អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជប៉ុន​ប្រារព្ធខួប ១០​ឆ្នាំក្រោយ រងគ្រោះ​ដោយសារ​រលកយក្សស៊ូណាមី នៅ​ហ្វូគូស្ហ៊ីម៉ា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ១១ មីនានេះ គឺ​មាន​រយៈពេល ១០​ឆ្នាំគត់ ដែល​គ្រោះរញ្ជួយដី បង្កជា​រលកយក្សស៊ូណាមី វាយបោក​ទៅលើ​ហ្វូគូស្ហ៊ីម៉ា តំបន់​ភាគឦសាន​ប្រទេស​ជប៉ុន។ នៅ​ថ្ងៃ​នេះ ក៏ដូចជា​ទម្លាប់រៀងរាល់​ឆ្នាំ រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​បានរៀបចំ​ពិធីធ្វើបុណ្យ គោរព រំលឹក ​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ ដែល​បាន​ស្លាប់ និង​បាត់ខ្លួន ជិត ១ម៉ឺន ៩ពាន់នាក់ នៅក្នុង​គ្រោះមហន្តរាយ​រលកយក្សស៊ូណាមី កាលពី ១០ឆ្នាំមុន។ ក្រៅតែពី​សម្លាប់​ជីវិត​មនុស្ស និង​បំផ្លាញ​ផ្ទះសម្បែង គ្រោះ​រលកយក្សស៊ូណាមី នៅ​បានបង្ក ផលវិបាក​ដ៏ធ្ងន់ធ្ងរ​មួយទៀត​សម្រាប់​ប្រជាជន​ជប៉ុន នោះ គឺ​សារធាតុវិទ្យុសកម្ម ដែល​សាយភាយ​ចេញពី ​រោងចក្រ​នុយក្លេអ៊ែរ ដែល​រងការបំផ្លាញ ដោយសារ​រលកស៊ូណាមី។

ទីតាំង​ដែល​ត្រូវ​វាយបោក​ដោយ​រលកយក្សស៊ូណាមី កាលពី​ថ្ងៃទី ១១​មីនា ឆ្នាំ ២០១១
ទីតាំង​ដែល​ត្រូវ​វាយបោក​ដោយ​រលកយក្សស៊ូណាមី កាលពី​ថ្ងៃទី ១១​មីនា ឆ្នាំ ២០១១ REUTERS - ISSEI KATO
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃនេះ ប្រទេស​ជប៉ុន​ប្រារព្ធ​ខួប ១០​ឆ្នាំ នៃ​គ្រោះមហន្តរាយ ដែល​បង្កឡើង​ដោយ​រលកយក្ស​ស៊ូណាមី។ នៅតំបន់​ហ្វូគូស៊្ហីម៉ា ដែលរងគ្រោះ ខ្លាំងក្លាជាងគេ​ដោយសារ​រលកយក្ស​ស៊ូណាមី ទោះជា​ព្រឹត្តិការណ៍នេះ​បាន​កន្លងទៅ​ផុត អស់​១០ឆ្នាំមែន ប៉ុន្តែ វា​នៅតែ​ដក់ជាប់​ក្នុង​ការចងចាំ​មិន​ភ្លេច​របស់​ប្រជាជន​ជប៉ុន…..

នៅក្នុង​ពិធីរំលឹកខួប​នៅ ទីក្រុង​តូក្យូ អធិរាជជប៉ុន ណារុហ៊ីតូ បាន​មាន​ព្រះបន្ទូលថា កម្រិតខូចខាត បង្កដោយ​គ្រោះមហន្តរាយ នៅតែ​ដិតជាប់ មិនភ្លេច ក្នុង​ការចងចាំ​របស់ព្រះអង្គ។ ចំណែក​នាយករដ្ឋមន្រ្តីជប៉ុន លោក យ៉ូស៊្ហីហ៊ីត ស៊ុហ្កា ថ្លែងថា ជប៉ុន​ធ្លាប់​ជួប​គ្រោះមហន្តរាយ ដែល​ចាត់ទុក​ជា​វិបត្តិជាតិ។ ប៉ុន្តែ ប្រជាជន​ជប៉ុន​បាន​ឆ្លងកាត់ រាល់វិបត្តិ ដោយ​ក្តីសង្ឃឹម និង​ក្លាហាន។

នៅ​ថ្ងៃទី ១១ មីនា កាលពី​១០ឆ្នាំមុន ប្រជាជន នៅ​ភាគឦសាន​ប្រទេស​ជប៉ុន បាន​រងគ្រោះ​ដោយសារ​ហេតុការណ៍ បី នៅក្នុងពេល​តែមួយ គឺ​គ្រោះរញ្ជួយដី រលកយក្ស​ស៊ូណាមី ហើយនិង គ្រោះថ្នាក់​ផ្ទុះឆេះ​រោងចក្រ​នុយក្លេអ៊ែរ​នៅ​ហ្វូគូស៊្ហីម៉ា។

នៅរសៀល​ថ្ងៃសុក្រ ទី ១១​មីនា ឆ្នាំ ២០១១ គ្រោះរញ្ជួយដី​ខ្លាំង កម្រិត ៩មាត្រដ្ឋាន​រិចទែរ បាន​បង្ក​ឲ្យមាន​រលកយក្ស​ស៊ូណាមី ដែល​នៅ កន្លែងខ្លះ មាន​កំពស់​ដល់​ទៅ ១៦​ម៉ែត្រ។ រលកយក្ស​ស៊ូណាមី បាន​វាយបោកបក់ បំផ្លាញ​ទាំងស្រុង​ទីក្រុង​មួយចំនួន ហើយនិង​សម្លាប់​មនុស្ស​ជាង ១ម៉ឺន ៨ពាន់នាក់។ មនុស្ស​ជាង ២ពាន់នាក់ បាន​បាត់ខ្លួន ទៅក្នុង​ទឹកសមុទ្រ ចំណែក​មនុស្ស​ជាង កន្លះលាននាក់ ត្រូវ​គេ​ជម្លៀស​ចេញបន្ទាន់​ ដោយសារ​រលកយក្ស​ស៊ូណាមី​ផង និងដោយសារ​តែ ការផ្ទុះរោងចក្រ​នុយក្លេអ៊ែរ នៅ ហ្វូគូស៊្ហីម៉ា ដែល​បង្កឡើង​ដោយ​រលកយក្ស​ស៊ូណាមីផង។

នៅ ហ្វូគូស៊្ហីម៉ា រោងចក្រ​នុយក្លេអ៊ែរ​ដ៏ទំនើប របស់ជប៉ុន ដែល​ធំសំខាន់​មួយនៅក្នុងលោក អាច​ទប់ទល់ នឹង​គ្រោះរញ្ជួយដី កម្រិត ៩មាត្រដ្ឋានរិចទែរ ប៉ុន្តែ វា​មិនអាច​ទប់ទល់​នឹងកម្លាំងវាយបោក​របស់​ទឹក​រលកសមុទ្រ នោះទេ។ ដោយសារ​កម្លាំងវាយបោក របស់​រលកយក្ស​ដែល​មានកំពស់​ ខ្ពស់​ជាង ទំនប់​ការពារ ដែលមាន​ត្រឹម ៧ម៉ែត្រ ជញ្ជាំង​របស់​រោងចក្រ​នុយក្លេអ៊ែរ​នៅ ហ្វូគូស៊្ហីម៉ា ត្រូវបំផ្លាញ ដោយធ្វើ​ឲ្យ ទឹកសមុទ្រ​អាច​ចូល​ទៅជន់លិចបំផ្លាញ បណ្តាញ​ទឹកត្រជាក់​សម្រាប់​ម៉ាស៊ីនប្រតិករ។

រោងចក្រ​នុយក្លេអ៊ែរនៅ ហ្វូគូស្ហ៊ីម៉ា បានឈប់ ភ្លាម មិនដំណើរការ​ដោយ​ស្វ័យប្រវត្តិ ដោយសារ​គ្រោះរញ្ជួយដី ប៉ុន្តែ ដោយសារ​តែ​បណ្តាញ​ទឹកត្រជាក់ ខូច មិនអាច​ទៅ​បញ្ចុះកំដៅបាន  ស្នូលរបស់​ម៉ាស៊ីនប្រតិករ​ចំនួន ៣​បាន​ចាប់រលាយ ធ្វើ​ឲ្យ​ផ្ទុះ ឆេះ បន្ទប់ ម៉ាស៊ីនប្រតិករ និង​បញ្ចេញ​សារធាតុ​វិទ្យុសកម្ម ទៅក្នុង​បរិយាកាស។

នៅក្រោយ រោងចក្រនុយក្លេអ៊ែរ ផ្ទុះឆេះ បញ្ចេញ​សារធាតុ​វិទ្យុសកម្ម នៅ ហ្វូគូស្ហ៊ីម៉ា រដ្ឋាភិបាល​ជប៉ុន​បាន​ជំលៀសចេញ​ប្រជាជន​ជាង ១សែន ៥ម៉ឺននាក់ និង​ប្រកាស​ដាក់​តំបន់ ជុំវិញ រោងចក្រ នុយក្លេអ៊ែរ ក្នុង​រង្វង់ ២០គីឡូម៉ែត្រ ជា​តំបន់​ហាមឃាត់ ដើម្បី បើកប្រតិបត្តិការ​សម្អាត​សារធាតុ​វិទ្យុសកម្ម។

ជប៉ុនបង្កើន​សាងសង់មហាកំផែង ក្នុង​សមុទ្រ

១០ឆ្នាំ​ក្រោយ គ្រោះមហន្តរាយ​ដោយសារ​រលកយក្ស​ស៊ូណាមី ហ្វូគូស្ហ៊ីម៉ា បាន​ក្លាយ​ជា​តំបន់​ស្ងាត់ មិនសូវ​មានប្រជាជន​រស់នៅ ប៉ុន្តែ ផ្ទុយទៅវិញ សំបូរ​តែ​អាង​ស្តុកទឹក​ដែល​មាន​សារធាតុ​វិទ្យុសកម្ម ដែល​គេ​បូមចេញ​ពី​រោងចក្រ​នុយក្លេអ៊ែរ​ដែលផ្ទុះឆេះ​ដោយសារ​រលកយក្ស​ស៊ូណាមី។

រហូតមកដល់​សព្វថ្ងៃនេះ ប្រជាជន​ជប៉ុន ជាង ១សែននាក់ នៅតែ​រស់នៅ​ក្នុងនាមជា​ជនភៀសខ្លួន ក្នុង​បន្ទុក​របស់​រដ្ឋាភិបាល។ នៅ ហ្វូគូស៊្ហីម៉ា រោងចក្រ​នុយក្លេអ៊ែរ​នៅតែ បិទមិនដំណើរការ។ អាជ្ញាធរ និង​ក្រុមហ៊ុន Tepco ដែល​ជាម្ចាស់រោងចក្រ​នុយក្លេអ៊ែរ នៅ​តែបន្ត​ប្រតិបត្តិការ​សម្អាត បំបាត់​សារធាតុ​វិទ្យុសកម្ម ក្នុងក្តី​សង្ឃឹមថា ប្រជាជន​នឹង​អាចសុខចិត្ត​វិលត្រលប់​ទៅ​រស់នៅ​ធម្មតា​ឡើងវិញ។

អាជ្ញាធរ​ជប៉ុន​ជឿថា គេត្រូវ​រយៈពេល ៤០ឆ្នាំ ដើម្បី​បញ្ចប់​ការងារ សម្អាត​សារធាតុ​វិទ្យុសកម្ម និង ដើម្បី រុះរើរោងចក្រនុយក្លេអ៊ែរ ដែល​បានធ្វើ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន ចំណាយ​លុយអស់​រាប់ម៉ឺនលាន​ដុល្លារ​រួចហើយនោះ។ ក្រៅតែពី​ចំណាយ​លើ​ការសំអាត សារធាតុ​វិទ្យុសកម្ម នៅក្នុង​តំបន់​ដែល​មាន​ផ្ទុះឆេះរោងចក្រ​នុយក្លេអ៊ែរ រដ្ឋាភិបាល​ជប៉ុន​បានចំណាយ​ផងដែរ មូលនិធិសាធារណ ប្រមាណ ១០ពាន់​លាន​អឺរ៉ូ សម្រាប់បង្កើន ពង្រឹង មហាកំផែង ក្នុង​សមុទ្រ សម្រាប់​រលកយក្សស៊ូណាមី នៅថ្ងៃអនាគត។ ជប៉ុន​ធ្លាប់​មាន​ទំនប់​ការពារ​ពីរលកយក្ស​រួចហើយ ប៉ុន្តែ​រលកយក្ស​ស៊ូណាមី ឆ្នាំ ២០១១ ដែល​មាន​កំពស់​ដល់ទៅ ១៦ម៉ែត្រ បាន​វាយបំផ្លាញ​ខ្ទេចទំនប់​ក្នុងទឹកសមុទ្រ​របស់ជប៉ុន។

លើកនេះ មហាកំផែង​របស់​ជប៉ុន ដើម្បី​ទប់​ទឹករលកយក្ស​មាន​ប្រវែង​សរុប ៤៣០គីម៉ែត្រ  មាន​កំពស់ យ៉ាងតិច ១៤ម៉ែត្រ និង​ត្រូវ​បាន​គូរសាងសង់ សាជាថ្មីដើម្បី អាច​ទប់ទល់​នឹង​រលកយក្ស។ សម្រាប់អាជ្ញាធរ​ជប៉ុន មហាកំផែង​នៅក្នុង​សមុទ្រ នឹង​មិនអាច​ជួយ​ការពារ ១០០​ភាគរយ ពី​ការវាយប្រហារ​របស់​រលកយក្ស​ស៊ូណាមី នោះទេ ព្រោះថា គេ​មិនអាច​មើលដឹង​ពី​កំហឹង​របស់​ធម្មជាតិ​នោះទេ។ ប៉ុន្តែ យ៉ាងហោចណាស់ មហាកំផែង​ក្នុងសមុទ្រ នឹង​អាច​ឲ្យ​គេ​ចំណេញពេល សម្រាប់​ជំលៀស កុំ​ឲ្យមានការខាតបង់​ជីវិត​ប្រជាជន ដូចកាលពី​១០ឆ្នាំមុន។

របាយការណ៍​របស់អ្នកជំនាញ​អង្គការ​សហប្រជាជាតិ៖ សារធាតុវិទ្យុសកម្ម​មិន​បានធ្វើ​ករណី​អ្នកកើតជំងឺមហារីកកើនឡើង នៅជប៉ុន

ទោះរដ្ឋាភិបាល​អះអាងថា គេ​អាច​ត្រលប់​ទៅរស់នៅ​តំបន់​ហ្វូគូស្ហ៊ីម៉ា ប្រជាជន​ជប៉ុន​នៅតែ រារែក មិនត្រលប់ទៅរស់នៅ​វិញទេ ដោយសារ​ខ្លាច​សារធាតុ​វិទ្យុសកម្ម។ គេបារម្ភថា សារធាតុ​វិទ្យុសកម្ម​ដែល​លេច​សាយភាយ​ចេញពី​រោងចក្រ​នុយក្លេអ៊ែរ ដែលរង​បំផ្លាញ​ដោយសាររលកយក្ស​ស៊ូណាមី អាច​ប៉ះពាល់​ដល់​សុខភាព។ ប៉ុន្តែ អ្នកជំនាញ​របស់​អង្គការ​សហប្រជាជាតិ​វិញ បានរកឃើញថា គ្មានអ្នកណា​កើតជំងឺមហារីក ដោយសារ​រងសារធាតុវិទ្យុសកម្ម​ទេ។

តាម​ការសន្និដ្ឋាន​របស់​គណៈកម្មការ​ស្រាវជ្រាវ​របស់​អង្គការ​សហប្រជាជាតិ ដែល​បាន​ចេញផ្សាយ របាយការណ៍​របស់ខ្លួន នៅ​តែ​២​ថ្ងៃ​មុន​ខួប ១០ឆ្នាំ នៃ​គ្រោះមហន្តរាយ​នៅ​ហ្វូគូស្ហ៊ីម៉ា ការសាយភាយ​សារធាតុវិទ្យុសកម្ម នៅក្រោយគ្រោះថ្នាក់ផ្ទុះឆេះរោងចក្រ​នុយក្លេអ៊ែរ នៅ​ហ្វូគូស្ហ៊ីម៉ា ​មិន​បាន​ជះផល​អាក្រក់​លើ​សុខភាព​នោះទេ។

គេ​ហ៊ាន​និយាយ​យ៉ាងដូច្នេះ ព្រោះថា នៅក្នុង​រយៈពេល ១០ឆ្នាំមកនេះ គេ​គ្មាន​រកឃើញ​អ្នកណា​ម្នាក់​ដែលស្លាប់​ដោយសារ​សារធាតុវិទ្យសកម្ម​នោះទេ។ ក្នុងរយៈពេល ១០ឆ្នាំ មាន​មនុស្ស ៦នាក់ ក្នុង​ចំណោមមនុស្ស​ជាង ២ម៉ឺន ៤ពាន់នាក់ ដែលធ្វើការ​នៅក្នុង​បរិវេណ​បោសសម្អាត​សារធាតុ​វិទ្យុសកម្ម ដែល​កើតមាន​ជំងឺមហារីក។ រដ្ឋាភិបាល​ជប៉ុន​បាន​ចាត់ទុក​ពួកគេ​ជា​អ្នកកើតជំងឺមហារីក​ដោយសារ​ការងារ ប៉ុន្តែ សម្រាប់​ក្រុមអ្នកជំនាញ​របស់អង្គការ​សហប្រជាជាតិ ករណី​អ្នកមាន​ជំងឺមហារីក មាន​កម្រិត​ធម្មតា ដូច​នៅមុន ពេល​មាន​ផ្ទុះឆេះ​រោងចក្រ​នុយក្លេអ៊ែរ។ ការណ៍នេះ​ធ្វើ​ឲ្យគេ​ជឿថា សារធាតុវិទ្យុសកម្ម មិនមែន​ជាអ្នកធ្វើ​ឲ្យ​មនុស្ស​កើតជំងឺមហារីក នោះទេ។

មួយវិញទៀត បើតាម​អ្នកជំនាញ ប្រជាជន​ជប៉ុន នៅហ្វូគូស្ហ៊ីម៉ា​បាន​រងតិចតួច ដោយសារ​សារធាតុ​វិទ្យុសកម្ម នៅត្រង់ថា នៅពេល​ផ្ទុះ ឆេះ​ម៉ាស៊ីន​ប្រតិករ​ទាំងបី​របស់​រោងចក្រ​នុយក្លេអ៊ែរ សារធាតុ​វិទ្យុសកម្ម​បាន​ហោះឡើងទៅលើ នឹង​ត្រូវ​ខ្យល់បក់ផាត់ទៅក្នុង​ទឹកសមុទ្រ។ ប្រជាជន​ជប៉ុន វិញ ត្រូវ​បាន​គេជម្លៀស​ភ្លាមៗ ចេញពី​តំបន់​ដែល​អាច​មាន​សាយភាយ​សារធាតុ​វិទ្យុសកម្ម។

ដោយសារ​តែ រងសារធាតុ​វិទ្យុសកម្ម​តិចតួច ហើយ​សារធាតុ​វិទ្យុសកម្ម​ភាគច្រើន ត្រូវ​ធ្លាក់​ចូលទៅក្នុង​ទឹកសមុទ្រ ឬ​ត្រូវ គេ​បូមស្តុកទុក ក្នុង​អាងយ៉ាងដូច្នេះ តំបន់​ហ្វូគូស្ហ៊ីម៉ា មិនសូវ​ជា​មាន​សារធាតុ​កម្ម​គ្រោះថ្នាក់ ខ្លាំង ដូច​នៅពេល​ផ្ទុះឆេះរោងចក្រ​នៅ ឆែណូបីលក្នុង​ប្រទេស​អ៊ុយក្រែននោះទេ។

អនាគត​ខ្មៅងងឹត​សម្រាប់​វិស័យ​រោងចក្រ​នុយក្លេអ៊ែរ​ជប៉ុន?

ដោយសារ​តែ​គ្រោះមហន្តរាយ​រលកយក្សស៊ូណាមី​លើកនេះ ជប៉ុន​បាន​បញ្ឈប់​សកម្មភាពរោងចក្រ​នុយក្លេអ៊ែរ​របស់ខ្លួន​សឹងទាំងស្រុង។ សព្វថ្ងៃនេះ មាន​តែ​រោងចក្រ នុយក្លេអ៊ែរ​ចំនួន ៩ប៉ុណ្ណោះ ដែល​នៅ​បន្ត​ដំណើរការ គឺតិចជាង ចំនួន ៥៤ ដែល​ជប៉ុន​ធ្លាប់មាន នៅមុន​ឆ្នាំ ២០១១។ រោងចក្រ​នុយក្លេអ៊ែរ​ចំនួន ២៤ ត្រូវ​រដ្ឋាភិបាល ចេញក្រឹត្យ អនុញ្ញាត​ឲ្យ​គេ​រុះរើ បិទចោល​ទៅវិញ ចំណែក​រោងចក្រ​ដែល​នឹង​អាច​បើកឡើង​វិញ នៅថ្ងៃ​មុខ​ត្រូវ​ប្រឈម​នឹង​ការត្រួតពិនិត្យ សើរើ ប្រព័ន្ធការពារ​គ្រោះថ្នាក់ឡើងវិញ ដើម្បី ជៀសវាង​ករណី នៅ​​ហ្វូគូស្ហ៊ីម៉ា។

គោលដៅ​របស់​រដ្ឋាភិបាល គឺ​ត្រូវការ​រោងចក្រ​នុយក្លេអ៊ែរ​សម្រាប់​ផលិត​ផ្គត់ផ្គង់​អគ្គិសនី ប្រមាណ ២០% ពីពេលនេះ ដល់​ឆ្នាំ ២០៣០។ នៅជប៉ុន ដោយសារ​តែ​គ្រោះថ្នាក់ ផ្ទុះឆេះ​រោងចក្រ​នុយក្លេអ៊ែរ​នៅ​​ហ្វូគូស្ហ៊ីម៉ា ចលនា​ប្រឆាំង​នឹង​ដំណើរវិលត្រលប់​ទៅ​ប្រើ​ថាមពល​បាន​មក​ពីនុយក្លេអ៊ែរ​មាន​កាន់តែ​ច្រើន មិនថា ក្នុងចំណោម​ប្រជាជន និង​រដ្ឋាភិបាល។ ក្រុមហ៊ុន​ជប៉ុន​មួយចំនួន ដូចជា Tepco ជាដើម​បាន​បែរទុនវិនិយោគ​របស់ខ្លួន​ប្រមាណ ១៦ពាន់​លានអឺរ៉ូ សម្រាប់​ថាមពល​កកើតថ្មី ដែល​តាមពិត ត្រូវការ​ចំណាយ​លុយតិច ហើយ ជាង​រោងចក្រ​នុយក្លេអ៊ែរ។ ក្រុមហ៊ុន Toshiba Hitachi ជាដើម បាន​សម្រេច​បោះបង់​ចោល​គម្រោងសាងសង់​រោងចក្រ​នុយក្លេអ៊ែរ​នុយក្លេអ៊ែរ និង​បាន​បែរមក​ចង់​អភិវឌ្ឍ​គម្រោង​បៃតងវិញម្តង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ