អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជំនួបកំពូល​ចតុភាគី ​អាមេរិក-​ជប៉ុន-​អូស្ត្រាលី-​ឥណ្ឌា ក្រោម​ក្រសែ​ភ្នែក​សម្លឹង​ទៅ​ចិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃទី១២មីនានេះ លោកចូ បៃដិន ប្រធានាធិបតីអាមេរិក នឹងបើកជំនួបកំពូលលើកទី១សម្រាប់លោក ជាមួយនឹងប្រមុខរដ្ឋាភិបាលប្រទេសធំៗ៣ទៀត គឺ ជប៉ុន អូស្ត្រលី និងឥណ្ឌា។ ជាជំនួបកំពូលនៃក្រុមប្រទេស « ចតុភាគី » ហើយដែលកម្មវត្ថុនោះ គឺត្រូវគេដឹងយ៉ាងច្បាស់ថា គឺដើម្បីប្រមូលកម្លាំង និងការសហការគ្នា ក្នុងការទប់ទល់ជាមួយនឹងចិន។ តើ រដ្ឋាភិបាលអាមេរិកថ្មី របស់ចូ បៃដិន មានយុទ្ធសាស្ត្រយ៉ាងណា នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះ?

លោក​ប្រធានាធិបតីអាមេរិក ចូ បៃដិន ក្នុងពេលប្រជុំកំពូលពីចំងាយ ជាមួយ​លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិន្ទ្រ ម៉ូឌី លោកនាយករដ្ឋមន្ត្រីជប៉ុន យ៉ូស៊ីហ៊ីដេ ស៊ូហ្កា និងលោក ស្កុត ម៉ូរីសុន នាយករដ្ឋមន្ត្រីអូស្ត្រាលី។ វ៉ាស៊ិនតោន ថ្ងៃទី ១២ មីនា ២០២១
លោក​ប្រធានាធិបតីអាមេរិក ចូ បៃដិន ក្នុងពេលប្រជុំកំពូលពីចំងាយ ជាមួយ​លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិន្ទ្រ ម៉ូឌី លោកនាយករដ្ឋមន្ត្រីជប៉ុន យ៉ូស៊ីហ៊ីដេ ស៊ូហ្កា និងលោក ស្កុត ម៉ូរីសុន នាយករដ្ឋមន្ត្រីអូស្ត្រាលី។ វ៉ាស៊ិនតោន ថ្ងៃទី ១២ មីនា ២០២១ AP - Alex Brandon
ផ្សាយពាណិជ្ជកម្ម

សារៈសំខាន់នៃជំនួបកំពូលនេះ គឺវាស្ថិតនៅចំកណ្តាលបេះដូង នៃយុទ្ធសាស្ត្ររបស់សហរដ្ឋអាេមរិក នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកតែម្តង។ បើទោះបីជាកាលៈទេសៈមិនអំណោយផល ដោយសារតែបញ្ហាកូវីដ តែលោក ចូ បៃដិន បានសម្រេចដឹកនាំការប្រជុំនេះពីចំងាយ តាមប្រព័ន្ធវីដេអូខុនហ្វឺរិនស៍ ដើម្បីនិយាយគ្នា ជាមួយលោក ណារិន្ទ្រ ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា លោកស្កុត ម៉ូរីសុន នាយករដ្ឋមន្ត្រីអូស្ត្រាលី និងលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា នាយករដ្ឋមន្ត្រីជប៉ុន។

ជំនួបកំពូលនេះ ក៏មានសារៈសំខាន់ណាស់ដែរ សម្រាប់ប្រទេសទាំង៣ ឥណ្ឌា ជប៉ុន និងអូស្ត្រាលី ក្នុងការទទួលបាននូវទំនុកចិត្តច្បាស់លាស់ ស្តីពីចំណងសហការ សម្ព័ន្ធភាពជាមួយរដ្ឋាភិបាលថ្មីរបស់អាមេរិក ព្រោះថាកន្លងមក កាលពីអាណត្តិលោកដូណាល់ ត្រាំ គឺថាទំនុកចិត្ត បានបាត់បង់ច្រើន ដោយសារតែភាពមិនច្បាស់លាស់ បាតដៃខ្នងដៃ ម្តងក្តៅម្តងត្រជាក់ របស់លោកដូណាល់ ត្រាំ។ យ៉ាងណាមិញ ដើម្បីបង្ហាញ ពីទំនុកចិត្តថ្មីនេះ លោកនាយករដ្ឋមន្ត្រីជប៉ុន នឹងធ្វើដំណើរទៅទស្សនកិច្ចនៅក្រុងវ៉ាស៊ីនតោន ដើម្បីជួបលោក ចូ បៃដិន នៅខែមេសាខាងមុខនេះ។

សេតវិមានអាមេរិក បានលើកឡើងថា ជំនួបកំពូលចតុភាគី "The Quad" នៅពេលនេះ គឺជាសក្ខីកម្មនៃការផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុត ដល់ការសហការគ្នា រវាងប្រទេសសេរីប្រជាធិបតេយ្យ ដែលគោរពតម្លៃនៃសិទ្ធិសេរីភាព ព្រមទាំងការគោរពច្បាប់អន្តរជាតិជាធរមាន។ លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាេមរិក បានបញ្ជាក់ថា ប្រទេសទាំង៤នេះ អាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលី គឺមានប្រយោជន៍រួមគ្នា មិនថាក្នុងវិស័យសេដ្ឋកិច្ច និងសន្តិសុខ ដែលនេះហើយ គឺជាស្នូលនៃកម្មវត្ថុរបស់ក្រុមប្រទេសចតុភាគីនេះ។

ជុំគ្នារួមកម្លាំង​ទប់ទល់ជាមួយចិន

ទោះគេមិននិយាយឲ្យចំឈ្មោះ តែធាតុពិត ជំនួបកំពូលចតុភាគីនេះ គឺអាមេរិក ប្រមូលប្រទេសធំៗ ក្នុងតំបន់ ដើម្បីរួមគ្នាទប់ជាមួយនឹងចិន។ លោកចូ បៃដិន ធ្លាប់បានបញ្ជាក់ហើយ ថា ចិន គឺជាគូប្រជែងយុទ្ធសាស្ត្រមួយសំខាន់ របស់អាមេរិក។ យ៉ាងណាាមិញ ភាគីចិន ក៏ដឹងខ្លួនដែរថាគេចង់គិតអ្វីមកលើខ្លួន។ កាសែតចិនជាភាសាអង់គ្លេស Global Times បានចុះផ្សាយថា ជំនួបកំពូលចតុភាគីនេះ គឺជាការប្រជុំផ្សំគំនិតឃុបឃិតគ្នា ដើម្បីប្រឆាំងនឹងចិន។ កាសែតនេះក៏បានឆ្លៀតបន្ថែមផងដែរ ដោយប្រាប់ទៅឥណ្ឌា ថាប្រយ័ត្នចាញ់កលល្បិច ឲ្យសហរដ្ឋអាេមរិកបោកប្រើ។ កាសែតនេះ អះអាងថា តាមពិត សម្ព័ន្ធភាពចតុភាគីនេះ មិនមែនជាសម្ព័ន្ធភាពនៃប្រទេសដែលមានប្រយោជន៍រួមគ្នា ដូចដែលអាមេរិកឃោសនានោះទេ តែគឺជាការចាប់បង្ខំ ដាក់សំពាធពីសំណាក់អាមេរិក ឲ្យប្រទេសបីទៀតនោះ រើសយកអាមេរិក ជាជាងនៅខាងចិន។

តែយ៉ាងណាក៏ដោយ ប្រទេសទាំង ៣ ឥណ្ឌា ជប៉ុន អូស្ត្រាលី ម្នាក់ៗគឺសុទ្ធតែមានបញ្ហាជាមួយនឹងចិន ហើយត្រូវស្វែងរកការសហការ ដើម្បីទប់ទល់ជាមួយចិនដែរ ដូច្នេគឺគេរើសយកអាេមរិកហើយ។ សម្ព័ន្ធចតុភាគីនេះ បានប្រកាសគោលជំហរ ថាចង់ធ្វើយ៉ាងណា ការពារ ការបើកចំហរ តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយគោរពសិទ្ធិនិងច្បាប់អន្តរជាតិ។ ក្នុងន័យនេះ គឺគេចង់សំដៅដោយចំតែម្តង ទៅលើសកម្មភាពវាទទីរបស់ចិន ក្នុងសមុទ្ធចិនខាងត្បូង ដែលចិនសាងសង់កំពង់ផែ និងមូលដ្ឋានទ័ព ព្រមទាំងគំរោងផែនការរបស់ចិន នៅក្នុងមហាសមុទ្រឥណ្ឌា ដែលចិនគ្រោងធ្វើនៅភូមា និង ស្រីលង្កាជាដើម។

គ្រោះថ្នាក់សម្រាប់ អាមេរិក ឥណ្ឌា អូស្ត្រាលី និងជប៉ុន គឺដោយសារចិនកំពុងតែឡោមព័ទ្ធ បិទផ្លូវចរាចរណ៍ក្នុងសមុទ្រ នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ព្រមទាំងបិទផ្លូវធ្វើជំនួញ ជាមួយប្រទេសផ្សេងទៀតនៅអាស៊ីអាគ្នេយ៍។ ក្រៅពីនេះ គឺនៅមានបញ្ហា សិទ្ធិមនុស្ស មនោគមវិជ្ជានយោបាយ សិទ្ធិសេរីភាពនៅហុងកុង និង ការគំរាមកំហែងកោះតៃវ៉ាន់ ជាដើម។

បង្កើតសម្ព័ន្ធយោធាសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក?

ជាការពិត តែកាលណាយើងនិយាយពីយុទ្ធសាស្ត្រ គឺមិនអាចផ្តាច់ចេញពីបញ្ហាសន្តិសុខបានទេ។ បញ្ហាការគំរាមកំហែងសន្តិសុខ ពីសំណាក់ចិន គឺជាការព្រួយបារម្ភ ដែលរដ្ឋាភិបាលអាមេរិក មិនអាចលេងសើចបានទេ។ កាលពីខែកុម្ភៈ រដ្ឋបាលរបស់លោកចូ បៃដិន បានបញ្ជាក់ឲ្យដឹងថា គេនឹងបង្កើត ក្រុមការងារពិសេសមួយ ដែលមានសមាជិក១៥នាក់ ដើម្បីពិចារណា ស្នើយុទ្ធសាស្ត្ររួមមួយ ថាតើសហរដ្ឋអាមេរិក ត្រូវធ្វើយ៉ាងណា ជាមួយនឹងចិន។

លោក Pierrre Antoine Donnet អ្នកវិភាគស្ថានការណ៍នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ធ្លាប់បានលើកឡើងកាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិក កំពុងតែស្ទាបស្ទង់ស្ថានការណ៍ ដើម្បីបង្កើតជា សម្ព័ន្ធកងទ័ពមួយ មានទំរង់ដូចអង្គការអូតង់អញ្ចឹងដែរ តែសម្រាប់តំបន់អាស៊ី។ អាមេរិកកំពុងពិចារណា ថាតើត្រូវរៀបចំ​ក្រឡាយ៉ាងដូចម្តេច ក្នុងផ្នែកកងទ័ពនេះ ដើម្បីទប់កម្លាំងជាមួយនឹងចិន នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ បញ្ហានេះ ក៏ជាការបារម្ភរបស់ ជប៉ុន ឥណ្ឌា អូស្ត្រាលីដែរ។ ជាងនេះទៀត ប្រទេស៣នេះ ស្ថិតនៅក្បែរចិនតែម្តង។

បញ្ហាដ៏សំខាន់មួយទៀត គឺបញ្ហានុយក្លេអ៊ែរ។ បើតាមការប៉ាន់ស្មាន ចិនអាចមានក្បាលគ្រាប់នុយក្លេអ៊ែរ ប្រមាណ ២០០ទៅ៣០០គ្រាប់។ ចំនួននេះតិចជាងអាមេរិកមែន តែមិនអាចប្រហែសបានទេ ព្រោះចិនមានការលាក់បំពួនច្រើន។ លោក Charles Richard អគ្គមេបញ្ជាការយុទ្ធសាស្ត្រនុយក្លេអ៊ែរអាមេរិក បានលើកឡើងថ្មីៗនេះថា អាមេរិកត្រូវតែត្រៀម ក្នុងករណីដែលត្រូវប្រើអាវុធនុយក្លេអ៊ែរជាមួយចិន។

ការវេញខ្សែចងសម្ព័ន្ធភាព​កងទ័ព គឺកំពុងតែលេចរូបរាង្គ ដើម្បី​ត្រៀមកម្លាំងទប់ជាមួយចិន នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ នៅសប្តាយ៍ក្រោយ លោករដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិអាេមរិក នឹងទៅជប៉ុន និងកូរ៉េខាងត្បូង។ លោកចូ បៃដិន​ធ្លាប់បាននិយាយថា ការប្រើកម្លាំងជាមួយចិន គឺជាជំរើសចុងក្រោយ តែបើគ្មានជំរើសទេ លោកនឹងមិនរាថយឡើយ ចំពោះជំរើសនេះ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ