អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

របបសឹក​ទាមទារ​ឲ្យ​ឥណ្ឌា​ចាប់បញ្ជូន​ប៉ូលិស​ភូមា រត់ចោលជួរ ៨នាក់ ទៅ​ភូមាវិញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

គិត​មកដល់​ថ្ងៃអាទិត្យនេះ មាន​រយៈពេល ៥​សប្តាហ៍គត់ ដែល​របបសឹក​ភូមា​ធ្វើរដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល របស់​លោកស្រី​អ៊ុងសាន ស៊ូជី។ ៥​សប្តាហ៍មកហើយដែរ ដែល​ប្រជាជន​ភូមា​នៅតែ​បន្ត​ធ្វើ​បាតុកម្ម ប្រឆាំង​របបសឹកភូមា។ ដើម្បីឈាន​ទៅ បិទបញ្ចប់​បាតុកម្ម ដែល​នៅតែ​មានទ្រង់ទ្រាយធំ នៅទូទាំងប្រទេស កងទ័ព​ភូមា បាន​បើក​ប្រតិបត្តិការ បាញ់បង្រ្កាប យ៉ាងហិង្សា ដែល​បាន​សម្លាប់​មនុស្ស​យ៉ាងតិច ៥៤នាក់។ ការបង្រ្កាប​របស់​យោធា​ភូមា​បាន​ជំរុញ ឲ្យ​ប្រជាជន​ភូមា​កាន់តែច្រើន រត់ភៀសខ្លួន ទៅក្នុង​ទឹកដី ឥណ្ឌា ដែល​ជា​ប្រទេស​ជិតខាង។ នៅ​ថ្ងៃ សៅរ៍ មន្រ្តីមូលដ្ឋាន​ឥណ្ឌា​បាន​ទទួល​សំបុត្រ​ពី សមភាគី​ភូមា ដែល​បាន​សុំ​ឲ្យ​ឥណ្ឌា ចាប់បញ្ជូន​ខ្លួន​ប៉ូលិស​ភូមា ដែលរត់ចោលជួរ ទៅឲ្យ​ភូមា​វិញ។

ប្រមុខទ័ពភូមា លោក​មីនអ៊ុងឡាំង​ធ្វើ​ទស្សនកិច្ច​នៅ ប្រទេស​ឥណ្ឌា នៅ​ឆ្នាំ ២០១២។ នៅ ថ្ងៃទី ៦​មីនា ២០២១ កងទ័ពភូមាបានទាមទារ​ឥណ្ឌា​ចាប់បញ្ជូន​ប៉ូលិស​ភូមា ដែលរត់ចោលជួរ ទៅជ្រកកោននៅទឹកដី ឥណ្ឌា ទៅ​ឲ្យភូមាវិញ។
ប្រមុខទ័ពភូមា លោក​មីនអ៊ុងឡាំង​ធ្វើ​ទស្សនកិច្ច​នៅ ប្រទេស​ឥណ្ឌា នៅ​ឆ្នាំ ២០១២។ នៅ ថ្ងៃទី ៦​មីនា ២០២១ កងទ័ពភូមាបានទាមទារ​ឥណ្ឌា​ចាប់បញ្ជូន​ប៉ូលិស​ភូមា ដែលរត់ចោលជួរ ទៅជ្រកកោននៅទឹកដី ឥណ្ឌា ទៅ​ឲ្យភូមាវិញ។ AP - Altaf Qadri
ផ្សាយពាណិជ្ជកម្ម

តាម​មន្រ្តី​មូលដ្ឋាន​ឥណ្ឌា នៅ​ស្រុក Mizoram ‘s Champhai ដែល​ជាប់ជាមួយព្រំដែន ភូមា គិត​រហូត​មកដល់​ថ្ងៃ​សៅរ៍ម្សិលមិញ មាន​ប្រជាជន​ភូមា​ប្រមាណ ៥០នាក់ បាន​រត់ចូល​រួចហើយ ទៅ​ក្នុង​ទឹកដី​ឥណ្ឌា ចំណែក​មនុស្ស ៨៥នាក់ផ្សេងទៀត កំពុង​រង់ចាំ​នៅ ច្រកព្រំដែន​អន្តរជាតិ ដើម្បី​សុំ​សិទ្ធិ​ឆ្លងទៅ​ក្នុង​ទឹកដី​ឥណ្ឌា។

តាម​មន្រ្តី​មូលដ្ឋាន​ឥណ្ឌា ប្រជាជន​ភូមា​ដែល​បាន​រត់ចូល​ទៅក្នុង​ទឹកដី ឥណ្ឌា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន ភាគច្រើន​ជា​មន្រ្តី​រដ្ឋការភូមា ដែល​នៅក្នុង​នោះ មាន​៨នាក់ ជា​ប៉ូលិស​ភូមា។ កាសែត​ក្នុង​ស្រុក ឥណ្ឌា​បាន​ចុះផ្សាយ​ថា ប៉ូលិស​ភូមា បាន​នាំប្រពន្ធ​និង​កូន ទៅ​សុំសិទ្ធិជ្រកកោន​នៅ​ឥណ្ឌា បន្ទាប់​ពី​ពួកគេ បដិសេធ មិនចូលរួម ធ្វើតាម​បញ្ជា របស់​កងទ័ព ក្នុងការបង្រ្កាប​ទៅលើ​បាតុករ​ភូមា។

នៅក្រោយ​មាន​សេចក្តីរាយការណ៍ស្តីពីការរត់ចោលជួរ​របស់​ប៉ូលិស​ភូមា ដែល​បាន​រត់ភៀសខ្លួន​ទៅក្នុងទឹកដី​ឥណ្ឌា មន្រ្តី​ខេត្ត​ភូមា ដែល​ស្ថិតនៅ​ជាប់ព្រំដែន​ជាមួយ ឥណ្ឌា​បាន​សរសេរ​សំបុត្រ​មួយច្បាប់ ទៅភាគី​ឥណ្ឌា​ដើម្បី ឲ្យ​ឥណ្ឌា​បញ្ជូន​ជា​បន្ទាន់ ប៉ូលិសភូមា ទាំង ៨រូប ទៅ​ភូមា​វិញ។

នៅក្នុង​សំបុត្រ​មួយច្បាប់ ដែល ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP បាន​អាន មន្រ្តីភូមា​បាន​សរសេរយ៉ាងដូច្នេះថា ដើម្បី រក្សា​ទំនាក់ទំនង​រវាង​ប្រទេស​ជិតខាង ភូមា​សុំ​ឲ្យ​ឥណ្ឌា​ចាប់ខ្លួន ប៉ូលិស ទាំង​៨នាក់ ដែល​បាន​ទៅដល់​ទឹកដី​ឥណ្ឌា។ ឥណ្ឌា ត្រូវ​ចាប់បញ្ជូន​ប៉ូលិស​ភូមា ទៅ​ឲ្យ​ភូមា​វិញ។

សម្រាប់​អ្នកទទួលខុសត្រូវឥណ្ឌា ប្រចាំ​ស្រុក Mizoram ‘s Champhai គេ​មិនទាន់​ឆ្លើយតបយ៉ាងណា ទៅ​នឹង​ការទាមទារ​របស់​ភូមា​នៅឡើយទេ។ គេ​នៅ​រង់ចាំ​ការសម្រេច​ពីក្រសួងមហាផ្ទៃ​ឥណ្ឌា​ដែល​ជា​អ្នកពិចារណា សម្រេច​ថា តើ​គួរ​ផ្តល់​សិទ្ធិជ្រកកោន ដល់​អ្នកដែល​រត់គេច​ចេញពី ការគាបសង្កត់​នយោបាយ នៅភូមា ឬ​មួយ ក៏ត្រូវ​ចាប់បញ្ជូន​ចេញ​ទៅ​ប្រទេស​ដើម ទៅតាម​ការទាមទារ​ចង់បាន​របស់កងទ័ព​ភូមា។

តើ​រដ្ឋាភិបាល​ឥណ្ឌា​សម្រេចចាប់បញ្ជូន​ប៉ូលិស​រត់ចោលជួរ​ឲ្យ​ ​របបសឹក​ភូមា វិញដែរឬទេ?

នេះជា​ការសម្រេចចិត្ត​ដ៏លំបាក​មួយ​របស់រដ្ឋាភិបាល​ឥណ្ឌា ដែល​បាន​ព្យាយាម មិន​ចេញមុខ ប្រកាន់ជំហរ ច្បាស់លាស់​ណាមួយ សម្រាប់​វិបត្តិភូមា។ គួរដឹងថា ចាប់តាំង​ពី​មាន​រដ្ឋប្រហារ​យោធា នៅ​ភូមា ឥណ្ឌា ដែល​ជាប្រទេស​ប្រជាធិបតេយ្យ ធំជាងគេ នៅក្នុង​លោក បាន​តមសំដី មិន​បរិហារ​រិះគន់ ទាល់តែសោះ រដ្ឋប្រហារ​យោធា​នៅ​ភូមា។ នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​ជាមួយ អាមេរិក និង​អូស្ត្រាលី នៅក្រោយរដ្ឋប្រហារ​យោធា ភូមា ឥណ្ឌា​គ្រាន់តែ​អំពាវនាវ​ឲ្យ​មានការស្តារលទ្ធិប្រជាធិបតេយ្យ និង​ដោះលែង ប្រមុខដឹកនាំលោកស្រី​អ៊ុងសាន ស៊ូជី​តែប៉ុណ្ណោះ។

នៅ​ឆ្នាំ ១៩៨៩ នៅពេល​របបសឹក​ភូមា​ចាប់ឃុំ​ខ្លួនលោកស្រី អ៊ុងសាន ស៊ូជី ក្រសួង ការបរទេស​ឥណ្ឌា​ធ្លាប់​ប្រកាស​នៅ​សភា​ថា ឥណ្ឌា នឹង​ផ្តល់ហិរញ្ញវត្ថុ​ជួយ​ក្រុមប្រជាធិបតេយ្យ​ភូមា ហើយនិង​ស្វាគម​ផ្តល់សិទ្ធិជ្រកកោន ដល់​អ្នកនយោបាយ​ភូមា ដែល​រត់គេច​ពីការយាយី​ធ្វើបាប​របស់​របបសឹក។

ប៉ុន្តែ នៅក្នុង​រដ្ឋប្រហារ​យោធា​នៅ​ភូមា លើកនេះ ឥណ្ឌា ដែល​មាន​ព្រំដែន​ជាង ១៦០០គីឡូម៉ែត្រ ជាមួយ​ភូមា និង​ធ្លាប់មានសម្ព័ន្ធភាព​យូរអង្វែង​ជាមួយ​ភូមា បាន​ប្រកាន់ជំហរ​ខុស​ពី ៣០ឆ្នាំមុន។ គេ​ឃើញ​មាន​ហេតុផល​សំខាន់​ពីរ ដែល​ធ្វើ​ឲ្យ​ឥណ្ឌា​ផ្លាស់ប្តូរ​ជំហរ។ ទី១ រដ្ឋាភិបាល​ឥណ្ឌា​មិន​បានបរិហាររិះគន់​រដ្ឋប្រហារ​យោធា​ភូមា ព្រោះ ឥណ្ឌា​មិន​ចង់ កាត់ផ្តាច់ទំនាក់ទំនង​ជាមួយ កងទ័ព​ភូមា ដែល​ដើរតួសំខាន់​ណាស់ ក្នុង​ការជួយ​រដ្ឋាភិបាល​ឥណ្ឌា ដើម្បី ប្រយុទ្ធប្រឆាំង​នឹង​ក្រុមបះបោរ​ឥណ្ឌា ដែល​ប្រើ​ទឹកដី ភូមា ដើម្បី​វាយប្រហារ​ទៅលើតំបន់​ជាប់ព្រំដែន​ឥណ្ឌា ភូមា។

ទី ២​ទៀត បើឥណ្ឌា ថ្កោលទោស ដាក់ទណ្ឌកម្ម​កងទ័ព​ភូមា គឺ ប្រៀប​បាន​នឹង​រុញច្រាន​កងទ័ព​ភូមា ឲ្យ​រឹតតែ​ខិតចូលកាន់តែ​ជិតទៅខាង​ទីក្រុង​ប៉េកាំង ដែល​ជា​គូប្រជែង​ធំ​របស់​ឥណ្ឌា នៅក្នុង​តំបន់។ សម្រាប់ ឥណ្ឌា អ្នកណា ជា​អ្នកគ្រប់គ្រង​ភូមា មិនមែនជា​បញ្ហា នោះទេ។ ឥណ្ឌា​នៅតែ​អាច​ធ្វើការ​បាន​ជាមួយ​ទាំងអស់ មិនថា ភូមា ដឹកនាំ ដោយ កងទ័ព ឬ​រដ្ឋាភិបាល ស៊ីវិល​ភូមានោះទេ។

ដើម្បី​ផលប្រយោជន៍​ផ្នែក​សន្តិសុខ សេដ្ឋកិច្ច និង​ភូមិសាស្រ្ត​នយោបាយ​ផ្ទាល់ខ្លួន ឥណ្ឌា ទំនង​ជា​មិន​នឹង​ធ្វើនយោបាយ​ណាមួយ ដែល​នឹង​អាច​ធ្វើ​ឲ្យ​មេដឹកនាំ​ភូមា បច្ចុប្បន្ន គឺ​កងទ័ព​ភូមា ខឹង​ថ្នាំងថ្នាក់ អន់ចិត្ត​នឹង​ឥណ្ឌានោះទេ។

ជោគវាសនា​របស់​ប៉ូលិស​ភូមា​ដែល​រត់ចោលជួរ និង​រត់ទៅ​សុំ​ជំរកនៅឥណ្ឌា នឹង​ក្លាយទៅ​ជាយ៉ាងណានោះ ក៏អាស្រ័យ​ទៅលើ​ជំហរ​នយោបាយ ការបរទេស របស់​ឥណ្ឌា​ដែរ។

កម្លាំងបាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ​នៅតែមិនចុះខ្សោយនៅភូមា

ទោះ​ជា​បាតុកម្ម​របស់​ប្រជាជន​ភូមា​នៅតែ​មាន​សន្ទុះខ្លាំង ប៉ុន្តែ ការប៉ះទង្គិច និង​ការបង្រ្កាប​របស់​កងទ័ព​ភូមា ទៅលើ​ក្រុមបាតុករ​ហាក់​ថមថយ​ចុះបន្តិច​ មិន​ខ្លាំង ដូច​កាលពី​ថ្ងៃ​ពុធ​នោះទេ។ ថ្ងៃ​ពុធ ជា​ថ្ងៃ ដែល​មានចំនួន​បាតុករ ស្លាប់​ច្រើនជាងគេ​គឺ​ដល់​ទៅ ៣៨នាក់ ដោយសារ​ការបង្រ្កាប​ដ៏ហិង្សា ដោយប្រើ​គ្រាប់កាំភ្លើង​ពិត របស់​ប៉ូលិស​ទាហាន​ភូមា។ នៅក្នុង​បាតុកម្ម​នៅថ្ងៃ​សៅរ៍ មនុស្ស​ម្នាក់ស្លាប់ ដោយសារ​គ្រាប់កាំភ្លើង​របស់​ទាហាន ចំណែក​នៅថ្ងៃ​នេះ មាន​មនុស្ស​២នាក់ រងរបួស នៅក្នុង​ការបង្រ្កាប​របស់​ទាហាន​នៅ​ទីក្រុង​ទេសចរណ៍ Bagan។

នៅ ចុងសប្តាហ៍នេះ ក្រៅតែ​ពី​បង្ក្រាប​លើ​ក្រុមបាតុករ កងទ័ព​ភូមា​បាន​សម្រុក​ផងដែរ ប្រតិបត្តិការ​ចាប់ខ្លួន សកម្មជន ប្រឆាំង ហើយ​និងមន្រ្តី​គណបក្ស​របស់​លោកស្រី អ៊ុងសាន ស៊ូជី។ តាម​សមាជិក​សភា​មកពី​គណបក្ស​របស់​លោកស្រី​អ៊ុងសាន​ស៊ូជី កម្លាំង​ប្រដាប់អាវុធ​បាញ់រះគំរាម នៅមុន ចូលចាប់ខ្លួន សមាជិក​របស់​បក្ស​សម្ព័ន្ធជាតិ​ដើម្បី ប្រជាធិបតេយ្យ។ នៅពេលទាហាន​ចាប់មិន​បាន​ជនមុខសញ្ញា ទាហាន​ភូមា​បានធ្វើ​ទារុណកម្ម វាយធ្វើបាប​យ៉ាងព្រៃផ្សៃ សមាជិក​គ្រួសារ។

ក្រៅតែ​ពី​បំភិតបំភ័យ តាមចាប់ខ្លួន​មន្រ្តីបក្ស​របស់​លោកស្រី​អ៊ុងសាន ស៊ូជី កងទ័ព​ភូមា នៅ បាន​ប្រើ​ប្រព័ន្ធផ្សព្វផ្សាយ​របស់ខ្លួន ដើម្បី ព្រមាន កុំ​ឲ្យ​សមាជិក​សភា​មក​ពី​គណបក្ស​របស់​លោកស្រី​អ៊ុងសាន ស៊ូជី ចូល​រួម​ជាមួយ គណៈកម្មការ​ដែល​អះអាងថា ជាអ្នកតំណាងរដ្ឋាភិបាលស៊ីវិល​ភូមា បើមិន​ដូច្នេះទេ ពួកគេ​អាច​ប្រឈម​នឹង​ការចោទប្រកាន់​ថា ក្បត់ជាតិ ដែលត្រូវ​ទទួល​ទោស ប្រហារជីវិត ឬ​ជាប់គុក ២២​ឆ្នាំ។​សូមបញ្ជាក់ថា គិតចាប់តាំង​ពី​បើកការបង្រ្កាប​លើ​បាតុកម្ម​ប្រឆាំង រដ្ឋប្រហារ កងទ័ព​ភូមា​បាន​ចាប់ឃុំ​ខ្លួន ជាង ១៧០០នាក់ ដែលនៅក្នុង​នោះ ភាគច្រើន​ជាអ្នកគាំទ្រ សមាជិក​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី ប្រជាធិបតេយ្យ ដឹកនាំ​ដោយលោកស្រី អ៊ុងសាន ស៊ូជី៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ