អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

WWF៖មានព្រៃឈើចំនួន ៤៣លានហិចតាត្រូវបានកាប់បំផ្លាញនៅចន្លោះឆ្នាំ ២០០៤ និងឆ្នាំ ២០១៧

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ពុធ ទី១៣ មករា មូលនិធិ​ពិភពលោក​ដើម្បី​ធម្មជាតិ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស WWF បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ជា​សាធារណៈ​ស្តីពី​ស្ថានភាព​ព្រៃឈើ​ក្នុង​លោក។ របាយការណ៍​បាន​បង្ហាញ​ថា មាន​ព្រៃឈើ​ប្រមាណ​ជា ៤៣លានហិចតា​នៅ​ទូទាំង​ពិភពលោក​ត្រូវ​បាន​កាប់​បំផ្លាញ​នៅ​ចន្លោះ​ឆ្នាំ ២០០៤ និង​ឆ្នាំ ២០១៧។ កាល​ពី ៨ ០០០ឆ្នាំ​មុន ផែនដី​របស់​យើង​បាន​គ្របដណ្តប់​ដោយ​ព្រៃឈើ​ដល់​ទៅ ៥០% តែ​បច្ចុប្បន្ន​នេះ គឺ​នៅ​សល់​ប្រមាណ​តែ ៣០% ប៉ុណ្ណោះ នេះ​បើ​តាម​របាយការណ៍​របស់ WWF ដដែល។

របាយការណ៍​របស់ WWF ថា មានព្រៃឈើចំនួន ៤៣លានហិចតាត្រូវបានកាប់បំផ្លាញនៅចន្លោះឆ្នាំ ២០០៤ និងឆ្នាំ ២០១៧។
របាយការណ៍​របស់ WWF ថា មានព្រៃឈើចំនួន ៤៣លានហិចតាត្រូវបានកាប់បំផ្លាញនៅចន្លោះឆ្នាំ ២០០៤ និងឆ្នាំ ២០១៧។ REUTERS/Bruno Kelly
ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈពេល​តែ ១៣ឆ្នាំ ពោល​ពី​ឆ្នាំ ២០០៤ ដល់​ឆ្នាំ ២០១៧ ពិភពលោក​បាន​បាត់បង់​ព្រៃឈើ​ដល់​ទៅ ៤៣លានហិចតា ពោល​ស្មើ​នឹង​ទំហំ​ផ្ទៃក្រឡាដី​របស់​ប្រទេស​អ៊ីរ៉ាក់។ នៅ​ក្នុង​របាយការណ៍​ចេញ​ផ្សាយ​ជា​សាធារណៈ​ថ្ងៃ​ពុធ ទី១៣ មករា មូលនិធិ​ពិភពលោក​ដើម្បី​ធម្មជាតិ ឬ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស WWF បាន​លើក​ឡើង​ពី​ទីតាំង​សំខាន់ៗ​ចំនួន ២៤កន្លែង​នៃ​ការ​កាប់បំផ្លាញ​ព្រៃឈើ​ដែល​ស្ថិត​ក្នុង ៣០ប្រទេស។ តាម WWF ទីតាំង​សំខាន់ៗ​ទាំង ២៤កន្លែង​នៃ​ការ​កាប់បំផ្លាញ​ព្រៃឈើ​មាន ៩កន្លែង​ស្ថិត​ក្នុង​ទ្វីប​អាមេរិកឡាទីន ៨កន្លែង​ស្ថិត​ក្នុង​ទ្វីប​អាហ្វ្រិក និង ៧កន្លែង​ស្ថិត​នៅ​អាស៊ីប៉ាស៊ីហ្វិក។

WWF បាន​បញ្ជាក់​បន្ថែម​ថា ទីតាំងសំខាន់ៗ​ទាំង ២៤កន្លែង​នេះ​បាន​តំណាង​ឲ្យ​ការ​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ត្រូពិច​ដល់​ទៅ ៥២%។ ប្រទេស និង​តំបន់​ដែល​រង​ការ​កាប់បំផ្លាញ​ព្រៃឈើ​ខ្លាំង​ជាង​គេ គឺ​តំបន់​អាម៉ាហ្សូន និង​តំបន់​សេរ៉ាដូ​ក្នុង​ប្រទេស​ប្រេស៊ីល តំបន់​អាម៉ាហ្សូន​ក្នុង​ប្រទេស​បូលីវី ព្រៃឈើ​នៅ​ក្នុង​ប្រទេស​ប៉ារ៉ាហ្កាយ ព្រៃឈើ​នៅ​ក្នុង​ប្រទេស​អាហ្សង់ទីន ព្រៃឈើ​នៅ​ក្នុង​ប្រទេស​ម៉ាដាហ្កាស្កា ព្រៃឈើ​នៅ​កោះ​ស៊ូម៉ាត្រា និង​កោះ​បរណេអូ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី និង​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។ នៅ​តំបន់​សេរ៉ាដូ​ក្នុង​ប្រទេស​ប្រេស៊ីល មាន​ការ​កាប់បំផ្លាញព្រៃឈើ​ដល់​ទៅ ៣លានហិចតា​ក្នុង​ចន្លោះ​ឆ្នាំ ២០០៤ និង ២០១៧។

បើ​គិត​តាំង​ពី​ឆ្នាំ ២០០០ តំបន់​ព្រៃឈើ​របស់​ប្រេស៊ីល​មួយ​នេះ​បាន​បាត់បង់​ទំហំ​ផ្ទៃដី​ព្រៃឈើ​ជាង ៣០%។ ដោយឡែក និង​បើ​ផ្អែក​តាម​របាយការណ៍​របស់ WWF ដដែល ព្រៃឈើ​ដែល​នៅ​សេសសល់​ចំនួន ៤៥% នៅ​ក្នុង​ទីតាំងសំខាន់ៗ​ទាំង ២៤កន្លែង​បាន​ទទួល​រង​នូវ​ការ​រិចរិល ឬ​ផុយស្រួយ​ដែល​ងាយ​រងគ្រោះ​ខ្លាំង ពិសេស​ងាយ​រងគ្រោះ​នឹង​ការ​ឆាបឆេះ​ដូច​ដែល​ធ្លាប់​បាន​កើត​មាន​ញឹកញាប់​នា​​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

វិស័យ​កសិកម្ម​ជា​បុព្វហេតុ​ចម្បង​នៃ​ការ​កាប់បំផ្លាញ​ព្រៃឈើ

មាន​កត្តា​ច្រើន​ដែល​បាន​ជំរុញ​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ តែ​កសិកម្ម​ត្រូវ​បាន WWF ចាត់​ទុក​ជា​បុព្វហេតុ​ចម្បង​នៃ​ការ​កាប់​បំផ្លាញព្រៃឈើ ពិសេស​កាប់​ព្រៃឈើ​ដើម្បី​យក​ដី​ធ្វើ​កសិកម្ម និង​ចឹញ្ចិម​សត្វ។ ទង្វើ​នេះ​បាន​កើត​មាន​ច្រើន​នៅ​អាមេរិកខាងត្បូង។ កត្តា​បន្ទាប់​មក គឺ​ការ​កាប់​ព្រៃឈើ​ដើម្បី​យក​ទីតាំង​នោះ​សម្រាប់​ស្វែង​រក​ធនធាន​រ៉ែ​នៅ​ក្រោម​ដី និង​ការ​កាប់​ព្រៃឈើ​ចេញ​ដើម្បី​យក​ទីតាំង​សម្រាប់​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ពិសេស​ផ្លូវថ្នល់ និង​ឧស្សាហកម្មព្រៃឈើ។ ទាំង​នេះ​ដោយ​មិន​ទាន់​បាន​រាប់​បញ្ចូល​ពី​អាជីវកម្ម​ព្រៃឈើ និង​ការ​កាប់​ព្រៃឈើ​ដើម្បី​យក​ដី​ដំាដំណាំ​កសិកម្ម​សម្រាប់​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ។

នៅ​មាន​កត្តា​បន្ទាប់បន្សំ​ទៀត គឺ​ការ​កាប់ព្រៃឈើ​ដើម្បី​យក​ដី​លក់ ព្រោះ​ដី​នៅ​ទីតាំង​នោះ​កំពុង​មាន​តម្លៃ។ តែ WWF បាន​មើល​ឃើញ​ថា​មាន​ពេល​ខ្លះ ដី​ព្រៃ​នោះ​គ្មាន​តម្លៃ និង​មិនមែន​កំពុង​ឡើង​ថ្លៃ​ទេ តែ​គឺ​ឈ្មួញដី​ជា​អ្នក​ក្រឡុក​ឆាងឆេង។ កត្តា​ទាំង​អស់​ខាង​លើ​បាន​ជំរុញ និង​ជះ​ឥទ្ធិពល​ឲ្យ​មាន​ការ​កាប់បំផ្លាញ​ព្រៃឈើ។ គួរ​រម្លឹក​ថា​កាល​ពី ៥ឆ្នាំ​មុន WWF ធ្លាប់​បាន​ចេញ​របាយការណ៍​ដូច​គ្នា​នេះ​ដែល​បញ្ជាក់​ពី​កំណើន​ចរន្ត​នៃ​ការ​កាប់បំផ្លាញ​ព្រៃឈើ និង​ការ​បាត់បង់​ផ្ទៃដី​ព្រៃឈើ។ នៅ ៥ឆ្នាំ​ក្រោយ​មក ចរន្ត​ដដែល​នេះ​ហាក់​មាន​សន្ទុះ​កាន់​តែ​ខ្លាំង​ឡើង។ WWF បាន​កត់សម្គាល់​ឃើញ​ថា​កាល​ពី ៨ ០០០ឆ្នាំ​មុន ផែនដី​យើង​បាន​គ្របដណ្តប់​ដោយ​ព្រៃឈើ​ចំនួន ៥០% តែ​សព្វថ្ងៃ នៅ​សល់​ជាង ៣០% ប៉ុណ្ណោះ។ បើ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តែ​បន្ត​ក្នុង​ល្បឿន​ដូច​បច្ចុប្បន្ន ទំហំ​ផ្ទៃដី​ព្រៃឈើ​នឹង​រួញ​កាន់​តែ​តូច​ទៅៗ។

មនុស្សលោក​គ្រុប​រូប​ជា​អ្នក​ទទួល​ខុស​ត្រូវ​នៃ​ការ​បាត់បង់​ព្រៃឈើ

គឺ​ទាំង​អស់​គ្នា​ដែល​ត្រូវ​ចូលរួម​ជួយ​ការពារ និង​ថែរក្សា​ព្រៃឈើ។ តែ​បើ​តាម WWF រដ្ឋ និង​តួអង្គ​សេដ្ឋកិច្ច​ជា​អ្នក​ដែល​ត្រូវ​នាំ​មុខ​គេ​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ។ ជម្រើស​នៃ​ការ​ធ្វើ​វិនិយោគ និង​ជម្រើស​នៃ​ការ​ប្រើប្រាស់ដី​ដើរ​តួនាទី​យ៉ាង​សំខាន់​ដើម្បី​ចូលរួម​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ។ WWF បាន​រម្លឹក​ថា ក្នុង​នាម​យើង​ជា​ពលរដ្ឋ​សាមញ្ញ​ម្នាក់ គេ​អាច​ចូលរួម​ទប់ស្កាត់​ការ​បំផ្លាញ​ព្រៃឈើ​ដោយ​គ្រាន់​តែ​កុំ​ប្រើប្រាស់​ផលិតផល និង​បរិភោគ​ចំណីអាហារ​ណា​ដែល​ជួយ​ជំរុញ​ឲ្យ​មាន​ការ​កាប់បំផ្លាញ​ព្រៃឈើ។ ឧទាហរណ៍​ជាក់ស្តែង គេ​គួរ​ចាប់​យក​របប​ចំណី​អាហារ​ដែល​មិន​សូវ​មាន​ប្រូតេអ៊ីន​មក​ពី​សាច់​បសុសត្វ ព្រោះ​ថា ការ​ចិញ្ចឹម​បសុសត្វ​ត្រូវ​ការ​ផ្ទៃដី​ធំ​ល្វឹងល្វើយ​ដែល​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដើម្បី​យក​ដី​ជា​រឿង​មិន​អាច​ចៀស​រួច។

មែនទែន​ទៅ ការ​កាប់បំផ្លាញ​ព្រៃឈើ​ប្រៀប​បី​ដូច​ជា​ការ​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​យើង​ម្នាក់ៗ។ ព្រៃឈើ​ជា​ទីជម្រក​របស់​សត្វ រុក្ខជាតិ និង​ជីវៈចម្រុះ​សំបូរបែប ហើយ​ព្រៃឈើ​ជា​ទីកន្លែង​ទាញ​យក​កាបោន និង​ស្រូប​យក​ឧស្ម័នផ្ទះ​កញ្ចក់​ដែល​បញ្ចញ​ដោយ​សកម្មភាព​របស់​មនុស្សលោក។ ដូច្នេះ​បើ​ពិភពលោក​នឹង​លែង​មាន​ព្រៃឈើ​នៅ​ថ្ងៃ​ណា​មួយ មនុស្សលោក​ទាំង​អស់​គ្នា​ជា​អ្នក​ទទួល​ខុស​ត្រូវ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ