អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សម្តេចប៉ាប​ជួបសន្ទនា​ជាលើក​ទីមួយ​ ជាមួយ​​ប្រមុខ​​សាសនា​អ៊ីស្លាម​ឈីអ៊ីត ដ៏​សំខាន់​ជាងគេ​ក្នុងលោក​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃសៅរ៍ទី​៦មីនា​ សម្តេចប៉ាប ហ្វ្រង់ស្វ័រ ប្រមុខសង្ឃកាតូលិក បានបន្តដំណើរទស្សនកិច្ច ជាប្រវត្តិសាស្ត្រ​នៅក្នុងប្រទេសអ៊ីរ៉ាក់ ដោយ​ព្រះអង្គបាន​ទៅដល់ ទៅក្រុង Najaf ខាងត្បូង​រដ្ឋធានី​​បាដាត​។  នៅទីនោះ សម្តេចប៉ាប បានជួប​សន្ទនាគ្នាជាលើក​ទីមួយ ជាមួយ​ប្រមុខដឹកនាំសាសនាអ៊ីស្លាមនីកាយឈីអ៊ីត ដ៏សំខាន់ជាងគេបំផុតក្នុងលោក គឺលោកអាយ៉ាតូឡា អាលី អាល់ស៊ីសតានី។ ជំនួប​រវាង​ប្រមុខដឹកនាំសាសនាទាំង២នេះ មានតម្លៃជានិម្មិតរូបធំធេងណាស់ ដើម្បីផ្ញើសារសន្តិភាព ប្រាប់ឲ្យ​មនុស្ស​ឈប់​ធ្វើសង្រ្គាមកាប់សម្លាប់គ្នា ដោយ​សារតែសាសនាតទៅទៀត។

សម្តេចប៉ាបហ្វ្រង់ស្វ័រ និងលោកអាយ៉ាតូឡា អាលី​ អាល់ស៊ីសតានី មគុរទេសន៍សាសនាអ៊ីស្លាមនិកាយ​ឈីអ៊ីត ជួបគ្នាជាលើកទី​១ នៅទីក្រុង Najaf ប្រទេសអ៊ីរ៉ាក់ ថ្ងៃទី ៦ មីនា ២០២១
សម្តេចប៉ាបហ្វ្រង់ស្វ័រ និងលោកអាយ៉ាតូឡា អាលី​ អាល់ស៊ីសតានី មគុរទេសន៍សាសនាអ៊ីស្លាមនិកាយ​ឈីអ៊ីត ជួបគ្នាជាលើកទី​១ នៅទីក្រុង Najaf ប្រទេសអ៊ីរ៉ាក់ ថ្ងៃទី ៦ មីនា ២០២១ AP - Vatican Media
ផ្សាយពាណិជ្ជកម្ម

មគុទេសន៍អ៊ីស្លាមឈីអ៊ីត ដែល​មិន​លូកដៃក្នុងកិច្ចការនយោបាយ

អាយ៉ាតូឡា អាលី អាល់ស៊ីសតានី (Ali al-Sistani) គេត្រូវគេចាត់ទុកថា ជាប្រមុខដឹកនាំកំពូល នៃសាសនាអ៊ីស្លាម និកាយឈីអ៊ីត នៅក្នុងពិភពលោកយើងតែម្តង បើទោះបី​ជា​នីកាយ​ឈីអ៊ីត ជានិកាយ​ភាគ​តិចមែន។ ក្នុងចំណោម​អ្នកកាន់សាសនាអ៊ីស្លាមក្នុងលោក ទាំង ១៨០០លាននាក់ គឺមានអ្នកកាន់និកាយ​ឈីអ៊ីត ប្រមាណតែ២០០លាននាក់ទេ។​ ក្រៅពីនោះគឺជាអ្នកកាន់និកាយ​ស៊ូនីត។

មានប្រមុខដឹកនាំអ៊ីស្លាម​ឈីអ៊ីតម្នាក់ទៀត គឺ អាយ៉ាតូឡា អាលីខាមឺណី (Ali Khamenei) ប៉ុន្តែស្ថិតតែនៅក្នុង​ប្រទេសអ៊ីរ៉ង់ទេ ហើយ​ដែលមានតួនាទី​ និងឥទ្ធិពលនយោបាយធំនៅអ៊ីរ៉ង់។ ចំណែក អាយ៉ាតូឡា អាលី អាល់ស៊ីសតានី ដែលបច្ចុប្បន្ន មានអាយុ៩០ឆ្នាំនេះ តាមពិតក៏ជាជនជាតិអ៊ីរ៉ង់ដែរ តែលោក​បាន​មក​រស់នៅក្នុង​ប្រទេសអ៊ីរ៉ាក់ ដោយ​បាន​បង្កើត ជា​សាលាបង្រៀនទ្រឹស្តីអ៊ីស្លាមឈីអ៊ីត នៅក្នុងក្រុង​​Najaf ចំងាយ​ប្រមាណ​១៥០គីឡូម៉ែត្រ ពី​រដ្ឋធានីបាដាដ។

ខុសពី​ទ្រឹស្តីអ៊ីស្លាមឈីអ៊ីតនៅអ៊ីរ៉ង់ ដឹកនាំដោយ​អាយ៉ាតូឡា អាលីខាម៉ឺណី ទ្រឹស្តីអ៊ីស្លាម​ឈីអ៊ីតដឹកនាំដោយ​លោកអាយ៉ាតូឡា អាលី អាល់ស៊ីសតានី គឺមាន​លក្ខណៈទន់ភ្លន់​ជាង ដោយ​ផ្តោតសំខាន់ទៅលើ​បញ្ហា​សាសនា និង​បញ្ហាសង្គម ជីវភាពរស់នៅរបស់​បុព្វជិត និង​​​មិន​លូកដៃចូលជ្រៅ ទៅក្នុងកិច្ចការនយោបាយទេ។ នេះបើផ្អែកតាម​ប្រសាសន៍ របស់លោកអាចារ្យ កាឌីណាល់ Miguel Angel Ayuso ដែលជាមន្ត្រីសង្ឃកាតូលិក ទទួលបន្ទុកកិច្ចការ​សន្ទនាអន្តរសាសនា នៃបុរីវ៉ាទីកង់។​ តែយ៉ាងណា ក្នុងនាមជា​មគុទេសន៍សាសនា លោកអាយ៉ាតូឡា អាលី អាល់ស៊ីសតានី អាច​ជូនជាយោបល់ អនុសាសន៍ផ្សេងៗ ទៅលើបញ្ហានយោបាយ តែដោយ​ថ្លឹងថ្លែងពាក្យ​ពេជន៍បំផុត។​

យ៉ាងណាមិញ លោកអាយ៉ាតូឡា អាលី អាល់ស៊ីសតានី មិនដែលបង្ហាញមុខជាសាធារណៈទេ។ គេធ្លាប់ឮតែឈ្មោះ តែប៉ុណ្ណោះ។ លោក​តែងតែឆ្លើយ​តបទៅនឹងសំណួរ ឬសំណើផ្សេងៗ តាមរយៈលិខិត ហើយ​នៅរៀងរាល់ថ្ងៃសុក្រ គឺសន្ទរកថារបស់​លោក ត្រូវអ្នកតំណាងពិសេសម្នាក់ ជាអ្នកយកទៅអាន ដើម្បី​ផ្សព្វផ្សាយ​។

« ប្រាថ្នាឲ្យ អ្នកកាន់សាសនាគ្រិស្តនៅអឺរ៉ាក់ អាចរស់ក្នុងសុខសន្តិភាព »

សម្តេចប៉ាបហ្វ្រង់ស្វ័រ និង​ លោកអាយ៉ាតូឡា អាលី អាល់ស៊ីសតានី បានជួបគ្នា រយៈពេល​ប្រមាណ​ជា​៥០នាទី នៅក្រុង Najaf ដោយ​ពុំមានវត្តមាន របស់អ្នកកាសែតទេ។ នៅក្រោយ ជំនួបជាប្រវត្តិសាស្ត្រនេះ លោកអាយ៉ាតូឡា អាលី អាល់ស៊ីសតានី បានចេញ​លិខិតប្រកាសមួយ ដោយ​លោក បានថ្លែងអំណរគុណ ចំពោះសម្តេចប៉ាប​ហ្វ្រង់ស័រ ដែលបានធ្វើខំធ្វើដំណើរស្កាត់មកជួប​លោក​ដល់អ៊ីរ៉ាក់ និងពាំនាំមកនូវក្តីគោរព រាប់អាន ភាតរៈភាព ក្នុងនាមតំណាងឲ្យ​ជំនឿសាសនាផ្សេងគ្នា។

បន្ថែមពីនេះទៀត គឺ លោកអាយ៉ាតូឡា អាលី អាល់ស៊ីសតានី បានថ្លែងថា លោក​មានសេចក្តី​ប្រាថ្នា ចង់ឲ្យ​អ្នកកាន់សាសនាគ្រិស្ត​ ដែលរស់នៅក្នុងប្រទេសអ៊ីរ៉ាក់ទាំងអស់ អាចរស់នៅ​ដោយ​សុខសន្តិភាព មានសិទ្ធិសេរីភាព តាមរដ្ឋធម្មនុញ្ញ ដូច​ទៅ​នឹង​ប្រជាជនអ៊ីរ៉ាក់ដ៏ទៃផ្សេងទៀត។​

ការថ្លែងដូចនេះ គឺមាន​អត្ថន័យជ្រាលជ្រៅណាស់ ព្រោះដូចយើងដឹងហើយ ថា​សហគមអ្នកកាន់សាសនាគ្រិស្ត នៅអ៊ីរ៉ាក់ បានឆ្លងកាត់ការលំបាកខ្លាំងណាស់ ប្រមាណ​ជិត​១០ឆ្នាំមកនេះ ដោយសារតែសង្រ្គាមស៊ីវីល សង្រ្គាមសាសនា និងជាពិសេសនោះ គឺដោយ​សារក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម ដែលជាពួកជ្រុលនិយម បានកាប់សំលាប់ វាយបណ្តេញ​ប្រជាជនអ្នកកាន់សាសនាគ្រិស្តនៅអ៊ីរ៉ាក់នេះ។

និម្មិតរូប​នៃសារសន្តិភាពរវាងសាសនា

លោក Mohammed Ali Bahr al-Ouloum ដែលជាថ្នាក់នាំឈីអ៊ីតម្នាក់ នៅអ៊ីរ៉ាក់ បានថ្លែងប្រាប់ អ្នកយកព័ត៌មានបារាំង ថាប្រជាជនអ៊ីរ៉ាក់ មានកិត្តិយស និងមោទនភាពណាស់ ជាពិសេសសម្រាប់ទីក្រុង Najaf តែម្តង ដែលជាទីក្រុង​ពិសិដ្ឋមួយ នៃសាសនាអ៊ីស្លាមនិកាយឈីអ៊ីត។ ការទៅដល់របស់​សម្តេចប៉ាបប្រមុខសង្ឃកាតូលិក គឺវានឹងផ្តត់អត្ថន័យជានិម្មិតរូបមួយទៀត ដល់ទីក្រុងនេះ ថាជាទីក្រុងនៃសន្តិភាព នៃការយោគយល់ ស្រលាញ់រាប់អានគ្នា ក្នុងនាមជាមិត្ត ជាបងប្អូន ជាមនុស្សដូចគ្នា ទោះបីជាមានជំនឿសាសនាផ្សេងគ្នាក៏ដោយ។

នៅពេលជួបថ្នាក់ដឹកនាំអ៊ីរ៉ាក់ សម្តេចប៉ាប ហ្វ្រង់ស័រ បានថ្លែង​​សារមានបង្កប់អត្ថន័យនយោបាយដែរ ដោយព្រះអង្គបាន​លើកឡើងដោយ​ប្រយោលអំពី​ស្ថានភាព​នយោបាយ​នៅអ៊ីរ៉ាក់ ដែលជោគជាំដោយ​សង្រ្គាម​ គ្មានស្រាកស្រាន្ត ដោយសារតែ​ ស្មាមួយអំរែក២ អំរែកទីមួយ​ គឺ​រវាងឥទ្ធិពលនយោបាយ​វាទទី​របស់អ៊ីរ៉ង់ និងអំរែកទី២ គឺ​​ឥទ្ធិពល​របស់​អាមេរិក។ ព្រះអង្គបានអំពាវនាវ ឲ្យ​ឈប់បែងចែងបក្សពួក បែងចែកសាសនា និងបំរើប្រយោជន៍​បរទេសតទៅទៀត ហើយ​ងាកមកគិតគូរ ពីសេចក្តីសុខ និង និងជីវភាពរស់នៅ ​របស់​ប្រជាជនអ៊ីរ៉ាក់វិញ។

នៅថ្ងៃសៅរ៍ទី៦មីនាដែរ សម្តេចប៉ាប ហ្វ្រង់ស្វ័រ បានបន្តដំណើរទៅកាន់ទីក្រុង Ur ដែលជាទីក្រុង​ប្រវត្តិសាស្ត្រ​ដ៏ចំណាស់មួយ ដែលតាមជំនឿ គឺជាទីកន្លែងកំណើតរបស់ អាប្រាហាំ (Abraham) ។ អាប្រាហាំដែគឺជាមគុទេសន៍​សាសនាដំបូងគេ តាំងពីបុរាណកាល ហើយ​ដែល អ្នកកាន់សាសនាជ្វីហ្វ សាសនាគ្រិស្ត និងសាសនាអ៊ិស្លាម នាំគ្នាគោរពបូជាទាំងអស់។ នៅទីក្រុង Ur នេះ សម្តេចប៉ាបហ្រ្វង់ស្វ័រ និងសូត្រធម៌បួងសួង សុំសន្តិភាព រួមជាមួយ​នឹង តំណាង​សាសនាអ៊ីស្លាមឈីអ៊ីត អ៊ីស្លាមស៊ូនីត និងតំណាងជំនឿផ្សេងៗទៀតដូចជា ក្រុម yazidis zoroastriens  bahaïs និង sabéens ជាដើម។ ជំនឿសាសនាទាំងនេះ គឺជាជំនឿសាសនាដ៏ចំណាស់ ហើយ​ដែល​រួមរស់ជាមួយគ្នារាប់ពាន់ឆ្នាំមកហើយ​ នៅលើទឹកដីអ៊ីរ៉ាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ