អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​ប្រកាស​ដាក់​ទណ្ឌ​កម្ម​ប្រឆាំង​រុស្ស៊ី​ តែ​រុស្ស៊ី​ឆ្លើយ​បក​ថា​នឹង​សង​សឹក​តប​វិញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

សហរដ្ឋអាមេរិក​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រុស្ស៊ី​ និង​បាន​បណ្តេញ​មន្ត្រី​ទូត​រុស្ស៊ី​ចំនួន​ ១០រូប​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ១៥ មេសា​ម្សិលមិញ​ ដើម្បី​សង​សឹក​ចំពោះ​ទង្វើ​របស់​ក្រុងមូស្គូ​។ ជាទង្វើ​ ដែល​វ៉ាស៊ីនតោន​ ចង់​សំដៅ​ដល់​ការ​លូកដៃ​របស់​វិមាន​ក្រឹមឡាំង​ ចូល​ជ្រៀតជ្រែក​ក្នុងការ​បោះ​ឆ្នោត​អាមេរិក​ និង​ការ​វាយ​ប្រហារ​តាមអ៊ីនធ័រនែត​។ ចំណែក​រុស្ស៊ី​វិញ​បាន​និយាយថា​ប្រាកដណាស់​ នឹង​វាយបក​ទៅកាន់​អាមេរិក​វិញ​ឲ្យសក្តិសម​។

ប្រធានាធិបតីអាមេរិកលោកចូ បៃដិន (ឆ្វេង) និងលោកវ៉្លាឌីមៀរ ពូទីន មេដឹកនាំរុស្ស៊ី។
ប្រធានាធិបតីអាមេរិកលោកចូ បៃដិន (ឆ្វេង) និងលោកវ៉្លាឌីមៀរ ពូទីន មេដឹកនាំរុស្ស៊ី។ Eric BARADAT, Pavel Golovkin AFP/Archivos
ផ្សាយពាណិជ្ជកម្ម

ទំនាក់​ទំនង​ទ្វេភាគី​រវាង​អាមេរិក​ និង​រុស្ស៊ី​កំពុងកើន​កម្តៅ

ចាប់តាំងពី​លោកចូ បៃដិន​ បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធីបតី​អាមេរិក​កាលពី​ចុង​ខែ​មករា​ ឆ្នាំ​ ២០២១ នេះមក​ គេ​សង្កេតឃើញថា​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​ ហើយ​និង​ប្រទេស​រុស្ស៊ីបាន​ចាប់​កើន​កម្តៅនឹងគ្នា​។

លោកចូ បៃដិន​ មាន​លក្ខណៈ​ពិសេស​មួយ​ខុសពី​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​។ ចំណុច​ពិសេស​នោះនៅត្រង់ថា​លោកដូណាល់ ត្រាំ​ មាន​គោល​នយោបាយការ​បរទេស​ប្រឆាំងនឹង​ចិនខ្លាំង​ តែ​ហាក់បីដូចជា​យោគយល់​រុស្ស៊ី​ច្រើន​។

ចំណែក​លោក​បៃដិនវិញ​ រដ្ឋបាលអាមេរិករបស់លោក​នៅតែ​ប្រកាន់​ជំហរ​ប្រឆាំងចិន​ ហើយក៏​មិនស្លូត​ដាក់​រុស្ស៊ីដែរ​ ប្រសិន​បើ​រុស្ស៊ី​ធ្វើអ្វី​មួយ​ប៉ះពាល់ដល់​អាមេរិក​។ នៅដើម​សប្តាហ៍នេះ​ លោកបៃដិន​បាន​គូសបញ្ជាក់ថា​ អាមេរិក​មិន​អាច​អនុញ្ញាត​ឲ្យ​អំណាច​បរទេស​ណាមួយ​ជ្រៀតជ្រែក​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ​របស់​អាមេរិកជាដាច់ខាត​ ហើយ​បើ​អ្នកណា​ហ៊ានបំពាន​អាមេរិក​ អ្នកនោះ​នឹង​ត្រូវ​តែបង់ថ្លៃ​ចំពោះ​ទង្វើ​ពួកគេ​។

កាលពីខែ​មុន​លោកបៃដិនធ្លាប់​បាន​លើក​ឡើង​ជា​សាធារណៈ​ថា ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន​ ជា​ឃាតក​រហូតធ្វើឲ្យផ្ទុះ​វិបត្តិការទូត​រវាង​សហរដ្ឋអាមេរិក​និងរុស្ស៊ី​។

ចំណែក​នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញនេះវិញ​ លោកចូ បៃដិន​ បាន​ចេញ​បញ្ជាឲ្យ​បណ្តេញ​មន្ត្រី​ការ​ទូត​រុស្ស៊ី​ចំនួន​ ១០​រូប​ចេញពីប្រទេស​ ក្នុងនោះ​មាន​ទាំង​ចារបុរសផង​ ។ បន្ថែមពី​លើនេះ​ អាមេរិកក៏​បានប្រកាសផងដែរ​ដាក់​ទណ្ឌកម្ម​នឹងប្រឆាំង​ក្រុមហ៊ុន​ ព្រមទាំង​បុគ្គល​ជាច្រើន​ប្រមាណ​ ៣២ ដើម្បី​សងសឹក​រុស្ស៊ី​។

ជា​ការ​សងសឹក​ដែល​ក្រុង​វ៉ាស៊ីន​តោន​ និយាយថា​វិមាន​ក្រឹមឡាំង​បានឲ្យ​ប៉ះពាល់​សហរដ្ឋ​អាមេរិក​ ដូចជា​តាមរយៈ​ ការចូល​ជ្រៀត​ជ្រែក​ទៅក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ ២០២០​ ការវាយ​ប្រហារ​តាម​អ៊ីនធ័រនែត​ទ្រង់ទ្រាយធំ​ បូករួម​ទាំង​សកម្មភាព​អរិភាពផ្សេងទៀត​។ សកម្មភាពអរិភាព​ គឺអាមេរិកចង់សំដៅ​ដល់​ទង្វើទាំងឡាយណា​ដែល​រុស្ស៊ី​ធ្វើ​ឡើង​ ក្នុង​គោល​បំណង​ប្រឆាំងទល់​នឹងខ្លួន។

ចំណាត់ការ​ថ្មីចុងក្រោយ​របស់លោក​ ចូបៃដិនប្រឆាំង​នឹង​រុស្ស៊ី​ បាន​កើតឡើង​តែពីរ​ថ្ងៃ​ប៉ុណ្ណោះ​ ក្រោយ​ពេលដែលលោក​ បាននិយាយជាមួយ​លោកពូទីន​។ កាលពី​ថ្ងៃអង្គារ​ លោកបៃដិន ​បាន​ហៅ​ទូរសព្ទ​ទៅ​សមភាគី​លោក​ពូទីន​ ដោយស្នើឲ្យមានជំនួបកំពូល​ដើម្បី​ដោះស្រាយ​ជម្លោះ​ និងបាន​ប្រាប់រដ្ឋាភិបាលក្រុងមូស្គូ​ផងដែរ​ឲ្យ​បន្ថូរបន្ថយ​ភាពតាន​តឹងនៅអ៊ុយក្រែន ដោយសារ​តែការចល័តទ័ពរុស្ស៊ី​។

តើរុស្ស៊ី​មាន​ប្រតិកម្ម​យ៉ាងណា​​ឆ្លើយតប​ទៅ​អាមេរិក​?

ដំបូងឡើង​វិមាន​ក្រឹមឡាំង​បាន​ផ្តល់ការ​ឆ្លើយតបជា​វិជ្ជមាន​ចំពោះ​គំនិត​របស់​លោក​ប្រធានាធិបតី​អាមេរិក​ដែល​ស្នើឲ្យ​មាន​កិច្ចប្រជុំ​កំពូល​ទល់មុខគ្នា​រវាង​លោកបៃដិន​ និង​លោកពូទីន​ដើម្បី​ដោះស្រាយជម្លោះ​ និងកាត់​បន្ថយ​ទំនាក់ទំនង​តានតឹងនឹងគ្នា​។ ក៏ប៉ុន្តែ​ ក្រុង​មូស្គូ បាន​ព្រលយ​ទុកមុន​ដែរថា​ការដាក់​ទណ្ឌកម្ម​នឹងមិន​អាច​ជួយ​ដោះស្រាយ​បញ្ហា​បាន​នោះទេ​។

ប្រទេស​រុស្ស៊ី​ បាន​បដិសេធ​រាល់​ការចោទប្រកាន់​ទាំងអស់​របស់​សហដ្ឋអាមេរិក​ និង​បាន​និយាយ​ថា​ការ​វាយតប​ទៅវិញ​គឺរឿង​ដែល​វិមាន​ក្រឹមឡាំង​ត្រូវតែធ្វើ​ដោយ​ជៀស​រួច​ឡើយ។ ​ភ្លាមៗ​ក្រោយ​ការ​ប្រកាសដាក់ទណ្ឌកម្ម​ ក្រសួង​ការបរទេសរុស្ស៊ី​ បាន​ហៅ​ចំណាត់​ការ​របស់​អាមេរិក​នេះថា​ជា​អំពើប្រឆាំង​រុស្ស៊ី និងជាអំពើ​បង្កើន​ឲ្យ​មាន​ការ​ប្រឈមមុខដាក់គ្នា​កាន់តែខ្លាំង​ឡើង​រវាង​ប្រទេសទាំងពីរ​។

តាម​រយៈសេចក្តី​ថ្លែងការណ៍​មួយ​ ក្រសួង​ការ​បរទេសរុស្ស៊ី​បានលើកឡើងថា​ ការ​ចាត់​វិធាន​ការ​កំរោលល​របស់​អាមេរិក​បែបនេះ​ ប្រាកដណាស់នឹង​ទទួលបាន​ការឆ្លើយតបវិញ​យ៉ាង​សក្តិសម​។ ទន្ទឹមនេះ​ ឯកអគ្គរដ្ឋទូត​អាមេរិក​ ក៏ត្រូវបាន​ក្រសួង​ការបរទេសរុស្ស៊ី​ កោះហៅ​ឲ្យទៅជួបផងដែរ​។

ដោយឡែក​ សហភាពអឺរ៉ុប​ អង្គការ​អូតង់​ និង​ប្រទេស​អង់គ្លេស​វិញ​ សុទ្ធតែ​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​គាំទ្រ​វិធានការ​ម៉ឺងម៉ាត់​របស់​អាមេរិក​ចំពោះ​រុស្ស៊ី​។

អាមេរិក​កំពុង​ប្រើ​ធម៌ត្រជាក់​ផង​ក្តៅផង​ជាមួយ​សមភាគី​រុស្ស៊ី

លោក​ចូ បៃដិន​ កំពុងប្រើ​ទាំង​វិធានការ​ក្តៅផង​ និង​ត្រជាក់ផង​ដាក់​សមភាគី​លោក​ពូទីន​។

ស្របពេល​ដែល​បោះដៃ​ទៅរក​មេដឹកនាំ​រុស្ស៊ី​លោកពូទីន​ ដោយ​ស្នើឲ្យមាន​ជំនួប​កំពូល​នឹងគ្នា​ ដើម្បី​ដោះស្រាយវិបត្តិ​ លោកចូ បៃដិន​ ក៏បាន​ទម្លាក់​ទណ្ឌកម្ម​លើក្រុង​មូស្គូដែរ​។

កាលពីម្សិលមិញ​ លោកប្រធានាធិបតីអាមេរិករូបនេះ​ បាន​ពិពណ៌នា​អំពីការ​សម្រេច​ចិត្ត​​របស់​លោក​ក្នុងការដាក់​ទណ្ឌកម្មលើប្រទេសរុស្ស៊ី​ថា​ជា​ គឺជាការ​ឆ្លើយតប​មួយ​ដែលមាន​សមាមាត្រ​ហើយ​ទៅនឹង​អ្វី​ដែល​រុស្ស៊ី​បាន​ធ្វើលើអាមេរិក​។

ក្នុង​ពេលថ្លែងសុន្ទរកថានៅឯសេតវិមាន​ លោកបៃដិន​ បានឲ្យដឹងថា​ លោក​បាន​និយាយគ្នា​ច្បាស់​លាស់​ហើយ​ជាមួយលោក​ពូទីន ថា​អាមេរិក​ អាចធ្វើដាក់រុស្ស៊ីច្រើនជាងនេះ​ទៅទៀត​ ប៉ុន្តែ​លោកបៃដិន​ បានជ្រើសរើស​មិន​ធ្វើដូច្នោះទេ​។

លោក​ប្រធានាធិបតីអាមេរិកទី​ ៤៦ ថា​លោក​បានជ្រើសរើស​ចំណាត់ការ​មួយ​ដែល​មាន សមាមាត្រ​ សក្តិសម​ទៅនឹង​ទង្វើ​ដែលរុស្ស៊ីបានធ្វើ​ចំពោះអាមេរិក​ មានដូចជា​ ការ​ជ្រៀត​ជ្រែក​ចូលក្នុងការ​បោះឆ្នោត​ឆ្នាំ២០២០​ ការ​លួច​ចូល​ក្នុង​ប្រព័ន្ធ​កំព្យូទ័រ​ទីភ្នាក់ងារ​សហព័ន្ធ​អាមេរិក​ និងសកម្មភាព​អរិភាព​ផ្សេងទៀត​។

ទោះបីជា​បាន​បង្ហាញចេតនា​ចង់​បញ្ចៀស​ភាពតានតឹង​ដែលកំពុងកើនឡើង​ជាមួយ​ក្រឹមឡាំងក្តី​ លោកបៃដិន​ បានបញ្ជាក់​ប្រាប់​ច្បាស់ៗថា​ លោក​នឹង​មិនស្ទាក់ស្ទើរ​ឡើយ​ ក្នុង​ការ​ចាត់​វិធានការ​បន្ថែមទៀត​ ប្រឆាំងនឹងរុស្ស៊ី​នាពេល​អនាគត​ ប្រសិនបើ​រុស្ស៊ី​នៅតែបន្ត​ហ៊ានធ្វើ​សកម្មភាព​ណាមួយ​ដែល​ប៉ះពាល់ដល់​អាមេរិក​ ឬប្រសិនបើ​រុស្ស៊ី​នៅតែបន្តធ្វើ​សកម្មភាព​ដែល​បង្កឲ្យ​មាន​អស្ថិរភាព​ក្នុង​ពិភពលោក​។

សរុបមក​ សេចក្តី​ប្រកាស​ដាក់​ទណ្ឌកម្ម​លើរុស្ស៊ី​ ពីសំណាក់​អាមេរិក​កាលពី​ម្សិលមិញនេះ​ គឺជា​ជំហានមួយ​នៃជំហាន​គោលនយោបាយ​ការបរទេស​គួរឲ្យ​កត់សម្គាល់​ដែល​លោក​ប្រធានាធិបតីចូ បៃដិន បាន​អនុវត្ត​នៅ​សប្តាហ៍នេះ​។ ​គោលនយោបាយ​ការបរទេស​ទាំង​នោះ​រួមមាន​ការសម្រេច​ដកកង​ទ័ព​ទាំងអស់​ចេញពី​អាហ្វហ្គានីស្ថាន​ និងការ​បញ្ជូន​គណៈប្រតិភូ​ក្រៅផ្លូវការ​ទៅកាន់​កោះតៃវ៉ាន់​ ដើម្បី​បង្ហាញការគាំទ្រ​របស់​អាមេរិក​ចំពោះលទ្ធិ​ប្រជាធិបតេយ្យ​និងសន្តិសុខ​តៃវ៉ាន់​។

វិធានាការ​ថ្មីទាំងនេះ​ ត្រួវគេ​មើលឃើញថា​គឺជា​សញ្ញាបង្ហាញ​ពី​គោល​ជំហរ​ដើរ​ឆ្ពោះទៅរក​ពិភពលោក​ដែល​មាន​សភាព​​កាន់តែ​ស្វាហាប់​ និងកាន់តែ​មាន​ភាពច្បាស់លាស់​ពី​សណាក់​សហរដ្ឋអាមេរិក​ក្រោម​ការដឹកនាំ​របស់​លោកប្រធានាធិបតីចូ បៃដិន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ