​​អំណាច​យុត្តាធិការទេ។ សំណុំរឿងនឹងត្រូវបញ្ជូនឲ្យ​ក្រុម​ប្រឹក្សាពិសេសមួយ ដែល​មាន​តំណាងភាគីទាំង២ អង់គ្លេស និងអឺរ៉ុប ជាអ្នកកាត់ក្តី ឬសម្របសម្រួល ឲ្យមានសមភាព។ ចំណែកចំណង​សហប្រតិបត្តិការ​វិស័យគតិយុត្តិវិញ កិច្ចព្រមព្រៀងនេះ បានកំណត់នូវក្របខណ្ឌថ្មី ដើម្បី​ទប់ស្កាត់បទឧក្រិដ្ឋឆ្លងដែន។ អឺរ៉ុបនិងអង់គ្លេស នឹងបន្ត​ផ្តល់​ឲ្យ​គ្នានូវ​បញ្ជី ADN ដោយសហការជាមួយ Europol។

ទាក់ទិននឹង​វិស័យនេសាទវិញ គេបានកំណត់រយៈពេលអន្តរកាល៥ឆ្នាំកន្លះ ដោយ​ក្នុងរយៈពេលនេះ អ្នកនេសាទរបស់​ប្រទេសអឺរ៉ុប ត្រូវតែកាត់បន្ថយ​ចំនួន​២៥% នៃផលនេសាទ ដែលបាន​មកពីដែនទឹករបស់អង់គ្លេស។

ចំណែក​វិស័យដឹកជញ្ជូនវិញ គឺមិន​មានអ្វីប្រែប្រួលច្រើនទេ ទាំងផ្លូវអាកាស ផ្លូវថ្នល់ ផ្លូវដែក និងផ្លូវទឹក។ អ្នកដំណើរជនជាតិអឺរ៉ុប ចង់ទៅអង់គ្លេសក្រោម៣ខែ គឺមិនចាំបាច់មាន​ទិដ្ឋាការទេ។ តែអ្នកដែល​ចង់ទៅ​រស់នៅ ឬធ្វើការនៅអង់គ្លេស គឺត្រូវតែ​មាន​បណ្ណអនុញ្ញាតឲ្យ​ធ្វើការ ចេញដោយ​អាជ្ញាធរអង់គ្លេស។ អ្វីដែល​ប្រែប្រួលមួយទៀត គឺទាក់ទិននឹងការសិក្សារបស់សិស្សនិស្សិត។ ចាប់ពីឆ្នាំ​២០២១ទៅ និស្សិតអឺរ៉ុបដែលចង់ទៅរៀននៅអង់គ្លេស គឺត្រូវបង់ពេញថ្លៃ មិនមែន ១ម៉ឺនអឺរ៉ូ ក្នុងមួយ​ឆ្នាំដូចមុនទៀតឡើយ។ បញ្ហានេះ យើងអាចចាត់ទុកបានថា គឺជាការលំបាក និងការ​ខាតបង់ធំ សម្រាប់​យុវជនអឺរ៉ុប។

វិបតិ្តសេដ្ឋកិច្ច វិបត្តិ​ផ្ទៃក្នុង កំពុង​រងចាំ​អង់គ្លេសដែលឯកា

គ្រប់គ្នា​​ចោទសួរជាទូទៅ ថាតើ អង់គ្លេសអាចឆ្លងកាត់ឧបសគ្គ រស់នៅតែម្នាក់ឯង ទៅថ្ងៃអនាគតដែរ ឬទេ? បើទោះ អង់គ្លេសជាប្រទេសមហាអំណាចមួយ​ដ៏សំខាន់ដែរ តែកន្លងមកកម្លាំងរបស់​អង់គ្លេសទាំងសេដ្ឋកិច្ច ទាំងនយោបាយ​ការបរទេស គឺដោយ​សារ​មានកម្លាំងរួម របស់សហភាពអឺរ៉ុបជំរុញ។ អំណេះតទៅ អង់គ្លេសលែងមានសហភាពអឺរ៉ុបហើយ។ អង់គ្លេស នឹងត្រូវ​តែ​កសាងកេរ្តិ៍ឈ្មោះ រៀបចំកន្លែងតាំងតែដោយ​ខ្លួនឯង នៅក្នុងពិភព​លោក​បច្ចុប្បន្ន ដែលមានកំពូលអំណាចច្រើនកន្លែង មានចិន មាន​អាមេរិក និងមានរុស្ស៊ីជាដើម។

ទាក់ទិននឹងបញ្ហាសេដ្ឋកិច្ចវិញ គ្មាននរណាអាចស្មានដឹង ឲ្យ​ជាក់ច្បាស់ថា អង់គ្លេស នឹងចំណេញឬខាតនោះទេ ចាប់ពីពេលនេះទៅ។ យើងអាចនិយាយថា អង់គ្លេសដើរថយក្រោយ​ ត្រលប់ទៅរស់នៅម្នាក់ឯងក៏បាន តែយ៉ាងអាចថា អង់គ្លេសនឹងកាច់ចង្កូតសេដ្ឋកិច្ចដោយ​ខ្លួន​ឯងក៏បានចាប់ពីពេលនេះទៅ។ យ៉ាងណាក៏ដោយ​ អ្វីដែលយើងឃើញនាពេលនេះ គឺថាទីផ្សារហិរញ្ញវត្ថុទីក្រុងឡុង អាចនឹងបាត់បង់​កម្លាំងមួយ​ផ្នែកធំ ព្រោះថាគេបាន​បែងចែក​មកធ្វើនៅក្នុងសហភាពអឺរ៉ុប។ ជាងនេះទៀត វាជួនចំពេលដែលអង់គ្លេសកំពុងឆ្លងកាត់វិបត្តិសេដ្ឋកិច្ច បង្កឡើង​ដោយ​ជម្ងឺកូវីដ​១៩។ បញ្ហាសុខភាពសាធារណៈ បញ្ហាសេដ្ឋកិច្ចដុនដាបខ្លាំង ទាំងនេះ​គឺជាអ្វីដែលរងចាំឲ្យ​រដ្ឋាភិបាល​លោកបូរីស ចនសុន ដោះស្រាយ។

បើនិយាយពីបញ្ហានយោបាយ​ផ្ទៃក្នុងវិញ គឺ​អង់គ្លេសត្រូវប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់។ ឯកភាពជាតិអង់គ្លេសអាចនឹងបែកបាក់ ដោយសារតែការចាកចេញ ពីសហភាពអឺរ៉ុបនេះ។ ដែនដីអៀរឡើងខាងជើង ក៏ដូចជាដែនដីស្កុតលែន កំពុងតែ​រអ៊ូ ហើយរងចាំពេលវេលា ដើម្បីផ្តាច់ខ្លួន​ចេញពីចក្រភពអង់គ្លេសដែរ ព្រោះពួកគេអាចចង់បន្តរស់ក្នុងសហភាពអឺរ៉ុប ជាជាង​នៅជាមួយ​អង់គ្លេសតែម្នាក់។ អនាគតយ៉ាងណា គឺមានតែពេលវេលាទេ ជាអ្នកសម្រេច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ