អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វីប្រជាជន​អឺរ៉ុប​ធ្វើ​បាតុកម្ម​ប្រឆាំង​វិធានការ​បិទខ្ទប់ដែលជួយ​ទប់ស្កាត់​ការឆ្លង​ជំងឺកូវីដ១៩?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពីបារាំង អាល្លឺម៉ង់ អង់គ្លេស ហូឡង់ ស្វ៊ីស រហូត​ដល់​អូទ្រីស ប៊ុលហ្ការី បាតុកម្ម​ប្រឆាំង​វិធានការបិទខ្ទប់​ប្រទេស​ត្រូវ​បាន​រៀបចំ​ឡើង នៅ​តាម​បណ្តាប្រទេស​អឺរ៉ុប ជាច្រើន កាលពី ថ្ងៃ​សៅរ៍ទី ២០​មីនា ២០២១។ នៅអង់គ្លេស ប៉ូលិស​បាន​ចាប់ឃាត់ខ្លួន បាតុករ ៣៣នាក់ ក្នុង​បទ​ចោទប្រកាន់ រំលោភ​ច្បាប់ ដែល​បាន​ហាមមិន​ឲ្យមានការជួបជុំ​មនុស្ស​ច្រើន ដើម្បី​ជៀសវាង​ការឆ្លងរាលជំងឺកូវីដ​១៩។ បាតុកម្ម​ប្រឆាំង​វិធានការ​បិទខ្ទប់ប្រទេស​បានកើតឡើង នៅចំពេល​ដែល​ប្រទេស​អឺរ៉ុប​ជាបន្តបន្ទាប់ ដូចជា​អ៊ីតាលី អេស្ប៉ាញ បារាំង និង​ប៉ូឡូញ ជាដើមបាន​ចាប់ផ្តើម​បិទខ្ទប់​ប្រទេស​សាជាថ្មី ដើម្បីជៀសវាង រលកទី​៣​នៃជំងឺកូវីដ​១៩។

បាតុកម្ម​ប្រឆាំង​វិធានការ​បិទខ្ទប់​ប្រទេស នៅទីក្រុង​ឡុងដ៍ នៅថ្ងៃសៅរ៍ ទី ២០​មីនា ២០២១
បាតុកម្ម​ប្រឆាំង​វិធានការ​បិទខ្ទប់​ប្រទេស នៅទីក្រុង​ឡុងដ៍ នៅថ្ងៃសៅរ៍ ទី ២០​មីនា ២០២១ REUTERS - HENRY NICHOLLS
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​សៅរ៍ម្សិលមិញ ប្រជាជន​អឺរ៉ុប​រាប់ម៉ឺននាក់ បាន​ធ្វើ​បាតុកម្ម ប្រឆាំង​វិធានការ​បិទខ្ទប់​ប្រទេស ដោយសារ​វិបត្តិកូវីដ។ នៅ​អាល្លឺម៉ង់ ប៉ូលិស​បាន​ប្រើ​ផ្សែង​ម្រេច និង​កាណុង​ទឹក​ដើម្បី​បាញ់​បំបែក ក្រុមបាតុករ ចំណែក​នៅអង់គ្លេស ជាទី​ដែល​ប្រជាជន​រាប់ពាន់​នាក់​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វិធានការ​រឹតបន្តឹង​របស់​រដ្ឋាភិបាល ប៉ូលិស​បាន​ចាប់ឃាត់​ខ្លួន មនុស្ស៣៣នាក់។

បាតុកម្ម​ស្រុះគ្នា​នៅ​បណ្តា​ប្រទេស​អឺរ៉ុប ដើម្បី​ប្រឆាំង នឹង​វិធានការ​បិទខ្ទប់ នេះ ស្តែង​ឲ្យ​ឃើញ​ពីការនឿយណាយ របស់​ប្រជាជន​អឺរ៉ុប ដែល​លែង​ជឿទុកចិត្ត​សមត្ថភាព​របស់​រដ្ឋាភិបាល​ខ្លួន ក្នុង​ការគ្រប់គ្រង ដោះស្រាយ​វិបត្តិកូវីដ តទៅទៀត។ មួយវិញទៀត បាតុកម្មប្រឆាំង នឹង​វិធានការ​បិទខ្ទប់​ប្រទេស ត្រូវ​បាន​រៀបចំឡើង​នៅ​ចុងសប្តាហ៍​នេះ គឺ អាច​ជាសារ ដាក់​សម្ពាធ​ទៅលើ​រដ្ឋាភិបាល ផងដែរ ដើម្បី ឲ្យ​រដ្ឋាភិបាល​គិតគូរ​ឡើង​វិញ ពី​សុខាមាលភាព មុខជំនួញ ហើយ​និង​សិទ្ធិរស់នៅ​របស់​ប្រជាជន​ដែល​រងប៉ះពាល់ ដោយសារ​តែ​វិធានការ​បិទខ្ទប់​ប្រទេស​យ៉ាងដូច្នេះ។

ជាក់ស្តែង បាតុកម្ម​ប្រឆាំង​វិធានការ​បិទខ្ទប់ នៅអាល្លឺម៉ង់ បាន​ផ្ទុះឡើង នៅ​មុន​ពេល​ដែល រដ្ឋាភិបាល​អាល្លឺម៉ង់ កំពុង ត្រៀមប្រជុំ នៅថ្ងៃ​ចន្ទ ដើម្បី សម្រេច​ថា តើ​នឹង​រឹតបន្តឹង វិធានការ​បិទខ្ទប់ បន្ថែមទៀត ដែរឬទេ ព្រោះថា អាល្លឺម៉ង់ បើទោះជា​ប្រទេស​គំរូ​នាំមុខគេ ខាងមាន​ចំនួនអ្នកឆ្លងតិច បើប្រៀបធៀប​នឹង​បារាំង អ៊ីតាលី គឺ​នៅតែ​ប្រឈម​នឹង​ការកើនឡើង នៃ​ចំនួន​អ្នកឆ្លងថ្មី។ ឧទាហរណ៍ គិត​ត្រឹម​ថ្ងៃ​សុក្រ​អាល្លឺម៉ង់ មានអ្នកឆ្លងកូវីដ ថ្មី ជាង ១៦ ០០០​នាក់ ក្នុង​មួយថ្ងៃ និង​មានអ្នកស្លាប់ ២០៧ ក្នុង​មួយថ្ងៃដែរ។

សម្រាប់​ប្រជាជន​អាល្លឺម៉ង់ ដែលបាន​រស់នៅក្រោម​វិធានការ​បិទខ្ទប់ ប្រទេស ៣ខែ​មកហើយ គេ​មិនអាច​ទទួលយកបានទៀតទេ ការរឹតបន្តឹងវិធានការ​បិទខ្ទប់​ប្រទេស​នោះ។ ជាង ៣ខែ​មកនេះ សាលារៀន​បានបិទទ្វារ ហាងទំនិញ ភោជនីយដ្ឋាន កន្លែង​កំសាន្ត​ត្រូវ​បិទទ្វារ។

ងាក​មក​មើល​អង់គ្លេស​វិញ ដែល​កំពុង​ចាប់បាន​ទទួល​ផលផ្លែផ្កាបណ្តើរៗ ពីយុទ្ធនាការ​ចាក់វ៉ាក់សាំង ប្រឆាំង​កូវីដ រដ្ឋាភិបាល​អង់គ្លេស កំពុង​ត្រៀម​បើកប្រទេសបន្តិចម្តងៗ​ឡើងវិញ នៅ ចុងមីនានេះ ប៉ុន្តែ ប្រជាជន​អង់គ្លេស ដែល​រស់នៅ​ក្រោម​វិធានការ​បិទខ្ទប់​ប្រទេស​ជាច្រើន​ខែ​មកហើយ គឺ​លែង​ទ្រាំចាំ​តទៅទៀតបាន។

មិនមែន​គ្រប់ប្រជាជន​អឺរ៉ុប ទាំងអស់​ប្រឆាំង វិធានការ​បិទខ្ទប់​នោះទេ។ នៅក្នុង​បណ្តា​ប្រទេស​អឺរ៉ុប ដូចជា​អាល្លឺម៉ង់ អូទ្រីស ហូឡង់ អង់គ្លេស ជាដើម អ្នកដែល​ចេញ​ធ្វើ​បាតុកម្ម​លើកនេះ ភាគច្រើន​ជា​ក្រុមស្តាំ ក្រុមឆ្វេង​និយមជ្រុល ក្រុម​ប្រឆាំង​វ៉ាក់សាំង ហើយ​និង ក្រុម​ដែលដើរ​ផ្សព្វផ្សាយ​ថា ជំងឺកូវីដ​ជា​រឿង​ដែល​គេ​ប្រឌិតឡើង តែប៉ុណ្ណោះ។

យុទ្ធនាការ​ចាក់វ៉ាក់សាំង អឺរ៉ុប យឺតយ៉ាវ នៅក្រោយ​ដាច់ឆ្ងាយ អង់គ្លេស​និង​អាមេរិក

ទោះជា​វ៉ាក់សាំង​ជា​ជម្រើស​តែមួយ ដើម្បី​ងើបចេញ​ពី​វិបត្តិកូវីដ ប៉ុន្តែ ប្រទេស​នៅអឺរ៉ុប​នៅតែយឺតយ៉ាវ នៅក្នុង​យុទ្ធនាការ​ចាក់វ៉ាក់សាំង។ យឺតយ៉ាវ ព្រោះ​ថា អឺរ៉ុប​មិន​បាន​ទទួល​វ៉ាក់សាំង គ្រប់គ្រាន់ តាម​ការកម្ម៉ង់​ទៅ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង មិនថា ក្រុមហ៊ុន​អាមេរិកាំង Pfizer ឬ​ក្រុមហ៊ុន​អង់គ្លេស AstraZeneca។ ក្រុមហ៊ុន​ទាំងពីរ​ធ្លាប់​បាន​ប្រាប់​ភាគី​អឺរ៉ុប​ថា វ៉ាក់សាំង ដែល​ត្រូវ​បញ្ជូន​មកឲ្យអឺរ៉ុប នឹងត្រូវ​កាត់បន្ថយ យ៉ាងតិច ៤០% ដោយសារ​តែ​មាន​បញ្ហា​បច្ចេកទេស ដែល​ធ្វើ​ឲ្យ​គេ​មិន​អាច​ផលិត​ទាន់ តាម​តម្រូវការ។ ឧទាហរណ៍ ក្រុមហ៊ុន AstraZeneca បាន​ប្រកាសថា ខ្លួន​បញ្ជូន​ឲ្យ​អឺរ៉ុប វ៉ាក់សាំង ៣០លានដូស នៅ ខែ​មេសា ពោល​គឺ​ថយអស់​ពាក់កណ្តាល។

អឺរ៉ុប​បាន​ទទួល​វ៉ាក់សាំង មិនគ្រប់តាម​ចំនួន ដែល​ខ្លួន​បាន​កុម្ម៉ង់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អឺរ៉ុប​ស្ថិតនៅ​ក្រោយគេ ក្រោយ អង់គ្លេស និង​អាមេរិក ដែល​កំពុង​បោះពួយលឿនស្លេវ ក្នុង​រឿង​ចាក់វ៉ាក់សាំង​បង្ការកូវីដ ដល់​ប្រជាជនរបស់ខ្លួន។ អង់គ្លេស​មាន​ប្រជាជន​ជាង ២៦លាននាក់ ពោល​គឺ​៤០ភាគរយ នៃប្រជាជន​ដែល​បាន​ទទួលវ៉ាក់សាំង​បង្ការកូវីដ។ អាមេរិក វិញ មានអ្នកទទួល​ចាក់វ៉ាក់សាំង ជាង ៧៦លាននាក់ ស្មើ​នឹង ២៣%នៃ​ប្រជាជន​សរុប។ គេឃើញ​មាន​គម្លាតខ្លាំងមែនទែន រវាង​អឺរ៉ុប ហើយនិង​អង់គ្លេស ឬ​អាមេរិក។ ជាក់ស្តែង នៅ​បារាំង មាន​តែ​ប្រជាជន​ប្រមាណ ៧%​ដែលបានទទួល​ចាក់វ៉ាក់សាំង។

អង់គ្លេស និងអាមេរិក មានចំនួន​អ្នកចាក់វ៉ាក់សាំង ច្រើនជាងគេ ព្រោះថា ប្រទេស​ទាំងពីរ នៅតែ​បន្ត ចាក់វ៉ាក់សាំង មុនគេ ហើយប្រទេស​ទាំងពីរ មិនដែលជួបបញ្ហា​ខ្វះវ៉ាក់សាំង​នោះទេ។ មិនដែល​ខ្វះវ៉ាក់សាំង ព្រោះ អង់គ្លេស និង​អាមេរិក ជាប្រទេស​ផលិត​វ៉ាក់សាំង និង​ជាអ្នកដែល​បាន​វិនិយោគ​ច្រើនជាងគេ​លើ​ការស្រាវជ្រាវរក​វ៉ាក់សាំង។ ជាក់ស្តែង នៅពេល​អឺរ៉ុប​ចំណាយ ប្រមាណ តែ ៣ពាន់​លាន​អឺរ៉ូ សម្រាប់ ការស្រាវជ្រាវ​និង​ផលិត​វ៉ាក់សាំង អាមេរិក​បាន​ចំណាយ ប្រាក់ ២០ពាន់លាន ចំណែក អង់គ្លេស ១០ពាន់​លាន​ដុល្លារ។

មួយវិញទៀត នៅពេល ក្រុមហ៊ុន​ផ្គត់ផ្គង់​វ៉ាក់សាំង មិន​អាច​បញ្ជូន​វ៉ាក់សាំង​តាមចំនួន តាមការគ្រោង​ហើយនោះ យុទ្ធនាការ​ចាក់វ៉ាក់សាំង​នៅ អឺរ៉ុប យឺតយ៉ាវ មួយ​កម្រិតទៀត ដោយសារ​តែ​នយោបាយ​ផ្អាក បន្តបន្ទាប់គ្នា មិន​ចាក់​វ៉ាក់សាំង AstraZeneca នៅក្រោយ គេ​រកឃើញ​មាន​ករណី​អ្នកចាក់វ៉ាក់សាំង មួយចំនួន កើតមាន​ជំងឺកំណកដុំឈាម ក្នុង​សរសៃឈាម ក្នុងទឹកដីអឺរ៉ុប។

ប្រធាន​គណៈកម្មការអឺរ៉ុប​បាន​ព្រមានសាជាថ្មី នឹង​បិទខ្ទប់ មិន​ឲ្យ​ក្រុមហ៊ុន​AstraZeneca នាំវ៉ាក់សាំង ចេញពី ទឹកដី​អឺរ៉ុប

សហភាពអឺរ៉ុប​នឹង​មិន​ឈប់​និយាយ​គំរាម​ក្រុមហ៊ុន AstraZeneca ដរាប ក្រុមហ៊ុន​អង់គ្លេស មិន​ព្រម​ផ្គត់ផ្គង់​វ៉ាក់សាំង​តាមកិច្ចសន្យា។ នៅក្នុង​កាលៈទេសៈ​ដែល​ខ្លួន​ត្រូវការ​ខ្លាំង​វ៉ាក់សាំង ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺរាតត្បាត​កូវីដ សហភាពអឺរ៉ុប កាន់តែ​តឹងចិត្ត ខ្លាំង នៅពេល​ឃើញ ការកុម្ម៉ង់​វ៉ាក់សាំង​របស់ខ្លួន យឺតយ៉ាវ។

នៅ​ថ្ងៃ​សុក្រ ប្រមុខគណៈកម្មការ​អឺរ៉ុប លោកស្រី អ៊ុយសូឡា វ៉ុនឌែរ ឡេយ៉ែន Ursula von der Leyen បាន​ព្រមាន​សាជាថ្មី អឺរ៉ុប នឹង​អាច​ហាមឃាត់​មិន​ឲ្យ​មានការនាំចេញ​វ៉ាក់សាំង ផលិត​នៅទឹកដី អឺរ៉ុប ទៅ​កាន់​ប្រទេស​ផ្សេង ក្រៅទឹកដីអឺរ៉ុប បើសិន​ក្រុមហ៊ុន​AstraZeneca នៅតែ​មិនអាច​គោរព​តាម​កិច្ចសន្យា ក្នុង​ការផ្គត់ផ្គង់​វ៉ាក់សាំង ឲ្យ​ទាន់ពេលវេលា និង​គ្រប់ចំនួន។ នៅ​ឆ្នាំមុន ក្រុមហ៊ុន​AstraZeneca បាន​សន្យា​បញ្ជូន​វ៉ាក់សាំង ៣៦០​លាន​ដូស សម្រាប់​ភាគីអឺរ៉ុប ឲ្យ​បាន​មុន​ពាក់កណ្តាល​ឆ្នាំនេះ។ ប៉ុន្តែ នៅ សប្តាហ៍មុន AstraZeneca និយាយថា គេ​អាច​ផ្តល់​ឲ្យអឺរ៉ុប​តែ ១០០​លាន​ដូស​តែប៉ុណ្ណោះ។ ដោយសារ​តែ AstraZeneca អាច​បញ្ជូន​វ៉ាក់សាំង មិនដល់ ពាក់កណ្តាល នៃ​ចំនួន​កុម្ម៉ង់ ​អឺរ៉ុប​កាន់តែ ក្តៅក្នុង​ចិត្ត និង​រករឿង ក្រុមហ៊ុន AstraZeneca ​មិនឈប់៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ