អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ភូមា៖ បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ ​ខណៈ​អាជ្ញាធរ​ព្យាយាម​បិទខ្ទប់​​បណ្តាញ​​សង្គម

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃសៅរ៍ទី៦កុម្ភៈ​ ប្រជាជនភូមា ជាច្រើនពាន់នាក់​ បានចេញធ្វើបាតុកម្ម នៅទីក្រុងរ៉ង់ហ្គូន ដើម្បី​ប្រឆាំង​នឹង​ការធ្វើរដ្ឋប្រហារ របស់ក្រុមយោធា ព្រមទាំងទាមទារឲ្យ​ដោះលែង​លោកស្រី អ៊ុងសាន ស៊ូជី និងអ្នកនយោបាយឯទៀត ដែលត្រូវបាន​​គេចាប់ខ្លួន​កាលពីថ្ងៃ​ទី ១កុម្ភៈ។ រដ្ឋាភិបាលភូមា ដែលស្ថិតក្នុង​កណ្តាប់​ដៃក្រុមយោធា នាពេលនេះ បានព្យាយាមបិទខ្ទប់បណ្តាញសង្គមនៅទូទាំងប្រទេស ដើម្បី​កុំ​ឲ្យ​ប្រជាជនភូមា អាចទាក់ទងគ្នា ឬផ្ញើសារនានា ទាក់ទិននឹងបញ្ហានយោបាយ។

ប្រជាជនភូមា នៅក្រុងរ៉ង់ហ្គូន អុជទានបួងសួងបណ្តេញគ្រោះចង្រៃ ។ រ៉ង់ហ្គូន ថ្ងៃទី ៥ កុម្ភៈ ២០២១
ប្រជាជនភូមា នៅក្រុងរ៉ង់ហ្គូន អុជទានបួងសួងបណ្តេញគ្រោះចង្រៃ ។ រ៉ង់ហ្គូន ថ្ងៃទី ៥ កុម្ភៈ ២០២១ REUTERS - STRINGER
ផ្សាយពាណិជ្ជកម្ម

"តស៊ូដើម្បី​កូនចៅជំនាន់ក្រោយ​"

ជាការកត់សំគាល់របស់អ្នកកាសែតបារាំង AFP នៅទីក្រុងរ៉ង់ហ្គូន នៅថ្ងៃសៅរ៍នេះ គឺថាមាន​ប្រជាជនភូមា ប្រមាណយ៉ាងហោច​៣០០០នាក់ ភាគច្រើនជាយុវជន បានជួបជុំគ្នាធ្វើ​បាតុកម្ម​ដោយ​លើកដៃម្រាម៣ ជាសញ្ញានៃការ​តស៊ូរើបំរាស់។ នេះគឺជាចំនួន​បាតុករច្រើនបំផុត បើគិតចាប់ពី​ថ្ងៃធ្វើ​រដ្ឋប្រហារមក។ បាតុករ បានស្លៀក​ពាក់​​​​ពណ៌ក្រហម បង់កកន្សែងក្រហម និងខ្លះ​​ដាក់បូរពណ៌ក្រហមតូចមួយនៅលើអាវ។ តាមផ្លូវគេបានចង់ក្រណាត់ក្រហម ឬប៉េតប៉ោងពណ៌​ក្រហម​ ដែ​ជា​ពណ៌​របស់​​គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ។

នៅក្បែរសកលវិទ្យាសល័យ​ក្រុងរ៉ង់ហ្គូន បាតុករបានស្រែក បន្លឺសម្លេងថា ត្រូវតែ​ប្រយុទ្ធកំទេចរបបផ្តាច់ការយោធា។ អ្នកខ្លះបានលើកគ្រវីទង់ របស់គណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ។ បាតុករម្នាក់ បានប្រាប់អ្នកកាសែតថា ពួកគេធ្វើបាតុកម្មនៅពេលនេះ គឺជាការតស៊ូ ប្រយុទ្ធដើម្បី​កូនចៅភូមាជំនាន់​ក្រោយ ដើម្បីរំដោះប្រទេសនេះ កុំឲ្យ​ស្ថិតនៅក្រោមនឹម​របបផ្តាច់ការ របស់​ពួកក្រុមយោធា​តទៅទៀត។

បើតាមការសង្កេត របស់អ្នកកាសែតបារាំង គឺរហូតមកទល់ពេលនេះ មិនទាន់មាន​ការបង្រ្កាប​រារាំង ដោយ​ប្រើកំលាំងហិង្សាណាមួយ ទៅលើ​ក្រុមបាតុករទេ។ សមត្ថកិច្ច​ភូមា បានដាក់ពង្រាយកម្លាំង បិទរនាំង នៅតាមផ្លូវធំៗ មួយចំនួនក្នុងក្រុងរ៉ង់ហ្គូន តែបើតាមការសង្កេត គឺហាក់ដូចជាមិនបានទទួលបញ្ជា ពីថ្នាក់លើ ថាឲ្យ​បំបែកក្រុមបាតុករទេ។

ក្រៅពីយុវជន សិស្សនិស្សិត គឺមានបុគ្គលិកស្ថាប័នរដ្ឋ គ្រូបង្រៀនជាដើម បាននាំគ្នាឈប់ទៅធ្វើការ ហើយ​ចាប់ផ្តើមធ្វើបាតុកម្ម តាំងតែពីថ្ងៃសុក្រម្លេះ។ នៅយប់ថ្ងៃសុក្រវិញ ប្រជាជននៅក្រុង​រ៉ងហ្គូន បាននាំគ្នាចុចស៊ីផ្លេឡានម៉ូតូ និងបានវាយ​ចានវាយឆ្នាំង បន្លឺសម្លេង​ទ្រហឹងអឺងកង ដើម្បីបណ្តេញ​ឧបទ្រព ខ្មោចព្រាយចង្រៃ ដែលសំដៅទៅដល់ ក្រុមយោធា ដែលបានធ្វើរដ្ឋប្រហារនេះឯង។

អាជ្ញាធរ​ភូមា​បិទអ៊ីនធ័រណិត និងព្យាយាមខ្ទប់​បណ្តាញសង្គម

យោងតាម អង្គការ​NetBlocks ដែលជាអ្នកឃ្លាំមើលសិទ្ធិសេរីភាពអ៊ីនធ័រណិត បាន​អះអាងថា អាជ្ញាធរភូមាបានបិទសេវាអ៊ីនធ័រណិត នៅទូទាំងប្រទេសតែម្តង ជាលើកទី២ នៅថ្ងៃសៅរ៍នេះ។ លើកទី១គឺនៅថ្ងៃធ្វើរដ្ឋប្រហារ។ ក្រុមហ៊ុន Telenor ស្ថិតនៅប្រទេសន័រវ៉េស ដែល​មានសាខា ចែកចាយ​បណ្តាញ​អ៊ីនធ័រណិតនៅភូមា ​បានបញ្ជាក់ថា ក្រុមហ៊ុនគេ ពិតជាបានទទួលបញ្ជា ពីអាជ្ញាធរភូមា ឲ្យ​បិទ​ខ្ទប់បណ្តាញ​សង្គម​មួយ​រយៈមែន រហូតដល់មានបទបញ្ជាថ្មី។

កម្មវត្ថុរបស់អាជ្ញាធរភូមា គឺចង់បិទ​បណ្តាញសង្គម ដូចជា Twitter Instagram ជាដើម ព្រោះថាប្រជាជនភូមា ប្រើប្រាស់បណ្តាញទាំងនេះ​ដើម្បីទាក់ទងគ្នា ផ្សព្វផ្សាយ​សារ និងប្រមូលគ្នាជួបជុំធ្វើបាតុកម្មជាដើម។ កាលពី២ថ្ងៃមុន ក្រុមយោធា បានព្យាយាមចេញបញ្ជា ចង់បិទ Facebook ថែមទៀតផង។ អ្នកនាំពាក្យ​ក្រុមហ៊ុន Twitter បានលើកឡើងថា ទង្វើរបស់អាជ្ញាធរភូមានេះ គឺ​ជាការបំបិទសិទ្ធិសេរីភាព របស់​មនុស្ស​ក្នុងការបញ្ចេញមតិ។

ដោយឡែក ក្រសួង​ដឹកជញ្ជូន និងទូរគមនាគមន៍ភូមា បានបញ្ជាក់ប្រាប់អ្នកកាសែតបារាំងថា អាជ្ញាធរភូមា បានបិទអ៊ីនធ័រណិត និង​បណ្តាញសង្គមនេះ គឺដោយសារ​បណ្តាញសង្គម គឺជាអ្នកធ្វើ​ឲ្យ​រីកសាយ​ភាព​នូវដំណឹងចចាមអារ៉ាម បង្កចលាចលក្នុងសង្គម។

សំរាប់ពេលនេះ ប្រជាជនភូមា ហាក់ដូចជាស្ថិតក្នុង​ស្បៃអន្ធកាល ដោយ​សារតែគ្មានសេវ៉ា​អ៊ីនធ័រណិត ទាក់ទងគ្នា។ នេះបើផ្អែកតាមប្រសាសន៍ របស់​លោក Ming Yu Hah តំណាងអង្គការ Amnesty International​ ប្រចាំនៅភូមា។ តែមានអ្នកខ្លះ​ៗ បាន​ប្រើ​ប្រាស់ សោVPN ដើម្បី​អាច​​បន្ត​​ប្រើ​បណ្តាញសង្គមបាន។

យន្តការអន្តរជាតិត្រូវរាំងស្ទះ ដោយសារចិន និងរុស្ស៊ី

ក្រុមប្រឹក្សាសន្តិសុខអង្គការ​សហប្រជាជាតិ ប្រជុំគ្នា អស់ពេញមួយ​យប់ថ្ងៃទី​២ កុម្ភៈ តែទីបំផុត គ្មានលទ្ធផលអ្វីធំដំទេ ដោយសារតែ ចិន និង រុស្ស៊ី បាន​រារាំង។ ក្នុងសេចក្តីថ្លែងការណ៍រួម ក្រោយ​ការប្រជុំនេះ ក្រុមប្រឹក្សាសន្តិសុខ មិនទាំងហ៊ានប្រើពាក្យ​ រដ្ឋ​ប្រហារយោធាផងទេ ព្រោះចិន និង រុស្ស៊ី បដិសេធមិនឲ្យ​ប្រើ។ គេគ្រាន់តែបានអំពាវនា​វ ឲ្យ​ដោះលែង​មនុស្សទាំងអស់មកវិញ គឺមានលោក​ស្រី​ អ៊ុងសាន ស៊ូជី និងអ្នកនយោបាយ​ផ្សេងទៀត។

នៅថ្ងៃទី​៦កុម្ភៈនេះ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន​បញ្ជាក់​ឲ្យដឹងថា លោកស្រី Christine Schraner Burgener ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅភូមា បាន​ទាក់ទងទៅកងទ័ពភូមា ដោយបាននិយាយ​ជាមួយ​អគ្គមេបញ្ជាការរងម្នាក់។ លោកអង់តូនីញ៉ូ ហ្គូតតែស បានអះអាងថា ប្រេសិទពិសេសរបស់អង្គការសហប្រជាជាតិ បានបញ្ជាក់ប្រាប់ទៅ ក្រុមយោធាភូមាច្បាស់ៗ អំពីគោលជំហររបស់អង្គការប្រជាជាតិ ដែល​មិនគាំទ្ររដ្ឋប្រហារនេះ។ លោកបន្ថែមថា អង្គការសហប្រជាជាតិ នឹងប្រែងប្រែងជាមួយ​សហគមអន្តរជាតិ ដើម្បីធ្វើយ៉ាងណា រំលាយ​ការធ្វើ​រដ្ឋប្រហារនេះឲ្យ​បាន។

ដោយឡែក យោងតាមការ​ចុះផ្សាយ​របស់កាសែត Global New Light of Myanmar ដែលជាការសែតរដ្ឋភូមា គឺកាលពីថ្ងៃសុក្រម្សិលមិញ មានកិច្ចប្រជុំមួយ ត្រូវបាន​គេរៀបចំឡើយ ដោយ​មានការចូលរួម​ពី​សំណាក់តំណាងអាជ្ញាធរភូមា និង​ក្រុម​មន្ត្រីអង្គទូតបរទេស។ យោងតាមប្រភពនេះ លោក Ko Ko Hlaing រដ្ឋមន្ត្រី​ក្រសួងសហប្រតិបត្តិការអន្តរជាតិភូមា បាន​លើកឡើងក្នុងពេល​ប្រជុំថា រដ្ឋាភិបាលភូមា យល់អំពី​ការព្រួយ​បារម្ភរបស់សហគមន៍អន្តរជាតិ​ ទាក់ទិននឹងដំណើរការប្រជាធិបតេយ្យនៅភូមា។

ជាសរុបមក គិតត្រឹមថ្ងៃនេះ ពុំមាន​យន្តការអ្វីជាដុំកំភួន នៅឡើយទេ។ ប្រទេសមហាអំណាច ដូចជាសហរដ្ឋអាមេរិក សហភាពអឺរ៉ុបជាដើម បានត្រឹមតែប្រកាសថ្កោលទោស ហើយសន្យាថានឹងរកវិធីដាក់ទណ្ឌកម្ម​លើ​ក្រុមកងទ័ពភូមា។ ក្រុមកងទ័ពភូមា មិនមែនមិនដឹងថា ប្រទេសលោក​ខាង​លិច​ នឹងដាក់ទណ្ឌកម្មខ្លួននោះទេ ក្នុងករណី​ធ្វើរដ្ឋប្រហារ។ គេមិនញញើត ប្រហែលមកពីគេ ​មានបង្អែកផ្សេងទៀត ដែល​រឹងមាំអាចជួយគេបាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ