អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហុងកុង​ប្រាប់​ប្រទេស​ផ្សេង កុំឲ្យ​ទទួល​ស្គាល់ « លិខិត​ឆ្លងដែន​នាយ​​សមុទ្រ​​អង់គ្លេស »

ចុះផ្សាយ​នៅ​ថ្ងៃ៖

សង្រ្គាម​ពាក្យ​សំដី ផ្នែកការទូត កំពុងតែកើតមានឡើង រវាងរដ្ឋាភិបាល​អង់គ្លេ និង រដ្ឋបាលហុងកុង បន្ទាប់ពីរដ្ឋបាលហុងកុង បាន​ជូនដំណឹងទៅបណ្តាប្រទេសមួយចំនួន ថាត្រូវឈប់ទទួលស្គាល់លិខិតឆ្លងដែននាយ​សមុទ្ររបស់អង់គ្លេស ដែល​ប្រជាជនហុងកុងមួយ​ចំនួន​ប្រើ​ប្រាស់ ជាឯកសារ​ផ្លូវការ​។ រដ្ឋាភិបាល​អង់គ្លេស បានប្រតិកម្មភ្លាម​នៅថ្ងៃសុក្រនេះ ដោយ​បាន​លើកឡើងថា រដ្ឋបាល​ហុងកុងគ្មានសិទ្ធិអំណាចអ្វី មក​ហាម​ឃាត់ប្រទេសណាមួយ មិន​ឲ្យទទួលស្គាល់លិខិតឆ្លងដែន ដែលចេញដោយ​អាជ្ញាធរអង់គ្លេសនោះទេ។

លិខិតឆ្លងដែននាយសមុទ្រអង់គ្លេស (BNO) និងលិខិតឆ្លងដែនចិនហុងកុង​
លិខិតឆ្លងដែននាយសមុទ្រអង់គ្លេស (BNO) និងលិខិតឆ្លងដែនចិនហុងកុង​ AP - Kin Cheung
ផ្សាយពាណិជ្ជកម្ម

លិខិតឆ្លងដែនអង់គ្លេស សម្រាប់ប្រជាជន​ហុងកុង

លិខិតឆ្លងដែននាយសមុទ្ររបស់អង់គ្លេស ហៅជាភាសាអង់គ្លេស BNO British National Overseas Passport គឺជាឯកសារធ្វើដំណើរផ្លូវការមួយ​ប្រភេទ ដែលត្រូវបានបង្កើតឡើង តាំងតែ​ពីឆ្នាំ​​១៩៨៧ សម្រាប់​ប្រជាជន​ហុងកុង។ កាលណោះ ហុងកុង គឺជាដែនដី​នាយ​សមុទ្ររបស់អង់គ្លេស ហើយ​ប្រជាជនហុងកុង គឺត្រូវ​អាជ្ញាធរអង់គ្លេសទទួលស្គាល់ថា គឺជាប្រជាជនអង់គ្លេសដែរដែរ តែនៅឯនាយ​សមុទ្រ។ លុះក្រោយ​ អង់គ្លេសប្រគល់ដែនដីហុងកុង ទៅឲ្យ​ចិននៅឆ្នាំ​១៩៩៧ ក៏អង់គ្លេសនៅតែបន្ត ធ្វើលិខិតឆ្លងដែនពិសេសនេះ ជូនប្រជាជនហុងកុងដែរ ឲ្យ​តែអ្នក​នោះ​ កើតនៅដែនដីហុងកុង នៅមុនថ្ងៃទី​ ១កក្កដា ឆ្នាំ​១៩៩៧។

លិខិតឆ្លងដែននេះ ទទួលបានការពេញនិយមប្រើប្រាស់ណាស់ សម្រាប់​ប្រជាជនហុងកុង ចំនួនប្រមាណ​ជាង៣លាននាក់ ព្រោះគេអាចធ្វើដំណើរ និងស្នាក់នៅ​អង់គ្លេស រយៈពេល​៦ខែ ដោយ​មិនចាំបាច់មានទិដ្ឋាការ។ ក៏ប៉ុន្តែ ក្រោយ​មក ប្រជាជនហុងកុង ជាង២លាននាក់ មិនបាន​ពន្យា ឬធ្វើលិខិតិឆ្លងដែននេះថ្មីទេ។ បច្ចុប្បន្ន បើតាមតួលេខ គឺមានប្រជាជនហុងកុង ចំនួន​ប្រមាណ​៣៥ម៉ឺននាក់ ដែលកាន់លិខិតឆ្លងដែននេះ។ ក៏ប៉ុន្តែ ប្រជាជនហុងកុង ជាង​២លាននាក់ផ្សេងទៀត ឲ្យ​តែ​កើត​មុនថ្ងៃទី​១កក្កដា ១៩៩៧ គឺសុទ្ធតែអាចសុំលិខិតឆ្លងដែននេះបាន។

យ៉ាងណាមិញ ចាប់ពីឆ្នាំ​២០១៤ ក្រោយ​មានចលនាបាតុកម្មនៅហុងកុង គេសង្កេតឃើញ ប្រជាជន​​ហុងកុង​កាន់តែច្រើន ដែលបាន​ទៅដាក់ពាក្យ​ដើម្បីទទួលបានលិខិតឆ្លងដែនពិសេសរបស់​អង់គ្លេសនេះ ដើម្បី​ងាយស្រួលធ្វើដំណើរចេញពីហុងកុង។ គ្រាន់តែចន្លោះ ពីខែកក្កដា ដល់ខែមករា​ដើម​ឆ្នាំនេះ អាជ្ញាធរអង់គ្លេសបាន​បញ្ជាក់ថាមាន​ប្រជាជនហុងកុង ប្រមាណ​៧០០០នាក់ បានធ្វើដំណើរទៅរស់នៅ​អង់គ្លេស ជាមួយ​នឹងលិខិតឆ្លងដែននេះ។ ហើយ​នៅចុងខែមករា ដើមឆ្នាំនេះ រដ្ឋាភិបាលអង់គ្លេស បានធ្វើកំណែទម្រង់បន្ថែម ដោយអនុញ្ញាតឲ្យ​ប្រជាជនហុងកុង ដែលកាន់លិខិតវឆ្លងដែន​ពិសេសនេះ អាចស្នាក់នៅ និងធ្វើការនៅអង់គ្លេស រយៈពេល​៥ឆ្នាំ ហើយ​បន្ទាប់​មកទៀត អាចដាក់​ពាក្យ​​សុំសញ្ជាតិអង់គ្លេសបាន។

ហុងកុង​ហាមប្រទេស១៤កុំឲ្យ​ទទួលស្គាល់​លិខិត​ឆ្លងដែន​ BNO

នៅក្រោយ​ពេលដែលរដ្ឋាភិបាលអង់គ្លេសធ្វើកំណែទម្រង់ អនុញ្ញាតឲ្យ​អ្នកកាន់លិខិតឆ្លង​ដែននេះ អាចរស់នៅនឹងធ្វើការនៅអង់គ្លេស៥ឆ្នាំ ព្រមទាំងសុំសញ្ជាតិបានផងនោះ អាជ្ញាធរចិនដីគោក បានចេញវិធានការឆ្លើយតបរួចទៅហើយ ដោយ​ឈប់ទទួលស្គាល់លិខិតឆ្លងដែននាយសមុទ្ររបស់អង់គ្លេស ចាប់ពី​ថ្ងៃទី​៣១មករាមក។ មានន័យថាប្រជាជនហុងកុង ដែលចង់ធ្វើ​ដំណើរ​ចូល​​ហុងកុង និង​​ចូល​​ចិនដីគោក គឺត្រូវតែប្រើលិខិតឆ្លងដែនហុងកុង។

ឥឡូវចិនកំពុងតែរកវិធីថ្មីបន្ថែមទៀត ដើម្បី​រារាំងអ្នកកាន់លិខិតឆ្លងដែន​ពិសេសរបស់អង់គ្លេសនេះ។ ហេតុដូច្នេះហើយ បានជារដ្ឋបាលហុងកុង បានធ្វើលិខិតមួយ កាលពីថ្ងៃព្រហស្បតិ៍ទី​២៥មីនា​​ ផ្ញើទៅកាន់​ស្ថានកុងស៊ុល របស់​ប្រទេសចំនួន​១៤ នៅហុងកុង ថាឲ្យ​ឈប់ទទួលស្គាល់លិខិតឆ្លងដែននាយសមុទ្ររបស់អង់គ្លេស។ ប្រទេសទាំង​១៤នោះ គឺមាន ដូចជា អូស្ត្រាលី អូទ្រីស កាណាដា បារាំង អាល្លឺម៉ង់ ហុងគ្រី អៀរឡង់ អ៊ីតាលី ជប៉ុន កូរ៉េខាងត្បូង ហូឡង់ ញូហ្សឺលែន ស្វ៊ីស និង អង់គ្លេសនេះឯង។

អាជ្ញាធរហុងកុង មានបំណង​ហាមឃាត់ កុំឲ្យប្រជាជនហុងកុង ប្រើលិខិតឆ្លងដែនពិសេសនេះ ទៅសុំទិដ្ឋាការ​ធ្វើដំណើរ ទៅធ្វើការនៅតាម​ប្រទេសទាំង​១៤នេះ។ អ្នកនាំពាក្យ​នាយកដ្ឋានការងាររបស់ហុងកុង​បានលើកឡើងថា អ្នកដែលចង់ទៅធ្វើការនៅតាមប្រទេសទាំង១៤ ដែលបានចុះកិច្ចព្រមព្រៀង​ផ្នែកការងារ ជាមួយដែនដីហុងកុង គឺត្រូវតែប្រើលិខិតឆ្លងដែនរបស់​ហុងកុង។

អង់គ្លេស៖ ហុងកុងគ្មានសិទ្ធិ​បញ្ជាគេ មិនឲ្យ​ទទួកស្គាល់លិខិតឆ្លងដែនអង់គ្លេស!

ក្រសួងការបរទេសអង់គ្លេស បានប្រតិកម្មភ្លាមនៅព្រឹកថ្ងៃសុក្រទី​២៦មីនា​ ថា អាជ្ញាធរហុងកុង គ្មានសិទ្ធិអី មកបញ្ជា ដាក់កំហិត ឲ្យ​ប្រទេសផ្សេង ឈប់ទទួលស្គាល់លិខិតឆ្លងដែនរបស់អង់គ្លេសនោះទេ។ ប្រទេសទាំង១៤នេះ គេចង់ទទួលស្គាល់ លិខិតឆ្លងដែនណាមួយ ឯកសារផ្លូវការ គឺសិទ្ធិរបស់គេ រដ្ឋបាលហុងកុងគ្មានសិទ្ធិអី មកបង្ខំឲ្យគេ ទទួលស្គាល់តែ​លិខិតឆ្លងដែនហុងកុងនោះទេ។

ជាក់ស្តែង​ មន្ត្រីទូតបរទេសម្នាក់ នៅហុងកុង បាននិយាយប្រាប់អ្នកយកព័ត៌មានបារាំង AFP ថា លិខិតរបស់រដ្ឋាបាលហុងកុងនេះ នឹងគ្មានអំណាចអ្វី​​មកចាប់បង្ខំគេទេ។ ពោលគឺស្ថានកុងស៊ុលប្រទេសទាំង​១៤នេះ នឹងនៅតែបន្តទទួលស្គាល់លិខិតឆ្លងដែននាយសមុទ្រអង់គ្លេស ដែល​ប្រជាជន​ហុងកុងប្រើប្រាស់។

ក្រសួងការបរទេសអង់គ្លេស បានបញ្ជាក់ទៀតថា គេនឹងនៅបន្ត ចេញលិខិតឆ្លងដែនពិសេសនេះ ជូនប្រជាជនហុងកុងទាំងអស់ ឲ្យ​តែបំពេញ​លក្ខខណ្ឌ​កំណត់ទៅតាមច្បាប់។ បើតាមការរំពឹងទុក អាជ្ញាធរអង់គ្លេសសង្ឃឹមថា នឹងអាចទទួល​ប្រជាជនហុងកុង ដែលកាន់លិខិតឆ្លងដែនពិសេសនេះ ជាង​៣សែននាក់បន្ថែមទៀត ឲ្យ​មកស្នាក់នៅ​លើទឹកដី​អង់គ្លេស ក្នុងរវាង៥ឆ្នាំទៅមុខ។

អង់គ្លេសនិងចិន ឈ្លោះគ្នាក្នុងសំណុំរឿងអ៊ុយហ្គួ

រដ្ឋាភិបាលអង់គ្លេស បានចេញមុខ រួមជាមួយ​សហភាពអឺរ៉ុប អាមេរិក និងកាណាដា ដាក់ទណ្ឌកម្មទៅលើ​មន្ត្រីចិនមួយចំនួន ដែលជាអ្នកទទួលខុសត្រូវលើ​សកម្មភាពរំលោភសិទ្ធិមនុស្ស ធ្វើ​ទៅលើ​ប្រជាជនអ៊ុយហ្គួ ខេត្តស៊ីនជាំង។ ក៏ប៉ុន្តែនៅថ្ងៃសុក្រនេះ រដ្ឋាភិបាលចិនសម្រេច ដាក់ទណ្ឌកម្មសងសិក​វិញ មកលើអង់គ្លេស។ ក្រសួងការបរទេសចិន បានលើកឡើងថា គេដាក់ទណ្ឌកម្មទៅលើ​ក្រុមមនុស្សមួយចំនួន​ ដែលដើរនិយាយបង្កាច់បង្ខូច​ បង្កើតពាក្យ​មុសា ចោទថាចិន ធ្វើបាបប្រជាជនអ៊ុយហ្គួនៅស៊ីនជាំង។

ក្នុងចំណោមអ្នកដែលរងទណ្ឌកម្មរបស់ចិននេះ គឺមានដូចជា គណកម្មការសិទ្ធិមនុស្ស​ នៃគណបក្ស​អភិរក្សនិយមអង់គ្លេស ដែលជាគណបក្សរបស់​លោក​ បូរីស ចិនសុន  ព្រមទាំងសមាជិកសភាអង់គ្លេសច្រើននាក់ទៀត ដូចជា លោក Iain Duncan Smith អតីតប្រធានគណបក្ស​អភិរក្សនិយម លោក Tom Tugendhat ប្រធានគណកម្មការ​កិច្ចការបរទេសនៅសភាជាន់ទាប​អង់គ្លេស និងលោកស្រី Nusrat Ghani សមាជិកសភាម្នាក់ទៀត។

ជាការប្រតិកម្ម លោក Dominic Raab រដ្ឋមន្ត្រីការបរទេសអង់គ្លេស បានសរសេរលើទំព័រ Twitter នៅថ្ងៃនេះថា ចិនកំពុងតែចង់បំបិតមាត់ អ្នកណាដែលហ៊ាននិយាយរិះគន់ខ្លួន ទាក់ទិននឹងការ​រំលោភ​សិទ្ធិមនុស្ស​នៅខេត្តស៊ីនជាំង។ លោកបន្ថែមថា​ បើចិនចង់បង្ហាញភាពស្អាតស្អំណាស់ ចិនត្រូវបើកផ្លូវ ឲ្យ​អ្នកជំនាញ​អន្តរជាតិរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ចុះទៅពិនិត្យ​នៅខេត្តស៊ីនជាំងដោយ​ផ្ទាល់ មិនត្រូវ​​មក​ដាក់ទណ្ឌកម្ម ​បំបិតមាត់មនុស្ស​ដែលហ៊ាននិយាយលើកឡើង ពីទង្វើរបស់ចិនទេ។

ដូចគ្នាដែលលោក លោក Iain Duncan Smith អតីតប្រធានគណបក្សអភិរក្សនិយមអង់គ្លេស បានលើកឡើងថា វាគឺជាកាតព្វកិច្ចរបស់​លោក និងអ្នកប្រជាធិបតេយ្យទាំងអស់ ដែលត្រូវបរិហារអំពី​ការរំលោភបំពានរបស់ចិន ធ្វើទៅលើ​ប្រជាជនអ៊ុយហ្គួ។ ហើយ​បើចិនដាក់ទណ្ឌកម្មលើរូបលោក ដោយសារតែរឿងនេះ លោកពេញចិត្តនឹងទទួល ចាត់ទុកថាដូចជាបណ្ណ​សរសើរទៅចុះ!

ដូច្នេះយើងឃើញថា ចិនពេលនេះ កំពុងតែមានបញ្ហាការទូត ជាមួយ​ប្រទេសលោកខាងលិចច្រើនណាស់ មិនថាពីអឺរ៉ុប ពីអាមេរិក ទាក់ទិននឹង​រឿង​ជនជាតិអ៊ុយហ្គួរនេះ។ ដរាបណាចិន មិនព្រមបង្ហាញតម្លាភាព ពាក្យចោទ ពាក្យ​​សង្ស័យក៏នឹងកាន់តែកើនឡើង៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ