អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រុម​ប្រទេស​ G7​ បើក​ជំនួប​កំពូល​ដោយ​ផ្តោត​លើ​ប្រធាន​បទ​កូវីដ​ សេដ្ឋកិច្ច​និង​ប្រទេស​ចិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុម​ប្រទេស​មហា​អំណាច​ឧស្សាហកម្ម​ទាំង ៧ ដែលហៅ​កាត់​ថាហ្សេ៧ (G7) នឹង​បើក​ជំនួប​កំពូល​អនឡាញ​មួយនៅថ្ងៃ​សុក្រ​ ១៩ កុម្ភៈ​នេះ ​ដោយ​មាន​ប្រទេស​អង់គ្លេស​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។ ​កិច្ចប្រជុំ​របស់​ក្រុម​ប្រទេស​ G7​ នឹង​ផ្តោត​ការ​យកចិត្ត​ទុកដាក់​លើ​ប្រធាន​បទ​មួយចំនួន​រួមមាន​ជាអាទី៍​ បញ្ហា​កូវីដ១៩​ វិបត្តិ​សេដ្ឋកិច្ច​សកល​ និង​ប្រទេសចិន​។

ទង់ជាតិរបស់ក្រុមប្រទេសមហាអំណាចឧស្សាហកម្មទាំង៧ និងសហភាពអឺរ៉ុប។
ទង់ជាតិរបស់ក្រុមប្រទេសមហាអំណាចឧស្សាហកម្មទាំង៧ និងសហភាពអឺរ៉ុប។ © afp.com/Damien MEYER
ផ្សាយពាណិជ្ជកម្ម

ជំនួប​កំពូលតាមអនឡាញ​របស់ក្រុម​ប្រទេស​មហា​អំណាច​ឧស្សាហកម្ម​ទាំង​៧

ក្រុម​ប្រទេស​មហា​អំណាច​ឧស្សាហកម្ម​ទាំង​៧​ ដែល​ហៅកាត់​ថា G7  នឹង​បើក​ជំនួប​កំពូល​នៅ​ថ្ងៃ​សុក្រ​ទី ១៩ កុម្ភៈនេះ​។ ជំនួបកំពូល​ក្រុម​ប្រទេស​ G7 ដែល​រួមមានសហរដ្ឋ​អាមេរិក កាណាដា​ បារាំង​ អង់គ្លេស​ អាល្លឺម៉ង់​ អ៊ីតាលី​ និង​ជប៉ុន នឹង​ធ្វើឡើង​តាម​រយៈអនឡាញ​ដោយ​ចាប់ផ្តើម​នៅវេលា​ម៉ោង ២ រសៀល​ ម៉ោងសកល​ ឬត្រូវនឹង​ម៉ោង ៩ យប់​នៅ​ខ្មែរ​ និង​ដែល​មាន​ប្រទេស​​អង់គ្លេស​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

ជាការ​គួរឲ្យកត់សម្គាល់​ លោកចូ​ បៃដិន​ នឹង​ចូលរួម​កិច្ច​ពិភាក្សា​កំពូល​នេះ។ កិច្ច​ប្រជុំ​នៅថ្ងៃសុក្រនេះ​នឹង​ក្លាយជា​កិច្ច​ប្រជុំ​កំពូល​លើក​ដំបូងគេ​ហើយ​របស់​លោកបៃដិន​ ជាមួយ​នឹង​ក្រុមប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង៧​ ក្នុង​នាម​ជា​ប្រធានាធិបតី​របស់​សហរដ្ឋអាមេរិក​ ហើយក៏ជាការចូលរួម​ជាអន្តរជាតិ​ដ៏ធំ​លើកដំបូង​របស់​លោក​ដែរ​ ចាប់​តាំងពី​ចូលកាន់តំណែង​កាលពីខែមុនមក​។ គួរជ្រាបដែរ ក្រៅពីលោកចូ បៃដិន​ នាយករដ្ឋ​មន្ត្រី​អ៊ីតាលី​ លោកដ្រាហ្គី​ ក៏ជា​មេដឹកនាំថ្មី​មួយរូប​ដែល​ទើប​បាន​ចូលរួម​ជំនួប​កំពូល​នេះ​ជាលើកទី១។

ដោយឡែក​ បើនិយាយពីប្រធានបទ​វិញ​ ក្រុមប្រទេស​ G7​ ដូចបាន​រៀបរាប់​មុននេះ​រួមមាន​ សហរដ្ឋ​អាមេរិក កាណាដា បារាំង អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី​ និង​ជប៉ុន ព្រម​ជាមួយ​នឹង​មេដឹកនាំ​សហភាព​អឺរ៉ុប​ផង​ នឹងផ្តោត​ការ​ពិភាក្សា​លើ​ប្រធានបទស្នូល​ដែល​រួមមាន​ វិបត្តិ​កូវីដ១៩​ វិបត្តិ​សេដ្ឋកិច្ចសកល​ បញ្ហាអាកាសធាតុ​ និង​ការឆ្លើយតបទៅ​នឹង​បញ្ហាប្រឈម​ដែល​បង្ក​ឡើង​ដោយ​ប្រទេស​ចិន។

តើ​ក្រុម​ប្រទេស​ G7 នឹង​ពិភាក្សា​អំពី​វិបត្តិកូវីដ​ ដោយ​ផ្តោត​សំខាន់​ពី​ចំណុចអ្វីខ្លះ​?

ជាបឋម​គួរ​បញ្ជាក់​ជូន​ថា​រហូតមកទល់នឹង​ពេលនេះ​ ជំងឺកូវីដ១៩​ នៅតែ​បន្ត​ការ​ឆ្លងរាលខ្លាំង​នៅឡើយ​នៅតាម​បណ្តា​ប្រទេស​ជាច្រើន និងនៅតែ​បន្ត​តាមញាំញី​ពិភពលោក​មិនឈប់​។

ចាប់តាំងពី​ផ្ទុះឡើង​ដំបូងនៅ​ក្នុងទីក្រុង​វូហាន​ប្រទេសចិន​នាចុងឆ្នាំ​ ២០១៩​ ជំងឺ​រាត​ត្បាត​សកល​កូវីដ១៩​ បាន​សម្លាប់​មនុស្ស​អស់ជាង​ ២ លាន ៤ សែននាក់​ និង​បាន​ទាញ​ទម្លាក់ សេដ្ឋកិច្ច​ពិភពលោក​ឲ្យ​ធ្លាក់​ក្នុង​វិបត្តិធ្ងន់ធ្ងរខ្លាំង​។

ដូច្នោះ​លោកចូ បៃដិន​ ហើយ​និង​មេដឹកនាំ​ប្រទេស​ G7​ ផ្សេង​ទៀត​នឹង​ពិភាក្សា​គ្នា​អំពី​វិបត្តិ​កូវីដ​ ដោយ​ផ្តោត​ទៅលើ​ការឆ្លើយតប​ជាសកល​ចំពោះ​ជំងឺរាតត្បាត​នេះ​ និង​រួម​បញ្ចូលផង​ដែរ​ទាំង​ផលិតកម្ម​វ៉ាក់សាំង​កូវីដ ការចែកចាយ​ផ្គត់ផ្គង់វ៉ាក់សាំង​ ហើយនិង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹងការឆ្លងរាលថ្មី​។ នេះ​បើតាម​ការប្រកាស​ឲ្យដឹងពី​ខាង​សេតវិមាន​អាមេរិក​កាលពី​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ​។

ដោយសារតែ​កិច្ចប្រជុំ​នៅមិនទាន់​បាន​ចាប់ផ្តើមនៅឡើយ​ ចឹងហើយ​លទ្ធផល​ជុំវិញ វិបត្តិ​កូវីដ​របស់​ក្រុមប្រទេស G7​ យ៉ាងណានោះ​ គេនៅមិនទាន់អាច​និយាយអ្វី​បាននោះទេ​។

ក៏ប៉ុន្តែ​មកទល់នឹងពេលនេះ​គេដឹងថា​ពីខាង​ទីក្រុងវ៉ាស៊ីនតោន​ រដ្ឋបាល​អាមេរិក​របស់​លោកចូ បៃដិន​ បាន​សន្យាថា​នឹង​ផ្តល់​ថវិកា​ចំនួន​ ៤ ពាន់​លានដុល្លារ​ដល់​កម្មវិធី​ចាក់វ៉ាសាំង​ ដើម្បី​ជួយ​ដល់ក្រុម​ប្រទេស​ក្រីក្រ ឲ្យ​អាច​ទទួល​បាន​ថ្នាំ​វ៉ាក់សាំង​កូវីដ១៩​។

រីឯ​ អង់គ្លេស​ដែលជា​ប្រទេសម្ចាស់ផ្ទះ​នៃ​កំជួប​កំពូល​ក្រុមប្រទេស G7 វិញ​ បាន​សន្យាថា​នឹងផ្តល់​ប្រាក់ចំនួន​ ៥៤៨ លានផោន (៧៦៦ លានដុល្លារ) ដល់​យន្តការ​កូវ៉ាក់​។ យន្តការ​កូវ៉ាក់ ដែល​អង្គការ​សុខភាព​ពិភពលោក និង​សម្ព័ន្ធ​ដើម្បីវ៉ាក់សាំង​ បង្កើត​ឡើង​នៅ​ខែ​កក្កដា​ ឆ្នាំ ២០២០កន្លងទៅ​ ដើម្បីធានា​ឲ្យ​មាន​វ៉ាក់សាំង​បង្ការ​កូវីដ​ប្រមាណ​២ពាន់លាន​ដូស​ សម្រាប់​ក្រុម​ប្រទេស​ក្រីក្រ​។

ក្រៅពីនេះ​ ប្រទេសអង់គ្លេស​ ក៏នឹង​ស្នើសុំ​ផងដែរឲ្យ​ប្រទេស​ដៃគូ​ G7 ផ្សេងទៀត​ ចូលរួម​ផ្តល់​ថវិកា​គាំទ្រ​បន្ថែម​ទៅក្នុង​កម្មវិធី​ចាក់វ៉ាក់​របស់អង្គការ​សុខភាពពិភព​លោកនេះ​។

ហេតុអ្វី​បានជា​ប្រទេសចិន​ ក្លាយជា​ប្រធានបទ​ដ៏សំខាន់​មួយដែរ​នៅក្នុង​ជំនួប​កំពូល G7​?

ប្រទេសចិន​ក៏នឹង​ស្ថិតនៅ​ក្នុង​របៀបវារៈ​នៃកិច្ចប្រជុំ​កំពូល​របស់​ក្រុម​ប្រទេស​មហា​អំណាច​ឧស្សាហកម្ម​ទាំង៧ផងដែរ​។ ហេតុអ្វី​?

គួររំឭកថា​ ក្នុង​ពេល​ថ្លែង​សុន្ទរកថា​អំពី​គោលនយោបាយ​ការបរទេស​ដ៏សំខាន់​ ជាលើកដំបូង​ ក្នុងនាមជា​ប្រធានាធិបតីអាមេរិក​ លោកចូ បៃដិន​ បានចាត់​ទុក​ប្រទេសចិន​ថា​ជាគូប្រជែង​ដ៏មានសក្កានុពលបំផុត​របស់​សហរដ្ឋអាមេរិក​។

ចាប់តាំងពី​ចូលកាន់តំណែង​កាលពីខែមករាមុនមក​ លោកចូ បៃដិន ដែលជា​ប្រធានាធិបតី​អាមេរិក​មកពី​គណបក្សប្រជាធិបតេយ្យ​ បាន​ប្តេជ្ញាចិត្តយ៉ាង​មុតមាំ​ថានឹងនាំ​យកប្រទេសអាមេរិក​ទៅចូលរួម​ជាមួយ​សម្ព័ន្ធមិត្ត​វិញ​ដើម្បី​ជួយគ្នា​ដោះស្រាយ​បញ្ហាទាក់ទងអាកាសធាតុ​ និង​វិល​ទៅ​ចូលរួម​ជាមួយ​អង្គការសុខភាពពិភពលោកវិញ​ ដែលនេះ​វាខុសគ្នា​ផ្ទុយស្រ​ឡះពី​រដ្ឋបាល​ចាស់​ដឹកនាំ​ដោយ​លោកដូណាល់ ត្រាំ​។

ក៏ប៉ុន្តែ​ មាន​ទស្សនៈ​មួយ​ដែល​លោកចូ បៃដិន នៅរក្សា​បន្ត​គិត​ដូច​លោកត្រាំ​ នោះគឺ​ទស្សនៈ​ដែលយល់​ថា​កុំទុកចិត្តចិន​ឲ្យសោះ​។ ទីក្រុងវ៉ាស៊ីនតោន​ បានលើកឡើង​ពី​ការ​ខ្វះតម្លាភាព​របស់ចិន​ នៅក្នុងកិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុម​អ្នកជំនាញ​របស់អង្គការ​​សុខភាពពិភព​លោកក្នុងបេសកកម្ម​ស្រាវជ្រាវស្វែងរក​ប្រភពដើមកូវីដ​ ហើយ​វ៉ាស៊ីនតោន​ក៏​មាន​មន្ទិល​សង្ស័យផងដែរ​លើ​ចំណាត់ការ​ដំបូង​របស់​ចិន​ឆ្លើយតប​នឹង​ជំងឺកូវីដ​។

ទន្ទឹមនេះ​ ប្រទេស​អង់គ្លេស​ ចង់​ឲ្យ​ក្រុមប្រទេស​ G7 គាំទ្រឲ្យ​មាន​សន្ធិសញ្ញា​សកល​មួយ​ ស្តីពី​ជំងឺរាតត្បាត​ ដើម្បី​បង្កើនការព្រមាន​និង​ធានាឲ្យបា​នូវតម្លាភាព​ទិន្នន័យជាមុន​ក្នុង​ករណី​មាន​ការផ្ទុះ​ជំងឺរាតត្បាត​ផ្សេងទៀត​នា​ពេលអនាគត​។

ទីក្រុងឡុងដ៍​បាន​បដិសេធ​ថាខ្លួន​មិន​ចង់​សំដៅ​និយាយ​អ្វី​ប៉ះពាល់​ដល់ចិននោះទេ​ ក៏ប៉ុន្តែ​ ចិន​ដែល​ជា​មហាអំណាចអាស៊ី​ ត្រូវគេចោទ​ប្រកាន់​ជារឿយៗ​និងជាទូលំទូលាយ​ ពី​បទ​បិទបាំងអំពី​ការផ្ទុះឡើង​ដំបូង​នៃ​ជំងឺកូវីដ​កាលពីចុងឆ្នាំ​ ២០១៩​។ ចិន ក៏ទទួល​រង​ការចោទប្រកាន់​ផងដែរថា​បាន​លាក់បាំងព័ត៌មាន​សំខាន់ៗ​ មិនផ្តល់​ទៅឲ្យ​ក្រុម​អ្នកជំនាញ​របស់​អង្គការ​សុខភាពពិភពលោក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ