អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អង្គការសុខភាពពិភពលោកផ្តើមចាយចែកវ៉ាក់សាំងបង្ការកូវីដ១៩ ដល់ ១៤៥ប្រទេសក្នុងលោក

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ពុធ ទី៣ កុម្ភៈ​អង្គការ​សុខភាព​ពិភពលោក​ហៅ​កាត់​ជា​ភាសា​អង់គ្លេស WHO បាន​ផ្សព្វផ្សាយ​នូវ​បញ្ជី​ឈ្មោះ​ប្រទេស​ដែល​នឹង​ទទួល​បាន​វ៉ាក់សាំង​បង្ការ​កូវីដ១៩ តាម​រយៈ​យន្តការ​កូវ៉ាក់ (Covax) ។ តាម WHO មាន ១៤៥ប្រទេស​នឹង​ទទួល​បាន​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ពី​យន្តការ​កូវ៉ាក់​ចាប់​ពី​ពេល​នេះ​ទៅ​ខែ​មិថុនា​ខាង​មុខ។ តែ​នៅ​ចំពោះ​មុខ និង​ដោយ​រង់ចាំ​ការ​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង​របស់​មន្ទីរពិសោសធន៍​ផ្សេង​ទៀត មាន​តែ​ប្រទេស​មួយ​ក្តៅ​តូច​ប៉ុណ្ណោះ​ដែល​នឹង​ទទួល​បាន​វ៉ាក់សាំង​មុន​គេ។ គួរ​រម្លឹក​ថា​មក​ទល់​ពេល​នេះ គឺ​ទើប​តែ​មាន​វ៉ាក់សាំង​ផលិត​ដោយ​មន្ទីរពិសោធន៍ Pfizer-BioNTech មួយ​គត់​ដែល WHO បាន​អនុញ្ញាត​ឲ្យ​ប្រើ។ បន្ទាប់​ពី​វ៉ាក់សាំង​របស់ Pfizer-BioNTech គឺ​វ៉ាក់សាំង​របស់ AstraZeneca ដែល WHO នឹង​អនុញ្ញាត​ឲ្យ​ប្រើ​នា​ពេល​ខាង​មុខ។

លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក . World Health Organization/AFP/Archivos
ផ្សាយពាណិជ្ជកម្ម

កម្មវត្ថុ​របស់​អង្គការ​សុខភាពពិភពលោក​តាម​រយៈ​យន្តការ​កូវ៉ាក់​របស់​ខ្លួន គឺ​ចែកចាយ​វ៉ាក់សាំង​ប្រមាណ​ជា​ជាង ៣៣៧លានដូស​ទៅ​ឲ្យ ១៤៥ប្រទេស​នៅ​ក្នុង​រយៈពេល ៦ខែ​ដើម​ឆ្នាំ ២០២១ នេះ។ នៅ​ក្នុង​ចំណោម ១៤៥ប្រទេស​នេះ មាន​ភាគ​ច្រើន​ជា​ប្រទេស​ក្រីក្រ​ដែល​មាន​ចំណូល​តិច និង​មធ្យម។ តែ​មាន​ក្រុម​ប្រទេស​អ្នក​មាន​មួយ​ក្តាប់​តូច ដូច​ជា​កូរ៉េខាងត្បូង កាណាដា អង់ដូរ៉ា ម៉ូណាកូ នូវែលហ្សេឡង់ កាតា និង​ប្រទេស​អារ៉ាប៊ីសាអូឌីត។ ចំណែក​ការ​បែងចែក​វ៉ាក់សាំង​នឹង​ត្រូវ​ធ្វើ​ឡើង​ជា​លក្ខណៈ​សមាមាត្រ​ដោយ​ផ្អែក​លើ​ចំនួន​ពលរដ្ឋ​របស់​ប្រទេស​នីមួយៗ។ ប្រទេស​ដែល​នឹង​ទទួល​បាន​វ៉ាក់សាំង​ច្រើន​ជាង​គេ​ពី​យន្តការ​កូវ៉ាក់​មាន​ឥណ្ឌា​ចំនួន ៩៧ ២០០ ០០០ដូស ប៉ាគីស្ថាន​ចំនួន ១៧ ២០០ ០០០ដូស នីហ្សេរីយ៉ា​ចំនួន ១៦ ០០០ ០០០ដូស ឥណ្ឌូណេស៊ី​ចំនួន ១៣ ៧០០ ០០០ដូស បង់ក្លាដែស​ចំនួន ១២ ០០០ ០០០ដូស និង​ប្រទេស​ប្រេស៊ីល​ចំនួន ១០ ៧០០ ០០០ដូស។

ដោយឡែក វៀតណាម​នឹង​ទទួល​បាន​ជិត ៤ ៩០០ ០០០ដូស ហើយ​កម្ពុជា​នឹង​ទទួល​បាន​ជិត ១ ៣០០ ០០០ដូស។ គួរ​បញ្ជាក់​ថា ក្នុង​ចំណោម​ប្រទេស​ដែល​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​ទទួល​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ពី​យន្តការ​កូវ៉ាក់​របស់ WHO មាន​ភាគ​ច្រើន​ក៏​បាន​ចំណាយ​លុយ​ទិញ​វ៉ាក់សាំង​ខ្លួន​ឯង ហើយ​មាន​ប្រទេស​ខ្លះ​ថែម​ទាំង​បាន​ចាប់​ផ្តើម​ចាក់​វ៉ាក់សាំង​ទៀត​ផង។ អ្វី​ជា​ការ​កត់សម្គាល់ វ៉ាក់សាំង​ទាំង​ជាង ៣៣៧លានដូស​ដែល WHO សង្ឃឹម​មាន​សម្រាប់ ៦ខែ​ដើម​ឆ្នាំ ២០២១ នេះ​នៅ​មិន​គ្រប់គ្រាន់​ដើម្បី​ចាក់​ទៅ​លើ​ពលរដ្ឋ​ទាំង ១៤៥ប្រទេស​បាន​ឡើយ។ អ៊ីចឹង​ហើយ​បាន​ជា WHO បាន​ស្នើ​ឲ្យ​ប្រទេស​ដែល​នឹង​ទទួល​វ៉ាក់សាំង​នា​ពេល​ខាង​មុខ​ចាក់​លើ​ក្រុម​មនុស្ស​អាទិភាព​មុន​គេ ពិសេស​ក្រុម​មនុស្ស​ងាយ​រងគ្រោះ​ខ្លាំង និង​ក្រុម​បុគ្គលិក​បម្រើការ​ក្នុង​មន្ទីរពេទ្យ ឬ​សេវា​សុខភាព។

មាន ១៧ប្រទេស​នឹង​ទទួល​បាន​វ៉ាក់សាំង​មុន​គេ

តាម​ការ​គន់គូរ​របស់ WHO  វ៉ាក់សាំង​ទាំង​ជាង ៣៣៧លានដូស​ដែល​អាច​ទទួល​បាន​ក្នុង ៦ខែ​ដើម​ឆ្នាំ ២០២១ នេះ​អាច​ចាក់​បាន​មនុស្ស​ប្រមាណ​ជា ៣,៣% នៃ​ចំនួន​ប្រជាជន​សរុប​នៅ​ក្នុង ១៤៥ប្រទេស។ មែនទែន​ទៅ និង​តាម​រយៈ​យន្តការ​កូវ៉ាក់​នេះ​ដដែល WHO គ្រោង​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ១៩ លើ​មនុស្ស​ចំនួន ២០% នៃ​ចំនួន​មនុស្ស​សរុប​នៅ​ក្នុង ១៩០ប្រទេស​ពី​ពេល​នេះ​ទៅ​ដំណាច់​ឆ្នាំ ២០២១។ តែ​នេះ​គ្រាន់​ជា​គម្រោង​ផែនការ​ប៉ុណ្ណោះ ព្រោះ​ការ​សម្រេច​បាន ឬ​មិន​បាន​អាស្រ័យ​ទាំង​ស្រុង​លើ​ការ​ទទួល​បាន​ចំនួន​វ៉ាក់សាំង​ពិត​ប្រាកដ។ ចូរ​កុំ​ភ្លេច​ថា​មក​ទល់​ពេល​នេះ គឺ​ទើប​មាន​តែ​វ៉ាក់សាំង​របស់​មន្ទីរពិសោធន៍ Pfizer-BioNTech មួយ​គត់​ដែល WHO បាន​អនុញ្ញាត​ឲ្យ​ប្រើ។

នៅ​ពេល​ខាង​មុខ WHO នឹង​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង​របស់​មន្ទីរពិសោធន៍​ផ្សេង​ទៀត ពិសេស AstraZeneca។ តែ​ក្នុង​ពេល​រង់ចាំ WHO ទើប​មាន​វ៉ាក់សាំង​ក្នុង​ដៃ​តែ​ចំនួន ១លាន ២សែន​ដូស​ប៉ុណ្ណោះ​ដែល​ជា​វ៉ាក់សាំង​របស់​មន្ទីរពិសោធន៍ Pfizer-BioNTech។ នេះ​ជា​ចំនួន​តិចតួច​បំផុត បើ​ធៀប​នឹង​ចំនួន​ប្រទេស​ដល់​ទៅ ៧២ប្រទេស​ដែល​ចង់​បាន​វ៉ាក់សាំង​ភ្លាមៗ។ ដោយ​មាន​បរិមាណ​មិន​គ្រប់គ្រាន់ WHO បាន​ធ្វើ​ការ​ជ្រើសរើស និង​សម្រេច​ចែកចាយ​ឲ្យ​តែ ១៧ប្រទេស​ដំបូង​​នៅ​ក្នុង ៣ខែ​ដើម​ឆ្នាំ ២០២១ នេះ។ ជម្រើស​យក ១៧ប្រទេស​ដំបូង​បាន​ធ្វើ​ឡើង​ផ្អែក​លើ​កត្តា​មួយ​ចំនួន ដូច​ជា​ការ​ពិនិត្យមើល​លើ​អត្រា​ស្លាប់​បុគ្គលិក​ពេទ្យ​នៅ​ក្នុង​ប្រទេស​នីមួយៗ តើ​ប្រទេស​នោះ​បាន​ត្រៀម​ខ្លួន​ដើម្បី​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ហើយ ឬ​នៅ ឬ​មួយ​ក៏​ថា តើ​ប្រទេស​នោះ​មាន​បាន​ផ្តើម​យុទ្ធនាការ​ចាក់វ៉ាក់សាំង​ដាច់​ដោយឡែក​របស់​ខ្លួន​ដែរ ឬ​ទេ។

ក្នុង​ចំណោម ១៧ប្រទេស​ដែល​នឹង​ទទួល​បាន​វ៉ាក់សាំង​នា ៣ខែ​ដើម​ឆ្នាំ ២០២១ រួម​មាន ដែនដី​ប៉ាឡេស្ទីន​ចំនួន ៣៧ ៤៤០ដូស ហើយ​ប្រទេស​កូឡុំប៊ី ប៉េរូ អ៊ុយក្រែន ហ្វីលីពីន អាហ្រ្វិកខាងត្បូង និង​ប្រទេស​កូរ៉េខាងត្បូង​ទទួល​បាន​ម្នាក់ៗ​ចំនួន ១១៧ ០០០ដូស។ បន្ទាប់​មក​នៅ​មាន​ប្រទេស​ហ្សកហ្ស៊ី រវ៉ាន់ដា ម៉ុលដាវី ឬ​មួយ​ក៏​ប្រទេស​ឥណ្ឌូណេស៊ី។

WHO សង្ឃឹម​ទទួល​បាន​វ៉ាក់សាំង​ចំនួន ២ ០០០លានដូស​ពី​ពេល​នេះ​ទៅ​ដំណាច់​ឆ្នាំ ២០២១

កូវ៉ាក់​ជា​យន្តការ​អន្តរជាតិ​មួយ​ដែល​បាន​បង្កើត​ឡើង​ដោយ​អង្គការ​សុខភាព​ពិភពលោក និង​សម្ព័ន្ធ​ដើម្បី​វ៉ាក់សាំង​ហៅ​កាត់ Gavi កាល​ពី​រដូវ​ក្តៅ​ឆ្នាំ ២០២០។ កម្មវត្ថុ​របស់​យន្តការ​កូវ៉ាក់ គឺ​ធានា​ពី​ការ​ចែកចាយ​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ឲ្យ​ស្មើ​ភាព​គ្នា​សម្រាប់​គ្រប់​ប្រទេស​ទាំង​អស់​ក្នុង​លោក ពិសេស​ក្រុម​ប្រទេស​ក្រីក្រ​ដែល​មាន​ចំណូល​តិច និង​មធ្យម។ ចូរ​កុំ​ភ្លេច​ថា វ៉ាក់សាំង​បង្ការ​កូវីដ១៩​ជា​វ៉ាក់សាំង​ដែល​មនុស្សលោក​ត្រូវ​ការ​យ៉ាង​អន្ទះសារ ពិសេស​ក្រុម​ប្រទេស​ក្រីក្រ។ តាំង​ពី​វ៉ាក់សាំង​កំពុង​ស្ថិត​ក្នុង​ដំណាក់ការ​ស្រាវជ្រាវ​ម្ល៉េះ ក្រុម​ប្រទេស​អ្នក​មាន​បាន​កក់​លុយ​មុន​រួច​ជា​ស្រេច។

សួរ​ថា ចុះ​ចំណែក​ក្រុម​ប្រទេស​អ្នក​ក្រ​ដែល​អត់​លុយ​ទិញ​គិត​យ៉ាង​ម៉េច​ដែរ?។ តើ​ពួក​គេ​រង់​ចាំ​តែ​ថ្ងៃ​ស្លាប់ ឬ​យ៉ាង​ណា?។ គឺ​ផ្តើម​ចេញ​ពី​សំណួរ​ទាំង​នេះ​ហើយ​ដែល WHO និង Gavi បាន​បង្កើត​ឲ្យ​មាន​យន្តការ​កូវ៉ាក់​នេះ​ឡើង។ សព្វថ្ងៃ​នេះ ក្នុង​ចំណោម​អ្នក​ក្រីក្រ​លើ​លោក មាន​ជាង ៤០% កំពុង​រស់​ក្នុង​ប្រទេស​ផុយស្រួយ និង​មាន​ជម្លោះ។ ក្រៅ​ពី​រងគ្រោះ​ដោយ​សង្រ្គាម ការ​បម្លាស់ទី​ដោយ​បង្ខំ និង​គ្រោះ​ធម្មជាតិ អ្នកក្រ​ទាំង​អស់​នោះ​ក៏​កំពុង​រងគ្រោះ​ដោយ​វិបត្តិ​កូវីដ១៩ និង​វិបត្តិ​សេដ្ឋកិច្ច​ដែល​បង្ក​ឡើង​ដោយ​កូវីដ១៩។

WHO និង Gavi បាន​យល់​ឃើញ​ថា សាមគ្គីភាព​ជាមួយ​ក្រុមប្រទេស​ក្រីក្រ​ជា​រឿង​ចាំបាច់​មិន​អាច​ខ្វះ​បាន​ដើម្បី​ប្រឆាំង​នឹង​កូវីដ១៩។ មាន​ជាង ១៨០ប្រទេស​បាន​ចូលរួម​ជាមួយ​យន្តការ​កូវ៉ាក់ និង​មាន​ការ​រួម​សហការ​ពី​មន្ទីរពិសោធន៍​ចំនួន ៩ ក្នុង​ចំណោម​បេក្ខជន​វ៉ាក់សាំង​បង្ការ​កូវីដ១៩។ WHO និង Gavi សង្ឃឹម​ទទួល​បាន​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ចំនួន ២ ០០០លានដូស​ពី​ពេល​នេះ​ទៅ​ដំណាច់​ឆ្នាំ ២០២១ ក្នុង​នោះ មាន​ជិត​ពាក់កណ្តាល​នឹង​យក​ទៅ​ជួយ​ប្រទេស​ចំនួន ៩២ប្រទេស​ដែល​ក្រ​ខ្លាំង​ជាង​គេ​ក្នុង​លោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ